Sunday, 5 August 2018
សកម្មជនបរិស្ថានមិនអស់ចិត្តករណីលែងវៀតណាម ៨នាក់រឿងកាប់ឈើក្នុងតំបន់ហាមឃាត់
ស្ងួន អមរា
2018-08-04
rfa
ជនជាតិវៀតណាម ដែលសមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិឃាត់ខ្លួននៅតំបន់កាប់ឈើអូរហ៊ុន ក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
Photo provided
សកម្មជនបរិស្ថាន និងសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ហាក់មិនស្ងប់អារម្មណ៍ ចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូលដោះលែងជនជាតិវៀតណាម ៨នាក់ ដែលល្បីខាងអាររំលំឈើមូលធំៗ ក្នុងព្រៃអភិរក្សធ្វើអាជីវកម្ម និងដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម ក្រោយពីបានឃុំខ្លួនជាង ៦ខែ។ កាលពីថ្ងៃទី០១ សីហា តុលាការកំពូល បានដោះលែងជនជាតិវៀតណាម ៨នាក់ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយត្រូវតម្កល់ប្រាក់ធានា ៣០លានរៀល។ រីឯអ្នកឃ្លាំមើលបញ្ហាព្រៃឈើថា តុលាការអនុវត្តច្បាប់មិនគ្រប់ជ្រុងជ្រោយ។
សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិលចាត់ទុកការដោះលែង ជនជាតិវៀតណាម ទាំងនោះ ជារឿងអយុត្តិធម៌ និងជាការរួមចំណែកបំផ្លាញធនធានធម្មជាតិ។ ពួកគេរកឃើញថា ជនជាតិវៀតណាមទាំងនោះ ជាប់ពាក់ព័ន្ធកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំអស់រាប់ពាន់ដើមក្នុងដែនជម្រកសត្វព្រៃស្រែពក។ រីឯសំណុំរឿងនេះ តុលាការកំពូលមិនបានស៊ើបអង្កេតមន្ត្រីពាក់ព័ន្ធមួយចំនួនដែលប្រព្រឹត្តអំពើពុករលួយ និងអនុគ្រោះឲ្យកើតមានបទល្មើសព្រៃឈើនោះទេ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ អង្កេតឃើញថា សំណុំរឿងនេះអាច ជាប់ពាក់ព័ន្ធមន្ត្រីធំៗច្រើនទៀត ក្នុងខេត្តមណ្ឌលគិរី ដែលគេបានបញ្ជូនឈ្មោះ ទៅតុលាការតែមកទល់ពេលនេះ ពុំឃើញអនុវត្តច្បាប់នោះទេ។ លោកថា ឈើ១ពាន់ដើម ដែលជនជាតិវៀតណាមទាំងនោះ កាប់រំលំកាលពីចុងឆ្នាំ២០១៧ ត្រូវបានដឹកជញ្ជូនឆ្លងដែនទៅកាន់ប្រទេសវៀតណាមអស់ជាងពាក់កណ្ដាល នៅសេសសល់ឈើមួយចំនួនទៀត ទើបសមត្ថកិច្ចចុះបង្ក្រាបកាលពីខែមករា ឆ្នាំ២០១៨។ លោកថា ជនជាតិវៀតណាមទាំងនោះប្រព្រឹត្តបទល្មើសឧក្រិដ្ឋពីរករណី ទី១ ប្រមូលអនុផលព្រៃឈើខុសច្បាប់ និងទី២ ផ្ដល់សំណូកដល់អាជ្ញាធរពាក់ព័ន្ធ ដែលត្រូវជាប់គុកចន្លោះពី ៥ឆ្នាំ ដល់ ១០ឆ្នាំ៖ «ឥឡូវយើងបានត្រឹមតែ អយុត្តិធម៌ការសម្រេចរបស់តុលាការកំពូល ដែលបានដោះលែងជនជាតិវៀតណាម។ តាមផ្លូវច្បាប់ពុំមែនទម្ងន់តែលើប្រតិបត្តិការដឹកឈើទេ គេផ្ដោតលើសំណូក ដែលផ្ដល់ដោយមន្ត្រីទទួលខុសត្រូវទៀត»។
លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែមថា មន្ត្រីពាក់ព័ន្ធដែលអនុគ្រោះឲ្យជនជាតិវៀតណាមដឹកជញ្ជូនឈើ ចេញពីព្រៃអភិរក្សទៅកាន់ប្រទេសវៀតណាម ត្រូវទទួលខុសត្រូវរឿងនេះ និងទាមទារឲ្យតុលាការស៊ើបអង្កេតឲ្យគ្រប់ជ្រុងជ្រោយ។ លោកបញ្ជាក់ថា ការអនុវត្តច្បាប់សំណុំរឿងនេះមានចន្លោះប្រហោងច្រើន។ លោកថា ប្រសិនបើស្ថាប័នពាក់ព័ន្ធពុំមានយន្តការដុះក្អែលប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឬកំណែទម្រង់នោះទេ ស្ថាប័នមួយនេះនៅតែរងការរិះគន់ពីពលរដ្ឋថា អនុវត្តច្បាប់មិនបានពេញលេញ ខ្វះចន្លោះច្រើន និងកើនឡើងនិទ្ទណ្ឌភាព៖ «បើគាត់មិនស៊ីសំណូកទេ ប្រតិបត្តិការដឹកឈើមិនបានសម្រេចបានទេ។ ទោសឧក្រិដ្ឋធ្ងន់ធ្ងរណាស់ មន្ត្រីពាក់ព័ន្ធមិនត្រូវបានឃុំខ្លួន គឺឃុំតែម្ខាងហើយមកដល់ឥឡូវដោះលែងទៀត។ និទ្ទណ្ឌភាពវិស័យធនធានធម្មជាតិធ្ងន់ធ្ងរណាស់»។
កាលពីដើមខែមករា ឆ្នាំ ២០១៨ សមត្ថកិច្ចខេត្តមណ្ឌលគិរី បានចាប់ខ្លួនជនជាតិវៀតណាម ៨នាក់ ក្នុងដែនជម្រកសត្វព្រៃស្រែពក ឋិតក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅគ្រាដែលពួកគេកំពុងអាររំលំឈើមូលធំៗ រាប់ពាន់ដើម ដោយប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ និង គ្រឿងចក្រ ក្រោមរូបភាពក្រុមហ៊ុន ដួងស្រូច ក្រុប។ គំនរឈើរាប់រយម៉ែត្រគួបទាំងនោះ ត្រូវបានជនជាតិវៀតណាមអាររំលំផ្តួល រាយប៉ាយពេញព្រៃអភិរក្ស។
ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ បញ្ជាក់យ៉ាងខ្លីថា តុលាការកំពូលពិតជាបានដោះលែងជនជាតិវៀតណាមទាំងនោះមែន កាលពីថ្ងៃទី១ សីហា បន្ទាប់ពីបានឃុំខ្លួនជាង ៦ខែ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិត ពីអង្គហេតុនៃការដោះលែងនោះ៖ «ការសម្រេចរបស់គាត់ ច្បាស់ជាមានសំអាងហេតុ និងមានការយល់ឃើញមួយផ្អែកលើច្បាប់»។
អ្នកឃ្លាំមើលបរិស្ថានអង្កេតឃើញថា សំណុំរឿងនេះជាប់ពាក់ព័ន្ធអាជ្ញាធរមួយចំនួនក្នុងខេត្តមណ្ឌលគិរី និងមន្ត្រីជំនាញ ក្នុងនោះមានសមត្ថកិច្ចវីរៈការពារព្រំដែនផង ដែលបានទទួលសំណូកជាថ្នូរអនុញ្ញាតឲ្យជនជាតិវៀតណាម កាប់រំលំឈើមូលក្នុងដែនជម្រកសត្វព្រៃតាមចិត្ត និងដឹកឆ្លងដែនខុសច្បាប់គ្មានលិខិតអនុញ្ញាត។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទងមន្ត្រីយោធាវីរៈព្រំដែនខេត្តមណ្ឌលគិរី ដើម្បីសុំការបំភ្លឺរឿងនេះបានទេនៅថ្ងៃទី២ សីហា។
កាលចុងឆ្នាំ២០១៧ សាលាដំបូងខេត្តមណ្ឌលគិរីបានកោះហៅអភិបាលរងខេត្តមណ្ឌលគិរី លោក ច្រឹង ចន្ថា មកបំភ្លឺពាក់ព័ន្ធអនុញ្ញាតឲ្យជនជាតិវៀតណាម កាប់ឈើក្នុងដីខ្មែរ ក្នុងព្រៃអភិរក្ស។
សកម្មជនការពារព្រៃឈើ និងសហគមន៍ជនជាតិដើមភាគតិចបង្ហើបថា អភិបាលរងខេត្តរូបនេះតែងយកអំណាច និងតួនាទី កាងបទល្មើសព្រៃឈើ ដឹកជញ្ជូនឈើឆ្លងដែន និងបញ្ជូនជនជាតិវៀតណាមចូលដីខ្មែរកាប់ឈើក្នុងព្រៃអភិរក្សក្នុងខេត្តនេះ។ ក្រៅពីនេះ ក៏មានអាជ្ញាធរ និងមន្ត្រីជំនាញជាង ២០នាក់ទៀត ក៏ត្រូវបានតុលាការកោះហៅមកបំភ្លឺដែរ។
សកម្មជនការពារបរិស្ថាន លោក ហេង ស្រស់ យល់ថា ការដោះលែងជនជាតិវៀតណាមឲ្យនៅក្រៅឃុំ គឺមិនសាកសម និងអង្គហេតុដែលពួកគេបានប្រព្រឹត្តល្មើសឧក្រិដ្ឋកាប់រំលំព្រៃឈើនោះទេ។ លោកចាត់ទុកសេចក្ដីសម្រេចនេះ ជាការអនុវត្តច្បាប់បែបលេងសើច ដែលជាមូលហេតុបើកផ្លូវឲ្យជនជាតិវៀតណាម ប្រព្រឹត្តបទល្មើសព្រៃឈើបន្តទៀត និងមិនរាងចាល៖ «បែរជាគាត់ជនល្មើស និងឧក្រិដ្ឋជនដែលកាប់បំផ្លាញសម្បត្តិជាតិ និងជាការរួមចំណែកមួយ ដែលបំផ្លាញធនធានធម្មជាតិ។ កន្លងទៅដើមឆ្នាំ២០១៨ ខ្ញុំរកឃើញដឹកឈើទៅវៀតណាម ក្នុងមួយម៉ោង ៨ឡាន»។
ទីប្រឹក្សាបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក ក្រើង តុលា អង្កេតឃើញថា ជនជាតិវៀតណាមចូលកាប់ឈើក្នុងដីខ្មែររាប់រយនាក់ ក្នុងមួយឆ្នាំៗ ភាគច្រើនគ្មានលិខិតឆ្លងដែន ថែមទាំងប្រព្រឹត្តបទល្មើសកាប់ឈើក្នុងព្រៃការពារ ដែលមានអ្នកមានអំណាច និងក្រុមហ៊ុនជាអ្នកកាង។ លោកថា តុលាការគួរអនុវត្តច្បាប់ព្រៃឈើឲ្យបានពេញលេញ ដើម្បីព្រមានជនជាតិវៀតណាមផ្សេងទៀត មិនត្រូវដោះលែងឲ្យនៅក្រៅឃុំនោះទេ៖ «អយុត្តិធម៌សម្រាប់អ្នកការពារព្រៃឈើ ចំពោះអ្នកការពារព្រៃឈើ នៅពេលគាត់ការពារអាជ្ញាធរដាក់ទោសទណ្ឌមិនដែលដោះលែងទេ។ ចំពោះអ្នកប្រព្រឹត្តបទល្មើសដាក់ថ្ងៃហ្នឹង ស្អែកដោះក៏បានឲ្យតែមានលុយ។ អ៊ីចឹងវាអយុត្តិធម៌ចំពោះអ្នកស្នេហាជាតិ»។
កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ ២០១៨ តុលាការខេត្តរតនគិរី បានដោះលែងបុរសជនជាតិវៀតណាមម្នាក់ដែរ ដែលល្បីខាងជួញដូរឈើខុសច្បាប់ ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម។ សកម្មជនបរិស្ថាន ប្រតិកម្មខ្លាំងៗការដោះលែងនេះ និងសង្ស័យថា ទំនងអ្នកមានអំណាចនៅពីក្រោយខ្នង ឬអាចទទួលប្រយោជន៍អ្វីមួយ។
ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហៅកាត់ថា អ៊ីអាយអេ (EIA) ថ្មីៗនេះ បានចេញរបាយការណ៍បន្តបន្ទាប់បញ្ជាក់ថា ជនល្មើសជនជាតិវៀតណាមដែលប្រព្រឹត្តិឧក្រិដ្ឋកម្មព្រៃឈើតម្លៃរាប់រយលានដុល្លារ នៅកម្ពុជាមុខដដែលៗ។ ទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះរបប លោក ហ៊ុន សែន នៅតែបរាជ័យក្នុងការស៊ើបអង្កេត និងនាំជនល្មើសមកផ្ដន្ទាទោស ដែលធ្វើអោយកម្ពុជាបាត់បង់ទាំងព្រៃឈើផង និងបាត់បង់ប្រាក់ចំណូលចូលរដ្ឋរាប់រយលានដុល្លារក្នុងមួយឆ្នាំ ពីព្រោះតែគ្មានតម្លាភាពក្នុងការគ្រប់គ្រងបញ្ហានេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment