ដោយ មួង ណារ៉េត
2018-10-19
rfa

ទិដ្ឋភាពមួយជ្រុង ជាផ្នែកមួយនៃមហាសន្និបាតលើកទី ១៣៩ របស់សហភាពអន្តរសភា(IPU) ពីថ្ងៃទី ១៤-១៨ ខែ តុលា ឆ្នាំ ២០១៨។
រូបភាពពីហ្វេសប៊ុករបស់ IPU
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ក្រើនរម្លឹករបបលោក ហ៊ុន សែន រៀនសូត្រតាមសុភាសិតខ្មែរ ពាក់ព័ន្ធនឹងវិបត្តិនយោបាយដ៏ធំ ដែលកំពុងនាំប្រទេសកម្ពុជា ទៅរកមាត់ជ្រោះនៃមហន្តរាយ ទាំងផ្នែកសេដ្ឋកិច្ច និង ទំនាក់ទំនងអន្តរជាតិ។ លោកបន្តថា រឿងរ៉ាវដែលជាការពិត ស្តីពីការរំលោភសិទ្ធិតំណាងរាស្រ្ត និង ការរំលោភសិទ្ធិមនុស្សជាទូទៅ របស់របបលោក ហ៊ុន សែន និង ពីសំណាក់សភាឯកបក្សរបស់របបនេះ មិនអាចបាំងភ្នែកសហគមន៍អន្តរជាតិបាននោះទេ <<ព្រះអាទិត្យទោះបីជាវានៅឆ្ងាយពីផែនដី ក៏វាធំ ហើយវាបំភ្លឺភពផែនដីទាំងមូលបាន។ ដូច្នេះ គ្មាននរណាអាចយកបាតដៃទៅបាំងព្រះអាទិត្យបានទេ។ នោះជាសុភាសិតខ្មែរមួយ។ ម្យ៉ាងទៀត ដំរីស្លាប់ មិនអាចយកចង្អេរទៅបាំងជិតទេ ព្រោះចង្អេរធំប៉ុនណា ក៏មិនអាចបាំងខ្មោចដំរីបានដែរ>>។
ប្រតិកម្មរបស់មន្រ្តីបក្សប្រឆាំងនេះ ធ្វើឡើងក្រោយគណៈកម្មាធិការសិទ្ធិមនុស្ស នៃសហភាពអន្តរសភា IPU ចេញសេចក្តីសម្រេច ក្រោយការបិទបញ្ចប់មហាសន្និបាតលើកទី ១៣៩ របស់ខ្លួន កាលពីថ្ងៃទី ១៨ ខែ តុលាម្សិលមិញនេះ។ សហភាពអន្តរសភា សម្រេចតម្កល់សេចក្តីសន្និដ្ឋានលើកមុនរបស់ខ្លួន ដោយនៅតែចាត់ទុកថា សិទ្ធិរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន រំលោភបំពានយ៉ាងកម្រោល។ មិនតែប៉ុណ្ណោះ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និង សិទ្ធិបង្កើតអង្គការសមាគម និង សិទ្ធិជួបជុំគ្នាដើម្បីតវ៉ាដោយសន្តិវិធី ក៏ត្រូវបានរំលោភបំពានខ្លាំងក្លាផងដែរ។
ប្រធានសហភាពអន្តរសភាអ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) បានគូសបញ្ជាក់នៅសេចក្តីប្រកាសព័ត៌មានថា អ្នកស្រីពិតជាបានជួបទាំងគណៈប្រតិភូសភាឯកបក្សនៃរបបលោក ហ៊ុន សែន និង ជួបតំណាងគណបក្សប្រឆាំង។ ក្នុងពេលជួបជាមួយប្រតិភូសភារបបលោក ហ៊ុន សែន អ្នកស្រីបានបង្ហាញអំពីការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការរំលោភសិទ្ធិមនុស្សនេះ។ មិនតែប៉ុណ្ណោះ អ្នកស្រីបានស្នើឲ្យរបបលោក ហ៊ុន សែន អនុញ្ញាតឲ្យបេសកកម្មរបស់សហភាពអន្តរសភា ចុះទៅជួបលោក កឹម សុខា ដែលកំពុងត្រូវរបបនេះ ឃុំខ្លួនក្នុងផ្ទះ។
