Friday, 19 January 2018
ព្រះរាជអាជ្ញាសម្រេចចោទក្រុមរៀបចំបុណ្យសពបណ្ឌិត កែម ឡី ពីបទរំលោភទំនុកចិត្ត
ដោយ តាំង សារ៉ាដា
2018-01-18
ពីឆ្វេង៖ លោក មឿន តុលា លោក ប៉ា ងួនទៀង និងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។
Photo: RFA
ព្រះរាជអាជ្ញាអមសាលាដំបូងក្រុងភ្នំពេញ សម្រេចចោទប្រកាន់អតីតសមាជិកគណៈកម្មការរៀបចំបុណ្យសពបណ្ឌិត កែម ឡី រួមមាន ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា ពីបទរំលោភទំនុកចិត្តតាមបណ្ដឹងប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់។ អតីតសមាជិកគណៈកម្មការរៀបចំបុណ្យសពបណ្ឌិត កែម ឡី ម្នាក់ គឺលោក មឿន តុលា ថា ការសម្រេចនេះជារឿងអយុត្តិធម៌ចំពោះរូបលោក។
ដំណាលគ្នាទៅនឹងការចោទប្រកាន់នេះ ព្រះរាជអាជ្ញារងសាលាដំបូងក្រុងភ្នំពេញ លោក គុជ គឹមឡុង ក៏បង្គាប់ឲ្យដាក់អ្នកទាំងបីរូបស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីបង្ការ និងបញ្ឈប់កុំឲ្យមានបទល្មើសកើតឡើងជាថ្មី និងដើម្បីធានារក្សាទុកជនត្រូវចោទឲ្យតុលាការចាត់ការតាមនីតិវិធី។
ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរព្រះរាជអាជ្ញារងសាលាដំបូងក្រុងភ្នំពេញ លោក គុជ គឹមឡុង សម្រេចចោទប្រកាន់អតីតសមាជិកគណៈកម្មការរៀបចំបុណ្យសពបណ្ឌិត កែម ឡី ទាំងបី ពីបទ ”រំលោភលើទំនុកចិត្ត” ដោយផ្អែកតាមតាមមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។ ហេតុដូច្នេះ ព្រះរាជអាជ្ញាសម្រេចឲ្យបើកការស៊ើបអង្កេត និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យតាមផ្លូវច្បាប់លើព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា។
ដីកានេះចុះថ្ងៃទី៤ ខែមករា ប៉ុន្តែទើបត្រូវបានសារព័ត៌មានរបស់លោក ហ៊ុន សែន ផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា។
ការសម្រេចចោទប្រកាន់នេះ ធ្វើឡើងតាមបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ។ លោក ពេជ្រ ស្រស់ ត្រូវគេដឹងថា ជាប្រធានគណបក្សអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកប្ដឹងឲ្យក្រសួងមហាផ្ទៃ រំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧។ ឆ្លើយតបភ្លាមៗទៅនឹងចំណាត់ការរបស់តុលាការនៅពេលនេះ លោក ពេជ្រ ស្រស់ បានប្រាប់សារព័ត៌មានក្នុងស្រុកថា នេះជាយុត្តិធម៌សម្រាប់រូបលោក៖ «តុលាការធ្វើស្របតាមច្បាប់បានកំណត់ និងមានភស្តុតាងគ្រប់គ្រាន់ហើយនោះ គឺមានយុត្តិធម៌សម្រាប់ខ្ញុំជាដើមបណ្ដឹងហើយ»។
