Thursday, 14 September 2017

អាមេរិក​ថា​ការ​មិន​អើពើ​ពី​ប្រតិកម្ម​អន្តរជាតិ​ជុំវិញ​ស្ថានការណ៍​កម្ពុជាគឺ​ជា​កំហុស​ដ៏​ធំ​របស់​

រដ្ឋាភិបាល
ដោយ តាំង សារ៉ាដា
2017-09-13

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page



ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ដែល​បាន​ចោទ​អាមេរិក​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​​លោក កឹម សុខា ក្នុង​ការ​បង្កើត​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល និង​បង្ក​បញ្ហា​អស្ថិរភាព​សង្គម​នៅ​កម្ពុជា។ ស្ថានទូត​អាមេរិក ចាត់​ទុក​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​មិន​ត្រឹមត្រូវ ​គ្មាន​មូលដ្ឋាន និង​គ្មាន​ភស្តុតាង​ច្បាស់​លាស់។ លើស​ពី​នេះ អាមេរិក​ក៏​ឆ្លៀត​ក្រើន​រំឭក​រដ្ឋាភិបាល​កម្ពុជា​ដែរ អំពី​សារសំខាន់​នៃ​ទីផ្សារ​​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប សម្រាប់​ទំនិញ​នាំ​ចេញ​​របស់​កម្ពុជា។



នៅ​ចំពោះ​មុខ​ភាព​ល្អក់​កករៗ​ផ្នែក​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក នៅ​ពេល​នេះ ទំនាក់​ទំនង​រវាង​កម្ពុជា និង​ចិន​កុម្មុយនិស្ត ហាក់​ដូចជា​​​កាន់​តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ថែម​ទៀត។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ថា ចិន​គឺ​ជា​ខ្នង​បង្អែក​ដ៏​រឹង​មាំ​របស់​កម្ពុជា ហើយ​កំពូល​មហាអំណាច​អាស៊ី​មួយ​នេះ​នឹង​បន្ត​ជួយ​កម្ពុជា គ្រប់​កាលៈទេសៈ។ លោក​ក៏​បាន​ប្ដេជ្ញា​ដែរ​ថា ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ចិន​ រយៈពេល​ ៦០​ឆ្នាំ​ មក​នេះ នឹង​គ្មាន​បរទេស​ណា​មក​បំបែក​បាន​ឡើយ។ នេះ​ជា​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ក្រោយ​ពេល​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ចូល​រួម​ក្នុង​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី​១៤ នៅ​ទីក្រុង​ណាននីង (Nanning) ខេត្ត​ក្វាងស៊ី (Guangxi)។

ការ​ប្រកាស​បែប​នេះ​របស់​លោក ហ៊ុន សែន គឺ​ស្រប​ពេល​​​​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ហ៊ុមព័ទ្ធ​ដោយ​ការ​រិះគន់ និង​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​ជាច្រើន​ពី​សហគមន៍​អន្តរជាតិ ជា​ពិសេស​ក្រុម​ប្រទេស​លោក​ខាង​លិច​ជុំវិញ​​​ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​ធ្វើ​ទុក្ខបុកម្នេញ​សារព័ត៌មាន​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​កាល​​ពី​ពេល​ថ្មីៗ​នេះ។ ទោះ​បី​ជា​យ៉ាង​ណា​​ លោក ហ៊ុន សែន បាន​​ទាត់​ចោល​សេចក្ដី​ថ្លែង​ការណ៍​ទាំង​នោះ ហើយ​ក៏​បាន​ព្រមាន​សហគមន៍​​អន្តរជាតិ​កុំ​ឱ្យ​ឈឺ​ឆ្អាល​​​​រឿង​ទាំង​​អស់​នេះ​ដែរ៖ «អ្នក​ដែល​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ដើម្បី​ការពារ​ជន​នេះ គឺ​គ្រាន់​តែ​ដើម្បី​ការពារ​អាយ៉ង​របស់​ខ្លួន​ដើម្បី​ឱ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ។ សូម​គោរព​អធិបតេយ្យភាព​ជាតិ​របស់​កម្ពុជា​ មិន​ត្រូវ​ប្រើ​វិធី​ផ្ដួល​រំលំ​តាម​រយៈ​បដិវត្តន៍​ពណ៌​នោះ​ទេ»។

