Thursday, 25 October 2018

លោក ហ៊ុន សែន ស្នើសុំ​ឱ្យ​ពលរដ្ឋ​កុំ​បារម្ភ​ពី​បញ្ហា​ជន​ជាតិចិន ខណៈ​អ្នក​ជំនាញ​ថា នេះ​ជា​រឿង​សំខាន់​


ដែល​របប​ក្រុង​ភ្នំពេញ​ត្រូវ​ដោះ​ស្រាយ
ដោយ សេក បណ្ឌិត
2018-10-25 
rfa
លោក ហ៊ុន សែន  ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។
លោក ហ៊ុន សែន ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។
រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន



មេដឹក​នាំ​របបឯកបក្ស​ លោក​ ហ៊ុន សែន បាន​ចេញ​មុខ​ការពារ​ជន​ជាតិ​ចិន​នៅកម្ពុជា ជា​ថ្មីម្តង​ទៀត​ ដោយ​​​លោក​បាន​ជេរប្រទេច​​អ្នក​ដែល​រិះគន់​ការ​វិនិយោគ​របស់ចិន​ ឬ​ដែល​យល់​ថា ចិន​មាន​មហិច្ឆតា​គ្រប់គ្រង​កម្ពុជា។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​យល់​ថា លោក​​ ហ៊ុន សែន មិនចាំបាច់​ថ្លែង​ការ​ពារ​ជន​ជាតិ​ចិន​ឡើយ​ ពោល​គឺ អាជ្ញាធរ​របស់​លោក​គ្រាន់​តែ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ទៅលើ​ពួក​គេ​ទៅបាន​ហើយ។

លោក ហ៊ុន សែន ប្រាប់ពលរដ្ឋខ្មែរថា កុំឱ្យ​​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ជន​ជាតិ​ចិន​នៅកម្ពុជា។ លោក​ថ្លែង​ថា​ជន​ជាតិ​ចិន​ទាំងនោះ ជា​កម្មករ​ជំនាញ​ដែលមក​ធ្វើ​ការ​ក្នុងការដ្ឋាន​សំណង់ និង​គម្រោង​វិនិយោគ​ខ្នាត​ធំ​ជា​ច្រើន ដែល​កំពុង​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស។



លោក ហ៊ុន សែន ថ្លែងប្រាប់​ក្រុម​អ្នក​គាំទ្រ​រូប​លោក​នៅ​ប្រទេស​ស្វីស (Switzerland) កាល​ពី​ថ្ងៃ​ទី២៣ តុលា​ថា មូលហេតុ​ដែល​តម្រូវ​ឱ្យ​កម្មករ​ជំនាញ​ចិន​ទាំងនោះ​មក​ធ្វើ​ការ​នៅ​កម្ពុជា ដោយសារ​កម្ពុជា​មិន​មាន​កម្មករ​ជំនាញ​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​របស់​អ្នក​វិនិយោគ។ លោក​អះអាង​ថា ក្រោយ​ចប់​គម្រោង កម្មករចិន​ទាំង​នោះ​នឹង​វិលត្រឡប់​ទៅស្រុក​របស់​ពួក​គេ​វិញ​ហើយ ហើយ​ច្បាប់​របស់​កម្ពុជា​ក៏​មិន​អាច​អនុញ្ញាត​ឱ្យ​ពួក​គេ​ស្នាក់​នៅ​ដោយ​ខុស​ច្បាប់​នោះ​ដែរ៖ «បង​ប្អូនខ្លះ​កង្វល់​ពី​ចិន​នៅ​កំពង់សោម។ បងប្អូន​អើយ! សំណង់​ច្រើន​ណាស់ ​យើង​ផ្ដល់​កម្មករ​ឱ្យ​គេ​មិនគ្រប់ ​ជំនាញមិនគ្រប់​ អ៊ីចឹងត្រូវ​ធ្វើ​ដូច​ម្ដេច? ត្រូវ​បើក​ឱកាស​ដើម្បី​ឱ្យ​គេ​យក​កម្មករ​មក​សាង​សង់​​ទៅ​លើ​សំណង់ ដូច​ជា ស្ពាន ដូច​ជា​អ្វី​មួយ​ចំ​នួន​​នៃ​បច្ចេក​ទេស​ ដែល​យើង​​មិន​ទាន់​ទៅ​ដល់​។ ពេលគេកសាង​ហើយ ​គេ​មិន​នៅស្រុក​ខ្មែរ​នោះទេ។ គេ​ទៅ​ស្រុក​គេ​វិញ​ហើយ កុំ​ឆ្ងល់​ពេក​ ហើយ​យើង​ក៏​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​គេ​នៅ​ដែរ»។

