Sunday, 31 December 2017
អតីតមេឃុំបក្សប្រឆាំងខេត្តកំពង់ចាមម្នាក់សម្រេចចិត្តសាងផ្នួសដើម្បីគេចពីការអូសទាញ
ដោយ វ៉ែន សុមេធ
2017-12-31
rfa
ក្រុមប្រឹក្សាឃុំសង្កាត់គណបក្សជួបប្រជុំគ្នា ពង្រឹងគណបក្សនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រោយពេលមានការអូសទាញមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ពីសំណាក់អាជ្ញាធរ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា មេឃុំគណបក្សប្រឆាំង នៅខេត្តកំពង់ចាមម្នាក់ សម្រេចចិត្តសាងផ្នួសតែម្ដង។ ការសាងផ្នួសនេះ គឺដើម្បីរក្សាភាពស្ងប់ស្ងាត់ក្នុងចិត្ត និងគេចផុតពីការអូសទាញទៅឱ្យចូលជាមួយគណបក្សផ្សេង។ ចំណែកក្រុមគ្រួសារ និងប្រធានគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម គាំទ្រចំពោះការសម្រេចព្រះទ័យរបស់ព្រះអង្គក្នុងស្ថានភាពបែបនេះ។
មេឃុំមេព្រីង មកពីគណបក្សសង្គ្រោះជាតិ នៅស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាមនុស្សមានប្រជាប្រិយភាពម្នាក់ក្នុងឃុំ បានសម្រេចចិត្តលះបង់ភាពជាប្រថុជ្ជនធម្មតា ហើយស្រវាស្រែបុណ្យជំនួសវិញ។ ការសម្រេចចិត្តចូលសាងផ្នួសក្នុងព្រះពុទ្ធសាសនា ដោយសារស្ថានភាពនយោបាយអាក្រក់នៅពេលបច្ចុប្បន្ន គឺព្រះតេជព្រះគុណតាំងព្រះទ័យថា ប្រសិនបើស្ថានភាពនយោបាយមិនបានវិលមករកភាពប្រសើរវិញទេ ព្រះអង្គអាចនឹងបួសរហូតទៀតផង។
អតីតមេឃុំមេព្រីង គណបក្សសង្គ្រោះជាតិ ព្រះតេជព្រះគុណ ស៊ន រដ្ឋា មានថេរដីកាថា នៅក្នុងឃុំរបស់ព្រះអង្គ រូបភាពគំរាមកំហែងខ្លាំងក្លា គឺមិនមានទេ មានតែការលួងលោម អូសទាញ ដើម្បីឱ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។ ព្រះអង្គបន្តថា ដោយសារមានការអូសទាញច្រើនលើកច្រើនសារ ហើយព្រះអង្គនៅតែមិនព្រមចុះចូល ព្រះអង្គក៏ចាប់ផ្ដើមបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយនៅមុនថ្ងៃទី១៦ វិច្ឆិកា អតីតមេឃុំរូបនេះ បានរត់គេចខ្លួនពីផ្ទះសម្បែងមួយរយៈពេល។ ក្រោយមកព្រះអង្គក៏សម្រេចចិត្តសាងផ្នួស កាលពីថ្ងៃទី១២ ខែធ្នូ តែម្ដង៖ «គេចទៅប្រហែលជាបួនដប់ថ្ងៃ ឆ្ងាយពីប្រពន្ធពីកូន បួនដប់ថ្ងៃអីចឹង។ ហើយក៏ដេកគិតថាចង់ឱ្យស្ថានភាពស្ងប់ស្ងាត់បន្តិច ឱ្យអារម្មណ៍ហ្នឹងល្អបន្តិច ក៏សម្រេចចិត្តសុំប្រពន្ធអាត្មាហ្នឹងបួស។ គ្មាននរណាជឿទេ យាយតាបងប្អូន ប្រជាពលរដ្ឋហ្នឹងគេមិនជឿថា អាត្មាហ្នឹងបួសទេ»។