ការ​មិន​អើពើ​នឹង​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​ស្ថានការណ៍​នយោបាយ សិទ្ធិ​មនុស្ស និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នេះ ត្រូវ​បាន​សហរដ្ឋ​អាមេរិក ចាត់​ទុក​ថា ជា​កំហុស​ឆ្គង​ដ៏​ធំ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត (William Heidt) ថ្លែង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ថា អ្វី​ដែល​លោក​ព្រួយ​បារម្ភ​នោះ​ គឺ​ថា​បន្តិច​ម្ដងៗ កម្ពុជា​កំពុង​ធ្វើ​ឱ្យ​ខ្លួន​ឯង​ឯកោ​ពី​សហគមន៍​អន្តរជាតិ ប្រសិន​បើ​កម្ពុជា ​មិន​ខ្វល់​ពី​ប្រតិកម្ម​ទាំង​ឡាយ​​នោះ​ទេ៖ «ជាង​ ២០​ឆ្នាំ​កន្លង​ទៅ​នេះ កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​ ក៏​ប៉ុន្តែ​ ២០​ឆ្នាំ​ទៅ​មុខ​ទៀត គឺ​នឹង​មាន​បញ្ហា​ប្រឈម​ជា​ច្រើន។ ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​ត្រូវ​ផ្លាស់ប្ដូរ ហើយ​កម្ពុជា ត្រូវ​ការ​ទាក់​ទាញ​គម្រោង​វិនិយោគ​ប្រកប​ដោយ​ភាព​សម្បូរ​បែប​ និង​បច្ចេកវិទ្យា​ទំនើប​ក្នុង​រវាង​ ២០​ឆ្នាំ​ទៅ​មុខ​ទៀត ដើម្បី​ដើរ​ឱ្យ​ទាន់​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ាន​ ដូច​ជា​​ថៃ និង​វៀតណាម ជាដើម។ នៅ​ក្នុង​ចំណែក​នៃ​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​នេះ សហរដ្ឋ​អាមេរិក​គឺ​ជា​ដៃគូ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន។ ដូច្នេះ​ ​​​ខ្ញុំ​គិត​ថា វា​ជា​កំហុស​ដ៏​ធំ​ក្នុង​ការ​ទាត់​ចោល​ការ​ព្រួយ​បារម្ភ​របស់​ពួក​យើង​ដោយ​គ្រាន់​តែ​មាន​ប្រទេស​ខ្លះ​បាន​ចេញ​មុខ​គាំទ្រ​ចំណាត់​ការ​ទាំង​ឡាយ​របស់​រដ្ឋាភិបាល​នោះ»។

លោក វីល្លៀម ហៃដ្ត បន្ត​ថា ចិន​គឺ​ជា​ប្រទេស​ដ៏​សំខាន់ និង​ដ៏​ធំ​ ហើយ​ក៏​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ល្អ​របស់​កម្ពុជា​ដែរ ដែល​បាន​ជួយ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ ដូចជា​ផ្លូវ​ថ្នល់​ជា​ដើម​ ក៏​ប៉ុន្តែ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ផង​ដែរ​អំពី​​រោងចក្រ​ជា​ច្រើន​ដែល​នៅ​អម​ផ្លូវ​ទាំង​នោះ​ថា "តើ​វា​សំខាន់​ដល់​កម្រិត​ណា​វិញ?”។

សារ​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា រូប​នេះ​ ទំនង​ជា​ការ​ក្រើន​រំលឹក​ដល់​រដ្ឋាភិបាល​កម្ពុជា​ អំពី​សារសំខាន់​នៃ​ទីផ្សារ​លក់​ផលិតផល​របស់​​កម្ពុជា​ ដែល​មិន​មែន​​ជា​ប្រទេស​ចិន នោះ​ឡើយ តែ​គឺ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ទៅ​វិញ​ទេ។

ឆ្លើយ​តប​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់​ឃើញ​ថា នេះ​គ្រាន់​តែ​វោហារ​សព្ទ​បំភ័យ​រដ្ឋាភិបាល​កម្ពុជា ប៉ុណ្ណោះ​ មិន​មែន​ជា​ការ​ពិត​នោះ​ទេ។ លោក​ថា សហរដ្ឋអាមេរិក នាំ​ចូល​ទំនិញ​ពី​កម្ពុជា ព្រោះ​អាមេរិក ត្រូវ​ការ​ទិញ​ផលិតផល​ដែល​មាន​តម្លៃ​ថោក។ លោក​អះអាង​ទៀត​ថា កម្ពុជា​នឹង​មិន​ក្លាយ​ជា​ប្រទេស​ឯកោ​នៅ​លើ​ឆាក​អន្តរជាតិ​នោះ​ទេ៖ «ប្រជាពលរដ្ឋ​អាមេរិក​ បាន​ប្រើប្រាស់​ទំនិញ​ដែល​ផលិត​នៅ​ស្រុក​ខ្មែរ​ហ្នឹង ព្រោះ​វា​ថោក​ ដោយ​សារ​អាមេរិក មាន​បញ្ហា​ចំណូល​របស់​ប្រជា​ពលរដ្ឋ​គាត់​ដែរ ដូច្នេះ​គាត់​ត្រូវ​ការ​ទំនិញ​ថោក​ពី​កម្ពុជា។ នេះ​ជា​សេចក្ដី​ត្រូវ​ការ​មួយ​ឆ្លើយ​តប​នឹង​ផល​ប្រយោជន៍​អាមេរិក​និង​ខ្មែរ»។

ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​កន្លង​ទៅ​នេះ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​សហរដ្ឋ​អាមេរិក គិត​ជា​ទឹក​ប្រាក់​សរុប ៣៦​ពាន់​លាន​ដុល្លារ ដោយ​ក្នុង​នោះ​ ៩០​ភាគរយ​ គឺ​ជា​សម្លៀក​បំពាក់ និង​ស្បែក​ជើង។ សម្លៀក​បំពាក់​ និង​ស្បែង​ជើង​គឺ​ជា​ផលិតផល​ឧស្សាហកម្ម​នាំ​ចេញ​ធំជាង​គេ​របស់​កម្ពុជា​ ហើយ​ឧស្សាហកម្ម​​នេះ​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ ចំនួន​ប្រហែល ៧០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។

ជាង ២០​ឆ្នាំ​កន្លង​ទៅ​នេះ សហរដ្ឋ​អាមេរិក​ក៏​បាន​ជួយ​​គាំទ្រ ជា​ថវិកា​ដល់​កម្មវិធី​រោងចក្រ​ល្អ (Better Factories Program) ដែល​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​នៅ​អាមេរិក និង​អឺរ៉ុប​ មាន​ទំនុក​ចិត្ត​ក្នុង​ការ​ទិញ​ទំនិញ​ពី​កម្ពុជា ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ អាមេរិក​ក៏​បាន​ធ្វើ​ការ​ជា​មួយ​រដ្ឋាភិបាល​​ ដើម្បី​បង្កើត​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​សម្រាប់​ដោះស្រាយ​ជម្លោះ​រវាង​កម្មករ និង​ថៅកែ​ដោយ​សន្តិភាព​ផង​ដែរ។

ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា មិន​អាច​ធ្វើ​មិន​ខ្វល់​នឹង​សេចក្តី​ថ្លែងការណ៍ ឬ​ការ​ទាមទារ​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច​នោះ​ទេ ព្រោះ​ប្រទេស​ទាំងនោះ​ជា​ទីផ្សារ​ទិញ​ផលិតផល​កាត់​ដេរ ដូចជា​សម្លៀកបំពាក់ និង​ស្បែក​ជើង ដែល​ជា​ឆ្អឹង​ខ្នង និង​ជា​ដង្ហើម​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​របស់​កម្ពុជា៖ «ចិន នឹង​សប្បាយ​ចិត្ត​នៅ​ពេល​ណា​ដែល​លោក​ខាង​លិច​ដក​ថយ ឬ​មួយ​ចាប់​ផ្តើម​កាត់​បន្ថយ​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​កម្ពុជា បាន​ន័យ​ថា កម្ពុជា​ពេល​នោះ​នឹង​អស់​ជម្រើស។ ប្រទេស​មួយ​ដែល​ជាប់​បំណុល​វ័ណ្ឌក ហើយ​មិន​មាន​ជម្រើស​ផ្សេង គឺ​ជា​ប្រទេស​ងាយ​បំផុត​ក្នុង​ការ​ចរចា។ ត្រូវ​ចាំ​ថា កាលណា​គេ​ហុច​លុយ​ឲ្យ​យើង​ខ្ចី​ស្រេច​តែ​ចិត្ត យក​ទៅ​លេង​ល្បែង ឬ​យក​ទៅ​ចាយ កាលណា​យើង​សប្បាយ​នឹង​ការ​ខ្ចី ដល់​ពេល​ណា​មួយ​គេ​យក​កម្ចី​ហ្នឹង​ទៅ​គាប​យើង​ស្រេច​តែ​នឹង​ចិត្ត ពេល​នោះ​យើង​នឹង​ក្លាយ​ជា​ឧបករណ៍​របស់​គេ»។

អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​រូប​នេះ ព្រមាន​ថា ការ​ដាច់​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោក​ខាង​លិច នឹង​នាំ​មក​នូវ​គ្រោះ​ថ្នាក់​សម្រាប់​កម្ពុជា ព្រោះ​ផលិតផល​សំខាន់ៗ​របស់​កម្ពុជា មិន​អាច​នាំ​ចេញ​ទៅ​ចិន បាន​ឡើយ ដោយ​សារ​ថ្លៃ​ដើម​ផលិត​របស់​ចិន ទាប​ជាង​កម្ពុជា​ទៅ​ទៀត៕

1 comment:

Anonymous said...

Hun Sen can understand only Ah Kandor Krun Tea Banh's language such as Ah Hun Sen's teeth will be smashed if he kept behaving like Hyena like that.