Tuesday 12 May 2020

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ថា ជំនួប​រវាង​លោក កឹម សុខ និង​លោក ហ៊ុន សែន ជា​រឿង​វិជ្ជមាន


ដោយ វ៉ែន សុមេធ
2020-05-12
rfa
លោក កឹម សុខា (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ជំនួប​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា នៅ​គេហដ្ឋាន របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ២០២០។
លោក កឹម សុខា (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ជំនួប​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា នៅ​គេហដ្ឋាន របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក កឹម សុខា



ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​គាំទ្រ​ជំនួប​ជិត​មួយ​ម៉ោង​រវាង​មេ​បក្ស​ប្រឆាំង លោក កឹម សុខា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​សប្ដាហ៍​មុន ដោយ​ចាត់​ទុក​ថា ជា​រឿង​វិជ្ជមាន​សម្រាប់ នយោបាយ​កម្ពុជា។រីឯ​អ្នក​វិភាគ​នយោបាយ យល់ថា កាយវិការ​របស់​តំណាង​ស្ថានទូត​នេះ គឺ​បង្ហាញ​ការ​គាំទ្រ​ឲ្យ​គូ​បដិបក្ខ​នយោបាយ​ទាំង​ពីរ វិល​ទៅ​រក​តុ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​ឧសភា លោក​បាន​ទទួល​ជួប​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​នៅ​គេហដ្ឋាន របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ ហើយ​ក្នុង​ជំនួប​នោះ ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់ បាន​បង្ហាញ​ការ​សាទរ និង គាំទ្រ ចំពោះ​ជំនួប​រវាង​លោក និង​លោក​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា កន្លង​ទៅ។ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ចាត់​ទុក​ជំនួប​ដ៏​កម្រ​នេះ ថា ជា​រឿង​វិជ្ជមាន។ លោក កឹម សុខា បន្ត​ថា លោក ក៏​បាន​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​អំពី​សុខ​ទុក្ខ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ខ្មែរ​ក្នុង​ស្ថានភាព​កូវីដ-១៩ និង​អំពី​ស្ថានភាព​នា​ពេល​អនាគត​ផង​ដែរ។

មេ​បក្ស​ប្រឆាំង​រូប​នេះ បង្ហោះ​សារ​ទៀត​ថា ក្នុង​សប្ដាហ៍​នេះ លោក ក៏​នឹង​ទទួល​ជួប​ឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត​នៃ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​សំខាន់ៗ មួយ​ចំនួន​ទៀត ដែល​មាន​ស្ថានទូត​នៅ ភ្នំពេញ​ជា​បន្ត​បន្ទាប់​ដោយ​ផ្ទាល់​នៅ​គេហដ្ឋាន​របស់​លោក។ ចំណែក​ឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃ​ប្រទេស​ជា​មិត្ត​មួយ​ចំនួន​ទៀត ដែល​មិន​មាន​ទីតាំង​ស្ថានទូត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ក៏​បាន​ផ្ញើ​សារ និង​ទំនាក់ទំនង​តាម​បណ្ដាញ​សង្គម មក​សួរ​សុខ​ទុក្ខ​លោក​ផង​ដែរ។

