Thursday, 23 April 2020

មន្ត្រី​បក្ស​ប្រឆាំង​ថា របប​ក្រុងភ្នំពេញ​បង្ក្រាប​អ្នក​រិះគន់​ខ្លាំង​ជាង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩


ដោយ សុជីវី
2020-04-23

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា (ដៃ​ប្រឡាក់​ទឹក​ថ្នាំ) ដែល​បាន​សាកល្បង​ជ្រលក់​ម្រាម​ដៃ​ចូល​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា (ដៃ​ប្រឡាក់​ទឹក​ថ្នាំ) ដែល​បាន​សាកល្បង​ជ្រលក់​ម្រាម​ដៃ​ចូល​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Brach Chev



មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​រិះគន់​ថា របប​លោក ហ៊ុន សែន កំពុង​និយាយ​ផ្សេង​ធ្វើ​ផ្សឹង​ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩​។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​ក្រោយពេល​ថ្នាក់ដឹកនាំ​មួយ​រូប​នៃ​របប​ក្រុងភ្នំពេញ ស្នើ​ឱ្យ​ពលរដ្ឋ​ទាំងអស់​រួមគ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស លោក ម៉ន ផល្លា សង្កេត​ឃើញ​ថា អាជ្ញាធរ​របប​ក្រុងភ្នំពេញ​កំពុង​បង្កើន​ការ​បង្ក្រាប​លើ​សំឡេង​រិះគន់ និង​សំឡេង​ប្រឆាំង ខ្លាំង​ជាង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩ ទៅទៀត​។ លោក​ថា អំឡុង​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​សួត​ថ្មី​នេះ អាជ្ញាធរ​បាន​ចាប់ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ដោយ​គ្រាន់តែ​ពួកគាត់​បញ្ចេញ​ទុក្ខ​កង្វល់​អំពី​ជំងឺ​ថ្មី​នេះ​។ ចំណែក សកម្មជន​គណបក្ស​សង្គ្រោះជាតិ​វិញ លោក​ថា ពួកគាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ផង ក៏​អាជ្ញាធរ​លោក ហ៊ុន សែន ចាប់​ពួកគាត់​ដាក់គុក​ដែរ ក្រោម​បទ​ចោទ​រួមគំនិត​ក្បត់ជាតិ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាដើម៖ «គាត់​គ្រាន់តែ​លើក​ឱ្យ​បាន​មាន​ជា​យោបល់​នៅ​ក្នុង​សារ​បង្ហោះ​ជា​សាធារណៈ តែ​ទង្វើ​គឺ​ផ្ទុយ​ស្រឡះ​។ គាត់​មិន​ធ្វើ​ដូច​អ្វី​ដែល​គាត់​បាន​និយាយ​ទេ គឺ​គាត់​រកតែ​ឱកាស រកតែ​បញ្ហា​ដើម្បី​ចាត់វិធានការ​លើ​ពលរដ្ឋ​ដែល​ហ៊ាន​បញ្ចេញ​មតិ លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លើ​សកម្មជន​អង្គការ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ដែល​ហ៊ាន​សរសេរ ហ៊ាន​និយាយ​ការ​ពិត​ពាក់ព័ន្ធ​នឹង​បញ្ហា​កើតឡើង​នៅ​ក្នុង​សង្គម»។

រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​២៣ មេសា ថា នៅ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​រង​ការ​គំរាមកំហែង​ពី​ជំងឺ​កូវីដ-១៩ យើង​ត្រូវ​រួបរួម​គ្នា​ជា​ធ្លុង​មួយ លះបង់​កម្លាំងកាយ​ចិត្ត​ដើម្បី​ការពារ​ជាតិ និង​អាយុជីវិត​ប្រជាជន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។

ទោះជា​យ៉ាងណា លោក ម៉ន ផល្លា ថ្លែង​ថា ប្រសិនបើ​ថ្នាក់ដឹកនាំ​របប​ក្រុងភ្នំពេញ​មាន​សុឆន្ទៈ​ធ្វើ​បែប​នេះ​មែន នោះ​គឺ​ត្រូវតែ​បញ្ឈប់​ការ​ចាប់ចង​សកម្មជន​គណបក្សប្រឆាំង ប្រជាពលរដ្ឋ និង​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ជាបន្ទាន់។

អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​រក​ឃើញ​ថា ចាប់​តាំង​ពី​ជំងឺ​កូវីដ​-១៩ បាន​ផ្ទុះឡើង​នៅ​កម្ពុជា​តាំងពី​ខែ​មករា រហូតដល់​ថ្ងៃ​ទី​២២ មេសា អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៣០​នាក់​ហើយ ក្នុង​នោះ ១៦​នាក់ ត្រូវ​បាន​ដោះលែង​វិញ​ក្រោយ​ធ្វើ​កិច្ចសន្យា ប៉ុន្តែ​១៤ នាក់​ទៀត ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។ ក្នុង​ចំណោម​មនុស្ស​១៤ នាក់​នោះ មាន ១១​នាក់ គឺជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ។

អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ឱ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ជាថ្មី​នេះ គឺ​ដោយសារ​ពួកគេ​បន្ត​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល៖ «អតីត​បក្ស​ប្រឆាំង ត្រូវ​បាន​រំលាយ ដោយ​តុលាការ​កំពូល​ហើយ​។ អ៊ីចឹង​ទៅ ជា​ខ្មោច​ដែល​ខុសច្បាប់ ហើយ​អ្នក​ដែល​គាំទ្រ​អ្នក​ខុសច្បាប់ អ្នក​ហ្នឹង​ក៏​ខុសច្បាប់​ដែរ​។ បើ​បងប្អូន​នៅ​ក្នុង​ស្រុក​ក្តី និង​នៅ​ក្រៅ​ក្តី ឈប់​ធ្វើ​សកម្មភាព គ្មាន​អ្នក​រុកកួន​អី​គាត់ វា​អត់​ទេ​។ វា​ខូច​តែ​គាត់​ធ្វើ​សកម្មភាព»។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក មើល​ឃើញថា រដ្ឋាភិបាល​បាន​ឆក់​ឱកាស​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នេះ ដើម្បី​បង្ក្រាប​ក្រុម​អ្នកប្រឆាំង និង​អ្នក​ហ៊ាន​បញ្ចេញមតិ​រិះគន់​ជា​ថ្មី​ទៀត​។ លោក​យល់ថា នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ រដ្ឋាភិបាល​គួរតែ​បញ្ឈប់​ទង្វើ​យាយី​នេះ​បន្ទាន់ ហើយ​ងាក​មក​ផ្តោត​អាទិភាព​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ និង​ស្ដារ​ស្ថានការណ៍​នយោបាយ​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ៖ «រដ្ឋាភិបាល​គួរតែ​ចូលរួម​នៅ​ក្នុង​ការ​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ ជាពិសេស​គឺ​ឱ្យ​សកម្មជន​នយោបាយ​ដែល​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ហ្នឹង​វិលត្រឡប់​ចូល​ស្រុក​វិញ ហើយ​បញ្ឈប់​ការ​ចាប់ចង​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស ហើយ​និង​ការ​គំរាមកំហែង​ទៅលើ​អង្គការ​សង្គម​ស៊ីវិល​ដែល​គ្រាន់តែ​ផ្តល់​មតិ​ដើម្បី​បង្ហាញ​ផ្លូវ​ទៅ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដែល​កំពុងតែ​កើតឡើង»។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​វាយ​តម្លៃ​ថា ក្រៅ​ពី​ការប្រើប្រាស់​វិបត្តិ​ជំងឺ​កូវីដ-១៩ ដើម្បី​បង្ក្រាប​សំឡេង​ប្រឆាំង និង​សំឡេង​រិះគន់​ហើយ របប​ក្រុង​ភ្នំពេញ​ក៏​បាន​ឆ្លៀតឱកាស​នេះ​ធ្វើ​ច្បាប់​ពង្រឹង​អំណាច​ឱ្យ​លោក ហ៊ុន សែន ផង​ដែរ៕

1 comment:

Anonymous said...

The CNRP's dissolution was unconstitutional. Khmer people must stick together and fight for the reinstatement of the CNRP.
The important thing is that Khmer people should not break apart under pressure. So we need to stay united and continue fighting.

Ah Roleuy Hun Sen has been facing many problems after he dissolved the CNRP. The impact of his mistake has started haunting him already. The social unrest mainly stemmed from the unemployment will undeniably crumble his regime.

It is imperative that Khmer people stay together if they want to see the devil Vietnam's ambition of swallowing Cambodia derailed.