Monday, 15 January 2018

លោក ហ៊ុន សែន ប្រកាស​ជាថ្មី​ថា លោក​នឹង​បន្ត​កាន់​តំណែង​យ៉ាងតិច​១០​ឆ្នាំ​ទៀត


ដោយ មាន ឫទ្ធិ
2018-01-14

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/Brach Chev



លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មី​ម្ដង​ទៀត​ប្រកាស​ថា លោក​នឹង​បន្ត​កាន់​កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី យ៉ាង​ហោច​ណាស់ ១០​ឆ្នាំ​ត​ទៅ​មុខ​ទៀត។ ការប្រកាស​សាជាថ្មី​ម្ដង​ហើយ​ម្ដងទៀត​របស់​លោក ហ៊ុន សែន នេះ ធ្វើឡើង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួមមាន​អ្នក​រត់​ម៉ូតូ​ឌុប ម៉ូតូ​កង់​បី និង​អ្នក​រត់​តាក់ស៊ី​សរុប​ជិត ៤​ពាន់​នាក់ នៅ​កោះ​ពេជ្រ ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ មករា ដែល​ត្រូវ​ចំ​នឹង​ខួប​លើក​ទី​៣៣ ឆ្នាំ នៃ​ការ​ចូល​កាន់​តំណែង​ជា នាយករដ្ឋមន្ត្រី​របស់​លោក។



លោក ហ៊ុន សែន ថ្លែង​អះអាង​ថា លោក​មិន​ដែល​មាន​មហិច្ឆតា​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​នោះ​ទេ ក៏ប៉ុន្តែ​លោក​នៅ​មិន​ទាន់​មាន​លទ្ធភាព​ឈប់​ធ្វើជា​នាយករដ្ឋមន្ត្រី​នៅឡើយ ដោយសារតែ​លោក​ថា បញ្ហា​របស់​ប្រទេសជាតិ​តម្រូវ​យ៉ាង​ដូច្នេះ៖ «ការ​កាន់​តំណែង​នៅ​ក្នុង​មុខតំណែង​មួយ​ដែល​មនុស្ស​ជាច្រើន​ចង់​ដណ្ដើម​យក​នៅ​ទីកន្លែង​នេះ គឺ​អ្នក​ដែល​មិន​ចង់​បែរជា​បាន​ធ្វើ បាន​ក្លាយ​ខ្លួន​ជា​នាយក​រដ្ឋមន្ត្រី។ ខ្ញុំ​គ្មាន​មហិច្ឆតា​ធ្វើ​នាយករដ្ឋមន្ត្រី​ទេ។ ហើយ​អ្នក​ដែល​ចង់​ដក​ខ្លួន​សម្រាក​ក៏​នៅតែ​មិនទាន់​មាន​លទ្ធភាព​ដើម្បី​នឹង​សម្រាក​ក៏​ព្រោះតែ​បញ្ហា​ប្រទេសជាតិ​របស់​យើង​វា​តម្រូវ​យ៉ាង​ដូច្នេះ»។

លោក ហ៊ុន សែន អះអាង​បន្ត​ទៀត​ថា ការណ៍​ដែល​លោក​អាច​រក្សា​អំណាច​បាន​ដល់​ទៅ​៣៣​ឆ្នាំនេះ លោក​មិនមែន​បាន​មក​ដោយសារ​ការ​ប្រើ​ប្រាស់​ចុង​កាណុង ឬ​កាន់អំណាច​តាម​បែប​ផ្ដាច់ការ​នោះ​ឡើយ។

លោក ហ៊ុន សែន ឡើង​កាន់​តំណែង​ដំបូង​ជា​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​១៩៨៥ ក្រោម​ការ​ជួយ​ជ្រោមជ្រែង និង​លើក​បន្តុប​ពី​សំណាក់​ប្រទេស​វៀតណាម។ ក្នុងអំឡុងពេល​៣៣​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់​លោក លោក​ធ្លាប់​បាន​ប្រើប្រាស់​កម្លាំងយោធា​គំរាម​ធ្វើ​អបគមន៍​បំបែក​ខែត្រ​ទាំង​៧ នៅ​ភូមិភាគ​បូព៌ា​ទន្លេ​មេគង្គ ជា​រដ្ឋ​មួយ​ផ្សេងទៀត នៅ​ពេល​ដែល​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត​កាលពី​ឆ្នាំ​១៩៩៣ ក្រោម​ការត្រួតត្រា​របស់​អ៊ុនតាក់ ជា​ថ្នូរ​នឹង​ការសម្រុះសម្រួល​ផ្នែក​នយោបាយ ដើម្បី​អនុញ្ញាត​ឲ្យ​លោក​អាច​បន្ត​ក្រាញ​អំណាច​ជា​នាយករដ្ឋមន្ត្រី​បាន។

លោក​ក៏​ធ្លាប់​បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​យោធា​កាលពីដើម​ខែ​កក្កដា ឆ្នាំ​១៩៩៧ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៦០​នាក់ ត្រូវ​បាន​ក្រុម​យោធា​របស់​លោក​សម្លាប់ចោល​ក្រៅ​ប្រព័ន្ធ​តុលាការ។ លោក ហ៊ុន សែន ទទួលរង​នូវ​ការ​រិះគន់​ថា បាន​ដឹកនាំ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាមរយៈ​ការ​ធ្វើ​ធម្មនុញ្ញ​ប្រហារ ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ រួមមាន​ការ​កម្ទេច​ក្រុម​អ្នកនយោបាយ​ប្រឆាំង គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ជាដើម។ លោក​ក៏បាន​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់ ដែល​ក្រុម​របស់​លោក​ជា​អ្នក​តាក់តែង​ឡើង ដើម្បី​ពង្រឹង​អំណាច​គ្រប់គ្រង​រដ្ឋ និង​អំណាច​យោធា​ទាំងស្រុង ដែល​បើកផ្លូវ​ឲ្យ​លោក ក្រុម​គ្រួសារ សាច់ញាតិ និង​បក្ខពួក​របស់​លោក គ្រប់គ្រង​ប្រទេស​កម្ពុជា​ទាំងមូល តាម​បែប​មាហ្វីយ៉ា បក្សពួកនិយម ជា​បណ្ដាញ​ខ្សែស្រឡាយ​លួច​ជាតិ បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ និង​ច្បាម​យក​ដីធ្លី​ពី​ពលរដ្ឋ​ទន់ខ្សោយ។

ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជារឿយៗ តែងតែ​ប្រើប្រាស់​នូវ​សារ​នយោបាយ​បែប​ហិង្សា​និយម គំរាម​កាប់សម្លាប់​ពូជ​សាសន៍​ខ្មែរ​គ្នាឯង​ដោយ​មិន​ញញើត ដែល​អាច​ធ្វើ​ឲ្យ​លោក​ជាប់​បន្ទុក​ក្នុង​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ។ បច្ចុប្បន្ន តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC បាន​ដាក់​សំណុំរឿង​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅ​ក្នុង​បញ្ជី​នៃ​រឿង​ក្តី​ចំនួន ១២ ដែល​ត្រូវ​ពិចារណា​ស៊ើបអង្កេត​ជាបន្ទាន់។

ការណ៍​ដែល​លោក ហ៊ុន សែន ចង់​បន្ត​កាន់អំណាច​រហូតដល់​ទៅ​ពីរ​អាណត្តិ​ទៀត​នេះ ត្រូវ​បាន​ក្រុម​អ្នកវិភាគ​នយោបាយ​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា លោក​កំពុង​ពន្យារ​ពេលវេលា ផ្ចុងផ្ដើម​ឲ្យ​កូនៗ​របស់​លោក ឲ្យ​ឡើង​បន្ត​កាន់​កាប់​អំណាច​ក្ដោប​ក្ដាប់​ប្រទេស​កម្ពុជា ក្រោយ​ពេល​ដែល​លោក​ចូល​និវត្ត​នា​ពេល​អនាគត តាម​បែបផែន​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅដល់​កូន ឬ​ហៅថា «សន្តតិវង្ស​» ដូចដែល​បាន​អនុវត្ត​នៅ​ប្រទេស​កុម្មុយនិស្ត រួមមាន​កូរ៉េខាងជើង​ជាដើម៕

1 comment:

Anonymous said...

Hun Sen wanted to stay in power 10 more years but Yumphubals said they will take him to hell to see Sihanouk and Ah devil Ho Chi Minh in this 2018.

Wait and see !!