ប្រសូតនៅឆ្នាំ ១៩៦៩ នៅឃុំមេព្រីង ព្រះតេជព្រះគុណ ស៊ន រដ្ឋា ទទួលបានការអប់រំថ្នាក់ទី៦ នៅជំនាន់នោះ។ ក្រោយពេលឈប់រៀន ព្រះអង្គត្រូវរស់នៅជាមួយឪពុកម្ដាយ ដោយប្រកបមុខរបរធ្វើស្រែចម្ការ។ នៅចុងទសវត្សឆ្នាំ១៩៨០ ព្រះអង្គបានចូលបម្រើកងទ័ព ប៉ុន្តែបានប្រមាណ ៣ឆ្នាំ ព្រះអង្គសម្រេចព្រះទ័យឈប់វិញ ហើយរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី កយ សុវ៉ាន់ នៅឆ្នាំ ១៩៩០ និងមានកូនប្រុសស្រីចំនួន ៣នាក់។
ចំណែកជីវិតនយោបាយវិញ អតីតមេឃុំមេព្រីងរូបនេះ បញ្ជាក់ថា ព្រះអង្គបានចូលរួមជាមួយគណបក្សជាតិខ្មែរ របស់លោក សម រង្ស៊ី កាលពីចុងទសវត្សឆ្នាំ១៩៩០។ លោកធ្វើសកម្មភាពខ្លាំងនៅដើមឆ្នាំ២០០០ ហើយក៏មានការគំរាមកំហែងដល់អាយុជីវិត និងធ្លាប់គេចខ្លួនចេញពីផ្ទះសម្បែង ដើម្បីការពារសុវត្ថិភាពទៀតផង។ ការប្រឡូកក្នុងជីវិតនយោបាយជាមួយគណបក្សប្រឆាំងជិត ១០ឆ្នាំ គឺនៅឆ្នាំ២០០៧ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ២ គឺព្រះអង្គបានជាប់ជាជំទប់ទី២ មកពីគណបក្ស សម រង្សី នៅឃុំមេព្រីង។ នៅឆ្នាំ២០១២ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៣ ព្រះអង្គបានជាប់ជាជំទប់ទី១ ឃុំនេះដដែល ហើយរហូតដល់ពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ព្រះតេជព្រះគុណ ស៊ន រដ្ឋា ក៏បានជាប់ឆ្នោតជាមេឃុំមេព្រីង កូតាមកពីគណបក្សសង្គ្រោះជាតិ វិញម្តង។ លោកបានបំពេញការងារជូនពលរដ្ឋមួយរយៈពេលខ្លីដែរ។ ព្រះអង្គមិនសោកស្ដាយតំណែងទេ ប៉ុន្តែគ្រាន់តែសោកស្ដាយដែលមិនបានបម្រើពលរដ្ឋឱ្យអស់ពីលទ្ធភាព និងចប់ចុងចប់ដើម ស្របតាមការផ្ដល់សេចក្ដីទុកចិត្តមកលើព្រះអង្គប៉ុណ្ណោះ៖ «សកម្មភាពរបស់អាត្មាធ្វើជាមេឃុំ គឺចុះដូចអាត្មាធ្វើកាលពីមុនដែរ។ អាត្មាបែងចែកកម្លាំង ជំទប់១ ទទួលបន្ទុកហិរញ្ញវត្ថុឃ្លាំមើលហេដ្ឋារចនាសម្ព័ន្ធហ្នឹងក៏អាត្មាចាត់ឱ្យជំទប់មួយហ្នឹងដើរមើលរាល់ថ្ងៃ ដើម្បីមករាយការណ៍នៅសាលាឃុំ»។
ឃុំមេព្រីង គណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈចំនួន៣។ ចំណែកគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន២។ ប្រភពដដែលបញ្ជាក់ថា ការសាងផ្នួសពេលនេះមួយភាគធំ គឺដោយសារមិនចង់ប្រឈមមុខនឹងការអូសទាញចូលគណបក្សផ្សេង និងមួយផ្នែកទៀត គឺមានបំណងចង់បួសតាំងពីក្មេង ប៉ុន្តែមិនមានឱកាសឡើយ ហើយក៏ចេះតែរក្សាបំណងនេះរហូតមក។
ព្រឹត្តិការណ៍នយោបាយចុងក្រោយ កាន់តែគួរឱ្យបារម្ភ ពិសេសក្រោយពេលរដ្ឋាភិបាលចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោយចោទប្រកាន់អំពីអំពើក្បត់ជាតិ កាលពីថ្ងៃទី៣ កញ្ញា។ ជាងនេះទៀត សាលក្រមតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា សម្រេចលុបចោលគណបក្សប្រឆាំងដ៏ធំមួយនេះតែម្ដង។ ចំណែកមន្ត្រី និងសកម្មជនគណបក្ស សង្គ្រោះជាតិ មួយចំនួន សម្រេចចិត្តចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា តាមការអូសទាញ និងគំរាមកំហែងពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអាជ្ញាធររដ្ឋាភិបាលរបស់លោក។ ក្រៅពីនេះ មានមន្ត្រីគណបក្សប្រឆាំងមួយចំនួនរត់ចោលស្រុក ឬទៅរស់នៅជាមួយបងប្អូនឆ្ងាយពីស្រុកកំណើតមួយរយៈ និងមួយចំនួនរស់នៅក្នុងមូលដ្ឋានជាធម្មតា ឬក៏សម្រេចចិត្តបួសជាសង្ឃ ដោយមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច ដូចករណីព្រះតេជព្រះគុណ ស៊ន រដ្ឋា ជាដើម។
ភរិយារបស់អតីតមន្ត្រីបក្សប្រឆាំង គឺព្រះតេជព្រះគុណ ស៊ន រដ្ឋា អ្នកស្រី កយ សុវ៉ាន់ មានប្រសាសន៍ថា អ្នកស្រីបានត្រៀមចិត្តរួចទៅហើយ និងគាំទ្រចំពោះការសម្រេចចិត្តរបស់ស្វាមី។ អ្នកស្រីបន្តថា បើទោះបីជាក្នុងគ្រួសារបាត់បង់កម្លាំងស្នូលម្នាក់ក៏ដោយ ប៉ុន្តែបើស្ថានភាពនយោបាយមិនបានប្រសើរ ហើយប្ដីខ្លួនត្រូវបួសរហូត គឺអ្នកស្រីយល់ព្រមដឹកនាំកូនពីរនាក់ដែលនៅក្នុងបន្ទុក ហើយខិតខំរកស៊ីចិញ្ចឹមគ្រួសារ និងធ្វើដំណើរទៅមុខបន្តទៀត៖ «ព្រោះខ្ញុំនឹកឃើញថាគាត់ចង់បួសតាំងពីក្មេងមក រួចគាត់ចង់បួសទៅហើយ បើមិនឱ្យបួសមិនកើត។ ហើយត្រៀមខ្លួនថាគាត់ហ្នឹង ប្រសិនបើនយោបាយមិនស្រួលបួលទេ គាត់ប្រាកដជាបួសរហូតហើយ»។
បច្ចុប្បន្នគ្រួសារ អ្នកស្រី កយ សុវ៉ាន់ ប្រកបមុខរបរធ្វើស្រែប្រាំង និងមានកូនពីរនាក់ក្នុងបន្ទុក ដោយម្នាក់កំពុងបន្តការសិក្សា និងម្នាក់ទៀតជាកម្មការិនីរោងចក្រនៅស្រុកបាធាយ។
