Wednesday, 8 August 2018
"វិបត្តិនយោបាយក្រោយបោះឆ្នោតក្លែងក្លាយកំពុងទាញកម្ពុជាឲ្យផុងជ្រៅក្នុងសង្គ្រាមត្រជាក់សាជាថ្មី"
មាន ឫទ្ធិ
2018-08-07
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) អតីតប្រធានគណបក្សសង្គ្រោះជាតិ។
Photo: RFA
អ្នកជំនាញនយោបាយការបរទេស ព្រមានថា វិបត្តិនយោបាយក្រោយការបោះឆ្នោត ដែលត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកថាជាការបោះឆ្នោត «ក្លែងក្លាយ» កំពុងតែអូសទាញកម្ពុជា ឲ្យធ្លាក់ផុងជ្រៅទៅក្នុងវិបត្តិសង្គ្រាមត្រជាក់សាជាថ្មី។ ពួកគេថា ប្រសិនបើវិបត្តិនេះ នៅតែបន្តអូសបន្លាយ នោះអាចនឹងធ្វើឲ្យកម្ពុជា ជួបគ្រោះមហន្តរាយកាន់តែខ្លាំង ប្រសិនបើអ្នកនយោបាយខ្មែរមិនព្រមដោះស្រាយបញ្ហានេះ រវាងខ្មែរនិងខ្មែរ ឲ្យបានឆាប់រហ័សនោះទេ។
ស្របពេលដែលវិបត្តិនយោបាយនៅកម្ពុជា ចេះតែបន្តអូសបន្លាយតាំងពីមួយឆ្នាំនៅមុនការបោះឆ្នោត រហូតដល់ពេលបច្ចុប្បន្ន ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសរួច អ្នកជំនាញនយោបាយការបរទេសមើលឃើញព្រមៗគ្នាថា វិបត្តិនេះ មិនត្រឹមតែជាវិបត្តិផ្ទៃក្នុងហែកហួរនៃសង្គមកម្ពុជាប៉ុណ្ណោះទេ តែក៏អាចជាការរុញច្រានប្រទេសកម្ពុជា ឲ្យក្លាយជាកូនអុកមួយសម្រាប់ប្រទេសមហាអំណាចប្រើប្រាស់ដើម្បីកេងចំណេញអត្ថប្រយោជន៍ពីលើវិបត្តិនេះ ដូចកាលពីពេលអតីតកាលដែលកម្ពុជាបានជួបប្រទះកាលពីសម័យសង្គ្រាមត្រជាក់ ក្នុងទសវត្សរ៍ទី៧០ និងបានបន្តអូសបន្លាយរហូតដល់ ដើមទសវត្សរ៍ទី៩០ ដូចច្នេះដែរ។ ជាលទ្ធផល ឥទ្ធិពលនៃសង្គ្រាមត្រជាក់នេះ បានបណ្ដាលឲ្យប្រទេសកម្ពុជា ត្រូវហែកហួរដោយវិបត្តិនយោបាយផ្ទៃក្នុងធ្ងន់ធ្ងរ ឈានទៅរករបបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលរវាងខ្មែរ នឹងខ្មែរ បណ្ដាលឲ្យពលរដ្ឋខ្មែរជិត២លាននាក់បានស្លាប់ ដោយសារតែអ្នកនយោបាយខ្មែររត់ទៅពឹងមហាអំណាចរៀងៗខ្លួន ដើម្បីមកកាងអំណាចពួកគេ។
ដូចគ្នានេះដែរ ក្រោយព្រឹត្តិការណ៍ថ្ងៃទី២៩ កក្កដា ដែលជាការបោះឆ្នោតដ៏ចម្រូងចម្រាសបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា សហគមន៍អន្តរជាតិ បានបែងចែកជំហរពីរផ្ទុយគ្នាស្រឡះ រវាងក្រុមប្រទេសនិយមប្រជាធិបតេយ្យ និងក្រុមប្រទេសប្លុកកុម្មុយនិស្ត។ ជំហរនេះ ក៏ធ្វើឲ្យអ្នកនយោបាយខ្មែរ រវាងក្រុមគាំទ្ររបបលោក ហ៊ុន សែន និងក្រុមអ្នកនយោបាយប្រឆាំងរបបនេះ ងាកទៅរកក្រុមប្រទេសដែលគាំទ្រពួកគេពីក្រោយតែរៀងៗខ្លួន។
ក្រុមប្រទេសនិយមប្រជាធិបតេយ្យរួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបញ្ជាក់ច្បាស់ៗថា ការបោះឆ្នោតនេះ ពុំមានភាពសេរី ពុំត្រឹមត្រូវ និងពុំយុត្តិធម៌ឡើយ ហើយថាលទ្ធផលនៃការបោះឆ្នោតនេះ មិនអាចទទួលយកបានឡើយ។ ដោយឡែក ក្រុមប្រទេសកុម្មុយនិស្តនិយម រួមមានចិន និងរុស្ស៊ី បានប្រកាសទទួលស្គាល់ការបោះឆ្នោតនេះ ថា មានភាពសេរី ត្រឹមត្រូវ និងអាចយកជាការបាន។
អ្នកជំនាញកិច្ចការបរទេស និងជាអ្នកសិក្សាស្រាវជ្រាវប្រចាំវិទ្យាស្ថានសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍របស់សិង្ហបុរី លោកបណ្ឌិត ឈាង វណ្ណារិទ្ធ មើលឃើញថា កម្ពុជាគឺចំណុចនៃការប្រកួតប្រជែងក្នុងតំបន់ ដូច្នេះបញ្ហាជម្លោះផ្ទៃក្នុងរបស់កម្ពុជាបច្ចុប្បន្ន កំពុងប្រែក្លាយទៅជាបញ្ហាស្មុគស្មាញមួយ ហើយកំពុងក្លាយទៅជាបញ្ហាភូមិសាស្ត្រនយោបាយប្រជែងឥទ្ធិពលអំណាចរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់៖ «កម្ពុជាក្លាយជាកូនអុកនៅក្នុងនយោបាយភូមិសាស្ត្រនៃការប្រកួតប្រជែងអំណាចរវាងប្រទេសមហាអំណាចនៅក្នុងតំបន់ ហើយកម្ពុជាកំពុងតែក្លាយទៅជាកូនអុក ហើយនាពេលបច្ចុប្បន្ននេះ។ យើងឃើញថា មានការប្រកួតប្រជែងគ្នាច្រើន។ ហើយប្រទេសបស្ចិមប្រទេសហ្នឹងគេ ក្នុងក្រសែភ្នែករបស់គេគឺ គឺថាកម្ពុជាជា ឧបករណ៍របស់ចិន អ៊ីចឹងទេ គេដាក់ទណ្ឌកម្មដាក់អីហ្នឹងក៏ ជាសញ្ញាមួយទៅដល់ប្រទេសចិនផងដែរ កុំឲ្យគាំទ្រ ឬមានឥទ្ធិពលខ្លាំងនៅកម្ពុជា»។
លោក ឈាង វណ្ណារិទ្ធ វិភាគឃើញថា វិបត្តិដែលកើតចេញពីការបោះឆ្នោតដ៏ចម្រូងចម្រាសនៅកម្ពុជានេះ ក៏អាចនឹងបណ្ដាលឲ្យភាគីនៃក្រុមប្រទេសនិយមប្រជាធិបតេយ្យមួយចំនួន ដែលមិនយល់ស្របទៅនឹងលទ្ធផលនៃការបោះឆ្នោតនេះ ឈានទៅពិចារណាកាត់ផ្ដាច់ទំនាក់ទំនងការទូតទ្វេភាគីជាមួយកម្ពុជា ដូចអ្វីដែលបានកើតមានឡើងនៅក្រោយការបោះឆ្នោតនៅប្រទេសវេណេហ្ស៊ុយអេឡា យ៉ាងដូច្នោះដែរ ប្រសិនបើអ្នកនយោបាយខ្មែរ នៅតែមិនអាចស្វែងរកនូវកិច្ចចរចានយោបាយណាមួយ ឬក៏បន្ធូរបន្ថយភាពតានតឹងនយោបាយនៅក្នុងប្រទេស។
បន្ថែមពីលើនេះ អ្នកជំនាញពីបញ្ហានយោបាយនៅកម្ពុជាម្នាក់ទៀតគឺលោកបណ្ឌិត មាស នី មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដែលងាយរងគ្រោះបំផុតក្នុងតំបន់អាស៊ាន ដោយសារតែបញ្ហាសង្គ្រាមត្រជាក់នេះ ហើយជាលទ្ធផលធ្វើឲ្យកម្ពុជាស្ទើរតែជួបប្រទះនូវភាពវឹកវរ និងស្ទើរតែខ្ទេចខ្ទាំ ដោយសារតែសមត្ថភាពកម្ពុជានៅមានភាពទន់ខ្សោយនៅឡើយ ក្នុងការទប់ទល់ជាមួយឥទ្ធិពលរបស់មហាអំណាច៖ «មកដល់វិបត្តិនយោបាយបច្ចុប្បន្ននេះ គឺយើងឃើញថា ប្រទេសខ្មែរយើងហាក់ដូចជា បានដើរចូលទៅក្នុងសង្គ្រាមត្រជាក់ហ្នឹង មុនគេទៅទៀត បានន័យថាយើងទាត់មហាអំណាចមួយចោល ហើយយើងទៅចាប់យកមួយទៀត។ ចិនក៏វាតទីនៅថៃ នៅវៀតណាមអីក៏ច្រើនដែរ។ ប៉ុន្តែយើងព្រួយនៅត្រង់ប្រទេសខ្មែរ យើង ប្រព័ន្ធគ្រប់គ្រងនយោបាយ រួមទាំងនយោបាយការបរទេសរបស់យើងនេះ គឺមិនអាចមានសមត្ថភាពទៅប្រឈមជាមួយនឹងឥទ្ធិពលរបស់ប្រទេសមហាអំណាចដូចជាប្រទេសចិននេះបាននៅឡើយទេ។ នេះបើយើងប្រៀបធៀបជាមួយប្រទេសជិតខាង គឺគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់។ គឺគេមិនសូវទទួលរងនូវផលភាពវឹកវរដូចជាប្រទេសយើងនោះទេ»។
លោកបណ្ឌិត មាស នី លើកឡើងថា ក្នុងនាមលោកជាជនជាតិខ្មែរម្នាក់ លោកពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែការបន្តឈ្លោះគ្នារវាងអ្នកនយោបាយខ្មែរ ចេះតែបន្តយូរពេក ដែលអាចបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរ ដែលជាជនជាតិដើមនៅលើទឹកដីកម្ពុជានេះ អាចនឹងរឹតតែ ប្រឈមទៅនឹងការមិនអាចថែរក្សាទឹកដី ខ្លួនដែលកំពុងកាន់តែរួមស្រាប់នាពេលបច្ចុប្បន្ននេះ ឲ្យបានគង់វង្សស្ថិតស្ថេរ សម្រាប់អនាគតជនជាតិខ្មែរជំនាន់ក្រោយ។
ក្រុមអ្នកជំនាញទាំងពីរ ព្រមានថា ប្រសិនបើអ្នកនយោបាយខ្មែរនៅតែបន្តឈ្លោះគ្នា នោះការណ៍នេះ នឹងរឹតតែផ្ដល់ឱកាសឲ្យប្រទេសមហាអំណាច អាចលូកដៃចូលជ្រៅទៅក្នុងប្រទេសកម្ពុជា កាន់តែខ្លាំង ដែលជាហេតុធ្វើឲ្យកម្ពុជារឹតតែបែកបាក់គ្នាបន្ថែមទៀត ហើយមិនអាចជៀសផុតពីការជ្រៀតជ្រែកពីសំណាក់មហាអំណាចណាមួយបានឡើយ៕
Subscribe to:
Post Comments (Atom)
1 comment:
Khmer people must stand up and protect their right if they want to save Cambodia from becoming a part of the evil Vietnam.
How about start a peaceful demonstration demanding the Yuon's slave Hun Sen to REINSTATE the CNRP? Start from here and see what will happen to Ah Kwack Hun Sen after he kills a lot of people.
Khmer people must have the courage to sacrifice their life to protect Khmer interest if they don't want to see these Vietnamese take over Cambodia like they did to Kampuchea Krom.
Coward people do not deserve to have a country.
Post a Comment