Saturday, 20 October 2018

មន្រ្តីបក្សប្រឆាំង៖ របបលោក ហ៊ុន សែន មិនអាចកុហកអន្តរជាតិ រឿងបំផ្លាញប្រជាធិបតេយ្យ


ដោយ មួង ណារ៉េត
2018-10-19
rfa
ទិដ្ឋភាពមួយជ្រុង ជាផ្នែកមួយនៃ​មហាសន្និបាតលើកទី ១៣៩ របស់​សហភាព​អន្តរសភា(IPU) ពីថ្ងៃទី ១៤-១៨ ខែ តុលា ឆ្នាំ ២០១៨។
ទិដ្ឋភាពមួយជ្រុង ជាផ្នែកមួយនៃ​មហាសន្និបាតលើកទី ១៣៩ របស់​សហភាព​អន្តរសភា(IPU) ពីថ្ងៃទី ១៤-១៨ ខែ តុលា ឆ្នាំ ២០១៨។
 រូបភាព​ពីហ្វេសប៊ុក​របស់​ IPU



អនុប្រធានគណបក្ស​សង្គ្រោះជាតិលោក អេង ឆៃអ៊ាង ក្រើន​រម្លឹក​របបលោក ហ៊ុន សែន រៀន​សូត្រ​តាម​សុភាសិត​ខ្មែរ ពាក់ព័ន្ធនឹង​វិបត្តិនយោបាយដ៏ធំ ដែលកំពុង​នាំ​ប្រទេសកម្ពុជា ទៅ​រក​មាត់​ជ្រោះនៃ​មហន្តរាយ ទាំង​ផ្នែក​សេដ្ឋកិច្ច និង ទំនាក់ទំនង​អន្តរជាតិ។ លោកបន្តថា រឿងរ៉ាវដែលជាការពិត ស្តីពីការរំលោភសិទ្ធិតំណាងរាស្រ្ត និង ការរំលោភសិទ្ធិមនុស្សជាទូទៅ របស់របបលោក ហ៊ុន សែន និង ពីសំណាក់សភាឯកបក្សរបស់របបនេះ មិនអាចបាំងភ្នែកសហគមន៍អន្តរជាតិបាននោះទេ <<ព្រះអាទិត្យ​ទោះបី​ជាវានៅ​ឆ្ងាយពីផែនដី ក៏វាធំ ហើយវាបំភ្លឺភពផែនដី​ទាំងមូលបាន។ ដូច្នេះ គ្មាននរណា​អាច​យក​បាតដៃ​ទៅបាំងព្រះអាទិត្យ​បាន​ទេ។ នោះជាសុភាសិត​ខ្មែរមួយ។ ម្យ៉ាង​ទៀត ដំរីស្លាប់​ មិនអាច​យកចង្អេរ​ទៅបាំងជិតទេ ព្រោះចង្អេរ​ធំប៉ុនណា ក៏មិនអាច​បាំង​ខ្មោច​ដំរីបានដែរ>>។



ប្រតិកម្ម​របស់​មន្រ្តីបក្សប្រឆាំងនេះ ធ្វើឡើងក្រោយគណៈកម្មាធិការសិទ្ធិមនុស្ស នៃ​សហភាព​អន្តរសភា IPU ចេញសេចក្តីសម្រេច​ ក្រោយការ​បិទបញ្ចប់​មហាសន្និបាត​លើកទី​ ១៣៩ របស់ខ្លួន កាលពីថ្ងៃទី ១៨ ខែ តុលាម្សិលមិញនេះ។ សហភាពអន្តរសភា សម្រេចតម្កល់សេចក្តីសន្និដ្ឋាន​លើកមុន​របស់​ខ្លួន ដោយ​នៅតែចាត់ទុកថា សិទ្ធិរបស់​តំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិ ត្រូវ​បាន​អាជ្ញាធរ​នៃ​របបលោក ហ៊ុន សែន រំលោភបំពាន​យ៉ាងកម្រោល។ មិនតែប៉ុណ្ណោះ សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង សិទ្ធិបង្កើត​អង្គការ​សមាគម និង សិទ្ធិជួបជុំគ្នា​ដើម្បី​តវ៉ា​ដោយ​សន្តិវិធី ក៏ត្រូវ​បាន​រំលោភបំពានខ្លាំងក្លាផងដែរ។

