Thursday, 23 April 2020
អ្នកជំនាញថា ការគ្រប់គ្រងប្រទេសតាមបែបផ្ដាច់ការ គឺជាមេរោគពិតប្រាកដបណ្ដាលឱ្យមានជំងឺកូវីដ-១៩
ដោយ មាន ឫទ្ធិ
2020-04-22
rfa
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូបកណ្ដាល) នាទីក្រុងប៉េកាំង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។
រូបពីហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត
អ្នកជំនាញថា ការគ្រប់គ្រងប្រទេសតាមបែបផ្ដាច់ការ គឺជាមេរោគសង្គមពិតប្រាកដ បណ្ដាលឱ្យកើតមានជំងឺរាតត្បាតជាសកលកូវីដ-១៩។ ពួកគេពន្យល់អះអាងថា មានតែការគ្រប់គ្រងប្រទេសដោយគោរពសេរីភាព លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្សទេ ទើបអាចដោះស្រាយបញ្ហាសង្គម មនុស្ស ឱ្យរួចផុតពីការផ្ទុះជំងឺរាតត្បាតជាសាកលនាពេលអនាគតបាន។ ការលើកឡើងនេះ កើតមានឡើងស្របពេលដែលប្រទេសមហាអំណាច មួយចំនួន កំពុងជំរុញឱ្យពិភពលោក បើកការស៊ើបអង្កេតឯករាជ្យ ករណីមហាយក្សចិន មានចេតនា ឬធ្វេសប្រហែស ធ្វើឱ្យផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងបង្កឱ្យមានមហន្តរាយធ្ងន់ធ្ងរ ចំពោះប្រវត្តិសាស្ត្រមនុស្សជាតិ និងសេដ្ឋកិច្ចពិភពលោក។
អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល ថា ការគ្រប់គ្រងប្រទេសតាម បែបផ្តាច់ការនិយម គ្មានការគោរពលទ្ធិប្រជាធិបតេយ្យ គឺជាមេរោគពិតប្រាកដ ដែលអនុញ្ញាតឱ្យមេរោគកូរ៉ូណាប្រភេទថ្មី ផ្ទុះឡើងដោយគ្មានការត្រួតពិនិត្យ នៅទីក្រុងអ៊ូហាន (Wuhan) ប្រទេសចិន។ លោកពន្យល់បន្តថា ការបង្ក្រាបលើសំឡេងរិះគន់ រឹតតែជំរុញឱ្យមានគ្រោះមហន្តរាយនេះកើតឡើង ហើយទីបំផុតទៅ មេរោគកូរ៉ូណាប្រភេទថ្មី បានក្លាយជាជំងឺរាតត្បាតសកល។
អ្នកវិភាគគោលនយោបាយការបរទេស និងជាអ្នកនិពន្ធសៀវភៅ «ការពឹងផ្អែកលើជំនួយនៅក្នុងប្រទេសកម្ពុជា៖ វិធីដែលជំនួយបរទេសធ្វើឲ្យលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល។ Facebook
ដូចគ្នានេះដែរ អ្នកជំនាញផ្នែកកិច្ចការតំបន់អាស៊ីអាគ្នេយ៍ ប្រចាំមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ប្រាយអ៊ិន ហារឌីង (Brian Harding) ក៏មើលឃើញដែរថា ប្រព័ន្ធនយោបាយ គ្រប់គ្រងប្រទេសបែបកុម្មុយនិស្តរបស់ចិន ពិតជាបានចូលរួមចំណែក នាំឱ្យផ្ទុះជំងឺរាតត្បាតនេះឡើង៖ «គ្មានអ្វីត្រូវឆ្ងល់ទេ ដែលថា ប្រព័ន្ធនយោបាយរបស់ប្រទេសចិន បានជួយជំរុញឱ្យកើតមានវិបត្តិនេះឡើង។ មន្ត្រីមូលដ្ឋាននៅក្រុងអ៊ូហាន បានចាត់វិធានការដោយខ្វះការគិតគូរពិចារណា ឱ្យបានវែងឆ្ងាយ។ ពួកគេបានផ្ដោតតែទៅលើបញ្ហាស្ថិរភាព ជាជាងចាត់វិធានការប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ថារឿងនេះ អាចនឹងប៉ះពាល់ដល់សុខភាពសាធារណៈ។ នេះបង្ហាញឱ្យឃើញពី ការគិតខុសបែបទទឹងទិស នៅក្នុងប្រព័ន្ធនយោបាយរបស់ចិន»។
លោក ប្រាយអ៊ិន ហារឌីង (Brian Harding) អ្នកជំនាញផ្នែកកិច្ចការតំបន់អាស៊ីអាគ្នេយ៍ ប្រចាំមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (Center for International and Strategic Studies-CSIS) ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី។ RFA
ដោយឡែក អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ បណ្ឌិត មាស នី មានប្រសាសន៍ថា ចាប់តាំងពីផ្ទុះវិបត្តិនេះមក ប្រទេសនានាក្នុងពិភពលោក ចាត់វិធានការខុសៗគ្នាដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។ លោកថានៅក្នុងប្រទេសកុម្មុយនិស្ត ឬប្រទេសគ្រប់គ្រងតាមបែបផ្ដាច់ការ តែងតែព្យាយាមមិនបើកចំហរ ឬលាក់បាំងព័ត៌មាន និងបង្ក្រាបសំឡេងរិះគន់។ រីឯ ប្រទេសដែលមានរបបគ្រប់គ្រងតាមបែបផ្ដាច់ការ ក៏បានឆ្លៀតឳកាស ប្រើនូវវិធីសាស្ត្រក្នុងការគ្រប់គ្រងជំងឺនេះ ដើម្បីគ្រប់គ្រងជំងឺផង និងគ្រប់គ្រងពលរដ្ឋខ្លួនផង៖ «នៅក្នុងករណីប្រទេសចិន បើសិនជាប្រទេសចិន មានចេតនាក្នុងការលាក់លៀមនៅជំងឺហ្នឹង ដែលគេដឹងថា កើតឡើងតាំងពី ខែ១១ ឆ្នាំ២០១៩ ហើយរហូតមកដល់ខែមួយ (មករា ២០២០) បានចិនប្រកាសប្រាប់ពិភពលោកថា មានជំងឺសាហាវកើតឡើង។ បើសិនជាយើងមើលទិដ្ឋភាពនយោបាយ ទំនាក់ទំនងរវាងចិនជាមួយនឹងកូវីដនេះ ប្រទេសចិន ជាប្រទេសមួយដែល នេះបើសិនជារឿងនេះជារឿងពិត ខ្ញុំមិនទាន់ដឹងថា ការតាមដានស៊ើបអង្កេតទៅ បានលទ្ធផលយ៉ាងណាទេ ក៏ប៉ុន្តែបើសិនជារឿងនេះ ជារឿងពិត ហើយចិន មានចេតនាក្នុងការលាក់ជំងឺនេះ មុនពេលដែលវាផ្ទុះធំមែននោះ នោះចិនត្រូវតែទទួលខុសត្រូវនៅចំពោះមុខពិភពលោក»។
ការលើកឡើងរបស់អ្នកជំនាញទាំងនេះ កើតមានឡើងស្របពេលដែល ពិភពលោកទាំងមូល ជាពិសេសក្នុងចំណោមក្រុមប្រទេសនិយមប្រជាធិបតេយ្យ ចង់ឃើញឱ្យមានការស៊ើបអង្កេតជាសាកលដោយឯករាជ្យមួយ ទៅលើដើមចម នាំឱ្យផ្ទុះមេរោគនេះឡើង និងអំពីថាតើចិនពិតជាមានចេតនា លាក់បាំងព័ត៌មាន ដែរអត់នោះ។ ជាក់ស្ដែង ភ្នាក់ងារកិច្ចការសម្ងាត់របស់សហរដ្ឋអាមេរិក បច្ចុប្បន្ន កំពុងពិនិត្យមើលលទ្ធភាព ដែលថា មេរោគកូរ៉ូណាថ្មីនេះ អាចឆ្លងរាលដាល ចេញមកពីមន្ទីរពិសោធន៍របស់ចិន ជាជាងចេញមកពីទីផ្សារលក់សាច់សត្វព្រៃ នៅទីក្រុងអ៊ូហាន។ រីឯ ភ្នាក់ងារចារកម្មអង់គ្លេស MI6 ក៏កំពុងពិនិត្យមើលលើប្រវត្តិដ៏អាថ៌កំបាំងនៃការពិសោធន៍មេរោគរបស់សត្វប្រចៀវក្នុងមន្ទីរពិសោធន៍នេះដែរ។ ស្ថាប័នចារកម្មរបស់អង់គ្លេសមួយនេះ បានណែនាំឱ្យរដ្ឋាភិបាល ខ្លួនវាយតម្លៃឡើងវិញអំពីទំនាក់ទំនងជាមួយប្រទេសចិន ក្រោយវិបត្តិជំងឺកូវីដ១៩ បិទបញ្ចប់ទៅនាពេលអនាគត។
ទន្ទឹមនឹងនេះ ការស្ទង់មតិចុងក្រោយនៅអង់គ្លេស រកឃើញថា ពលរដ្ឋអង់គ្លេសជាង ៨០% ចង់ឃើញក្រុងប៉េកាំងប្រឈមមុខនឹងការសាកសួរជាសាកល អំពីរឿងរ៉ាវ ដែលនាំឱ្យផ្ទុះជំងឺនេះឡើង។ មនុស្ស ៧នាក់ក្នុងចំណោម១០នាក់ នៅអង់គ្លេស ចង់ឱ្យរដ្ឋាភិបាលខ្លួនចាត់វិធានការផ្លូវច្បាប់ប្រឆាំងប្រទេសចិន។ ដោយឡែក សារព័ត៌មានល្បីឈ្មោះ របស់អាល្លឺម៉ង់ឯណោះវិញ បានចុះផ្សាយអត្ថបទ ចេញជាវិក័យបត្រទាមទារឱ្យចិន សងអាល្លឺម៉ង់ចំពោះផលខូចខាតបណ្ដាលមក ពីជំងឺកូវីដ១៩នេះ សរុបជាទឹកប្រាក់ចំនួន ១៦៥ពាន់លានដុល្លារអាមេរិក។ មិនខុសពីអង់គ្លេស រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ម៉ារីស ភេន (Marise Payne) បានលើកឡើងថា ការស៊ើបអង្កេតចំពោះវិបត្តិនេះ តម្រូវឱ្យមាន កិច្ចសហប្រតិបត្តិការជាសកលមួយ ដែលគ្រប់ភាគី និងប្រទេសទាំងអស់ ពិភាក្សាបញ្ហានេះដោយតម្លាភាព និងអាចជឿទុកចិត្តបាន។
កាលពីដើមខែមេសា ស្ថាប័នសិក្សាស្រាវជ្រាវគោលនយោបាយមួយ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ឈ្មោះ Henry Jackson Society រកឃើញថា ពិភពលោក ជាពិសេស ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនបំផុតនៅលើសាកលលោក ហៅថាក្រុមប្រទេស G7 អាចទាមទារឱ្យចិនសងសំណងក្នុងតម្លៃជាទឹកប្រាក់ប្រមាណ ៤ ទ្រីលានដុល្លារ ឬ ៤ លានលានដុល្លារអាមេរិក ចំពោះការខាតបង់ទាំងនេះ។
យ៉ាងណាក៏ដោយ ទាំងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងទាំងមន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា ធ្លាប់បញ្ជាក់ជំហររួចហើយថា កម្ពុជាពុំមានចេតនាប្ដឹងផ្ដល់ប្រទេសចិន ក្នុងរឿងវិបត្តិជំងឺកូវីដ១៩នេះទេ។ មន្ត្រីទាំងនោះ ថ្លែងការពារជំនួសចិនថា ចិនមិនបានប្រព្រឹត្តិកំហុសក្នុងរឿងនេះទេ។
អ្នកជំនាញផ្នែកកិច្ចការតំបន់អាស៊ីអាគ្នេយ៍ ប្រចាំមជ្ឈមណ្ឌលសិក្សា អំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS លោក ប្រាយអ៊ិន ហារឌីង ថា ជំងឺរាតត្បាតជាសាកលថ្មីទៀត នឹងជៀសមិនផុតពីកើតមានឡើងនាពេលអនាគតនោះទេ។ លោកថា មេរៀនដែលប្រទេសតូចតាចដូចជាកម្ពុជា គួរតែរៀនសូត្រនោះគឺ ត្រូវនាំគ្នាបញ្ឈប់កុំឱ្យជំងឺនេះ រីករាលដាលធំឡើងតាំងពីដើមដំបូងមកម្ល៉េះ ហើយមិនត្រូវមានការព្យាយាមបិទបាំងព័ត៌មាន អំពីការរាតត្បាតនៃជំងឺនោះឡើយ៖ «នៅពេលអនាគត ខ្ញុំគិតថា មន្ត្រីកម្ពុជា ចាំបាច់ត្រូវដឹងថា ពួកគេនឹងមិនត្រូវបានរដ្ឋាភិបាលខ្លួនឯង ដាក់ទោសទណ្ឌ ដោយសារតែបានលាតត្រដាងអំពីការគំរាមកំហែងណាមួយ នៃការផ្ទុះជំងឺរាតត្បាត ឱ្យសាធារណជនបានដឹងនោះឡើយ ព្រោះការធ្វើដូច្នេះ នៅទីបំផុតទៅ គឺជាកំហុសឆ្គងមួយ»។
រីឯ អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល វិញ ផ្ដល់អនុសាសន៍ថា មានតែការគោរពសេរីភាព លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សទេ គឺជាដំណោះស្រាយដើម្បីព្យាបាល ទប់ស្កាត់កុំឱ្យមានជំងឺរាតត្បាតជាសាកលទៀត។ ក៏ប៉ុន្តែ លោកថា របបគ្រប់គ្រងប្រទេសមួយចំនួន នៅតែមិនយល់អំពីបញ្ហានេះ ហើយបែរជាធ្វើអី្វៗទាំងអស់ ដើម្បីតែពួកគេអាចបន្តក្ដោបក្ដាប់អំណាចតទៅទៀតបាន តាមរយៈការកាត់បន្ថយសេរីភាព រំលោភសិទ្ធិមនុស្ស និងបំផ្លាញ ប្រជាធិបតេយ្យទៅវិញ៕
Subscribe to:
Post Comments (Atom)
2 comments:
The Hun family will destroy Cambodia with the help from communist China. Remember Pol Pot?
The three idiot dictators.
Post a Comment