លោក​ ហ៊ុន សែន បាន​ចេញមុខ​និយាយ​​​ការពារ​ជន​ជាតិ​ចិនជា​បន្ត​បន្ទាប់​ ដែល​ជា​ការ​​ឆ្លើយ​តប​នឹង​កង្វល់​ និង​មតិរិះគន់​​របស់​សាធារណជន​មួយ​ចំនួន​អំពី​ការ​បន្ត​ហូរ​ចូល​ជន​ជាតិ​ចិន​ទៅ​ក្នុង​ប្រទេស​កម្ពុជា និង​សកម្មភាព​ល្មើស​ច្បាប់​នានា ដែល​ក្រុម​ជន​ជាតិ​ចិន​មួយ​ចំនួន​បាន​ប្រព្រឹត្ត​នៅលើ​ទឹក​ដី​ខ្មែរ។

ទោះ​ជា​យ៉ាង​ណា ​លោក​ ហ៊ុន សែន មិន​បាន​ឆ្លើយតប​ឱ្យ​ចំ​ចំណុច​ទៅ​នឹង​កង្វល់​របស់​សាធារណជន​នោះ​ឡើយ​ ព្រោះ​ក្តី​បារម្ភ​របស់​សាធារណជន​ភាគ​ច្រើន​មិន​មែន​ផ្តោត​ទៅ​លើ​ជន​ជាតិ​ចិន ដែល​កំពុង​​ធ្វើ​ការ​តាម​ការដ្ឋាន​ ឬ​គម្រោង​វិនិយោគ​ធំៗ​ទាំងនោះឡើយ​។ កង្វល់​របស់​សាធារណៈ​ជន​ គឺផ្តោត​​ទៅលើ​ក្រុម​ជន​ជាតិ​ចិន​មួយ​ចំនួន ដែល​បង្ក​បញ្ហា​អសន្តិសុខ អំពើ​ហិង្សា និង​បទ​ល្មើស​នានា នៅ​លើ​ទឹក​ដី​កម្ពុជា ហើយ​សកម្មភាព​បែ​អនាធិបតេយ្យ​របស់​ពួក​គេ ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់។

តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អតីត​សមាជិក គ.ជ.ប លោក រ៉ុង ឈុន កត់​សម្គាល់​ថា ជនជាតិ​ចិន​មួយ​ចំនួន​ ដែល​បង្ក​បញ្ហា​នៅ​ខេត្ត​ព្រះសីហនុនោះ មិន​មែន​ជា​កម្មករ​ជំនាញ ឬ​ជា​អ្នក​មក​វិនិយោគ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ គឺ​ជា​ក្រុម​អ្នក​មក​លេង​ល្បែង​តាម​កាស៊ីណូ ឬ​កន្លែង​កម្សាន្ត​​ប៉ុណ្ណោះ ហើយ​ជា​ញឹក​ញាប់​ ពួក​គេ​បាន​បង្ក​បញ្ហា​អសន្តិសុខ​នៅក្នុង​ខេត្ត។ លោក​បន្ត​ថា បញ្ហា​នេះ​ក៏​បាន​រីក​រាល​ដាល​ទៅ​ដល់​តំបន់​ផ្សេង​ទៀត ដូច​ជា នៅ​ក្រុង​ប៉ោយ​ប៉ែត​ផង​ដែរ ហើយ​លោក​ជឿ​ថា បើ​របប​ក្រុង​ភ្នំពេញ​មិន​មាន​យន្តការ​ច្បាស់​លាស់​ដើម្បី​គ្រប់​គ្រង​ពួក​គេ​នោះ​ទេ បញ្ហា​នេះ​អាច​នឹង​រីក​រាល​ដាល​នៅ​ទូទាំង​ប្រទេស។ លោក​បន្ថែម​ថា ដោយ​សារ​ចិន​មាន​ឥទ្ធិពល​ខ្លាំង​លើ​កម្ពុជា ទើប​លោក​ ហ៊ុន សែន ថ្លែង​ការពារ​ចិន​បែប​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ស្នើ​ឱ្យ​របប ហ៊ុន សែន គិត​គូរ​ឱ្យ​បាន​ច្បាស់​លាស់​ជុំវិញ​បញ្ហា​ជន​ជាតិ​ចិន​នេះ ព្រោះ​នេះ​ជា​ក្តី​បារម្ភ​របស់​ពលរដ្ឋ​ទូទៅ ស្រប​ពេល​ដែល​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ចែង​យ៉ាង​ច្បាស់​ថា សេចក្តី​ស្នើ​ទាំង​ឡាយ​របស់​ប្រជា​ពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះ​ស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៖ «យើង​នៅ​មាន​ការ​ព្រួយ​បារម្ភ ដែល​យើង​ឃើញ​ការ​ហូរ​ចូល​​កើន​ឡើង​ខ្ពស់​មក​កម្ពុជា​យើង។ ប្រសិន​បើ​ជា​មិន​មាន​វិធានការ​ណា​មួយ​ឱ្យច្បាស់​លាស់​ទេ​ ពេល​នោះ​វានឹង​ប្រ​ឈម​​បញ្ហា​កើត​ឡើង​នៅ​ក្នុង​ស្រុក​​។ ហើយ​ឥលូវ​​យើង​ឃើញ​វា​កើត​ឡើង​នៅ​ខេត្ត​ព្រះសី​ហនុ ​​ថា​តើប៉ុន្មានខែ​ប៉ុន្មាន​ឆ្នាំ​ទៅ​ខាង​មុខ​ទៀត ​វា​​​​នឹង​កើត​នៅ​ខេត្ត​ផ្សេងៗ បន្ត​ទៅ​ទៀត​ ប្រសិន​បើ​យើង​មិន​មាន​វិធានការ។ ​បើ​យើង​និយាយ​អំពី​ច្បាប់​វិនិយោគ​ទុន​ អ្នក​ដែល​មក​វិនិយោគ​ដាក់​ទុន គឺគ្រាន់​តែដាក់ទុន ហើយ​ត្រូវ​ប្រើ​ប្រាស់​​​ជំនាញកម្មករ​កម្ពុជា​យើង។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ យើង​ឃើញ​រូប​ភាព​ចិន​មក​វិ​និយោគ​ទុន​ សង់​អាគារ​អី​ហ្នឹង​ ប្រើប្រាស់​កម្ម​ករ​ខ្លួន​គេ​​អ៊ីចឹង​សួរ​ថា​ខ្មែរ​យើង​មានការ​ងារ​មក​ពីណា​ធ្វើ​​​? នេះ​​​ជា​ចំណោទ​បញ្ហា»។

កាល​ពី​ចុង​ខែកញ្ញាកន្លងទៅ ឯក​អគ្គរដ្ឋទូត​ចិន​ចប់​អាណត្តិ​ប្រចាំ​កម្ពុជា​លោក ស្យុង ប៉ (Xong Bo) បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ជនជាតិ​ចិន​មួយ​ចំនួន បាន​ឆ្លៀត​ឱកាស​ធ្វើ​សកម្មភាព​ផ្សេងៗ ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​ពលរដ្ឋ​ខ្មែរ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មែន។ លោក​បាន​បញ្ជាក់​​ថា លោក​គាំទ្រ​ចំពោះ​ក្រសួង​មហាផ្ទៃ ដែល​យក​ចិត្ត​ទុក​ដាក់​ជួយ​បង្រ្កាប​បទល្មើស​ ឬ​សកម្មភាព​ខុស​ច្បាប់ និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដូច​ជា បទ​ល្មើស​ឆ្លង​ដែន ការ​ជួញ​ដូរ​គ្រឿងញៀន និង​ការ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ្យ​ជាដើម ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​មួយ​ចំនួន​នៅ​កម្ពុជា។

របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​បង្ហាញ​ថា គិត​ចាប់​តាំងពី​ឆ្នាំ ២០១៤ រហូត​ដល់​ពាក់​កណ្តាល​​ខែ​តុលា ឆ្នាំ ២០១៨ មាន​​ជន​ជាតិ​ចិន​ចំនួន​ជាង ១ពាន់ ៦រយ​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​បណ្តេញ​ចេញ​ពី​កម្ពុជា។ ជន​ជាតិ​ចិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ត្រឡប់​ទៅ​វិញ​នោះ ភាគ​ច្រើន​ប្រព្រឹត្ត​បទ​ល្មើស​គំរាម ជំរិត និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ិនធើណិត និង​មាន​ខ្លះ​ទៀត​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​​ចិន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន។ ក្រៅ​ពី​ស្នើសុំ​កុំ​ឱ្យ​ពលរដ្ឋ​បារម្ភ​រឿង​ជន​ជាតិ​ចិន​នេះ លោក ហ៊ុន សែន ថែម​ទាំង​បាន​សរសើរ​មហា​អំណាច​កុម្មុយនិស្ត​ចិន​ថា មិន​ដែល​បាន​លើក​កង​ទ័ព​ចូល​ឈ្លាន​ពាន​ប្រទេស​ដទៃ​ឡើយ ខណៈ​មាន​ប្រទេស​ដទៃ​ទៀត​ធ្លាប់​នាំ​កងទ័ព​ចូល​ឈ្លាន​ពាន​កម្ពុជា។ លោក​អះអាង​ទៀត​ថា មិន​មែន​តែ​កម្ពុជា​មួយ​ទេ ដែល​មាន​ភ្ញៀវ​ទេសចរ​ចិន​ច្រើន​ ប្រទេស​មហា​អំណាច ដូច​ជា សហរដ្ឋ​អាមេរិក និង​បារាំង​ ជា​ដើម សុទ្ធតែ​សម្បូរ​ជនជាតិ​ចិន​ទៅ​ដើរ​កម្សាន្ត​ដូច​គ្នា រហូត​មាន​ការ​សាងសង់​ទីប្រជុំ​ជន​ចិន​ទៀត​ផង៖ «ទេសចរណ៍​ចិន​ឆ្នាំ​ទៅ ១លាន ២សែន​នាក់​ ឆ្នាំ​នេះ​អាច​ឡើង​ដល់ ១លាន​កន្លះ។ អ៊ីចឹង​ទៅ​ត្រង់​ណា​ក៏​ឃើញ​ទេសចរណ៍​ចិន​ដែរ អ៊ីចឹង​នៅថា​ចិន​មក​ឈ្លាន​​ពាន​ខ្មែរ​​ទៀត។ អា​នេះ​ចប់​មិន​ដឹង​ថា រឿង​អ្វី? ឥឡូវ​នៅ​ស្រុក​បារាំង មាន​ក្រុង​ចិន (China Town) ទេ? មាន! អាមេរិក​មាន​ក្រុង​ចិន (China Town) ទេ? មាន! ស្រុក​ខ្មែរ​មិន​ទាន់​មាន​ក្រុង​ចិន (China Town) នោះ​ទេ។ មាន​អាគារ​របស់​ចិន។ ដល់​ពេល​គេ​អត់​មក​វិនិយោគ វា​ថា គេ​មិន​មក​វិនិយោគ។ ដល់​ពេល​គេ​មក​វិនិយោគ វា​ថា គេ​មក​ឈ្លាន​ពាន។ វា​ទៅ​ជា​អ៊ីចឹង​ទៅ អា​នេះ​ឆ្គួត​ឡប់​អី​វា។ យើង​ជា​រដ្ឋ​អធិបតេយ្យ។ ខ្ញុំ​និយាយ​ដោយ​ត្រង់ ​ចិន​មិន ដែល​នាំ​កង​ទ័ព​ចេញ​ផុត​ពី​ព្រំ​ប្រទល់​ដែន​របស់​ខ្លួន​នោះ​ទេ។ ប្រទេស​ដទៃ​នាំ​កងទ័ព​ចូល​ឈ្លាន​ពាន​​កម្ពុជា​ប៉ុន្មាន​ដង​ហើយ។ មើល​ទៅ​ឃើញ​ហើយ»។

ថ្លែង​នៅ​ត្រង់​ចំណុច​នេះ លោក​ ហ៊ុន សែន ហាក់​ដូច​ជា​បាន​បំភ្លេច​រឿង​សំខាន់​មួយ​អំពី​ប្រទេស​ចិន។ របប​ក្រុង​ប៉េកាំង​មិន​បាន​ចូល​ឈ្លាន​ពាន​កម្ពុជា​ដោយ​ផ្ទាល់​ដូច​កង​ទ័ពវៀតណាម ដែល​លោក​បាន​ទៅ​ពឹងពាក់​ឱ្យ​មក​ផ្តួល​រំលំ​របបខ្មែរ​ក្រហម​ឡើយ ក៏​ប៉ុន្តែ​ប្រទេស​ចិន​ គឺ​ជា​ខ្នង​បង្អែក ដែល​ផ្តល់​ទាំង​លុយ​កាក់ និង​អាវុធ​ទៅ​ឱ្យ​របប​ខ្មែរ​ក្រហម។ តាម​រយៈ​ការ​ជួយ​ជ្រោម​ជ្រែង​របប​ខ្មែរ​ក្រហម​នេះ​ ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ត្រូវ​បាត់​បង់​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ។

អ្នកវិភាគ​នយោបាយ​ លោក គឹម សុខ ថ្លែង​ថា មេ​ដឹក​នាំ​ដែល​គិត​ពី​ប្រយោជន៍​ជាតិ​ និង​ពលរដ្ឋ​របស់​ខ្លួន​ពិត​ប្រាកដ​​ តែ​ងតែ​យល់​ថា រឿង​ជន​អន្តោប្រវេសន៍​នេះ ជា​រឿង​ធំ មិន​ដូច​លោក​ ហ៊ុន សែន ​ឡើយ។ លោក​បន្ត​ថា ករណី​ជនជាតិ​ចិន​នេះ ជា​រឿង​ធំ ព្រោះ​ចំនួន​ជន​ជាតិ​ចិន​ហូរ​ចូល​មក​ស្រុក​ខ្មែរ​យ៉ាង​គំហុក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ពួក​គេ​ខ្លះ​បែរ​ជា​ទទួល​បាន​សញ្ជាតិ និង​ឋានៈ​បុណ្យសក្តិ ទាំង​ដែល​ពួក​គេ​មិន​ចេះ​ភាសា​ខ្មែរ​មួយ​ម៉ាត់​ផង​ក៏​មាន។ មាន​ជន​ជាតិ​ចិន​ខ្លះ​ទៀត​ក៏​បាន​ប្រើ​ប្រាស់​ទឹក​ដី​កម្ពុជា ជា​កន្លែង​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​អំពើ​អសន្តិសុខ​ជា​ច្រើន​ប្រភេទ ដែល​បង្ក​ជា​ក្តីព្រួយ​បារម្ភ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ៖ «គាត់​ថា គេ​ទៅវិញ។ មែន! មាន​អ្នក​ទៅ​វិញ ប៉ុន្តែ​អ្នក​ដែល​បានក្លាយ​ទៅ​ជា​សញ្ជាតិ​ខ្មែរ មាន​ទាំង​លុយ​​កាក់​ និង​មាន​សិទ្ធិ​ដូច​ខ្មែរ ហើយ​គេ​ទិញ​ផ្ទះ​នៅ​ស្រុក​ខ្មែរ ទិញ​ដី​នៅ​ស្រុក​ខ្មែរ។ លុយ​គេ​ច្រើន ដូច្នេះ​​ទោះ​បី​កម្ពុជា​មិន​មាន​ក្រុង​ចិន (China Town) ដូច​នៅ​អាមេរិក ​ដូច​នៅ​ប្រទេស​បារាំង​ ប៉ុន្តែ​នៅ​ពេល​ដែល​កម្ពុជា​មិន​ធ្វើ​ក្នុង​​ក្រប​ខ​ណ្ឌ​ច្បាប់​ដោយ​ខ្លួន​ឯង ហើយ​បណ្ដោយ​ឱ្យ​ជន​ជាតិ​ចិន​ប្រើ​លុយ​កាក់អំ​ណាច​សម្ភារៈ​របស់​គេ​តាម​ចិត្ត​ ហើយ​មេដឹក​នាំ​ខ្មែរ​សហការ​ជា​មួយ​គេ​ទៀត​នោះ​ វា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា។ គេ​អាច​គ្រប់គ្រង​ប្រទេស​កម្ពុជា​បាន​យ៉ាង​ងាយ តាម​រយៈ​លុយ​កាក់​របស់​គេ»។

អ្នក​រិះគន់​របបក្រុង​ភ្នំពេញ​ឥត​សំចៃ​មាត់​រូប​នេះ យល់​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ​ គ្រាន់​តែ​ជា​លេស​ដើម្បី​បិទ​បាំង​កំហុស​របស់​លោក និង​ប្រទេស​ចិន​ប៉ុណ្ណោះ។ លោក​ថ្លែង​ថា កំហុស​របស់​លោក ហ៊ុន សែន គឺ​អសមត្ថភាព​ក្នុង​ការ​ដឹក​នាំ និង​ការ​គិត​តែ​ពី​អំណាច​របស់​ខ្លួន​ ដោយ​មិន​ខ្វល់​ពី​ប្រយោជន៍​ជាតិ​ជាធំ។ លោក​ថា​ក្នុង​រយៈ​ពេល​នៃ​ការ​កាន់​អំណាច​ជាង ៣០ឆ្នាំ​កន្លង​ទៅ​នេះ លោក​ ហ៊ុន សែន គួរ​ណាស់​តែ​បាន​បង្កើត​ធនធាន​មនុស្ស និង​បំពាក់​បំប៉ន​សមត្ថភាព និង​ជំនាញ​​ដល់​ពលរដ្ឋ​របស់ខ្លួន​ មិន​មែន​យក​លេស​ថា កង្វះ​កម្មករ​ជំនាញ​ ហើយ​បើក​ដៃ​ឱ្យ​ជន​ជាតិ​ចិន​ហូរ​ចូល​មក​ក្នុង​ប្រទេស​យ៉ាង​គំហុក​បែប​នេះ​ឡើយ។ ចំណែក​​កំហុស​របស់​ចិន​វិញ គឺ​ការ​ជួយ​ខ្មែរ​ក្រហម​សម្លាប់​ពលរដ្ឋ​ខ្មែរ​ និង​ការ​បន្ត​ជួយ​របប​ដឹក​នាំ​បច្ចប្បន្ន ដើម្បី​ផល​ចំណេញ​ផ្នែក​សេដ្ចកិច្ច និង​នយោបាយ​របស់​ខ្លួន។ លោក គឺម សុខ ចាត់​ទុក​ថា នេះ​ក៏​ជា​អំពើ​ឈ្លាន​ពាន​ដែរ គ្រាន់​តែ​មិន​មែន​យក​កងទ័ព​មក​ដោយ​ផ្ទាល់៖ «លុយ និង​ការ​ជួយ​ដោយ​អាវុធ គឺ​ជា​ការ​ឈ្លាន​ពាន​មួយ​ដ៏ធំ ​ពី​ព្រោះ​ការ​​ជួយ​លុយ ​ជួយ​អាវុធ ហើយ​​ទាញទៅ​វិញ​នូវ​​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​កម្ពុជា ឧទាហរណ៍ សេដ្ឋកិច្ច​ ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ទៅ​ជា​ហិនហោច ​នេះ​គឺ​ជា​ការ​ដាក់​ធ្នាក់។ ​យក​លុយ ​​យក​អាវុធ​ទៅជួយ​ក្រុម​ណា​មួយ ដើម្បី​ទាញ​យក​​ផល​ប្រ​យោជន៍​​​ពី​ប្រទេស​កម្ពុជា​យ៉ាង​ច្រើន​​សន្ធឹក​សន្ធាប់។ នេះ​​មិនរាប់​ទាំង​ផល​ប្រយោជន៍​នយោបាយ​អន្តរជាតិ​ផង ដូច្នេះ​​នេះ​ជា​របៀប​ឈ្លានពាន​មួយ​របស់​ប្រ​ទេស​មហា​អំណាច»។

មហាយក្ស​ចិន​ និង​របប​ដឹក​នាំ​កម្ពុជា​ជា​បន្ត​បន្ទាប់ បាន​រួម​ដំណើរ​លើ​វិថី​ការទូត​អស់​រយៈ​ពេល ៦ ទសវត្សរ៍​មក​ហើយ ហើយ​ក្នុងសម័យ​កាល​បច្ចុប្បន្ន ​ក្រុង​ប៉េកាំង​បាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​ខ្លាំង​លើ​កម្ពុជា ទាំង​នៅ​លើ​វិស័យ​នយោបាយ និង​សេដ្ឋកិច្ច។ នៅ​លើ​វិស័យ​នយោបាយ ចិន​បាន​ប្រកាស​គាំទ្រ​ពេញ​ទំហឹង​ដល់​របប​ថ្មី​ឯកបក្ស​របស់​លោក ហ៊ុន សែន និង​បាន​ចូល​ដៃ​គាស់​រំលើង​គ្រឹះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ចំណែក​ឯ​នៅ​លើ​វិស័យ​សេដ្ឋកិច្ច​វិញ ចិន​បាន​ផ្តល់​ជំនួយ និង​កម្ចី​រាប់​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា។ ជា​ការ​ឆ្លើយ​តប របប​ក្រុង​ភ្នំពេញ​បាន​ប្រកាន់​ជំហរ​គោរព​ឥត​ងាក​រេ​ចំពោះ​គោល​នយោបាយ​ចិន​តែ​មួយ​នៅ​ចំពោះ​មុខ​កោះ​តៃវ៉ាន់ និង​គាំទ្រ​ទាំង​ស្រុង​ចំពោះ​គម្រោង​ផ្តួច​ផ្តើម​ “ផ្លូវ​មួយ​ ខ្សែ​ក្រវ៉ាត់​មួយ” (One Belt One Road) ដែល​​ជា​មហិច្ឆតា​ឈោង​ឡើង​ជា​មហា​អំណាច​លេខ​មួយ​លើ​លោក​របស់​ចិន​ផង​។ លើសពី​នេះ​របប​លោក​ ហ៊ុន សែន បាន​បង្ហាញ​ជំហរ​​លម្អៀង​ទៅ​រក​ចិន​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ ចំណែក​នៅ​ខាង​ក្នុង​ប្រទេស​វិញ ដី​សម្បទាន​សេដ្ចកិច្ច​​រាប់​សែន​ហិកតារ និង​អាជ្ញាបណ្ណធ្វើ​អាជីវកម្ម​រ៉ែ​ជា​ច្រើន​កន្លែង ត្រូវ​បាន​របប​នេះ​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​រដ្ឋ​ និង​អ្នក​វិនិយោគ​ចិន​ ដោយ​មិន​ខ្វល់​ពី​ទំនាស់​ជាមួយ​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ឡើយ។

លោក​ ហ៊ុន សែន ដែល​តាំងពី​ដើម​មក​ជា​សត្រូវ​របស់​ចិន​នោះ បាន​ប្រែក្លាយ​យ៉ាង​លឿន​រហ័ស​ទៅ​ជា​មិត្ត​របស់​ចិន​វិញ ក្រោយ​លោក​បាន​បន្សាប​ឥទ្ធិពល​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន​ដោយ​ជោគជ័យ។ លោក​ថែម​ទាំង​ជឿជាក់​ថា ទំនាក់ទំនង​រវាង​របប​របស់​លោក និង​ចិន​កុម្មុយនិស្ត​នា​ពេល​នេះ គឺ​ជា​ទំនាក់ទំនង​ស្មើភាព​គ្នា​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ឃ្លាំមើល​ជាតិ និង​អន្តរជាតិ​ យល់​ឃើញ​ស្រប​គ្នា​ថា ជំហរ​លម្អៀង​ខ្លាំង​ទៅ​រក​ចិន​នេះ មិន​មែន​ជា​រឿង​ល្អ​ឡើយ ហើយ​បន្តិច​ម្តងៗ វា​នឹង​រុញ​ច្រាន​កម្ពុជា​ឱ្យ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ទំនាក់ទំនង​ជាមួយ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាង​លិច ដែល​ជា​ទីផ្សារ​នាំ​ចេញ​ផលិតផល​ធំ​ជាង​គេ​របស់​កម្ពុជា៕

2 comments:

Anonymous said...

This asshole Hun Sen is willing to screw up everything in Cambodia in exchange for his power.

It is clear that his reign is going to end very soon.

Anonymous said...

Yup, with the sanction by EU, his reign will end soon. To speed it up, we must get USA to sanction Cambodia as well.