ប្រធាន​សហភាពអន្តរសភាអ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) បានគូសបញ្ជាក់នៅសេចក្តីប្រកាសព័ត៌មានថា អ្នកស្រី​ពិតជាបានជួបទាំងគណៈប្រតិភូសភា​ឯកបក្ស​នៃ​របបលោក ហ៊ុន សែន និង​ ជួប​តំណាង​គណបក្សប្រឆាំង។ ក្នុងពេលជួប​ជាមួយ​ប្រតិភូសភារបបលោក ហ៊ុន សែន អ្នកស្រី​បាន​បង្ហាញអំពីការ​ថ្កោលទោសយ៉ាង​ដាច់អហង្ការ ចំពោះ​ការ​រំលោភសិទ្ធិមនុស្សនេះ។ មិនតែប៉ុណ្ណោះ អ្នកស្រី​បាន​ស្នើឲ្យ​របបលោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​បេសកកម្ម​របស់សហភាពអន្តរសភា ចុះទៅជួប​លោក កឹម សុខា ដែលកំពុង​ត្រូវ​របបនេះ​ ឃុំខ្លួន​ក្នុង​ផ្ទះ។

សេចក្តីសម្រេចរបស់​សហភាព​អន្តរសភា IPU នេះ ធ្វើ​ឲ្យ​គណៈប្រតិភូសភា​ឯកបក្ស​របស់របបលោក ហ៊ុន សែន សម្តែងការ​ខកចិត្ត​យ៉ាង​ខ្លាំង។ នៅក្នុងសេចក្តីថ្លែងការណ៍​ ដែលចេញភ្លាមៗ​ក្រោយ​សេចក្តីសម្រេចនេះ គណៈប្រតិសភាឯកបក្សកម្ពុជា ថា​ការខកចិត្ត​យ៉ាង​ខ្លាំង​នេះ គឺដោយសារ​ ស្ថាប័ននេះ​​បាន​ផ្តល់​ជូនព័ត៌មាន ដ៏ច្រើនសន្ធឹកសន្ធាប់​ជាច្រើនលើកច្រើនសារ តែគណៈកម្មាធិការ​សិទ្ធិមនុស្ស​សហភាពអន្តរសភា នៅ​តែ​សម្រេច​ប្រឆាំង​ និង ថ្កោលទោស​របបនេះ​ដដែល។ គណៈប្រតិភូដដែល ចោទ​ស្ថាប័នសភាអន្តរជាតិមួយនេះ ថាលាបពណ៌កម្ពុជាឲ្យ​ខ្មៅងងឹត ហើយ​ថា​សេចក្តី​សម្រេច​នោះ​លម្អៀង ដោយ​មើលរម្លងភាព​ចាស់​ទុំ​ខាង​សិទ្ធិមនុស្ស​របស់​ពលរដ្ឋ​នៃ​របបនេះ។ មិនតែប៉ុណ្ណោះ សភាឯកបក្សកម្ពុជា សម្តែង​ការ​មិនពេញចិត្ត​ដែលសហភាព​អន្តរសភា នៅតែទទួលស្គាល់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលរបបលោក ហ៊ុន សែន អះអាងថាលែងជា​សមាជិក​សភា​ទៀត​ហើយ។ ជាចុងក្រោយ សភាឯកបក្ស​នេះ បដិសេធសេចក្តី​សម្រេច របស់​សហភាពអន្តរសភានេះ។

អ្នកវិភាគ អ្នកតាមដាន​សង្គម និង ពលរដ្ឋទូទៅ​ យល់ឃើញថា របបលោក ហ៊ុន សែន រងការ​អាម៉ាស់​ផ្ទួន​ៗ​លើ​ឆាកអន្តរជាតិ ជាពិសេស​នៅ​ក្នុងមហាសន្និបាតសហភាពអន្តរសភានេះ។ ការ​អាម៉ាស់ទីមួយ គឺការណ៍ដែលគណៈប្រតិភូសភាឯកបក្សកម្ពុជា ដែលដឹកនាំដោយ​អនុប្រធានទីពីរ​រដ្ឋសភា អ្នកស្រី ឃួន សុដារី និង លោក ឈាង វុន ព្រមទាំងមន្រ្តីរបបលោក ហ៊ុន សែន មួយចំនួនទៀត បំភ្លៃពត៌មានអំពីជំហ​ររបស់​ប្រធានសហភាពអន្តរសភា គឺអ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) ដោយ​អះអាងថា អ្នកស្រីគាំទ្រ​ការដឹកនាំ​របស់​លោក ហ៊ុន សែន និង អបអរសាទរ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា។ ការពិតនេះ បាន​លាតត្រដាង​ជាសាធារណៈ ក្រោយ​អ្នកស្រី ហ្កាប្រ៊ីឡា សរសេរលើ​បណ្តាញ​សង្គម Twitter របស់​អ្នកស្រី ដោយបដិសេធយ៉ាង​ដាច់​អហង្ការ ទៅនឹងការ​បំផ្លើស​ព័ត៌មាន ដែល​នាំ​ឲ្យ​មានការ​យល់​ច្រឡំ។

ការ​អាម៉ាស់ទីពីរ គឺការណ៍​ដែល​គណៈកម្មាធិការសិទ្ធិមនុស្ស  នៃសហភាពអន្តរសភា ចេញសេចក្តី​សម្រេចថ្កោលទោសរបបលោក ហ៊ុន សែន និង ទាមទារ​ឲ្យ​របបនេះ ដោះលែង​លោក កឹម សុខា និង អ្នកទោសនយោបាយទាំងអស់ និង ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ។

