Tuesday, 28 January 2020

កម្ពុជា​រក​ឃើញ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​មួយ​ករណី​ដំបូង នៅ​ខេត្ត​ព្រះសីហនុ


ដោយ អាស៊ីសេរី
2020-01-27

មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤
មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤
RFA




កម្ពុជា​រក​ឃើញ​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា​វីរុស (Coronavirus) ប្រភេទ​ថ្មី មួយ​ករណី​ដំបូង នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៧ មករា។

ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល ផ្សាយ​នៅ​ព្រលប់​ថ្ងៃ​ទី២៧ មករា បាន​សរសេរ​ថា អ្នក​ផ្ទុក​មេរោគ​វីរុស​កូរ៉ូណា​ករណី​ដំបូង​នៅ​កម្ពុជា​នេះ គឺ​ជា​ជន​ជាតិ​ចិន​វ័យ ៦០ឆ្នាំ ដែល​ធ្វើ​ដំណើរ​មក​ពី​​ទីក្រុង​​វូហាន កាល​ពី​ថ្ងៃ​ទី២៣ មករា។

បុរស​រូប​នេះ ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ជាមួយ​សមាជិក​គ្រួសារ ៤នាក់ ប៉ុន្តែ មាន​វិជ្ជមាន​មេរោគ​តែ​គាត់​ម្នាក់​ទេ។

គាត់​ចេញ​ដំណើរ​ពី​ក្រុង វូហាន មក​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៣ មករា។ នៅ​ថ្ងៃ​ទី២៥ មករា បុរស​រូប​នេះ​មាន​ចេញ​រោគ​សញ្ញា គ្រុន​ក្ដៅ និង​ហៀរ​សំបោរ។ នៅ​ថ្ងៃ​ទី២៦ មករា អ្នក​ជំនាញ​យក​វត្ថុ​វិភាគ​ទៅ​មន្ទីរ​ពិសោធន៍​វិទ្យាស្ថាន ប៉ាស្ទ័រ ហើយ​រក​ឃើញ​លទ្ធផល​វិជ្ជមាន​មេរោគ នៅ​ថ្ងៃ​ទី២៧ មករា។ គាត់​មាន​ស្ថានភាព​ជំងឺ​សញ្ញា​ផ្ដាសាយ​ធម្មតា។

អាជ្ញាធរ​សុខាភិបាល​កំពុង​ចាត់​វិធានការ​ដាក់​អ្នក​ជំងឺ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​នៅ​មន្ទីរពេទ្យ ហើយ​តាម​ដាន​សុខភាព​អ្នក​ប៉ះ​ពាល់​ទាំង​អស់ និង​បាញ់​សម្លាប់​មេរោគ​នៅ​កន្លែង​គាត់​ស្នាក់​នៅ។ តាម​រក​អ្នក​ប៉ះ​ពាល់​ទាំង​អស់​ក្នុង​កំឡុង​ពេល​គាត់​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រសិន​បើ​លោក​អ្នក​ចង់​ផ្ដល់ ឬ​សួរ​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​នេះ សូម​ទាក់ទង​ទៅ​លេខ ១១៥។





No comments: