Wednesday 8 August 2018

"វិបត្តិ​នយោបាយ​ក្រោយ​បោះឆ្នោត​ក្លែងក្លាយ​កំពុង​ទាញ​កម្ពុជា​ឲ្យ​ផុង​ជ្រៅ​ក្នុង​សង្គ្រាមត្រជាក់​សាជាថ្មី"


មាន ឫទ្ធិ
2018-08-07 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA



អ្នក​ជំនាញ​នយោបាយ​ការបរទេស ព្រមាន​ថា វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត ដែល​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ ចាត់ទុកថា​ជា​ការ​បោះឆ្នោត «​ក្លែងក្លាយ​» កំពុងតែ​អូសទាញ​កម្ពុជា ឲ្យ​ធ្លាក់​ផុង​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​សង្គ្រាមត្រជាក់​សាជាថ្មី។ ពួកគេ​ថា ប្រសិនបើ​វិបត្តិ​នេះ នៅតែ​បន្ត​អូស​បន្លាយ នោះ​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា ជួប​គ្រោះ​មហន្តរាយ​កាន់តែ​ខ្លាំង ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​មិន​ព្រម​ដោះស្រាយ​បញ្ហា​នេះ រវាង​ខ្មែរ​និង​ខ្មែរ ឲ្យ​បាន​ឆាប់រហ័ស​នោះ​ទេ។

ស្រប​ពេល​ដែល​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ចេះតែ​បន្ត​អូស​បន្លាយ​តាំងពី​មួយ​ឆ្នាំ​នៅមុន​ការ​បោះឆ្នោត រហូត​ដល់​ពេល​បច្ចុប្បន្ន ក្រោយ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​រួច អ្នក​ជំនាញ​នយោបាយ​ការបរទេស​មើល​ឃើញ​ព្រមៗ​គ្នា​ថា វិបត្តិ​នេះ មិន​ត្រឹមតែ​ជា​វិបត្តិ​ផ្ទៃក្នុង​ហែកហួរ​នៃ​សង្គម​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ជា​ការ​រុញច្រាន​ប្រទេស​កម្ពុជា ឲ្យ​ក្លាយ​ជា​កូនអុក​មួយ​សម្រាប់​ប្រទេស​មហាអំណាច​ប្រើប្រាស់​ដើម្បី​កេង​ចំណេញ​អត្ថប្រយោជន៍​ពីលើ​វិបត្តិ​នេះ ដូច​កាល​ពី​ពេល​អតីតកាល​ដែល​កម្ពុជា​បាន​ជួបប្រទះ​កាលពី​សម័យ​សង្គ្រាមត្រជាក់ ក្នុង​ទសវត្សរ៍​ទី​៧០ និង​បាន​បន្ត​អូស​បន្លាយ​រហូតដល់ ដើម​ទសវត្សរ៍​ទី​៩០ ដូច​ច្នេះ​ដែរ។ ជា​លទ្ធផល ឥទ្ធិពល​នៃ​សង្គ្រាមត្រជាក់​នេះ បាន​បណ្ដាល​ឲ្យ​ប្រទេស​កម្ពុជា ត្រូវ​ហែកហួរ​ដោយ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ធ្ងន់ធ្ងរ ឈាន​ទៅ​រក​របប​ប្រល័យពូជសាសន៍ និង​សង្គ្រាមស៊ីវិល​រវាង​ខ្មែរ នឹង​ខ្មែរ បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជិត​២​លាន​នាក់​បាន​ស្លាប់ ដោយសារតែ​អ្នកនយោបាយ​ខ្មែរ​រត់​ទៅ​ពឹង​មហាអំណាច​រៀងៗ​ខ្លួន ដើម្បី​មក​កាង​អំណាច​ពួកគេ។



ដូច​គ្នា​នេះ​ដែរ ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ កក្កដា ដែល​ជា​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា សហគមន៍​អន្តរជាតិ បាន​បែងចែក​ជំហរ​ពីរ​ផ្ទុយគ្នា​ស្រឡះ រវាង​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ និង​ក្រុម​ប្រទេស​ប្លុក​កុម្មុយនិស្ត។ ជំហរ​នេះ ក៏​ធ្វើ​ឲ្យ​អ្នកនយោបាយ​ខ្មែរ រវាង​ក្រុម​គាំទ្រ​របប​លោក ហ៊ុន សែន និង​ក្រុម​អ្នកនយោបាយ​ប្រឆាំង​របប​នេះ ងាក​ទៅ​រក​ក្រុម​ប្រទេស​ដែល​គាំទ្រ​ពួកគេ​ពីក្រោយ​តែ​រៀងៗ​ខ្លួន​។

ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​រួមមាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​បញ្ជាក់​ច្បាស់ៗ​ថា ការបោះឆ្នោត​នេះ ពុំ​មាន​ភាព​សេរី ពុំ​ត្រឹមត្រូវ និង​ពុំ​យុត្តិធម៌​ឡើយ ហើយ​ថា​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ មិន​អាច​ទទួល​យក​បាន​ឡើយ។ ដោយឡែក ក្រុម​ប្រទេស​កុម្មុយនិស្ត​និយម រួមមាន​ចិន និង​រុស្ស៊ី បាន​ប្រកាស​ទទួលស្គាល់​ការបោះឆ្នោត​នេះ ថា មាន​ភាព​សេរី ត្រឹមត្រូវ និង​អាច​យក​ជា​ការ​បាន។

អ្នក​ជំនាញ​កិច្ចការ​បរទេស និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ប្រចាំ​វិទ្យាស្ថាន​សិក្សា​អំពី​តំបន់​អាស៊ីអាគ្នេយ៍​របស់​សិង្ហបុរី លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ មើល​ឃើញ​ថា កម្ពុជា​គឺ​ចំណុច​នៃ​ការប្រកួតប្រជែង​ក្នុង​តំបន់ ដូច្នេះ​បញ្ហា​ជម្លោះផ្ទៃក្នុង​របស់​កម្ពុជា​បច្ចុប្បន្ន កំពុង​ប្រែក្លាយ​ទៅជា​បញ្ហា​ស្មុគស្មាញ​មួយ ហើយ​កំពុង​ក្លាយទៅជា​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ប្រជែង​ឥទ្ធិពល​អំណាច​របស់​ប្រទេស​មហាអំណាច​នៅ​ក្នុង​តំបន់៖ «កម្ពុជា​ក្លាយ​ជា​កូនអុក​នៅ​ក្នុង​នយោបាយ​ភូមិសាស្ត្រ​នៃ​ការ​ប្រកួតប្រជែង​អំណាច​រវាង​ប្រទេស​មហាអំណាច​នៅ​ក្នុង​តំបន់ ហើយ​កម្ពុជា​កំពុងតែ​ក្លាយទៅជា​កូនអុក ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ។ យើង​ឃើញ​ថា មានការ​ប្រកួតប្រជែង​គ្នា​ច្រើន។ ហើយ​ប្រទេស​បស្ចិម​ប្រទេស​ហ្នឹង​គេ ក្នុង​ក្រសែ​ភ្នែក​របស់​គេ​គឺ គឺថា​កម្ពុជា​ជា ឧបករណ៍​របស់​ចិន អ៊ីចឹង​ទេ គេ​ដាក់ទណ្ឌកម្ម​ដាក់​អី​ហ្នឹង​ក៏ ជា​សញ្ញា​មួយ​ទៅដល់​ប្រទេស​ចិន​ផង​ដែរ កុំ​ឲ្យ​គាំទ្រ ឬ​មាន​ឥទ្ធិពល​ខ្លាំង​នៅ​កម្ពុជា»។

លោក ឈាង វណ្ណារិទ្ធ វិភាគ​ឃើញ​ថា វិបត្តិ​ដែល​កើត​ចេញពី​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នៅ​កម្ពុជា​នេះ ក៏​អាច​នឹង​បណ្ដាល​ឲ្យ​ភាគី​នៃ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​មួយ​ចំនួន ដែល​មិន​យល់ស្រប​ទៅ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ឈាន​ទៅ​ពិចារណា​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ទ្វេភាគី​ជាមួយ​កម្ពុជា ដូច​អ្វី​ដែល​បាន​កើតមានឡើង​នៅ​ក្រោយ​ការបោះឆ្នោត​នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា យ៉ាង​ដូច្នោះ​ដែរ ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ នៅតែ​មិន​អាច​ស្វែងរក​នូវ​កិច្ច​ចរចា​នយោបាយ​ណាមួយ ឬក៏​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ​នៅ​ក្នុង​ប្រទេស។