សេចក្តីសម្រេចរបស់សហភាពអន្តរសភា IPU នេះ ធ្វើឲ្យគណៈប្រតិភូសភាឯកបក្សរបស់របបលោក ហ៊ុន សែន សម្តែងការខកចិត្តយ៉ាងខ្លាំង។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញភ្លាមៗក្រោយសេចក្តីសម្រេចនេះ គណៈប្រតិសភាឯកបក្សកម្ពុជា ថាការខកចិត្តយ៉ាងខ្លាំងនេះ គឺដោយសារ ស្ថាប័ននេះបានផ្តល់ជូនព័ត៌មាន ដ៏ច្រើនសន្ធឹកសន្ធាប់ជាច្រើនលើកច្រើនសារ តែគណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា នៅតែសម្រេចប្រឆាំង និង ថ្កោលទោសរបបនេះដដែល។ គណៈប្រតិភូដដែល ចោទស្ថាប័នសភាអន្តរជាតិមួយនេះ ថាលាបពណ៌កម្ពុជាឲ្យខ្មៅងងឹត ហើយថាសេចក្តីសម្រេចនោះលម្អៀង ដោយមើលរម្លងភាពចាស់ទុំខាងសិទ្ធិមនុស្សរបស់ពលរដ្ឋនៃរបបនេះ។ មិនតែប៉ុណ្ណោះ សភាឯកបក្សកម្ពុជា សម្តែងការមិនពេញចិត្តដែលសហភាពអន្តរសភា នៅតែទទួលស្គាល់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលរបបលោក ហ៊ុន សែន អះអាងថាលែងជាសមាជិកសភាទៀតហើយ។ ជាចុងក្រោយ សភាឯកបក្សនេះ បដិសេធសេចក្តីសម្រេច របស់សហភាពអន្តរសភានេះ។
អ្នកវិភាគ អ្នកតាមដានសង្គម និង ពលរដ្ឋទូទៅ យល់ឃើញថា របបលោក ហ៊ុន សែន រងការអាម៉ាស់ផ្ទួនៗលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងមហាសន្និបាតសហភាពអន្តរសភានេះ។ ការអាម៉ាស់ទីមួយ គឺការណ៍ដែលគណៈប្រតិភូសភាឯកបក្សកម្ពុជា ដែលដឹកនាំដោយអនុប្រធានទីពីររដ្ឋសភា អ្នកស្រី ឃួន សុដារី និង លោក ឈាង វុន ព្រមទាំងមន្រ្តីរបបលោក ហ៊ុន សែន មួយចំនួនទៀត បំភ្លៃពត៌មានអំពីជំហររបស់ប្រធានសហភាពអន្តរសភា គឺអ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) ដោយអះអាងថា អ្នកស្រីគាំទ្រការដឹកនាំរបស់លោក ហ៊ុន សែន និង អបអរសាទរលទ្ធផលបោះឆ្នោតនៅកម្ពុជា។ ការពិតនេះ បានលាតត្រដាងជាសាធារណៈ ក្រោយអ្នកស្រី ហ្កាប្រ៊ីឡា សរសេរលើបណ្តាញសង្គម Twitter របស់អ្នកស្រី ដោយបដិសេធយ៉ាងដាច់អហង្ការ ទៅនឹងការបំផ្លើសព័ត៌មាន ដែលនាំឲ្យមានការយល់ច្រឡំ។
ការអាម៉ាស់ទីពីរ គឺការណ៍ដែលគណៈកម្មាធិការសិទ្ធិមនុស្ស នៃសហភាពអន្តរសភា ចេញសេចក្តីសម្រេចថ្កោលទោសរបបលោក ហ៊ុន សែន និង ទាមទារឲ្យរបបនេះ ដោះលែងលោក កឹម សុខា និង អ្នកទោសនយោបាយទាំងអស់ និង ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។
