Tuesday, 28 January 2020
ក្រសួងការបរទេសកម្ពុជា គ្មានវិធានការជម្លៀសនិស្សិតខ្មែរពីប្រទេសចិនទេ
ដោយ ទីន ហ្សាការីយ៉ា
2020-01-27
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត នៅក្រសួងការបរទេសកម្ពុជា បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ជាមួយឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១។
Photo: RFA
ក្រសួងការបរទេសបញ្ជាក់ថា អាជ្ញាធរកម្ពុជាគ្មានវិធានការជម្លៀសពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងជាប់នៅក្នុងខេត្តហ៊ូបេ (Hubei) ប្រទេសចិន ដែលជាទីកន្លែងផ្ទុះជំងឺរលាកសួត បង្កឡើងដោយមេរោគកូរ៉ូណា (Coronavirus) ដ៏កាចសាហាវនោះឡើយ។ សង្គមស៊ីវិល យល់ថា រដ្ឋាភិបាល គួរតែគិតគូរជម្លៀសប្រជាជន និងនិស្សិតខ្មែរចេញពីកន្លែងប្រឈមការឆ្លងមេរោគថ្មីនេះ ព្រោះនេះជារឿង អាយុជីវិត។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក លោក កុយ គួង មានប្រសាសន៍ថា ក្រសួងបានណែនាំទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តឆុងឈីង ដែលនៅជិតនឹងខេត្តហ៊ូបេ ដើម្បីសហការជាប្រចាំជាមួយអាជ្ញាធរចិន និងសាលារៀន ក្នុងការជួយសហការថែទាំ និងផ្គត់ផ្គង់ចំណីអាហារដល់និស្សិតកម្ពុជាចំនួន២៣នាក់ ដែលកំពុងជាប់នៅទីនោះ។ លោកអះអាងថា មកទល់ពេលនេះ ស្ថានភាពសុខភាពរបស់ពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន គឺល្អធម្មតាទេ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជារូបនេះ ឲ្យដឹងដែរថា ទោះបីជាប្រទេសមួយចំនួន កំពុងរៀបចំជម្លៀសប្រជាជនរបស់គេចេញពីខេត្ត ដែលផ្ទុះជំងឺកាចសាហាវនោះក្តី ក៏កម្ពុជា មិនមានផែនការជម្លៀសប្រជាពលរដ្ឋ និងនិស្សិតខ្មែរនោះទេ ដោយជឿជាក់ទៅលើសមត្ថភាពរបស់អាជ្ញាធរចិន និងយល់ថា ស្ថានភាពនៅទីនោះ មិនទាន់ធ្ងន់ធ្ងរដល់កម្រិតព្រួយបារម្ភខ្លាំង៖ «យើងអត់មានគម្រោងអីទេ ព្រោះយើងជឿជាក់ទៅលើសមត្ថកិច្ច និងសមត្ថភាពរបស់អាជ្ញាធរចិន ព្រោះគេមានគម្រោងបង្កើតកន្លែងពិសេសពិនិត្យ និងព្យាបាលហើយ ប្រសិនបើមានករណីនេះកើតឡើង។ អ្វីដែលចំពោះមុខគឺ សហការធ្វើម៉េចឲ្យពលរដ្ឋយើងនៅទីនោះ ស្ថិតនៅកន្លែងមានសុវត្ថិភាព ហើយទទួលទានអាហារបានគ្រប់គ្រាន់»។
ជំងឺរលាកសួតដែលបង្កដោយវីរុសកូរ៉ូណាថ្មីនេះ បានផ្ទុះឡើងនៅខេត្ត ហ៊ូបេ (Hubei) ប្រទេសចិន ចាប់តាំងពីដើមខែមករា។ គិតត្រឹមថ្ងៃទី២៧ ខែមករា ចំនួនមនុស្សស្លាប់នៅប្រទេសចិន កើនដល់៨១នាក់ហើយ និងជិត ៣ពាន់នាក់ បានឆ្លងវីរុសកូរ៉ូណាថ្មីនេះ។ ករណីវីរុសថ្មីនេះ កំពុងរីករាលដាលដល់ប្រទេសជាច្រើនក្នុងពិភពលោក ហើយ ប្រទេសមួយចំនួន ដូចជា អាមេរិក ជប៉ុន និងប្រទេសថៃ ជាដើមកំពុងរៀបចំជម្លៀសប្រជាជនរបស់ខ្លួន ចេញពីទីក្រុងវ៉ូហាន (Wuhan) ជាទីកន្លែងផ្ទុះមេរោគ ថ្មីនេះ។
ក្រុមនិស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងខេត្ត ហ៊ូបេ (Hubei) ប្រទេសចិន កាលពីពេលថ្មីៗ នេះ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពដោយសារតែការចម្លងយ៉ាងលឿននៃវីរុស កូរ៉ូណាថ្មីនេះ និងបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋាភិបាលចិន ដើម្បីជម្លៀស ពួកគេចេញពីទីនោះទៅរកកន្លែងមានសុវត្ថិភាព។ ពួកគេប្រាប់បណ្ដាញសារព័ត៌មាននៅកម្ពុជា ថា ស្ថានភាពនៅទីនោះស្ងាត់ជ្រងំ ម្នាក់ៗ រស់នៅតែក្នុងបន្ទប់ ហើយហាងនានា ត្រូវបានបិទទ្វារ ខ្វះម្ហូបអាហារ និងខ្វះម៉ាស់ការពារជាដើម។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា រដ្ឋាភិបាល គួរតែរកមធ្យោបាយជម្លៀសពលរដ្ឋ និងនិស្សិតខ្មែរចេញពីទឹកដី ដែលកំពុងប្រឈមការឆ្លងមេរោគ ថ្មីនេះ ដោយមិនអាចធ្វេសប្រហែលបានទេ ព្រោះជាករណីប៉ះពាល់ដល់អាយុជីវិត។ លោកបន្តថា ក្នុងករណីមានបញ្ហាដល់ពលរដ្ឋ ឬនិស្សិតខ្មែរនៅប្រទេសចិន គឺរដ្ឋាភិបាល នឹង ប្រឈមការស្ដីបន្ទោស និងមានចំណែកទទួលខុសត្រូវ ព្រោះរដ្ឋាភិបាលមានកាតព្វកិច្ចការពារពលរដ្ឋរបស់ខ្លួនគ្រប់ទីកន្លែង៖ «មិនជម្លៀស ដោយហេតុផលថា ជឿជាក់ទៅលើប្រសិទ្ធភាព ការងារ របស់ អាជ្ញាធរចិនទេ ព្រោះអីរដ្ឋាភិបាលចិន បានធ្វេសប្រហែសបណ្តាលឲ្យប្រជាពលរដ្ឋរបស់ខ្លួន ឆ្លងមេរោគនេះកាន់តែច្រើនឡើងហើយរហូតដល់មានអ្នកស្លាប់ទៀត។ រូបភាពបែបនេះហើយ រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់សុខទុក្ខពលរដ្ឋ ជាពិសេស និស្សិតរបស់កម្ពុជា ដែលទៅរៀននៅទីនោះគឺ ជារឿងមួយចាំបាច់»។
មន្ត្រីសង្គមស៊ីវិលរូបនេះអំពាវនាវឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធ ត្រូវប្រុងប្រយ័ត្នចំពោះជនជាតិចិន និងអ្នកដំណើរ ដែលមានប្រវត្តិឆ្លងកាត់ប្រទេសចិន និងត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីបង្ការ និងទប់ស្កាត់ករណីមាននាំចូលនូវមេរោគថ្មីនេះដែរ។
ដើម្បីទប់ស្កាត់បង្ការនូវមេរោគកូរ៉ូណានេះ ក្រសួងសុខាភិបាលកម្ពុជា បានដាក់ម៉ាស៊ីនស្កែនកម្ដៅនៅតាមច្រកអន្តរជាតិផ្លូវគោក ៣កន្លែង រួមមាន ប៉ោយប៉ែត បាវិត និងព្រែកចាក ហើយដាក់ម៉ាស៊ីនស្ទង់កម្ដៅនៅតាមអាកាសយានដ្ឋានអន្តរជាតិទាំង៣កន្លែងផងដែរ គឺនៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបលាងដៃជាមួយសាប៊ូ ឬជាតិអាកុលឱ្យបានញឹកញាប់ ខ្ទប់មាត់និងច្រមុះ នៅពេលក្អកនិងផ្ដាសាយ ហើយចោលក្រដាសទាំងនោះក្នុងធុងសំរាមភ្លាមៗ។ ក្រសួងណែនាំឱ្យចៀសវាងការប្រាស្រ័យទាក់ទងជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ហើយបើក្នុងករណីមានអាការៈគ្រុនក្ដៅ ក្អក និងពិបាកដកដង្ហើម ត្រូវរួសរាន់រកការព្យាបាលនៅតាមមន្ទីរពេទ្យដែលនៅជិត។ ចំណុចមួយទៀត ក្រសួងហាមប៉ះពាល់សត្វរស់ បើមិនចាំបាច់ ហើយចម្អិនម្ហូបអាហារឲ្យមានអនាម័យ និងឆ្អិនល្អ និងហាមបរិភោគសត្វ ឬស៊ុតដែលនៅឆៅ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment