Thursday, 21 December 2017

"អ្នក​សារព័ត៌មាន​​កម្ពុជា​រង​​សម្ពាធ​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ​២០១៧​ដោយ​សារ​ការ​រឹតត្បិត​ខ្លាំង"


ដោយ មាន ឫទ្ធិ
2017-12-19 

អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA



អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ចេញផ្សាយ​របាយការណ៍​ថ្មី​មួយ​បូកសរុប​ករណី​អំពើ​ហិង្សា និង​ការ​រំលោភបំពាន​អ្នកកាសែត​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៧​នេះ។ អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា មើល​ឃើញ​ថា ឆ្នាំ​២០១៧ អ្នកសារព័ត៌មាន​នៅ​កម្ពុជា ទទួល​រង​នូវ​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​មានការ​រឹតត្បិត​ខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​ក្នុង​ការ​សរសេរ​ព័ត៌មាន​ប្រកបដោយ​តុល្យភាព ខណៈ​អ្នកសារព័ត៌មាន​ខ្លះ​ទៀត ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ដាក់​ពន្ធនាគារ ក្រោម​ហេតុផល​ថា​ពុំ​មាន​ប័ណ្ណ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន។



សម្រាប់​ឆ្នាំ​២០១៧​នេះ មាន​អ្នកកាសែត​ចំនួន ៦៥​នាក់ បាន​ស្លាប់ ៣២៦​នាក់ ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ និង ៥៤​នាក់ ត្រូវ​ចាប់ខ្លួន​ធ្វើជា​ចំណាប់ខ្មាំង។ ក្នុងចំណោម​អ្នកកាសែត​ចំនួន ៦៥​នាក់ ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​ទូទាំង​ពិភពលោក ៦០​ភាគរយ​នៃ​ចំនួន​អ្នកកាសែត​ទាំងនេះ ត្រូវ​បាន​គេ​ធ្វើឃាត ហើយ​ក្រៅ​ពី​នេះ បាន​ស្លាប់​ក្នុង​ពេល​បំពេញ​ការងារ ក្នុង​នោះ​មាន​អ្នក​កាសែត ជា​ស្ត្រី​ចំនួន ១០​នាក់។

ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​ទី១៣២ ក្នុង​ចំណោម ១៧៩​ប្រទេស​នៅ​លើ​ពិភពលោក ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៧ របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់ ពី​សំណាក់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ កាសែត ឌឹ ខេមបូឌា ឌេលី (The Cambodia Daily) និង​អាស៊ីសេរី បាន​សម្រេច​បិទ​ការផ្សាយ ឬ​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ក្រុងភ្នំពេញ ដោយសារ​ទទួលរង​សម្ពាធ​នយោបាយ និង​ការ​គាបសង្កត់​ពី​រដ្ឋាភិបាល ក្រោម​ហេតុផល​មិន​បង់ពន្ធ​ឲ្យ​រដ្ឋ។ យ៉ាងហោចណាស់ ស្ថានីយ​វិទ្យុ និង​ប៉ុស្តិ៍​ផ្សាយ​ក្នុងស្រុក​ចំនួន​៣២ នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ២០ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​បាន​ផ្សាយ​បន្ត​ព័ត៌មាន​បន្ត​ពី​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ត្រូវ​បាន​រដ្ឋាភិបាល​បិទ​មិន​ឲ្យ​ផ្សាយ កាលពី​ជាង ៣​ខែ​មុន​នេះ។ ថ្មីៗ​នេះ ក្រសួង​ព័ត៌មាន បាន​សម្រេច​លុបឈ្មោះ​កាសែត​ដែល​ហួស​សុពលភាព និង​កាសែត​មិនដែល​ចេញផ្សាយ ចំនួន ៣៣០ អង្គភាព។ បច្ចុប្បន្ន កម្ពុជា​មាន​កាសែត​ចេញផ្សាយ​ចំនួន ៣៨៨ ទស្សនាវដ្ដី ចំនួន ២០៧ ព្រឹត្តិបត្រ​ព័ត៌មាន​ចំនួន​២៥ ស្ថានីយ​វិទ្យុ​ចំនួន​២០០ ស្ថានីយ​ទូរទស្សន៍​ចំនួន ២០ និង​គេហទំព័រ​ព័ត៌មាន​ចំនួន ១៤៨។

អតីត​អ្នកកាសែត​របស់​អាស៊ីសេរី​ចំនួន​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន (ហៅ​យាង សុជាមេត្តា) បច្ចុប្បន្ន កំពុង​ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ពី​បទ​ចោទ​ថា បាន​លួច​ផលិត​ព័ត៌មាន​បញ្ជូន​ទៅ​ក្រៅ​ប្រទេស ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​១៥ ឆ្នាំ។ ដោយឡែក នៅ​ប្រទេស​វៀតណាម សកម្មជន និង​ជា​អ្នក​សរសេរ​ប្លុក​ដ៏​ល្បីល្បាញ​មួយ​រូប​ឈ្មោះ ង្វៀង វាន់ ហ័រ (Nguyen Van Hoa) ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៧​ឆ្នាំ ពី​បទ​ធ្វើ​ការ​ឃោសនា​ប្រឆាំង​នឹង​រដ្ឋ​វៀតណាម។

អ្នកធ្វើការ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា និង​ជា​និពន្ធ​នាយក​កាសែត​ខ្មែរថាមស៍ (Khmer Times) លោក ម៉ៃ ទិត្យថារ៉ា កត់សម្គាល់​ឃើញ​ថា ឆ្នាំ​២០១៧ នេះ អ្នកសារព័ត៌មាន​នៅ​កម្ពុជា ទទួលរង​នូវ​សម្ពាធ​យ៉ាង​ងន់ធ្ងរ។ លោក ម៉ៃ ទិត្យថារ៉ា ថា ដោយសារ​តែ​មានការ​រឹតត្បិត​ខ្លាំង និង​កង្វះ​ការ​បើក​ចំហ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល និង​ភាគី​ដែល​ពាក់ព័ន្ធ ដែល​ភាគច្រើន​មានការ​ភ័យខ្លាច​ក្នុង​ការ​ផ្ដល់​ការ​អត្ថាធិប្បាយ​ឲ្យ​អ្នកសារព័ត៌មាន ដោយសារតែ​ខ្លាច​ប្រឈម​នឹង​បញ្ហា​នៃ​ការ​ប្ដឹងផ្ដល់​ពី​រដ្ឋាភិបាល ឬ​មន្ត្រី​មានអំណាច ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​ពិបាក​ក្នុង​ការ​សរសេរ​ព័ត៌មាន​ប្រកប​ដោយ​គុណភាព និង​តុល្យភាព៖ «សម្រាប់​ឆ្នាំ​២០១៧​នេះ អ្នកសារព័ត៌មាន​កម្ពុ​ជា រង​សម្ពាធ​យ៉ាង​ធ្ងន់ ដោយសារតែ​... គេ​មិន​ធ្វើ​អី​ទេ គ្រាន់តែ​គេ​យក​លេស​មួយ គ្រាន់​តែ​ពន្ធដារ​មួយ ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​យើង រង​សម្ពាធ​យ៉ាង​ខ្លាំង។ ដូចជា​កាសែត ឌឹ ខេមបូឌា ដេលី ត្រូវ​បាន​ប្រកាស​បិទ​ទ្វា ដោយសារ​គាត់​មិន​មាន​ថវិកា​ក្នុង​ការ​បង់ពន្ធ ក៏ដូចជា​វិទ្យុ​អាស៊ីសេរី​ផង​ដែរ ក៏​មាន​បញ្ហា​ហ្នឹង។ ហេតុ​ដូច្នេះ ខ្ញុំ​គិត​ថា អញ្ចឹង​ឆ្នាំ​២០១៧​នេះ គឺជា​សម្ពាធ​មួយ​ខ្លាំង​ណាស់​សម្រាប់​អ្នកសារព័ត៌មាន​នៅ​ស្រុក​ខ្មែរ រហូត​ដល់​បច្ចុប្បន្ន​នេះ សូម្បីតែ​អ្នកសារព័ត៌មាន ដែល​ធ្វើ​ការ​ក្នុង​វិស័យ​នេះ ក៏​ពិបាក​ក្នុង​ការ​សរសេរ​ព័ត៌មាន​ដើម្បី​សរសេរ​ឲ្យ​មាន​តុល្យភាព​សម្រាប់​ព័ត៌មាន​របស់​គាត់​ដែរ»។