ប៉ុន្តែអតីតសមាជិកគណៈកម្មការរៀបចំពិធីបុណ្យសពលោក កែម ឡី និងជានាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា និយាយថា ការសម្រេចនេះជារឿងអយុត្តិធម៌ចំពោះរូបលោក។ លោកថា ពេលរៀបចំពិធីបុណ្យសព ១០០ថ្ងៃកន្លងទៅ លោកគ្មានវត្តមាននៅរោងបុណ្យ ហើយក៏មិនបានដឹងពីបច្ច័យបុណ្យឡើយ៖ «បុគ្គលដែលបាត់បង់ផលប្រយោជន៍ទើបគាត់អាចមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការប្ដឹង ព្រោះមានតែគាត់ទេ ដែលគាត់ដឹងថា តើគាត់បាត់បង់ផលប្រយោជន៍អី»។
ចំណែកលោកមេធាវី ហែម សុជាតិ រិះគន់ចំណាត់ការរបស់តុលាការ។ លោកមេធាវីធ្លាប់ប្រាប់អាស៊ីសេរី ដោយលើកហេតុផលផ្លូវច្បាប់ថា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មិនមានលក្ខណៈជាដើមបណ្ដឹងរដ្ឋប្បវេណីឡើយ ព្រោះលោក ពេជ្រ ស្រស់ មិនមែនជាបុគ្គលដែលខូចខាតប្រយោជន៍អ្វីឡើយ និងមិនមែនជាបុគ្គលដើម្បីការពារផលប្រយោជន៍សាធារណៈដែរ។ លោកបន្តថា លោក ពេជ្រ ស្រស់ មិនត្រូវបានក្រុមគ្រួសារបណ្ឌិត កែម ឡី ផ្ដល់សិទ្ធិតំណាងដើម្បីធ្វើបណ្ដឹងជំនួសអ្វីឡើយ។ លោកមេធាវីបន្តថា មានតែអ្នកដែលបានបាត់បង់ផលប្រយោជន៍ និងអាជ្ញាធរសាធារណៈប៉ុណ្ណោះ ទើបអាចដាក់ពាក្យបណ្ដឹងបាន ដូច្នេះចំណាត់ការរបស់តុលាការមិនត្រឹមត្រូវទេ៖ «សម្រាប់ខ្ញុំ ខ្ញុំនៅតែអះអាងថា ខ្ញុំអត់បានប្រព្រឹត្តដូចការចោទប្រកាន់ទេ ដោយសារតែបុណ្យ ១០០ថ្ងៃ ខ្ញុំអត់បាននៅចូលរួមរៀបចំទេ ខ្ញុំមានបេសកកម្មនៅក្រៅប្រទេស»។
ដូចគ្នានេះដែរ អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា ចំណាត់ការរបស់តុលាការនឹងធ្វើឲ្យអ្នកឃ្លាំមើលសង្គមមានការភ័យខ្លាច។ លោកថា រឿងក្តីនេះនឹងក្លាយជាចម្ងល់ដល់មហាជនទូទៅ ព្រោះថា ក្រុមគ្រួសារលោក កែម ឡី មិនប្ដឹងអ្នករៀបចំបុណ្យផង បែរជាអ្នកនយោបាយប្ដឹងទៅវិញ៖ «មតិជាច្រើនមានការមិនសប្បាយចិត្ត ហើយអាចនឹងមានការប៉ះពាល់ដល់អ្នកធ្វើការងារសង្គមផ្សេងទៀតដែលតែងតែជួយសង្គម»។
ប្អូនប្រុសបង្កើតលោកបណ្ឌិត កែម ឡី លោក កែម រិទ្ធិសិត ធ្លាប់អះអាងថា លោកជឿទុកចិត្តក្រុមអតីតគណៈកម្មការនេះ ថាមិនបានកិបកេងលុយបុណ្យសពនោះឡើយ។ ចំពោះភរិយារបស់លោកបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា វិញ ក៏បានអះអាងជំទាស់ដាច់ខាតចំពោះការប្ដឹងនេះដែរ។ អ្នកស្រីបន្តថា អ្វីដែលសំខាន់នោះ អ្នកស្រីចង់បានឱ្យតុលាការ និងរដ្ឋាភិបាលជួយរកឃាតកពិតសម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នោះ។
អតីតសមាជិកគណៈកម្មការរៀបចំបុណ្យសពបណ្ឌិត កែម ឡី រួមមាន ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង កំពុងបំពេញបេសកកម្មនៅក្រៅប្រទេស។ ចំណែកលោក មឿន តុលា ថា ពេលនេះលោកកំពុងពិភាក្សាជាមួយមេធាវីដើម្បីធ្វើការសម្រេចយ៉ាងណាលើការចោទប្រកាន់របស់តុលាការនេះ៕
Subscribe to:
Post Comments (Atom)
1 comment:
The guy in the middle looks like Migo in Lord of the Rings.
Post a Comment