ខេត្តកំពង់ចាម គណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតដឹកនាំឃុំ-សង្កាត់ បានចំនួន៧៤ ក្នុងចំណោមឃុំ-សង្កាត់ ចំនួន១០៩។ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម លោក សាន សឿង មានប្រសាសន៍នៅថ្ងៃទី៣០ ធ្នូថា បច្ចុប្បន្ននៅមានសកម្មភាពអូសទាញ និងគំរាមកំហែងមកលើមន្ត្រី និងសកម្មជនរបស់ខ្លួន ដើម្បីឱ្យពួកគេចុះចូលជាមួយគណបក្សកាន់អំណាចខ្លះដែរ ប៉ុន្តែមិនខ្លាំងក្លាដូចកាលពីមួយខែមុនទេ។ លោកបន្តថា ក្រោយពេលបាត់បង់ពីមុខតំណែងមន្ត្រីរបស់បក្សប្រឆាំងនៅក្នុងខេត្តនេះភាគច្រើន រស់នៅ និងប្រកបមុខរបរជាកសិករ អាជីវករនិងជាអ្នករត់ម៉ូតូឌុបនៅតាមមូលដ្ឋានរបស់ពួកគាត់រៀងៗខ្លួនដដែល ហើយការបាត់បង់តួនាទី ឬមុខតំណែង មិនបានធ្វើឱ្យពួកគេបាក់ទឹកចិត្តឡើយ។ ចំណែកការសាងផ្នួសរបស់ព្រះតេជព្រះគុណ ស៊ន រដ្ឋា វិញ គឺលោក គាំទ្រចំពោះការសម្រេចព្រះទ័យរបស់ព្រះអង្គ៖ «»។
លោក សាន សឿង មានជំនឿថា គណបក្សសង្គ្រោះជាតិនឹងអាចរស់ឡើងវិញ ពីព្រោះគណបក្សនេះ ជាគណបក្សមួយបង្កើតឡើងដោយស្របតាមរដ្ឋធម្មនុញ្ញ និងកើតចេញពីឆន្ទៈរបស់ពលរដ្ឋជាងកន្លះនគរ។ បន្ថែមពីនេះទៀត លោកយល់ថា អន្តរជាតិនឹងមិនអនុញ្ញាតឱ្យជនផ្ដាច់ការបញ្ចប់ជីវិតគណបក្សប្រឆាំងមួយនេះបានឡើយ។
ក្នុងចំណោមមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ នៅខេត្តកំពង់ចាម មកពីគណបក្ស សង្គ្រោះជាតិ គឺមានចំនួនជាង ៥រយនាក់ (៥២៣) ហើយអ្នកដែលបានចុះចូលជាមួយគណបក្សកាន់អំណាច គឺមានជាង ៦០នាក់ប៉ុណ្ណោះ។
ព្រះតេជព្រះគុណ ស៊ន រដ្ឋា បញ្ជាក់ថា ក្រោយពេលសាងផ្នួសហើយ គឺមិនមានការអូសទាញ ឬរើសអើងណាមួយមកលើព្រះអង្គទេ។ ព្រះអង្គសង្ឃឹមថា នឹងមានឱកាសចូលបម្រើសង្គមជាតិទៀត ពិសេសពលរដ្ឋនៅឃុំរបស់ខ្លួន នៅពេលណាមួយដែលស្ថានភាពនយោបាយបានប្រសើរឡើងវិញ។ ជាមួយគ្នានេះដែរ ព្រះអង្គបួងសួងដល់គុណព្រះរតនត្រ័យ សូមឱ្យវិបត្តិនយោបាយនៅកម្ពុជា អាចដោះស្រាយចប់ និងវិលមករកសភាពដើមវិញ ព្រមទាំងបិណ្ឌបាតឱ្យអ្នកនយោបាយខ្មែរអាចជជែកគ្នាជាបងជាប្អូន មិនត្រូវចាត់ទុកគ្នាជាសត្រូវឡើយ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិខ្មែរទាំងអស់គ្នា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment