Monday, 25 December 2017
អ្នកបុរីកីឡាអះអាងថាអាជ្ញាធរហៅពួកគាត់ទៅគំរាមមិនមែនរកដំណោះស្រាយទេ
ដោយ សេក បណ្ឌិត
2017-12-25
rfa
អ្នកបុរីកីឡា ដែលមិនទាន់ទទួលយកសំណងដើម្បីចាកចេញ លើកបង្ហាញលិខិតដែលអាជ្ញាធររាជធានីភ្នំពេញ អញ្ជើញពួកគាត់ឲ្យទៅជួបដើម្បីដោះស្រាយ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។ RFA/Brach Chev
សហគមន៍មានជម្លោះដីធ្លីនៅតំបន់បុរីកីឡា ដែលអាជ្ញាធរដាក់ឱសានវាទ បង្ខំឲ្យចាកចេញនោះ បានខកចិត្តចំពោះអាជ្ញាធរខណ្ឌ៧មករា ដែលមិនព្រមបន្ទន់ឥរិយាបថ រកដំណោះស្រាយឲ្យពួកគាត់ឡើយ ដោយគ្រាន់តែទុកពេលជាង ១សប្ដាហ៍ទៀតបន្ថែមទៀត ដើម្បីឲ្យពលរដ្ឋចាកចេញពីផ្ទះដោយគ្មានសំណងសមរម្យ។
តំណាងសហគមន៍បុរីកីឡា អ្នកស្រី ង៉ូវ ណារី អះអាងថា អភិបាលខណ្ឌ៧មករា លោក លឹម សុភា មិនបានខិតខំរកដំណោះស្រាយចរចាជាមួយពលរដ្ឋទាំង១១គ្រួសារ ដូចលិខិតអញ្ជើញនោះទេ។ ផ្ទុយទៅវិញ អ្នកស្រីហៅការកោះហៅពលរដ្ឋ ទៅជួបជុំនៅសាលាខណ្ឌ៧មករា នៅព្រឹកថ្ងៃទី២៥ ធ្នូ គឺជាការហៅពលរដ្ឋទៅគំរាមឲ្យព្រមទទួលយកឱសានវាទរបស់សាលាក្រុងភ្នំពេញ។ អ្នកស្រីបន្តថា អភិបាលខណ្ឌ៧មករា លោក លឹម សុភា បានទុកពេលឲ្យអ្នកភូមិជាងមួយសប្ដាហ៍ទៀត ក្នុងការពិចារណារកដំណោះស្រាយ មុននឹងអាជ្ញាធរសម្រេចមានវិធានការចំពោះសហគមន៍ជម្លោះដីធ្លីបុរីកីឡា។
អភិបាលខណ្ឌ៧មករា លោក លឹម សុភា បានចេញលិខិតកោះហៅពលរដ្ឋបុរីកីឡាទាំង១១គ្រួសារដែលកំពុងប្រឈមនឹងការបណ្ដេញចេញ ឲ្យទៅជួបប្រជុំនៅសាលាខណ្ឌ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ នេះ។ ការកោះហៅរបស់អភិបាលខណ្ឌ៧មករា ធ្វើឡើងនៅក្រោយថ្ងៃផុតឱសានវាទរបស់សាលាក្រុង ដែលបញ្ជាឲ្យក្រុមពលរដ្ឋបុរីកីឡាទាំង១១គ្រួសារទទួលបានសំណង និងចាកចេញពីផ្ទះ ទៅរកនៅភូមិអណ្ដូង ជាយរាជធានីភ្នំពេញ។
សហគមន៍មានជម្លោះដីធ្លីបុរីកីឡាថា ដំបូងនៅពេលលឺដំណឹងថា អភិបាលខណ្ឌកោះហៅដើម្បីរកដំណោះស្រាយ ពួកគាត់សប្បាយចិត្តណាស់ ប៉ុន្តែ ធាតុពិត គឺជារូបភាពគំរាមពលរដ្ឋឲ្យទទួលយកដំណោះស្រាយមិនសមរម្យទៅវិញ។ ពួកគេហាក់អស់សង្ឃឹមចំពោះអាជ្ញាធរខណ្ឌ៧មករាណាស់។
អាស៊ីសេរីនៅមិនទាន់អាចរកប្រភពទាក់ទង អភិបាលខណ្ឌ៧មករា លោក លឹម សុភា បានទេនៅថ្ងៃទី២៥ ធ្នូ។ ប៉ុន្តែ អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានចេញសេចក្ដីជូនដំណឹងកំណត់ត្រឹមថ្ងៃទី២២ ខែធ្នូ តម្រូវឲ្យពលរដ្ឋដែលមិនទាន់ទទួលយកសំណងពីក្រុមហ៊ុនផានអ៊ីម៉ិច ត្រូវទៅទទួលយកសំណងជាកំហិត។ ផុតពីថ្ងៃទី២២ ខែធ្នូ អភិបាលរង លោក មាន ចាន់យ៉ាដា ព្រមានថា អាជ្ញាធរនឹងអនុវត្តវិធានការរដ្ឋបាល និងប្រើប្រាស់យន្តការតុលាការ ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ និងថែមទាំងបញ្ឈប់រាល់ការដោះស្រាយសំណង។ អាជ្ញាធរទីក្រុងភ្នំពេញចាត់ទុកពលរដ្ឋទាំងនោះបោះបង់សិទ្ធិក្នុងការទទួលយកសំណងគោលនយោបាយរបស់ខ្លួន។
មន្ត្រីអង្កេតជាន់ខ្ពស់សមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ដ ទទូចឲ្យអាជ្ញាធរក្រុងភ្នំពេញព្យាយាមរកដំណោះស្រាយតាមលំនាំរបស់រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ គឺលោក ជា សុផារ៉ា។ លោកមើលឃើញថា ពលរដ្ឋរស់នៅក្នុងសហគមន៍បុរីកីឡា រងទណ្ឌកម្មច្រើនឆ្នាំមកហើយ ដូច្នេះពួកគេក៏គួរល្មមទទួលបានផ្ទះសម្បែងសមរម្យសម្រាប់ពួកគាត់ហើយ។ «»
ជាច្រើនឆ្នាំមកនេះ ពលរដ្ឋនៅសហគមន៍បុរីកីឡា អះអាងថា ពួកគាត់រស់នៅប្រៀបដូចជនអនាថា លើដីរបស់ខ្លួនឯង។ ពួកគាត់ហៅការអភិវឌ្ឍនោះ ជាការបំផ្លាញសុភមង្គល និងអនាគតរបស់កូនប្រុសស្រីពួកគាត់។ បើទោះជាយ៉ាងណា ពលរដ្ឋទាំង១១គ្រួសារ ប្ដេជ្ញាថា ពួកគាត់នឹងរកដំណោះស្រាយនៅតាមស្ថានទូតនានា តាមរយៈញត្តិ និងការតវ៉ា វេចមុង ភួយ ទៅដេកតវ៉ា នៅមុខភូមិគ្រឹះរបស់ម្ចាស់ក្រុមហ៊ុន ផាន អ៊ីមិច៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment