រដ្ឋាភិបាល
ដោយ តាំង សារ៉ាដា
2017-09-13
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួបពិភាក្សាគ្នានៅភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១២ កញ្ញា បានច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្រោមឱវាទរបស់លោកដែលបានចោទអាមេរិកថា ជាអ្នកនៅពីក្រោយខ្នងលោក កឹម សុខា ក្នុងការបង្កើតផែនការផ្ដួលរំលំរដ្ឋាភិបាល និងបង្កបញ្ហាអស្ថិរភាពសង្គមនៅកម្ពុជា។ ស្ថានទូតអាមេរិក ចាត់ទុកថា នេះជាការចោទប្រកាន់មិនត្រឹមត្រូវ គ្មានមូលដ្ឋាន និងគ្មានភស្តុតាងច្បាស់លាស់។ លើសពីនេះ អាមេរិកក៏ឆ្លៀតក្រើនរំឭករដ្ឋាភិបាលកម្ពុជាដែរ អំពីសារសំខាន់នៃទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប សម្រាប់ទំនិញនាំចេញរបស់កម្ពុជា។
នៅចំពោះមុខភាពល្អក់កករៗផ្នែកការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងចិនកុម្មុយនិស្ត ហាក់ដូចជាកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចិនគឺជាខ្នងបង្អែកដ៏រឹងមាំរបស់កម្ពុជា ហើយកំពូលមហាអំណាចអាស៊ីមួយនេះនឹងបន្តជួយកម្ពុជា គ្រប់កាលៈទេសៈ។ លោកក៏បានប្ដេជ្ញាដែរថា ទំនាក់ទំនងរវាងកម្ពុជា និងចិន រយៈពេល ៦០ឆ្នាំ មកនេះ នឹងគ្មានបរទេសណាមកបំបែកបានឡើយ។ នេះជាការថ្លែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ក្រោយពេលលោកបញ្ចប់ដំណើរទស្សនកិច្ចទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី១៤ នៅទីក្រុងណាននីង (Nanning) ខេត្តក្វាងស៊ី (Guangxi)។
ការប្រកាសបែបនេះរបស់លោក ហ៊ុន សែន គឺស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងហ៊ុមព័ទ្ធដោយការរិះគន់ និងសេចក្ដីថ្លែងការណ៍ថ្កោលទោសជាច្រើនពីសហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រទេសលោកខាងលិចជុំវិញការចាប់ខ្លួនលោក កឹម សុខា ការធ្វើទុក្ខបុកម្នេញសារព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលកាលពីពេលថ្មីៗនេះ។ ទោះបីជាយ៉ាងណា លោក ហ៊ុន សែន បានទាត់ចោលសេចក្ដីថ្លែងការណ៍ទាំងនោះ ហើយក៏បានព្រមានសហគមន៍អន្តរជាតិកុំឱ្យឈឺឆ្អាលរឿងទាំងអស់នេះដែរ៖ «អ្នកដែលបានធ្វើសេចក្ដីថ្លែងការណ៍ដើម្បីការពារជននេះ គឺគ្រាន់តែដើម្បីការពារអាយ៉ងរបស់ខ្លួនដើម្បីឱ្យរួចផុតពីការចោទប្រកាន់តែប៉ុណ្ណោះ។ សូមគោរពអធិបតេយ្យភាពជាតិរបស់កម្ពុជា មិនត្រូវប្រើវិធីផ្ដួលរំលំតាមរយៈបដិវត្តន៍ពណ៌នោះទេ»។
