Khmer Circle: What is it in Khmer? "A toad peddling skin remedy"?...
ដោយ សេក បណ្ឌិត
2017-12-24
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក (រូបកណ្ដាល) ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Rach Vingur
RFA/Rach Vingur
ពលរដ្ឋ និងមន្ត្រីរាជការនៅតាមមូលដ្ឋានមួយចំនួនអះអាងថា ពួកគាត់មិនបានដឹងអំពីព័ត៌មាន ស្ដីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះអ្នកមានសិទ្ធិបោះឆ្នោត ដែលត្រូវលុបចោលនោះទេ ខណៈដែលថ្ងៃផុតកំណត់ នៃការពិនិត្យមើលបញ្ជីឈ្មោះ នៅតាមសាលាឃុំសង្កាត់ ផុតត្រឹមថ្ងៃទី២៤ ធ្នូ។
គ្រូបង្រៀនម្នាក់ប្រាប់ថា រាល់ថ្ងៃក្រៅពីសាលារៀន គ្មានកន្លែងណា ដែលពួកគាត់ហ៊ានជជែកគ្នា អំពីរឿងស្ថានការណ៍នយោបាយនោះទេ។ គ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យាម្នាក់នេះ យល់ឃើញថា ក្នុងកាលៈទេសៈបែបនេះ គ្មាននរណាម្នាក់មើលឃើញថា គ.ជ.ប ឯករាជ្យ ដូចការអះអាងរបស់ក្រុមប្រតិកម្មព័ត៌មាននៃគ.ជ.ប នោះទេ។ លោកគិតថា មានតែវត្តមានរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិតែប៉ុណ្ណោះ ដែលអាចរៀបចំការបោះឆ្នោតឆ្នាំ២០១៨ ប្រកបដោយតម្លាភាព និងអាចទទួលយកបាន។ ប៉ុន្តែប្រសិនបើបណ្ដោយឲ្យគ.ជ.ប បច្ចុប្បន្ន រៀបចំការបោះឆ្នោតឆ្នាំ២០១៨ លទ្ធផលមិនខុសពីគ.ជ.ប សម័យ លោក អ៊ឹម សួស្ដី ជាប្រធាននោះទេ ដោយសារថ្នាក់ដឹកនាំគ.ជ.ប ភាគច្រើនលើសលុប ជាមនុស្សដែលគណបក្សកាន់អំណាចលើកបន្តុប៖ «មិនដឹងឯករាជ្យតាមណាទេ បើគ.ជ.ប ឯករាជ្យអី បើមើលតាមស្ថានភាពនយោបាយបច្ចុប្បន្នវាមិនអាចទេ កាលពីមុនទៅវាមានបក្សប្រឆាំង ទៅវានៅតែពិបាក ឯករាជ្យដល់ពេលមានគ.ជ.ប អីមកពីក្រៅប្រទេសនោះ ដល់ពេលបក្សតែមួយមិនដឹងឯករាជ្យណាទេ»។
ទាក់ទងបញ្ហានេះ ក្រុមប្រតិកម្មព័ត៌មានគ.ជ.ប កាលពីថ្ងៃទី២៣ ធ្នូ បានប្រកាសសួររកមុខពលរដ្ឋណាខ្លះ ដែលយល់ថា គ.ជ.ប បច្ចុប្បន្ន គ្រាន់តែជាឧបករណ៍របស់គណបក្សកាន់អំណាច។ ការប្រកាសសួររកពលរដ្ឋ បែបនេះ គឺធ្វើឡើងក្រោយពេល ដែលក្រុមប្រតិកម្មព័ត៌មានមួយនេះ ប្រតិកម្មនឹងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលក្រុមនេះ ហៅថាជាវិទ្យុអនឡាញ ចុះផ្សាយអត្ថបទមួយ កាលពីថ្ងៃទី២១ ធ្នូ ថា សង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតរកឃើញថា មានពលរដ្ឋខ្លះបាក់ទឹកចិត្ត លែងទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត ហើយពលរដ្ឋខ្លះ យល់ឃើញថា គ.ជ.ប គ្រាន់តែជាឧបករណ៍របស់គណបក្សកាន់អំណាច។
ក្រុមប្រតិកម្មព័ត៌មានគ.ជ.ប បានប្រដៅម្ចាស់អត្ថបទនេះថា ក្នុងនាមជាអ្នកសារព័ត៌មានអាជីព មិនត្រូវសរសេរព័ត៌មានគ្មានមូលដ្ឋាន ឬគ្រាន់តែលឺគេថា ហើយយកមកចុះផ្សាយនោះទេ។ ក្រុមប្រតិកម្មព័ត៌មាននេះ ក៏ព្រមានពីការដាក់ទោសទណ្ឌទាំងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដល់ម្ចាស់អត្ថបទ ដែលហ៊ានសរសេរព័ត៌មាននេះ និងហៅការចុះផ្សាយបែបនេះ ថា ជាការញុះញង់ពលរដ្ឋ ឲ្យលែងមានភាពជឿជាក់លើការងាររបស់គ.ជ.ប។
បើទោះជាក្រុមប្រតិកម្មព័ត៌មានមួយនេះ ហៅការសរសេរព័ត៌មាននេះថា ជាការសរសេរក្នុងគោលបំណងយកសង្គមស៊ីវិល និងពលរដ្ឋកម្ពុជា ជាចំណាប់ខ្មាំងនៃអត្ថបទ ហើយមានចេតនាអាក្រក់លើការងាររបស់ គ.ជ.ប ក្ដី ប៉ុន្តែកាលពីថ្ងៃទី២០ ខែវិច្ឆិកា អនុប្រធានគ.ជ.ប និងសមាជិកជាន់ខ្ពស់គ.ជ.ប ២នាក់ បានលាឈប់ពីតំណែងនៅក្នុងគ.ជ.ប នេះ ព្រោះតែមន្ត្រីទាំងបី យល់ថា ទង្វើរបស់គ.ជ.ប ដែលអនុវត្តតាមច្បាប់ របស់គណបក្សប្រជាជនកម្ពុជាតាក់តែងឡើង គឺជាការរំលោភឆន្ទៈរបស់ពលរដ្ឋ។ មន្ត្រីទាំងបីរូបនោះ គឺលោក គួយ ប៊ុនរឿន មានតំណែងជាអនុប្រធាន គ.ជ.ប និងសមាជិកជាន់ខ្ពស់ពីររូបទៀតគឺ លោក រ៉ុង ឈុន និង អ្នកស្រី តែ ម៉ានីរ៉ុង យល់ថា បើពួកគាត់បន្ដការងារជាមួយគ.ជ.ប ដែលក្បត់ឆន្ទៈរបស់ពលរដ្ឋជាង ៣លាននាក់តទៅទៀត នឹងធ្វើឲ្យពួកគាត់ជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រ។
យោធាជើងទឹកម្នាក់ ប្រាប់អាស៊ីសេរីថា សម្រាប់រូបគាត់គ.ជ.ប លែងមានភាពឯករាជ្យ តាំងពីលែងមានវត្តមានរបស់សមាជិកមកពីគណបក្សប្រឆាំងទាំង ៣ លាឈប់ពីគ.ជ.ប មកម្ល៉េះ។ លោកអស់សំណើចនឹងក្រុមប្រតិកម្មព័ត៌មានរបស់គ.ជ.ប ដែលហ៊ានចេញមុខអះអាងថា ស្ថាប័នជាតិមួយនេះ មានអំណាចឯករាជ្យ មិនស្ថិតក្រោមគណបក្សនយោបាយ។ លោកយល់ថា មនុស្សដែលគេលើកបន្តុបឲ្យមានងារជាឯកឧត្ដម ស៊ីប្រាក់ខែរដ្ឋ ជំនួសអតីតសមាជិកគ.ជ.ប ទាំង ៣រូប សុទ្ធតែជាមនុស្សឧបករណ៍របស់បក្សកាន់អំណាច ព្រោះមនុស្សទាំងនោះ បានទទួលគុណពីគណបក្សប្រជាជនកម្ពុជា៖ «កុំឲ្យមានបក្សពួក តែមានបក្សពួកទៅវាបានហើយតែសម័យនេះសម័យបក្សពួក ចង់កែយ៉ាងណា កែអីចេញ ចង់កែយ៉ាងណាក៏មិនចេញដែរ»។
ពលរដ្ឋម្នាក់ទៀត រស់នៅរាជធានីភ្នំពេញ ប្រាប់ថា រូបគាត់មិនបានទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនោះទេ។ អ្នកស្រី ហាក់មិនសូវខ្វល់ពីការអួតអាងរបស់ក្រុមប្រតិកម្មព័ត៌មានគ.ជ.ប នោះទេ ដោយសារអ្នកស្រីថ្លែងថា ការងាររបស់សត្វសេក គឺនិយាយតាមម្ចាស់ ដើម្បីទទួលបានចំណី៖ «មិនដែរបានទៅមើលទេ ឈ្មោះនឹង មិនដែរលឺមេឃុំ ឬគេនិយាយផងនឹង គេបោះឆ្នោតថ្ងៃណា»។
ចំណែកបុគ្គលិកឥណទានមីក្រូហិរញ្ញវត្ថុ ធ្វើការនៅខែត្រកណ្ដាលម្នាក់ ក៏យល់ឃើញមិនសូវខុសពីអ្នកមានទស្សនៈខាងលើដែរ។ លោកប្រាប់ថា សកម្មភាពរបស់គ.ជ.ប ដែលរំលោភមាត្រា ៧៦ នៃរដ្ឋធម្មនុញ្ញ បានបង្ហាញប្រាប់សហគមន៍អន្តរជាតិរួចហើយថា គ.ជ.បបច្ចុប្បន្ន ជាស្ថាប័នបែបណានោះ៖ «ស្ថាប័នឯករាជ្យ មានស្ថាប័នតុលាការ ស្ថាប័ននីតិបញ្ញត្តិ បើគ.ជ.ប ប៉ុន្តែបើសមាជិកគ.ជ.ប មិនឯករាជ្យ និងដឹង តែគេវាយនៅមុខសភាទៀតហើយ»។
បើទោះជាច្បាប់កំពូល គឺរដ្ឋធម្មនុញ្ញ ត្រង់មាត្រ៧៦ វាក្យខណ្ឌទី២ ចែងថា តំណាងរាស្ត្រ ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើស តាមសន្លឹកឆ្នោតជាសម្ងាត់យ៉ាងណាក៏ដោយ ក៏គ.ជ.ប មានលទ្ធភាពអនុវត្តតាមច្បាប់បោះឆ្នោតថ្មី របស់គណបក្សកាន់អំណាច ដែលចែងតែឯកតោភាគី ក្នុងន័យថា តំណាងរាស្ត្ររដ្ឋសភា អាចលើកបន្តុបបក្សណាក៏បានដែរ ដោយមិនចាំបាច់សំឡេងបោះឆ្នោតពីរាស្ត្រម្ចាស់ឆ្នោត។ ចំពោះគណបក្សណា ដែលមានភាពអៀនខ្មាស គឺមិនទទួលយកអាសនៈបក្សប្រឆាំង អាសនៈទាំងនោះ គឺគ.ជ.ប មានលទ្ធភាពសម្រេចប្រគល់ឲ្យគណបក្សប្រជាជនកម្ពុជា៕
1 comment:
Since the dissolution of NCRP, the NEC certainly has become a thug and gangster with its own rights.
Post a Comment