របបលោក ហ៊ុន សែន កំពុងប្រឹងប្រែងរកភាពស្របច្បាប់ និង ការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ដោយខិតខំបង្ហាញខ្លួនក្នុងកិច្ចប្រជុំអន្តរជាតិនានា ដើម្បីបង្ហាញអំណះអំណាងរបស់ខ្លួន ថារបបនេះស្របច្បាប់ ស្របតាមឆន្ទៈរាស្រ្ត ក្រោយការរៀបចំការបោះឆ្នោត ដែលរងការរិះគន់ជុំទីស ថាជាការបោះឆ្នោតក្លែងក្លាយនោះ។
ប៉ុន្តែ លោក អេង ឆៃអ៊ាង ថាដើម្បីរកភាពស្របច្បាប់ និង ស្តារវិបត្តិនយោបាយបច្ចុប្បន្នបាន របបលោក ហ៊ុន សែន មិនចាំបាច់ធ្វើអ្វីច្រើននោះទេ គឺគ្រាន់តែស្តារស្ថានភាពអាក្រក់ ឲ្យវិលទៅរកសភាដើមវិញ ដោយដោះលែងលោក កឹម សុខា ផ្តល់នីតិសម្បទាដល់គណបក្សសង្គ្រោះជាតិវិញ អនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដំណើរការឡើងវិញ ឈប់ធ្វើទុក្ខបុកម្នេញលើសំឡេងប្រឆាំង និង រៀបចំការបោះឆ្នោត ឡើងវិញឲ្យមានភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌ នោះជាការស្រេច << របបលោក ហ៊ុន សែន បើចង់ស្តារមុខមាត់កម្ពុជាឡើងវិញ វាអត់មានអ្វីលំបាកធ្វើទេ។ យើងវិលមកផ្សះផ្សារជាតិ អនុវត្តនយោបាយបង្រួបម្រួមជាតិ ហើយយើងជជែកគ្នាក្នុងរង្វង់គ្រួសារខ្មែរ ដើម្បីដោះស្រាយសម្រាប់ប្រយោជន៍ជាតិ វាអាចទៅរួចហើយ។ ប៉ុន្តែ បើរបបលោក ហ៊ុន សែន នៅតែគិតខិតខំការពារអំណាចផ្តាច់ការរបស់ខ្លួន គឺគ្មានមុខមាត់អ្វីលើឆាកអន្តរជាតិទៀតទេ>>។
រហូតមកដល់ពេលនេះ របបលោក ហ៊ុន សែន កំពុងរងសម្ពាធយ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ ដែលទាមទារឲ្យរបបនេះ ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។ បន្ថែមលើការថ្កោលទោសរបស់សហភាពអន្តរសភា សហរដ្ឋអាមេរិក ក៏កំពុងដាក់ទណ្ឌកម្មរបបនេះជាបណ្តើរៗ ស្របពេលដែលសភាអាមេរិក បានអនុម័តច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៨ ដើម្បីដាក់ទណ្ឌកម្មមន្រ្តីរបបនេះ។ ចំណែកឯសហភាពអឺរ៉ុប បានជូនដំណឹងរួចទៅហើយ អំពីការចាប់ផ្តើមនីតិវិធី បញ្ឈប់ការផ្តល់ការអនុគ្រោះពន្ធ ទៅកម្ពុជា។
អ្នកវិភាគ និង អ្នកឃ្លាំមើលសង្គម ព្រមានថា របបលោក ហ៊ុន សែន ពិតជាមិនអាចចៀសផុត ពីទណ្ឌកម្មបន្ថែមពីសហគមន៍អន្តរជាតិ នោះឡើយ បើរបបនេះ នៅតែរឹងទទឹង មិនព្រមគោរពគោលការណ៍សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ៕
1 comment:
Stupid chicken EU with all talk and no action. You have Sam Rainsy's permission to impose a trade sanction. Do it now! Stop wasting time talking with Hun Insane.
Post a Comment