Friday, 19 January 2018

ព្រះរាជអាជ្ញា​សម្រេច​ចោទ​​ក្រុម​រៀបចំ​បុណ្យ​សព​បណ្ឌិត កែម ឡី​ ពី​បទ​រំលោភ​ទំនុក​ចិត្ត


ដោយ តាំង សារ៉ាដា
2018-01-18 

ពី​ឆ្វេង៖ លោក មឿន តុលា លោក ប៉ា ងួនទៀង និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។
ពី​ឆ្វេង៖ លោក មឿន តុលា លោក ប៉ា ងួនទៀង និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។
Photo: RFA




ព្រះរាជអាជ្ញា​អម​សាលាដំបូង​ក្រុង​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​អតីត​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព​បណ្ឌិត កែម ឡី រួម​មាន ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និង​លោក មឿន តុលា ពី​បទ​រំលោភ​ទំនុក​ចិត្ត​តាម​បណ្ដឹង​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់។ អតីត​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព​បណ្ឌិត កែម ឡី ម្នាក់ គឺ​លោក មឿន តុលា ថា ការ​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌​ចំពោះ​រូប​លោក។



ដំណាលគ្នា​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ក្រុង​ភ្នំពេញ លោក គុជ គឹមឡុង ក៏​បង្គាប់​ឲ្យ​ដាក់​អ្នក​ទាំង​បី​រូប​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ដើម្បី​បង្ការ និង​បញ្ឈប់​កុំ​ឲ្យ​មាន​បទល្មើស​កើត​ឡើង​ជា​ថ្មី និង​ដើម្បី​ធានា​រក្សាទុក​ជន​ត្រូវ​ចោទ​ឲ្យ​តុលាការ​ចាត់​ការ​តាម​នីតិវិធី។

​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ក្រុង​ភ្នំពេញ លោក គុជ គឹមឡុង សម្រេច​ចោទ​ប្រកាន់​អតីត​សមាជិក​គណៈកម្មការ​រៀប​ចំ​បុណ្យ​សព​បណ្ឌិត កែម ឡី ទាំង​បី ពី​បទ ”រំលោភ​លើ​ទំនុក​ចិត្ត” ដោយ​ផ្អែក​តាម​តាម​មាត្រា​៣៩១ និង​មាត្រា​៣៩២ នៃ​ក្រមព្រហ្មទណ្ឌ។ ហេតុ​ដូច្នេះ ព្រះរាជអាជ្ញា​សម្រេច​ឲ្យ​បើក​ការ​ស៊ើប​អង្កេត និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​តាម​ផ្លូវ​ច្បាប់​លើ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និង​លោក មឿន តុលា។

ដីកា​នេះ​ចុះ​ថ្ងៃ​ទី​៤ ខែ​មករា ប៉ុន្តែ​ទើប​ត្រូវ​បាន​សារព័ត៌មាន​របស់​លោក ហ៊ុន សែន ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា។

ការ​សម្រេច​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៧ ។ លោក ពេជ្រ ស្រស់ ត្រូវ​គេ​ដឹង​ថា ជា​ប្រធាន​គណបក្ស​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​ប្ដឹង​ឲ្យ​ក្រសួង​មហាផ្ទៃ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ​២០១៧។ ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​ចំណាត់​ការ​របស់​តុលាការ​នៅ​ពេល​នេះ លោក ពេជ្រ ស្រស់ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា នេះ​ជា​យុត្តិធម៌​សម្រាប់​រូប​លោក៖ «តុលាការ​ធ្វើ​ស្រប​តាម​ច្បាប់​បាន​កំណត់ និង​មាន​ភស្តុតាង​គ្រប់គ្រាន់​ហើយ​នោះ គឺ​មាន​យុត្តិធម៌​សម្រាប់​ខ្ញុំ​ជា​ដើម​បណ្ដឹង​ហើយ»។

​ប៉ុន្តែ​អតីត​សមាជិក​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​សព​លោក កែម ឡី និង​ជា​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា និយាយ​ថា ការ​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌​ចំពោះ​រូប​លោក។ លោក​ថា ពេល​រៀបចំ​ពិធី​បុណ្យ​សព ១០០​ថ្ងៃ​កន្លង​ទៅ លោក​គ្មាន​វត្តមាន​នៅ​រោង​បុណ្យ ហើយ​ក៏​មិន​បាន​ដឹង​ពី​បច្ច័យ​បុណ្យ​ឡើយ៖ «បុគ្គល​ដែល​បាត់បង់​ផល​ប្រយោជន៍​ទើប​គាត់​អាច​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ប្ដឹង ព្រោះ​មាន​តែ​គាត់​ទេ ដែល​គាត់​ដឹង​ថា តើ​គាត់​បាត់បង់​ផល​ប្រយោជន៍​អី»។

​ចំណែក​លោក​មេធាវី ហែម សុជាតិ រិះគន់​ចំណាត់​ការ​របស់​តុលាការ។ លោក​មេធាវី​ធ្លាប់​ប្រាប់​អាស៊ីសេរី ដោយ​លើក​ហេតុផល​ផ្លូវ​ច្បាប់​ថា លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា មិន​មាន​លក្ខណៈ​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ឡើយ ព្រោះ​លោក ពេជ្រ ស្រស់ មិន​មែន​ជា​បុគ្គល​ដែល​ខូច​ខាត​ប្រយោជន៍​អ្វី​ឡើយ និង​មិន​មែន​ជា​បុគ្គល​ដើម្បី​ការពារ​ផលប្រយោជន៍​សាធារណៈ​ដែរ។ ​លោក​បន្ត​ថា លោក ពេជ្រ ស្រស់ មិន​ត្រូវ​បាន​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី ផ្ដល់​សិទ្ធិ​តំណាង​ដើម្បី​ធ្វើ​បណ្ដឹង​ជំនួស​អ្វី​ឡើយ។ លោក​មេធាវី​បន្ត​ថា មាន​តែ​អ្នក​ដែល​បាន​បាត់បង់​ផលប្រយោជន៍ និង​អាជ្ញាធរ​សាធារណៈ​ប៉ុណ្ណោះ ទើប​អាច​ដាក់​ពាក្យ​បណ្ដឹង​បាន ដូច្នេះ​ចំណាត់​ការ​របស់​តុលាការ​មិន​ត្រឹមត្រូវ​ទេ៖ «សម្រាប់​ខ្ញុំ ខ្ញុំ​នៅ​តែ​អះអាង​ថា ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ ដោយសារ​តែ​បុណ្យ ១០០​ថ្ងៃ ខ្ញុំ​អត់​បាន​នៅ​ចូលរួម​រៀបចំ​ទេ ខ្ញុំ​មាន​បេសកកម្ម​នៅ​ក្រៅ​ប្រទេស»។

​ដូច​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា ចំណាត់​ការ​របស់​តុលាការ​នឹង​ធ្វើ​ឲ្យ​អ្នក​ឃ្លាំមើល​សង្គម​មាន​ការ​ភ័យខ្លាច។ លោក​ថា រឿង​ក្តី​នេះ​នឹង​ក្លាយ​ជា​ចម្ងល់​ដល់​មហាជន​ទូទៅ ព្រោះ​ថា ក្រុម​គ្រួសារ​លោក កែម ឡី មិន​ប្ដឹង​អ្នក​រៀបចំ​បុណ្យ​ផង បែរ​ជា​អ្នក​នយោបាយ​ប្ដឹង​ទៅ​វិញ៖ «មតិ​ជា​ច្រើន​មាន​ការ​មិន​សប្បាយ​ចិត្ត ហើយ​អាច​នឹង​មាន​ការ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ការងារ​សង្គម​ផ្សេង​ទៀត​ដែល​តែង​តែ​ជួយ​សង្គម»។

​ប្អូន​ប្រុស​បង្កើត​លោក​បណ្ឌិត កែម ឡី លោក កែម រិទ្ធិសិត ធ្លាប់​អះអាង​ថា លោក​ជឿ​ទុក​ចិត្ត​ក្រុម​អតីត​គណៈកម្មការ​នេះ ថា​មិន​បាន​កិបកេង​លុយ​បុណ្យ​សព​នោះ​ឡើយ។ ចំពោះ​ភរិយា​របស់​លោក​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា វិញ ក៏​បាន​អះអាង​ជំទាស់​ដាច់​ខាត​ចំពោះ​ការ​ប្ដឹង​នេះ​ដែរ។ អ្នកស្រី​បន្ត​ថា អ្វី​ដែល​សំខាន់​នោះ អ្នកស្រី​ចង់​បាន​ឱ្យ​តុលាការ និង​រដ្ឋាភិបាល​ជួយ​រក​ឃាតក​ពិត​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នោះ។

អតីត​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព​បណ្ឌិត កែម ឡី រួម​មាន ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ ចំណែក​លោក មឿន តុលា ថា ពេល​នេះ​លោក​កំពុង​ពិភាក្សា​ជាមួយ​មេធាវី​ដើម្បី​ធ្វើ​ការ​សម្រេច​យ៉ាង​ណា​លើ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នេះ៕

1 comment:

Anonymous said...

The guy in the middle looks like Migo in Lord of the Rings.