ដោយ មួង ណារ៉េត
2018-10-19
rfa

សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២រដ្ឋសភាឯកបក្សនៃរបបលោក ហ៊ុន សែន អ្នកស្រី ឃួន សុដារី និងសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក ហែម ខន ក្នុងកិច្ចពិភាក្សាពិសេសរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣។
RFA
គណៈប្រតិភូសភាឯកបក្ស នៃរបបលោក ហ៊ុន សែន មិនបានបញ្ចូលសេចក្ដីថ្លែងការណ៍របស់សហភាពអន្តរសភាលើបញ្ហារំលោភសិទ្ធិមនុស្ស និងការបំផ្លាញប្រជាធិបតេយ្យ ក្នុងសេចក្ដីប្រកាសព័ត៌មាននៃលទ្ធផលនៃកិច្ចប្រជុំ IPU នោះទេ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចុះផ្សាយនៅទំព័រហ្វេសប៊ុករបស់រដ្ឋសភាកម្ពុជា នៅថ្ងៃសុក្រ ទី ១៩ ខែតុលានេះ គណៈប្រតិភូដែលដឹកនាំដោយអ្នកស្រី ឃួន សុដារី អនុប្រធានទីពីររដ្ឋសភាឯកបក្ស និងលោក ឈាង វុន មន្ត្រីនាំពាក្យរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សកាន់អំណាច រួមទាំងមន្ត្រីរបបនេះបួនរូបផ្សេងទៀត អួតសរសើរតែអំពីអ្វី ដែលរបបនេះ អះអាងថា ជាដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដែលផាត់ចេញគណបក្សសង្គ្រោះជាតិ។ គណៈប្រតិភូដដែល អះអាងបន្ថែមថា ខ្លួនបានបង្ហាញការពិត ឲ្យសហភាពអន្តរសភាបានដឹង ថាកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យពហុបក្ស និងការគ្រប់គ្រងប្រទេសដោយច្បាប់។
ទោះជាយ៉ាងនេះក្តី ការបង្ហាញនូវអ្វី ដែលគណៈប្រតិភូនេះ អះអាងថា ជាសភាពការណ៍ពិតនៅកម្ពុជានោះ មិនបានធ្វើឲ្យគណៈកម្មាធិការសិទ្ធិមនុស្ស នៃសហភាពអន្តរសភា ផ្លាស់ប្ដូរជំហររបស់ខ្លួន ជុំវិញការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជានោះឡើយ ព្រោះសហភាពអន្តរសភា នៅតែសម្រេចប្រឆាំង និងថ្កោលទោសរបបនេះដដែល។ ក្នុងសេចក្ដីសម្រេច ដែលចេញក្រោយការបិទបញ្ចប់ មហាសន្និបាតលើកទី១៣៩ របស់ខ្លួន កាលពីថ្ងៃទី១៨ ខែតុលា សហភាពអន្តរសភា សម្រេចតម្កល់សេចក្ដីសន្និដ្ឋានលើកមុនរបស់ខ្លួន ដោយនៅតែចាត់ទុកថា សិទ្ធិរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន រំលោភបំពានយ៉ាងកម្រោល។ មិនតែប៉ុណ្ណោះ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិបង្កើតអង្គការសមាគម និង សិទ្ធិជួបជុំគ្នាដើម្បីតវ៉ាដោយសន្តិវិធី ក៏ត្រូវបានរំលោភបំពានខ្លាំងក្លាផងដែរ។ សហភាពអន្តរសភា ទាមទារឲ្យរបបលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយទាំងអស់ និងស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
មិនតែប៉ុណ្ណោះ ប្រធានសហភាពអន្តរសភាអ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) ក្នុងពេលជួបគណៈប្រតិភូនេះ បានបង្ហាញអំពីការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការរំលោភសិទ្ធិមនុស្សនេះ និងបានស្នើឲ្យរបបលោក ហ៊ុន សែន អនុញ្ញាតឲ្យបេសកកម្មរបស់សហភាពអន្តរសភា ចុះទៅជួបលោក កឹម សុខា ដែលកំពុងត្រូវរបបនេះ ឃុំខ្លួនក្នុងផ្ទះ និងកំពុងមានបញ្ហាសុខភាព។
សេចក្តីសម្រេចរបស់សហភាពអន្តរសភា IPU នេះ ធ្វើឲ្យគណៈប្រតិភូសភាឯកបក្សរបស់របបលោក ហ៊ុន សែន សម្ដែងការខកចិត្តយ៉ាងខ្លាំង។ ការខកចិត្តយ៉ាងខ្លាំងនេះ គឺដោយសាររបបលោក ហ៊ុន សែន បានផ្ដល់ជូនព័ត៌មាន ដ៏ច្រើនសន្ធឹកសន្ធាប់ជាច្រើនលើកច្រើនសា យ៉ាងណាក្តី គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា នៅតែមិនជឿ និងសម្រេចប្រឆាំង និង ថ្កោលទោសរបបនេះដដែល៕
1 comment:
Even a pig's face is more prettier than hers.
Post a Comment