បន្ថែម​ពីលើ​នេះ អ្នក​ជំនាញ​ពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ម្នាក់ទៀត​គឺ​លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ងាយ​រងគ្រោះ​បំផុត​ក្នុង​តំបន់​អាស៊ាន ដោយសារតែ​បញ្ហា​សង្គ្រាមត្រជាក់​នេះ ហើយ​ជា​លទ្ធផល​ធ្វើ​ឲ្យ​កម្ពុជា​ស្ទើរ​តែ​ជួបប្រទះ​នូវ​ភាព​វឹកវរ និង​ស្ទើរ​តែ​ខ្ទេចខ្ទាំ ដោយសារតែ​សមត្ថភាព​កម្ពុជា​នៅ​មាន​ភាព​ទន់ខ្សោយ​នៅឡើយ ក្នុង​ការ​ទប់ទល់​ជាមួយ​ឥទ្ធិពល​របស់​មហាអំណាច៖ «មកដល់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នេះ គឺ​យើង​ឃើញ​ថា ប្រទេស​ខ្មែរ​យើង​ហាក់​ដូចជា បាន​ដើរចូល​ទៅ​ក្នុង​សង្គ្រាមត្រជាក់​ហ្នឹង មុនគេ​ទៅទៀត បាន​ន័យ​ថា​យើង​ទាត់​មហាអំណាច​មួយ​ចោល ហើយ​យើង​ទៅ​ចាប់​យក​មួយទៀត។ ចិន​ក៏​វាតទី​នៅ​ថៃ នៅ​វៀតណាម​អី​ក៏​ច្រើន​ដែរ​។ ប៉ុន្តែ​យើង​ព្រួយ​នៅត្រង់​ប្រទេស​ខ្មែរ យើង ប្រព័ន្ធ​គ្រប់គ្រង​នយោបាយ រួម​ទាំង​នយោបាយ​ការបរទេស​របស់​យើង​នេះ គឺ​មិន​អាច​មាន​សមត្ថភាព​ទៅ​ប្រឈម​ជាមួយ​នឹង​ឥទ្ធិពល​របស់​ប្រទេស​មហាអំណាច​ដូចជា​ប្រទេស​ចិន​នេះ​បាន​នៅឡើយ​ទេ។ នេះ​បើ​យើង​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង គឺ​គេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទប់ទល់។ គឺ​គេ​មិនសូវ​ទទួលរង​នូវ​ផល​ភាព​វឹកវរ​ដូចជា​ប្រទេស​យើង​នោះ​ទេ»។

លោក​បណ្ឌិត មាស នី លើកឡើង​ថា ក្នុងនាម​លោក​ជា​ជនជាតិ​ខ្មែរ​ម្នាក់ លោក​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារតែ​ការ​បន្ត​ឈ្លោះ​គ្នា​រវាង​អ្នកនយោបាយ​ខ្មែរ ចេះតែ​បន្ត​យូរ​ពេក ដែល​អាច​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជា​ជនជាតិ​ដើម​នៅ​លើ​ទឹកដី​កម្ពុជា​នេះ អាច​នឹង​រឹតតែ ប្រឈម​ទៅ​នឹង​ការ​មិន​អាច​ថែរក្សា​ទឹកដី ខ្លួន​ដែល​កំពុង​កាន់តែ​រួម​ស្រាប់​នា​ពេល​បច្ចុប្បន្ន​នេះ ឲ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ សម្រាប់​អនាគត​ជនជាតិ​ខ្មែរ​ជំនាន់​ក្រោយ។

ក្រុម​អ្នក​ជំនាញ​ទាំងពីរ ព្រមាន​ថា ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​នៅតែ​បន្ត​ឈ្លោះ​គ្នា នោះ​ការណ៍​នេះ នឹង​រឹតតែ​ផ្ដល់​ឱកាស​ឲ្យ​ប្រទេស​មហាអំណាច អាច​លូកដៃ​ចូល​ជ្រៅ​ទៅ​ក្នុង​ប្រទេស​កម្ពុជា កាន់តែ​ខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​រឹតតែ​បែកបាក់​គ្នា​បន្ថែម​ទៀត ហើយ​មិន​អាច​ជៀស​ផុត​ពី​ការ​ជ្រៀតជ្រែក​ពី​សំណាក់​មហាអំណាច​ណាមួយ​បាន​ឡើយ៕

1 comment:

Anonymous said...

Khmer people must stand up and protect their right if they want to save Cambodia from becoming a part of the evil Vietnam.

How about start a peaceful demonstration demanding the Yuon's slave Hun Sen to REINSTATE the CNRP? Start from here and see what will happen to Ah Kwack Hun Sen after he kills a lot of people.

Khmer people must have the courage to sacrifice their life to protect Khmer interest if they don't want to see these Vietnamese take over Cambodia like they did to Kampuchea Krom.

Coward people do not deserve to have a country.