Tuesday 30 January 2018

ចិន​ត្រៀម​ផ្ដល់​រថគ្រោះ​និង​រថពាស​ដែក​៧០​គ្រឿង​ដល់​កម្ពុជា​ជា​ជំនួយ​ឥត​សំណង


ដោយ តាំង សារ៉ាដា
2018-01-29
rfa
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន លោក ចាង វ៉ាន់អាន (Chang Wanquan) និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ (ស្ដាំ) នា​ក្រសួង​ការពារ​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន លោក ចាង វ៉ាន់អាន (Chang Wanquan) និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ (ស្ដាំ) នា​ក្រសួង​ការពារ​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។Photo AFP



ក្រសួងការពារជាតិ​ចិន​នឹង​ឧបត្ថម្ភ​រថក្រោះ និង​រថពាសដែក ចំនួន ៧០​គ្រឿង ព្រមទាំង​គ្រឿងចក្រ​ជាច្រើន​ទៀត​ដល់​ក្រសួងការពារជាតិ​កម្ពុជា សម្រាប់​ផ្គត់​ផ្គង​ដល់​កងពលតូច​លេខ​៧០ ជា​ជំនួយ​ឥត​សំណង ខណៈ​ប្រទេស​ទាំងពីរ​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​មួយ​ដែល​មាន​ឈ្មោះថា «នាគ​មាស»។



មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​ឲ្យ​ដឹង​ថា សមយុទ្ធ​យោធា​នេះ​នឹង​ធ្វើឡើង​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ក្នុង​ខែ​មិនា​ខាងមុខនេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រំលឹក​ខួប​នៃ​ទំនាក់ទំនង​ការ​ទូត​លើក​ទី​៦០ រវាង​ប្រទេស​ទាំងពីរ។

កាសែត​ក្នុងស្រុក Khmer Times បាន​ដកស្រង់​សម្ដី​លោក​ឧត្តមសេនីយ៍ អ៊ិត សារ៉ាត់ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ ចុះផ្សាយ​នៅ​ថ្ងៃ​២៩ មករា នេះ​ថា សមយុទ្ធ​យោធា​រវាង​កម្ពុជា​-​ចិន នៅ​ខែ​មិនា ខាងមុខនេះ ធ្វើឡើង​ក្រោម​ប្រធានបទ​ប្រឆាំង​ភេរវកម្ម និង​កិច្ចការ​មនុស្សធម៌​ដែល​ជា​ក្តី​បារម្ភ​របស់​ប្រទេស​ទាំងពីរ។ សមយុទ្ធ​នោះ​នឹង​មាន​កងទ័ព​ខ្មែរ​ចំនួន ២៨០​នាក់ និង​កងទ័ព​ចិន​ចំនួន ១៩០​នាក់ ចូលរួម។

អ្នកឃ្លាំមើល​សង្គម​និយាយ​ថា ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ពី​ភាព​ជោគជ័យ​របស់​ខ្លួន​ក្នុង​ការ​បោសសំអាត​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ចេញពី​កម្ពុជា​រួចមក រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន បាន​សម្ដែង​ការ​គាំទ្រ​ប្រកបដោយ​មោទនភាព ដែល​បាន​ឃើញ​កម្ពុជា​បោះជំហាន​ទៅមុខ​ឥត​ងាករេ​ទៅ​រក​របប​ផ្ដាច់ការ​យោធានិយម។

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ប្រសិនបើ​ជំនួយ​យោធា​របស់​ចិន​ទាំងនោះ សម្រាប់​បម្រើ​លើ​វិស័យ​ការពារ​ជាតិ ជាពិសេស​បញ្ហា​ព្រំដែន​វិញ ជំនួយ​ទាំងនោះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ ប៉ុន្តែ​លោក​បារម្ភ​ថា រដ្ឋាភិបាល​អាច​ប្រើប្រាស់​ជំនួយ​យោធា ឬ​សព្វាវុធ​ទាំងនោះ​ដើម្បី​ធ្វើការ​គំរាមកំហែង ដល់​ការ​តវ៉ា​ដោយ​សន្តិវិធី​ទាំងឡាយ​ណា ដែល​រដ្ឋាភិបាល​តែង​ចាត់ទុកថា​ជា​អំពើ​បដិវត្តន៍​ពណ៌​ជាដើម​នោះ៕

1 comment:

Anonymous said...

Look at Ah Kandor Krun Tea Banh !! Defense Minister Kanduoy Mer Vear !!