Friday, 6 July 2018
"ច្បាប់គណៈរដ្ឋមន្ត្រីថ្មីផ្ទុយរដ្ឋធម្មនុញ្ញនិងផ្ដល់អំណាចប្រមូលផ្ដុំលើសលប់ឲ្យនាយករដ្ឋមន្ត្រី"
2018-07-05
អ្នកវិភាគឯករាជ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
Photo: RFA
អ្នកវិភាគនយោបាយមើលឃើញថា ច្បាប់គណៈរដ្ឋមន្ត្រីថ្មី ដែលរបបលោក ហ៊ុន សែន ទើបបានប្រកាសឲ្យប្រើ និងមានសុពលភាពយកទៅអនុវត្តចាប់ពីនីតិកាលទី៦ នៃរដ្ឋសភាតទៅ ថាជាច្បាប់ធ្វើឡើងផ្ទុយទៅនឹងស្មារតីរដ្ឋធម្មនុញ្ញ និងផ្ដល់អំណាចប្រមូលផ្តុំច្រើនលើសលប់ដល់នាយករដ្ឋមន្ត្រី។
អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា អំណាចផ្ដាច់ការប្រមូលផ្តុំ នឹងបន្តចាក់ឫសគល់យ៉ាងរឹងមាំនៅកម្ពុជាបន្ថែមទៀត ក្រោយពេលដែលច្បាប់ថ្មី ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា ដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី២៨ មិថុនា ហើយដែលប្រព័ន្ធផ្សព្វផ្សាយទើបទទួលបាន។ ច្បាប់គណៈរដ្ឋមន្ត្រីថ្មីនេះ ត្រូវបានរដ្ឋសភារបស់របបលោក ហ៊ុន សែន អនុម័តកាលពីថ្ងៃទី៣១ ឧសភា ហើយក្រោយមកត្រូវព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ បន្តប្រថាប់ត្រា និងប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញការព្យាយាមអនុម័ត និងប្រកាសឲ្យប្រើប្រាស់ច្បាប់ថ្មីសំខាន់ៗ ដែលប៉ះពាល់ដល់អាយុជីវិតជាតិ ជាបន្តបន្ទាប់នេះ ជាពិសេសនៅមុនពេលដាច់អាណត្តិរដ្ឋាភិបាល និងរដ្ឋសភា នីតិកាលទី៥នេះ ថាគឺជាការឆ្លៀតឱកាសរបស់គណបក្សកាន់អំណាចស្របពេលដែលរដ្ឋសភាជាតិ កំពុងតែដំណើរការដោយខុសច្បាប់ ហើយត្រូវរបបលោក ហ៊ុន សែន យកមកគ្រប់គ្រង ក្រោយពីបានរម្លាយជាស្ថាពរគណបក្សប្រឆាំងធំជាងគេ គឺគណបក្សសង្គ្រោះជាតិ ដែលមានសំឡេងគាំទ្រជិតពាក់កណ្ដាលប្រទេសរួចមកនោះ៖ «មិនឆ្ងល់ទេ អាហ្នឹងគឺឆ្លៀតឱកាសនេះ គឺដូចយើងលួចធ្វើអ៊ីចឹង គឺធ្វើប្រញាប់ប្រញាល់ទៅ ដោយសារតែសភាគឺមិនចាំបាច់មានការគិតពិចារណាអីច្រើនទេ ម្លោះហើយគឺអនុម័តយកតែម្តងទៅ!... គឺជាការឆ្លៀតឱកាសដើម្បីឲ្យមានប្រសិទ្ធភាព គេត្រូវយកជាអំណះអំណាង... ម្លោះហើយគេត្រូវកែប្រែ គឺរៀបចំរចនាសម្ព័ន្ធនឹងជាថ្មីឡើងវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយចុះ គឺច្បាប់ហ្នឹងអនុម័តដោយសភាដែលអត់ស្របច្បាប់ ដូច្នេះគឺអត់ស្របរដ្ឋធម្មនុញ្ញ។ ដូច្នេះច្បាប់ហ្នឹងវាខុសនឹងរដ្ឋធម្មនុញ្ញ»។
ច្បាប់គណៈរដ្ឋមន្ត្រីថ្មីនេះ ចែកចេញជា ៩ជំពូក និងមាន ៥៩មាត្រា។ ច្បាប់នេះនឹងត្រូវយកទៅអនុវត្ត ឬមានសុពលភាព ចាប់ពីនីតិកាលទី៦ នៃរដ្ឋសភាជាតិតទៅ។ ក្នុងបទប្បញ្ញត្តិទូទៅនៃច្បាប់នេះចែងថា ច្បាប់នេះ មានគោលបំណងធានាប្រសិទ្ធភាពការងាររបស់គណៈរដ្ឋមន្ត្រី ជារដ្ឋាភិបាលនៃប្រទេសកម្ពុជា ដែលជាអង្គការនីតិប្រតិបត្តិ ហើយថា ច្បាប់នេះមានគោលដៅកំណត់អំពីសមាសភាព សមត្ថកិច្ច និងការប្រព្រឹត្តិទៅរបស់គណៈរដ្ឋមន្ត្រី។ ច្បាប់នេះ បានកំណត់សមាសភាពរដ្ឋាភិបាល ដែលសភាត្រូវអនុម័ត រួមមាន នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី តែមិនបានកំណត់ចំនួនជាក់លាក់នោះឡើយ ហើយទុកវិសាលភាពនេះឲ្យនាយករដ្ឋមន្ត្រីជាអ្នកតែងតាំងអនុរដ្ឋលេខាធិការដោយខ្លួនឯង។
ច្បាប់នេះ ក៏មានកំណត់ពីការទទួលខុសត្រូវរបស់គណៈរដ្ឋមន្ត្រី សមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាល ដោយបញ្ជាក់ថា មុខងារនៃសមាជិករដ្ឋាភិបាល មានវិសមិតភាពនឹងសកម្មភាពខាងវិជ្ជាជីវៈ ការធ្វើអាជីវកម្មគ្រប់ប្រទេស ឬកាន់មុខតំណែងជាថ្នាក់ដឹកនាំ ឬសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមហ៊ុន សហគ្រាសណាមួយ។ មាត្រា២៣ នៃច្បាប់នេះ ចែងបញ្ជាក់យ៉ាងច្បាស់ថា នាយករដ្ឋមន្ត្រីជាអ្នកកំណត់ តែងតាំង ផ្លាស់ប្ដូរ និងបញ្ចប់ភារកិច្ច នូវមុខតំណែងមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិននៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាលជាតិ ក្នុងនោះរួមមានដូចជា ទេសាភិបាល ទេសាភិបាលរង នៃធនាគារជាតិកម្ពុជា អគ្គលេខាធិការក្រសួង អគ្គនាយកក្រសួង អភិបាលរាជធានី ខេត្តក្រុង ឯកអគ្គរាជទូត ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិជាដើម។
ច្បាប់នេះ ក៏ផ្ដល់សិទ្ធិអំណាចដល់នាយករដ្ឋមន្ត្រី ឬអំណាចនីតិប្រតិបត្តិក្នុងការបង្កើតក្រសួង ស្ថាប័នរដ្ឋនានា ដូចជាក្រុមប្រឹក្សាជាតិ អាជ្ញាធរ គណៈកម្មាធិការ និងយន្តការនានាជាដើម។ យ៉ាងណាក៏ដោយច្បាប់នេះពុំបានចែងកំណត់ជាក់លាក់ថា រដ្ឋាភិបាលត្រូវមានក្រសួងក្នុងចំនួនជាក់លាក់ប៉ុន្មាននោះឡើយ។ ម្យ៉ាងវិញទៀត ច្បាប់ក៏មិនបានកំណត់ជាក់លាក់ផងដែរ អំពីចំនួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការឡើយ ដែលការណ៍នេះ ធ្វើឲ្យសមាសភាពមន្ត្រីក្នុងជួររដ្ឋាភិបាល អាចមានចំនួនច្រើនលើសលប់តាមការចង់បានរបស់នាយករដ្ឋមន្ត្រី ដែលធ្លាប់រងការរិះគន់ជាច្រើននាពេលអតីតកាល។
ជុំវិញការផ្តល់សិទ្ធិអំណាចដ៏ច្រើនលើសលប់ឲ្យដល់នាយករដ្ឋមន្ត្រី ជាពិសេសក្នុងការគ្រប់គ្រងតំណែងកំពូលៗរបស់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានធ្វើប្រៀបធៀបរបបដឹកនាំរបស់កម្ពុជាបច្ចុប្បន្ននេះ ទៅនឹងរបបស៊ូហ្គុន នៅប្រទេសជប៉ុន កាលពីសម័យអតីតកាល ដែលអ្នកដឹកនាំប្រទេស គឺជាអ្នកក្ដោបក្ដាប់អំណាចទាំងស្រុង រាប់ចាប់តាំងពីការតែងតាំង ឬការដកហូតមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចៅហ្វាយខេត្តក្រុង ព្រមទាំងការក្ដោបក្ដាប់អំណាចផ្នែកសេដ្ឋកិច្ចទៀតផងនោះ។ លោកបណ្ឌិតបន្តថា របបនេះបានក្ដោបក្ដាប់អំណាចរដ្ឋផង និងសេដ្ឋកិច្ចផង នៅមុនសម័យមីជី នៅប្រទេសជប៉ុន អស់រយៈកាល២៥០ឆ្នាំទើបរបបនេះ បានដួលរលំដោយកត្តាផ្សេងៗ ក្នុងនោះក៏មានការធ្វើរដ្ឋប្រហារយោធាពីមេទ័ពខាងក្នុងផង។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា ជាធម្មតាក្នុងរបបបែបយោធាផ្ដាច់ការនិយម ការផ្លាស់ប្ដូរតែងតែកើតមានឡើងចេញពីផ្ទៃខាងក្នុង ឬបើមិនដូច្នេះទេ ទាល់តែមានបដិវត្តតែម្ដង ។ យ៉ាងណាក៏ដោយ លោកថា សម្រាប់បរិបទកម្ពុជាបច្ចុប្បន្ននេះ លោកបណ្ឌិតនៅមិនទាន់មើលឃើញពីលទ្ធភាពនៃការឈានទៅរកស្ថានភាពបែបនេះនៅឡើយទេ។
លោកបណ្ឌិតបន្តថា ទាំងអស់នេះ គឺជាមរតកនៃប្រព័ន្ធកុម្មុយនិស្ត ដែលជាហេតុធ្វើឲ្យនាយករដ្ឋមន្ត្រីមានសិទ្ធិអំណាចប្រមូលផ្តុំដ៏ច្រើនលើសលប់ ជាពិសេសឥទ្ធិទៅលើការគ្រប់គ្រងសមាសភាពថ្នាក់ដឹកនាំកំពូលនៃកងកម្លាំងប្រដាប់អាវុធ រួមមានអគ្គមេបញ្ជាការទាហាន អគ្គស្នងការនគរបាលជាដើម។ លោកបណ្ឌិត ឡៅ ម៉ុងហៃ មិនទាន់មានសុទិដ្ឋិនិយមនៅឡើយទេថា កម្ពុជាអាចមានលទ្ធភាពបំបែកអំណាចផ្ដាច់ការយោធានិយមប្រមូលផ្តុំនេះ ខណៈដែលច្បាប់ថ្មីនេះ កាន់តែធ្វើឲ្យប្រព័ន្ធអំណាចបែបនេះ កាន់តែរឹងមាំបន្ថែមទៀតនោះ៖ «ខ្ញុំថាអត់ទាន់ឃើញទេបាទ! ខ្ញុំអត់ទាន់ឃើញថា យើងហ្នឹងគឺក្នុងជួរគណបក្សកាន់អំណាចហ្នឹង គឺមានរកាំរកូសខ្លាំងនោះទេ។ ក្រែងលោជំនាន់ក្រោយទៀតមិនដឹងទេ»។
ច្បាប់ថ្មីៗសំខាន់ៗមួយចំនួន ដែលអាចប៉ះពាល់ដល់អាយុជីវិតជាតិ បានត្រូវរបបលោក ហ៊ុន សែន អនុម័តយ៉ាងប្រញាប់ប្រញាល់នៅមុនពេលផុតអាណត្តិទី៥នេះ ក្នុងនោះ រួមមានច្បាប់ស្ដីពីសញ្ជាតិ និងច្បាប់គណៈរដ្ឋមន្ត្រីថ្មីនេះជាដើម ដែលរងការរិះគន់ពីមជ្ឈដ្ឋាននានាថា ធ្វើឡើងដោយពុំមានការពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ ខណៈដែលគណបក្សប្រឆាំងធំជាងគេ គឺគណបក្សសង្គ្រោះជាតិ ត្រូវបានរម្លាយ ហើយថា ការណ៍នេះនឹងក្លាយជាគ្រោះមហន្តរាយថ្មីមួយទៀតសម្រាប់អនាគតកម្ពុជា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment