Friday, 24 April 2020

កម្ពុជា​អាច​បាត់​ចំណូល​ពី​ការ​ផ្ញើ​ប្រាក់​របស់​ពលករ​ប្រមាណ ៤០០​លាន​ដុល្លារ​ឆ្នាំ​នេះ


ដោយ មាន ឫទ្ធិ
2020-04-23
rfa

ពលករ​ខ្មែរ ដែល​សមត្ថកិច្ច​ថៃ​ចុះ​ចាប់​​បាន​​នៅ​ផ្សារ​ស៊ី​មុមមឿង ខេត្ត​ប៉ាក់ថុមថានី​ ជាប់​ទីក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ ២០១៨។
ពលករ​ខ្មែរ ដែល​សមត្ថកិច្ច​ថៃ​ចុះ​ចាប់​​បាន​​នៅ​ផ្សារ​ស៊ី​មុមមឿង ខេត្ត​ប៉ាក់ថុមថានី​ ជាប់​ទីក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ ២០១៨។
Provided photo



កម្ពុជា​អាច​បាត់បង់​ចំណូល​បាន​មក​ពី​ការ​ផ្ញើ​ប្រាក់​របស់​ពលករ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស ប្រមាណ​ជិត ៤០០ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២០​នេះ​។ នេះ​បើ​ផ្អែក​តាម​ការ​គណនា​ត្រួសៗ ទៅលើ​ការ​ព្យាករណ៍​របស់ ធនាគារ​ពិភពលោក World Bank ដែល​ថា ទំហំ​នៃ​ការ​ផ្ញើ​ប្រាក់​របស់​ពលករ​ចំណាកស្រុក​នៅ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ក្នុង​ឆ្នាំ​២០២០​នេះ នឹង​ធ្លាក់​ចុះ​ប្រមាណ ១៣% ធៀប​នឹង​ឆ្នាំ​២០១៩​កន្លងទៅ។

កាល​​ពី​ឆ្នាំ​២០១៩ ក្រសួង​ការងារ នឹង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ធ្លាប់​អះអាង​ថា ពលករ​ចំណាកស្រុក​ខ្មែរ នៅ​ក្រៅ​ប្រទេស ជាង​១​លាន​២​សែន​នាក់ បាន​ផ្ញើ​ប្រាក់​មក​ក្នុងស្រុក​វិញ សរុប​ប្រមាណ ២,៨ ប៊ី​លាន​ដុល្លារ​។ នេះ​គេ​នៅ​មិនទាន់​គិត​ពី​ករណី​ផ្ញើ​ប្រាក់​ក្រៅ​ផ្លូវការ ឆ្លង​ព្រំដែន ឬ​តាមរយៈ​មធ្យោបាយ​ផ្សេងៗ​ទៀត​នៅឡើយ​។ ពលករ​ចំណាកស្រុក​ខ្មែរ ដែល​ផ្ញើ​ប្រាក់​ច្រើនជាងគេ គឺ​មកពី​ប្រទេស​ថៃ និង​ប្រទេស​កូរ៉េខាងត្បូង។

សេចក្ដី​ថ្លែងការណ៍​របស់​ធនាគារ​ពិភពលោក ផ្សាយ​នៅ​ថ្ងៃ​ទី២៣ មេសា ព្យាករណ៍​ថា វិបត្តិ​កូវីដ​១៩ និង​ការបិទ​សកម្មភាព​សេដ្ឋកិច្ច​ស្ទើរ​តែ​គ្រប់​ផ្នែក​ទាំងអស់ នឹង​ធ្វើ​ឱ្យ​ទំហំ​នៃ​ការ​ផ្ញើ​ប្រាក់​របស់​ពលករ​ចំណាកស្រុក​នៅ​ទូទាំង​សាកលលោក ទៅកាន់​ប្រទេស​កំណើត​របស់​ពួកគេ​រៀងៗ​ខ្លួន​វិញ ធ្លាក់​ចុះ​ខ្លាំង ក្នុង​ឆ្នាំ​២០២០​នេះ​។ នៅ​ទូទាំង​សាកលលោក ការ​ធ្លាក់​ចុះ​នេះ ស្មើនឹង​ប្រមាណ ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ៥៥០ ប៊ី​លាន​ដុល្លារ​អាមេរិក។

ធនាគារ​ពិភពលោក​ថា ការសិក្សា​នានា​បាន​បង្ហាញ​ថា ការ​ផ្ញើ​ប្រាក់​ចេញ​របស់​ពលករ​ចំណាកស្រុក បាន​ជួយ​សម្រាល​ភាព​ក្រីក្រ​នៅ​តាម​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​។ ការ​ផ្ញើ​ប្រាក់​របស់​ពលករ​ចំណាកស្រុក​នេះ ក៏បាន​ចូលរួម​ចំណែក ធ្វើ​ឱ្យ​អាហារូបត្ថម្ភ​មាន​ភាព​ប្រសើរ​ឡើង បង្កើន​ការ​ចំណាយ​ទៅលើ​វិស័យ​អប់រំ និង​ជួយ​កាត់បន្ថយ​ពលកម្ម​កុមារ​នៅ​តាម​គ្រួសារ​ក្រីក្រ​។ ផ្ទុយទៅវិញ ធនាគារ​ពិភពលោក​ពន្យល់​ថា ការ​ធ្លាក់​ចុះ​ការ​ផ្ញើ​ប្រាក់​នេះ នឹង​ជះ​ផល​មិនល្អ​ទៅលើ​លទ្ធភាព​ចាយវាយ​របស់​ក្រុម​គ្រួសារ​នានា ដោយសារតែ​គ្រួសារ​នីមួយៗ ត្រូវ​បង្វែរ​លុយ ទៅ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ស្បៀងអាហារ និង​សេចក្ដី​ត្រូវការ​បន្ទាន់​​ក្នុង​ជីវភាព​រស់នៅ​ជាមុន​សិន។

នៅ​កម្ពុជា មួយ​ភាគ​ធំ​នៃ​ចំណូល​បាន​មកពី​ការ​ផ្ញើ​ប្រាក់​របស់​ពលករ​ចំណាកស្រុក​ទាំងនេះ ត្រូវ​ក្រុម​គ្រួសារ យក​ទៅ​ចាយវាយ សងបំណុល​មីក្រូហិរញ្ញវត្ថុ៕

1 comment:

Anonymous said...

Ah Kwack Hun Sen Min Kwol " Oth Ey Pon Neung Samay Ah Pol Pot Oth Mean Bay Si Phorng ".

Kom Nhous Nhoung Pror Yat Dek Kouk.