លោក ម៉ៃ ទិត្យថារ៉ា បន្ត​ថា បញ្ហា​ប្រឈម​ធំៗ​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​នេះ សម្រាប់​អ្នក​សារព័ត៌មាន​នៅ​ស្រុក​ខ្មែរ​គឺ ការ​ពិបាក​ក្នុង​ការ​សរសេរ​ព័ត៌មាន​ឲ្យ​មាន​តុល្យភាព ដោយសារ​មន្ត្រី​រដ្ឋាភិបាល ឬ​អ្នក​ដែល​ពាក់ព័ន្ធ មិន​ហ៊ាន​ផ្ដល់​ការ​អត្ថាធិប្បាយ​ច្រើន​ដូច​កាល​ពី​ពេល​អតីតកាល ដោយសារ​មន្ត្រី​ទាំងនោះ ខ្លាច​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ពី​សំណាក់​រដ្ឋាភិបាល។ បញ្ហា​មួយទៀត គឺ​អ្នកកាសែត ពិបាក​ក្នុង​ការ​ទទួល​បាន​កាត​បញ្ជាក់​ជា​អ្នកសារព័ត៌មាន​ចេញ​ដោយ​ក្រសួង​ព័ត៌មាន ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ជួប​នូវ​ការពិបាក​ក្នុង​ការ​ចេញ​ទៅ​យក​ព័ត៌មាន។ លោក​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​មានការ​បើក​ចំហ​ឡើងវិញ​ឲ្យ​បាន​ទូលំទូលាយ​ដូច​ពេល​អតីតកាល ដើម្បី​ឲ្យ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​វិញ៖ «ពីមុន​យើង​មាន​មោទនភាព​មួយ​ថា នៅ​ក្នុង​អាស៊ាន កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​សេរីភាព​សារព័ត៌មាន​ខ្លាំង ឥឡូវ​ក៏​យើង​មាន​សេរីភាព​សារព័ត៌មាន​ខ្លាំង​ដែរ ប៉ុន្តែ​គ្រាន់តែ​យើង​នៅ​មាន​កម្រិត​ដោយសារតែ​គំនាប ដែល​អ្នកសារព័ត៌មាន ត្រូវ​បាន​ទាមទារ​...​។ មន្ត្រី​មួយ​ចំនួន​រហូតដល់​ថា មិន​អាច​និយាយ​ជាមួយ​អ្នកនេះ​អ្នកនោះ​បានទេ​...​។ អញ្ចឹង​ខ្ញុំ​សូម​ឲ្យ​មន្ត្រី លោក​បើក​ចំហ​ទៅ​ថា លោក​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​ឲ្យ​គ្រប់​ស្ថាប័ន​ទាំងអស់​ដោយ​ទូលាយ ដោយ​កុំ​គិត​ដាក់​កម្រិត​ខ្លួនឯង»។

របាយការណ៍​ដែល​មាន​ចំណងជើង​ថា «បូកសរុប​ចំនួន​អ្នកកាសែត​ដែល​បាន​ស្លាប់ ជាប់ពន្ធនាគារ ចាប់​ជា​ចំណាប់ខ្មាំង ឬ​បាត់​ខ្លួន​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧» ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ដោយ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ឲ្យ​ដឹង​ថា បើ​ទោះ​ជា​តួលេខ​ទាំងនេះ ជា​សញ្ញា​ព្រមាន​មួយ​ក៏ដោយ ឆ្នាំ​២០១៧​នេះ គឺជា​ឆ្នាំ​ដែល​ចំនួន​អ្នកកាសែត​វិជ្ជាជីវៈ បាន​ស្លាប់​នៅ​ទូទាំង​ពិភពលោក តិច​ជាង​ឆ្នាំ​ដទៃ​ទៀត ក្នុង​រយៈពេល​១៤​ឆ្នាំ​កន្លង​មក​នេះ។ អ្នកកាសែត​បាន​រត់គេច​ខ្លួន​ពី​ប្រទេស​មួយ​ចំនួន ប្រកបដោយ​គ្រោះថ្នាក់ ដូចជា ប្រទេស​ស៊ីរី (Syria) យែមែន (Yemen) និង​ប្រទេស​លីប៊ី (Libya) ជាដើម។

ប្រទេស​ម៉ិចសិចកូ ស៊ីរី អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ាក់ គឺជា​ប្រទេស​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នក កាសែត ដែល​បាន​ស្លាប់​ក្នុង​ឆ្នាំ​២០១៧​នេះ ខណៈ​ប្រទេស​ចិន តួគី ស៊ីរី អ៊ីរ៉ង់ និង​ប្រទេស​វៀតណាម គឺជា​ប្រទេស​ដែល​ចាប់​អ្នកកាសែត​ដាក់​ពន្ធនាគារ​ច្រើនជាង​ប្រទេស​ណាៗ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក។ នៅ​តំបន់​អាស៊ី​អាគ្នេ​យ៍ អ្នកកាសែត ៤​នាក់ បាន​ស្លាប់​ក្នុង​ប្រទេស​ហ្វីលីពីន និង ១​នាក់ បាន​ស្លាប់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា។ ភាគច្រើន​នៃ​អ្នកកាសែត​រងគ្រោះ​ទាំងនេះ គឺ​សុទ្ធ​តែ​ជា​អ្នក​កាសែត​ស៊ើបអង្កេត ពោរពេញ​ដោយ​បទ​ពិសោធន៍ និង​ភាព​អង់អាច​ក្លាហាន។