ការមិនអើពើនឹងប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះស្ថានការណ៍នយោបាយ សិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាននៅកម្ពុជា នេះ ត្រូវបានសហរដ្ឋអាមេរិក ចាត់ទុកថា ជាកំហុសឆ្គងដ៏ធំ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ត (William Heidt) ថ្លែងកាលពីថ្ងៃទី១២ ខែកញ្ញា ថា អ្វីដែលលោកព្រួយបារម្ភនោះ គឺថាបន្តិចម្ដងៗ កម្ពុជាកំពុងធ្វើឱ្យខ្លួនឯងឯកោពីសហគមន៍អន្តរជាតិ ប្រសិនបើកម្ពុជា មិនខ្វល់ពីប្រតិកម្មទាំងឡាយនោះទេ៖ «ជាង ២០ឆ្នាំកន្លងទៅនេះ កម្ពុជាធ្វើបានយ៉ាងល្អចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ក៏ប៉ុន្តែ ២០ឆ្នាំទៅមុខទៀត គឺនឹងមានបញ្ហាប្រឈមជាច្រើន។ ខ្ញុំដឹងយ៉ាងច្បាស់ថា សេដ្ឋកិច្ចកម្ពុជា នឹងត្រូវផ្លាស់ប្ដូរ ហើយកម្ពុជា ត្រូវការទាក់ទាញគម្រោងវិនិយោគប្រកបដោយភាពសម្បូរបែប និងបច្ចេកវិទ្យាទំនើបក្នុងរវាង ២០ឆ្នាំទៅមុខទៀត ដើម្បីដើរឱ្យទាន់ប្រទេសដទៃក្នុងតំបន់អាស៊ាន ដូចជាថៃ និងវៀតណាម ជាដើម។ នៅក្នុងចំណែកនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានេះ សហរដ្ឋអាមេរិកគឺជាដៃគូដ៏សំខាន់មិនអាចខ្វះបាន។ ដូច្នេះ ខ្ញុំគិតថា វាជាកំហុសដ៏ធំក្នុងការទាត់ចោលការព្រួយបារម្ភរបស់ពួកយើងដោយគ្រាន់តែមានប្រទេសខ្លះបានចេញមុខគាំទ្រចំណាត់ការទាំងឡាយរបស់រដ្ឋាភិបាលនោះ»។
លោក វីល្លៀម ហៃដ្ត បន្តថា ចិនគឺជាប្រទេសដ៏សំខាន់ និងដ៏ធំ ហើយក៏ជាដៃគូសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជាដែរ ដែលបានជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវថ្នល់ជាដើម ក៏ប៉ុន្តែលោកស្នើឱ្យរដ្ឋាភិបាលកម្ពុជា ពិចារណាផងដែរអំពីរោងចក្រជាច្រើនដែលនៅអមផ្លូវទាំងនោះថា "តើវាសំខាន់ដល់កម្រិតណាវិញ?”។
សាររបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា រូបនេះ ទំនងជាការក្រើនរំលឹកដល់រដ្ឋាភិបាលកម្ពុជា អំពីសារសំខាន់នៃទីផ្សារលក់ផលិតផលរបស់កម្ពុជា ដែលមិនមែនជាប្រទេសចិន នោះឡើយ តែគឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបទៅវិញទេ។
ឆ្លើយតបរឿងនេះ មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់ឃើញថា នេះគ្រាន់តែវោហារសព្ទបំភ័យរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះ មិនមែនជាការពិតនោះទេ។ លោកថា សហរដ្ឋអាមេរិក នាំចូលទំនិញពីកម្ពុជា ព្រោះអាមេរិក ត្រូវការទិញផលិតផលដែលមានតម្លៃថោក។ លោកអះអាងទៀតថា កម្ពុជានឹងមិនក្លាយជាប្រទេសឯកោនៅលើឆាកអន្តរជាតិនោះទេ៖ «ប្រជាពលរដ្ឋអាមេរិក បានប្រើប្រាស់ទំនិញដែលផលិតនៅស្រុកខ្មែរហ្នឹង ព្រោះវាថោក ដោយសារអាមេរិក មានបញ្ហាចំណូលរបស់ប្រជាពលរដ្ឋគាត់ដែរ ដូច្នេះគាត់ត្រូវការទំនិញថោកពីកម្ពុជា។ នេះជាសេចក្ដីត្រូវការមួយឆ្លើយតបនឹងផលប្រយោជន៍អាមេរិកនិងខ្មែរ»។
ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងទៅនេះ កម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិក គិតជាទឹកប្រាក់សរុប ៣៦ពាន់លានដុល្លារ ដោយក្នុងនោះ ៩០ភាគរយ គឺជាសម្លៀកបំពាក់ និងស្បែកជើង។ សម្លៀកបំពាក់ និងស្បែងជើងគឺជាផលិតផលឧស្សាហកម្មនាំចេញធំជាងគេរបស់កម្ពុជា ហើយឧស្សាហកម្មនេះបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជា ចំនួនប្រហែល ៧០ម៉ឺននាក់នៅទូទាំងប្រទេស។
ជាង ២០ឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកក៏បានជួយគាំទ្រ ជាថវិកាដល់កម្មវិធីរោងចក្រល្អ (Better Factories Program) ដែលផ្ដល់ឱ្យក្រុមហ៊ុនបញ្ជាទិញនៅអាមេរិក និងអឺរ៉ុប មានទំនុកចិត្តក្នុងការទិញទំនិញពីកម្ពុជា ហើយកាលពីពេលថ្មីៗនេះ អាមេរិកក៏បានធ្វើការជាមួយរដ្ឋាភិបាល ដើម្បីបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្ដាលសម្រាប់ដោះស្រាយជម្លោះរវាងកម្មករ និងថៅកែដោយសន្តិភាពផងដែរ។
ប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ ថ្លែងថា រដ្ឋាភិបាលកម្ពុជា មិនអាចធ្វើមិនខ្វល់នឹងសេចក្តីថ្លែងការណ៍ ឬការទាមទាររបស់ក្រុមប្រទេសលោកខាងលិចនោះទេ ព្រោះប្រទេសទាំងនោះជាទីផ្សារទិញផលិតផលកាត់ដេរ ដូចជាសម្លៀកបំពាក់ និងស្បែកជើង ដែលជាឆ្អឹងខ្នង និងជាដង្ហើមសេដ្ឋកិច្ចមួយដ៏សំខាន់របស់កម្ពុជា៖ «ចិន នឹងសប្បាយចិត្តនៅពេលណាដែលលោកខាងលិចដកថយ ឬមួយចាប់ផ្តើមកាត់បន្ថយទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជា បានន័យថា កម្ពុជាពេលនោះនឹងអស់ជម្រើស។ ប្រទេសមួយដែលជាប់បំណុលវ័ណ្ឌក ហើយមិនមានជម្រើសផ្សេង គឺជាប្រទេសងាយបំផុតក្នុងការចរចា។ ត្រូវចាំថា កាលណាគេហុចលុយឲ្យយើងខ្ចីស្រេចតែចិត្ត យកទៅលេងល្បែង ឬយកទៅចាយ កាលណាយើងសប្បាយនឹងការខ្ចី ដល់ពេលណាមួយគេយកកម្ចីហ្នឹងទៅគាបយើងស្រេចតែនឹងចិត្ត ពេលនោះយើងនឹងក្លាយជាឧបករណ៍របស់គេ»។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយរូបនេះ ព្រមានថា ការដាច់ទំនាក់ទំនងជាមួយប្រទេសលោកខាងលិច នឹងនាំមកនូវគ្រោះថ្នាក់សម្រាប់កម្ពុជា ព្រោះផលិតផលសំខាន់ៗរបស់កម្ពុជា មិនអាចនាំចេញទៅចិន បានឡើយ ដោយសារថ្លៃដើមផលិតរបស់ចិន ទាបជាងកម្ពុជាទៅទៀត៕
1 comment:
Hun Sen can understand only Ah Kandor Krun Tea Banh's language such as Ah Hun Sen's teeth will be smashed if he kept behaving like Hyena like that.
Post a Comment