របបលោក ហ៊ុន សែន កំពុង​ប្រឹងប្រែង​រកភាព​ស្របច្បាប់ និង ការ​ទទួលស្គាល់ពី​សហគមន៍អន្តរជាតិ ដោយ​ខិតខំ​បង្ហាញ​ខ្លួន​ក្នុងកិច្ច​ប្រជុំ​អន្តរជាតិ​នានា ដើម្បី​បង្ហាញ​អំណះអំណាងរបស់ខ្លួន ថា​របបនេះ​ស្របច្បាប់ ស្របតាមឆន្ទៈរាស្រ្ត​ ក្រោយ​ការ​រៀបចំ​ការបោះឆ្នោត ដែល​រងការ​រិះគន់ជុំទីស ថា​ជាការបោះឆ្នោត​ក្លែងក្លាយ​នោះ។

ប៉ុន្តែ លោក អេង ឆៃអ៊ាង ថាដើម្បី​រកភាព​ស្របច្បាប់ និង ស្តារវិបត្តិនយោបាយ​បច្ចុប្បន្ន​បាន របបលោក ហ៊ុន សែន មិនចាំបាច់​ធ្វើអ្វីច្រើននោះទេ គឺគ្រាន់តែ​ស្តារស្ថានភាពអាក្រក់ ឲ្យវិលទៅរកសភាដើមវិញ ដោយដោះលែងលោក កឹម សុខា ផ្តល់នីតិសម្បទា​ដល់​គណបក្សសង្គ្រោះជាតិវិញ អនុញ្ញាត​ឲ្យ​​អង្គការ​សង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យដំណើរការ​ឡើងវិញ ឈប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង និង រៀបចំ​ការ​បោះឆ្នោត​ ឡើងវិញ​ឲ្យ​មានភាព​សេរី ត្រឹមត្រូវ និង យុត្តិធម៌ នោះជាការស្រេច << របបលោក ហ៊ុន សែន បើ​ចង់ស្តារ​មុខ​មាត់​កម្ពុជា​ឡើង​វិញ វាអត់​មានអ្វីលំបាកធ្វើទេ។ យើង​វិលមកផ្សះផ្សារ​ជាតិ អនុវត្ត​នយោបាយ​បង្រួប​ម្រួម​ជាតិ ហើយ​យើង​ជជែក​គ្នា​ក្នុង​រង្វង់គ្រួសារខ្មែរ ដើម្បី​ដោះស្រាយ​សម្រាប់​ប្រយោជន៍​ជាតិ​ វាអាច​ទៅរួ​ចហើយ។ ប៉ុន្តែ បើ​របបលោក​ ហ៊ុន សែន នៅតែគិតខិតខំការពារ​អំណាច​ផ្តាច់​ការ​របស់​ខ្លួន គឺគ្មានមុខមាត់​អ្វី​លើឆាក​អន្តរជាតិ​ទៀតទេ>>។

​រហូតមកដល់ពេលនេះ របបលោក ហ៊ុន សែន កំពុង​រងសម្ពាធយ៉ាង​ខ្លាំង ពី​សហគមន៍​អន្តរជាតិ ដែលទាមទារ​ឲ្យ​របបនេះ ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ។ បន្ថែមលើការ​ថ្កោលទោស​របស់​សហភាព​អន្តរសភា សហរដ្ឋអាមេរិក ក៏កំពុង​ដាក់ទណ្ឌកម្មរបបនេះជាបណ្តើរៗ ស្របពេលដែលសភា​អាមេរិក បាន​អនុម័តច្បាប់​ប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៨ ដើម្បីដាក់ទណ្ឌកម្មមន្រ្តីរបបនេះ។ ចំណែក​ឯ​​សហភាពអឺរ៉ុប បានជូនដំណឹង​រួច​ទៅហើយ អំពីការ​ចាប់ផ្តើមនីតិវិធី បញ្ឈប់ការ​ផ្តល់ការអនុគ្រោះពន្ធ​ ទៅកម្ពុជា។

អ្នកវិភាគ និង អ្នកឃ្លាំមើលសង្គម ព្រមានថា របបលោក ហ៊ុន សែន ពិតជាមិនអាច​ចៀសផុត ពី​ទណ្ឌកម្មបន្ថែមពី​សហគមន៍​អន្តរជាតិ នោះឡើយ​ បើ​របបនេះ នៅតែ​រឹងទទឹង​ មិនព្រមគោរពគោលការណ៍​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ៕

1 comment:

Anonymous said...

Stupid chicken EU with all talk and no action. You have Sam Rainsy's permission to impose a trade sanction. Do it now! Stop wasting time talking with Hun Insane.