ជាមួយ​គ្នា​នេះ​ដែរ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​កត់សម្គាល់​ឃើញ​ពី​ការ​កើន​ឡើង​នៃ​ការ​យល់​ដឹង​កាន់​តែ​ខ្លាំង អំពី​តម្រូវការ​ក្នុង​ការ​ការពារ​អ្នកកាសែត។ ជាក់ស្ដែង អង្គការ​សហប្រជាជាតិ បាន​អនុម័ត​សេចក្ដី​សម្រេច​ជាច្រើន អំពី​សុវត្ថិភាព​របស់​អ្នកកាសែត ចាប់​តាំង​ពី​ឆ្នាំ​២០០៦ មក ហើយ​ស្ថាប័ន​ព័ត៌មាន​ជាច្រើន បាន​ចាប់ផ្ដើម​អនុម័ត​នីតិវិធី​សុវត្ថិភាព​ទាំងនេះ។

អគ្គលេខាធិការ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន លោក គ្រីស្តូហ្វ ដឺឡ័រ (Christophe Deloire) ថ្លែង​ថា អ្នក​កាសែត​ស៊ើបអង្កេត ដែល​រាយការណ៍​រឿងរ៉ាវ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ និង​បញ្ហា​បរិស្ថាន ដើរ​តួនាទី​ជា​អ្នកឃ្លាំមើល​ដ៏​ចម្បង ហើយ​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​មិន​ពេញ​ចិត្ត​នឹង​របាយការណ៍​របស់​ពួកគេ។ លោក គ្រីស្តូហ្វ ដឺឡ័រ បន្តថា ស្ថានការណ៍​គួរ​ឲ្យ​ព្រមាន​នេះ ស​បញ្ជាក់​ឲ្យ​ឃើញ​អំពី​តម្រូវការ​ក្នុង​ការ​ផ្ដល់​ឲ្យ​អ្នកកាសែត​នូវ​ការ​ការពារ​បន្ថែម​ទៀត​ដល់​ពួកគេ ខណៈ​ដែល​បញ្ហា​ប្រឈម​នៃ​ការ​រាយការណ៍​ព័ត៌មាន និង​គ្រោះថ្នាក់ បាន​ក្លាយ​ជា​បញ្ហា​មួយ​នៅ​លើ​ឆាក​អន្តរជាតិ។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន លើក​ឡើង​ថា ការ​ទទួល​បាន​ព័ត៌មាន និង​ដំណឹង គឺជា​សិទ្ធិ​សម្រាប់​ពលរដ្ឋ​រាប់​លាន​នាក់ នៅ​ទូទាំង​ពិភពលោក។ អង្គការ​នេះ​ថា បញ្ហា​ចម្បង​បំផុត​ដែល​ពិភពលោក កំពុង​ជួបប្រទះ​ដូចជា បញ្ហា​រឿងអាស្រូវ​ពុករលួយ បញ្ហា​បរិស្ថាន និង​អំពើ​ជ្រុលនិយម​បែប​ហិង្សា នឹង​មិន​អាច​ត្រូវ​ដោះស្រាយ​បានទេ ប្រសិនបើ​អ្នកកាសែត​មិន​អាច​បំពេញ​តួនាទី​ដ៏​សំខាន់​នេះ​បាន​យ៉ាង​សមស្រប​នោះ។ អង្គការ​នេះ គូស​បញ្ជាក់​ថា អ្នកកាសែត ត្រូវ​តែ​អាច​បំពេញ​ការងារ​ក្នុង​បរិយាកាស​មួយ​ប្រកបដោយ​សុវត្ថិភាព ហើយ​ថា អំពើ​និទ្ទណ្ឌភាព​សម្រាប់​អ្នក​ប្រព្រឹត្តិ​បទល្មើស​ប្រឆាំង​នឹង​អ្នក​កាសែត​ត្រូវ​តែ​បញ្ចប់៕

No comments: