យន់ សាមៀន
2018-08-18
ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ មានបន្ទូលក្នុងពិធីសំណេះសំណាលជាមួយសកម្មជន និងបូកសរុបការងារឆ្នាំ២០១៥ នារាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ មករា ឆ្នាំ២០១៦។
Photo: RFA
អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ថ្លែងថា គណបក្សរាជានិយមមួយនេះគួរតែធ្វើសមាជរំលាយខ្លួនឯងចោល ប្រសើរជាងនៅធ្វើនយោបាយកំដរគណបក្សកាន់អំណាចបន្តទៅទៀត។ ការថ្លែងបែបនេះ បន្ទាប់ពីគណបក្សហ៊្វុនស៊ិនប៉ិចបានដកតំណែងថ្នាក់ដឹកនាំកំពូលៗ របស់បក្សចំនួន ៤រូប ដែលមានអតីតភាពបម្រើគណបក្សជាច្រើនឆ្នាំ នៅថ្ងៃទី១៨ សីហា នេះ។
ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលកំពុងព្យាបាលរបួសនៅបរទេស បានសម្រេចបញ្ចប់មុខតំណែង លោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស្រ៊ឺ និងលោក ញ៉េប ប៊ុនជិន ពីអនុប្រធានគណបក្ស និងមុខតំណែងផ្សេងៗទៀតនៅក្នុងបក្ស ដោយឱ្យអ្នកទាំង៣ ទៅធ្វើជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យគណបក្សវិញ។ ចំណែកលោក វ៉ាន់ សុផាន់ណា ក៏ត្រូវបានដកហូតតំណែងជាអគ្គលេខាធិការរងប្រតិបត្តិ និងមុខតំណែងផ្សេងទៀតនៅក្នុងបក្សផងដែរ ដោយមិនទទួលបានមុខតំណែងណាមួយជំនួសឡើយ។
អ្នកនាំពាក្យថ្មីនៃគណបក្សហ៊្វុនស៊ិនប៉ិច លោក ណុប សុធារិទ្ធិ ថ្លែងថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មានព្រះសុខភាពល្អប្រសើរជាងមុន ហើយគ្រោងនឹងយាងមកដឹកនាំគណបក្សវិញនៅពេលឆាប់ៗខាងមុខនេះ។ លោកអះអាងថា ការសម្រេចនេះ ជាព្រះរាជតម្រិះផ្ទាល់របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ៖ «សម្ដេចក្រុមព្រះសព្វព្រះហឫទ័យ លោកព្យាបាលនៅប្រទេសគេហ្នឹង ឥលូវលោកមាន ព្រះកាយពលមាំមួនវិញហើយ ហើយលោកនឹងមកដឹកនាំគណបក្សក្នុងពេលឆាប់ៗនេះ។ លោកនឹងវិលមកកម្ពុជាវិញក្នុងពេលឆាប់ៗខាងមុខនេះ»។
អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន សម្ដែងការសោកស្ដាយចំពោះការបញ្ចប់មុខតំណែងរបស់លោក និងមន្ត្រីកំពូលៗ ៣ នាក់ផ្សេងទៀត។ លោកអះអាងថា ពួកលោកសុទ្ធតែមានភក្ដីភាពជាមួយគណបក្ស និងបានដង្ហែតាមព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ជាពិសេសនៅពេលទ្រង់អវត្តមានក្នុងការបោះឆ្នោតអាណត្តិនេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ លោកបន្តថា ពួកលោកបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជួយជ្រោងគណបក្សឱ្យទទួលបានការគាំទ្រពីពលរដ្ឋ ក៏ប៉ុន្តែជារឿងគួរឱ្យសោកស្ដាយដែលគណបក្សមិនទទួលបានអាសនៈក្នុងរដ្ឋសភា។ លោកយល់ថា ទំនងដោយសាររឿងមិនជាប់ឆ្នោតនេះហើយ ទើបសម្ដេចក្រុមព្រះសម្រេចដកហូតតួនាទីរបស់ពួកលោក ដែលជារឿងនឹកស្មានមិនដល់៖ «ក្នុងនាមជាថ្នាក់ដឹកនាំ យើងបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។ ទាំងថ្នាក់ដឹកនាំ អ្នកគាំទ្រ និងសមាជិក-សមាជិកា រួមទាំងប្រជាពលរដ្ឋដែលគោរពស្រឡាញ់រាជានិយម បានបោះឆ្នោតគាំទ្រដែរ ប៉ុន្តែធ្វើយ៉ាងម៉េច បើលទ្ធផលចេញមកវាបែបហ្នឹង។ អ៊ីចឹងការបញ្ចប់មុខតំណែងយើងខ្ញុំ ៤ នាក់នេះ មិនដឹងថាព្រះអង្គអន់ព្រះទ័យរឿងអ្វីនោះទេ ខ្ញុំមិនដឹងទេ»។
ទោះបីជាបែបនេះក្តី លោក ញ៉េប ប៊ុនជិន អះអាងថា រូបលោក និងមន្ត្រីជាន់ខ្ពស់ដែលត្រូវបានដកហូតតួនាទីនេះ នឹងមិនដើរចេញពីគណបក្សហ៊្វុនស៊ិនប៉ិចឡើយ ដោយសុខចិត្តនៅជាសមាជិកធម្មតារបស់បក្សដដែល ក៏ប៉ុន្តែលោកបារម្ភពីអនាគតរបស់គណបក្សនេះ ក្រោយពេលអវត្តមានពួកលោកពីជួរថ្នាក់ដឹកនាំបក្ស។
ការដកមន្ត្រីបក្សនេះ ធ្វើឡើងក្រោយពេល កាលពីដើមសប្ដាហ៍នេះ លោក ហ៊ុន សែន បានអះអាងថា មានគណបក្សចំនួនតូចៗចំនួនពីរ កំពុងរត់ការសូកលុយទិញតំណែងនៅអាណត្តិក្នុងរបបលោក ក្នុងនោះមានគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ដោយសារលឺដំណឹងថា គណបក្សកាន់អំណាចនឹងផ្ដល់តំណែងឲ្យគណបក្សតូចក្នុងគណៈរដ្ឋមន្ត្រីរបបថ្មីរបស់លោក ហ៊ុន សែ។
កាលពីសប្ដាហ៍មុន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានតែងតាំងព្រះរាជបុត្រាច្បង របស់ទ្រង់ ព្រះនាម នរោត្តម ចក្រាវុធ ឱ្យធ្វើជាប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីដឹកនាំបក្សនេះជំនួសព្រះអង្គដែលកំពុងសម្រាកព្យាបាលជំងឺ ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីពាក់កណ្ដាលខែមិថុនា កន្លងទៅ។
អតីតឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ និងជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អះអាងថា ការបញ្ឈប់មន្ត្រីក្នុងបក្សនេះ គឺជាទម្លាប់យូរមកហើយរបស់ទ្រង់រណឫទ្ធិ នៅពេលទ្រង់មិនសព្វព្រះទ័យនឹងរឿងអ្វីមួយនោះ។ ក៏ប៉ុន្តែលោកថា សម្ដេចក្រុមព្រះមិនគួរបញ្ចប់មុខតំណែងរបស់មន្ត្រីកំពូលៗទាំងនេះឡើយ ព្រោះពួកគេជាមន្ត្រីចាស់ដែលមានគុណសម្បត្តិជួយបក្សជាយូរមកហើយ ហើយក៏ជាអ្នកជួយជ្រោងគណបក្សមកទល់នឹងពេលនេះដែរ។ លោកថា គណបក្សហ៊្វុនស៊ិនប៉ិចមានតែឈ្មោះប៉ុណ្ណោះ ប៉ុន្តែគ្មានសំឡេងឡើយ ដូច្នេះគប្បីធ្វើសមាជរំលាយខ្លួនឯងទៅប្រសើរជាងនៅជាប់ពាក់ព័ន្ធនឹងគណបក្សកាន់អំណាច ក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ គណបក្សហ៊្វុនស៊ិនប៉ិចល្មមឈប់ហើយ រំលាយខ្លួនឯងចោលទៅ កុំធ្វើតទៅទៀតនោះ មកតែបង្គ្រប់កិច្ចគេហ្នឹង គ្មានបានប្រយោជន៍ស្អីទេ ចូលរូមបោះឆ្នោតអ្វីឯណា។ រួចហើយមកធ្វើឯងចូលដៃចូលជើងប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ជារឿងកខ្វក់ណាស់ មិនត្រឹមត្រូវទេ។ ក្នុងចិត្តខ្ញុំគ្រាន់តែអាណិតព្រះអង្គទេ ទ្រង់មិនគួរទៅលាយឡំជាមួយនឹងនយោបាយទៀតទេ បើលោកពិការបែបនេះហើយ រស់នៅឱ្យបានសុខសប្បាយ មានកម្លាំងពលៈទៅ ត្រឡប់មកធ្វើនយោបាយធ្វើអ្វីទៀត។ កាលពីខ្លួនឯងរឹងប៉ឹងនោះ ទៅមិនរួចទៅហើយ ទម្រាំដល់ពិការអ៊ីចឹងទៀត រឹតតែទៅលែងរួចហើយ»។
គណបក្សហ៊្វុនស៊ិនប៉ិចក៏ដូចគណបក្សដទៃទៀតដែរ គឺមិនទទួលបានអាសនៈណាមួយពីការបោះឆ្នោតបែបបង្គ្រប់កិច្ច កាលពីចុងខែកក្កដាកន្លងទៅនោះទេ ដោយអាសនៈសរុបទាំង ១២៥ ត្រូវធ្លាក់ទៅក្នុងដៃគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន តែមួយគត់ ដែលបញ្ហានេះកំពុងរុញច្រានកម្ពុជាឱ្យធ្លាក់ចូលក្នុងរបបដឹកនាំឯកបក្ស ដែលប្រាសចាកពីរដ្ឋធម្មនុញ្ញរបស់ជាតិ៕
No comments:
Post a Comment