អ្នក​សិក្សាការ​អភិវឌ្ឍន៍​សង្គម និង​អ្នក​វិភាគ​នយោបាយ បណ្ឌិត សេង សារី យល់ថា កាយវិការ​របស់ តំណាង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ នេះ​គឺ​ជា​ការ​បង្ហាញ​ការ​គាំទ្រ​ដល់​មេ​បក្ស​ប្រឆាំង និង​គាំទ្រ​ឱ្យ​គួរ​បដិបក្ខ​នយោបាយ​ទាំង​ពីរ​ឱ្យ​វិល​ទៅ​រក​តុ​ចរចា​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​រាំរ៉ៃ​ឡើង​វិញ។ ទោះ​ជា​យ៉ាង​ណា លោក យល់​ថា ប្រសិន​បើ អ្នក​នយោបាយ​ខ្មែរ នៅ​តែ​គ្មាន​ភាព​ស្មោះត្រង់ និង​ឆន្ទៈ ពិត​ប្រាកដ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​នយោបាយ​នេះ​ទេ គឺ​ការ​ផ្សះផ្សា​នយោបាយ គ្មាន​ស្ថិរភាព​នោះ​ឡើយ៖ «ខ្ញុំ​ជឿ​លើ​ការ​ធ្វើ​នយោបាយ​លក្ខណៈ​វិទ្យាសាស្ត្រ និង​អាជីព ដូច្នេះ​ដំណោះ​ស្រាយ​នយោបាយ ដែល​ប្រើប្រាស់​មនោសញ្ចេតនា ឬ​អារម្មណ៍​ក្នុង​ការ​ដោះ ​ស្រាយ​បញ្ហា គឺ​វា​មិន​មែន​ជា​ដំណោះ​ស្រាយ ដែល​មាន​រយៈ​ពេល​វែង​នោះ​ទេ។នៅ​ពេល​អ្នក​នយោបាយ​សប្បាយ​ចិត្ត​មក​ដោះ​ស្រាយ​នយោបាយ តែ​ពេល​អ្នក​នយោបាយ​មិន​សប្បាយ​ចិត្ត ក៏​បញ្ហា​នយោបាយ​នៅ​ជាប់​គាំង»។

កាល​ពី​ថ្ងៃ​ទី៥ ខែឧសភា​កន្លង​ទៅ លោក កឹម សុខា បាន​ជួប​សន្ទនា​រយៈ​ជិត ៥០នាទី ជាមួយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ពេល​មេ​បក្ស​ប្រឆាំង​រូប​នេះ ទៅ​ចូលរួម​គោរព វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក លោក ហ៊ុន សែន។ ភាគី​ទាំង​ពីរ មិន​បាន​បក​ស្រាយ​លម្អិត​ថា មាន​ការ​ជជែក​គ្នា​អ្វី​ខ្លះ​នោះ​ទេ ប៉ុន្តែ​ជំនួយ​របស់​លោក កឹម សុខា គឺ​លោក មុត ចន្ថា បង្ហើប​នៅ​លើ​ហ្វេសប៊ុក របស់​លោក​ថា មេ​ដឹក​នាំ​នយោបាយ​ទាំង​ពីរ បាន​សំណេះសំណាល​គ្នា​អំពី​សុខ​ទុក្ខ និង​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។

ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា ជំនួប​រវាង​មេ​បក្ស​ប្រឆាំង និង​លោក​នាយក​រដ្ឋមន្ត្រី​កន្លង​ទៅ​នោះ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ ហើយ​លោក មិន​ដឹង​ថា តំណាង​ស្ថានទូត​បរទេស មើល​ឃើញ​ចំណុច​វិជ្ជមាន​ជ្រុង​ណា​នោះ​ទេ។ លោក ផៃ ស៊ីផាន ចាត់​ទុក​ថា ជំនួប​នោះ គ្រាន់​តែ​ជា​វប្បធម៌​ដ៏​ល្អ​របស់​ខ្មែរ​នៅ​ពេល​មាន​សមាជិក​គ្រួសារ​ណា​ម្នាក់​មាន​ទុក្ខ​គឺ​តែងតែ​ចូល​រួម​រំលែក​ទុក្ខ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ៖ «យើង​ចង់​និយាយ​ថា វិជ្ជមាន​ក្នុង​រឿង​នយោបាយ ហើយ​ខ្ញុំ​មើល​វា​មិន​មែន​ជា​រឿង​នយោបាយ​ទេ រឿង​ឯកឧត្ដម កឹម សុខា គឺ​ជា​រឿង​កាតព្វកិច្ច​របស់​តុលាការ។ អាស្រ័យ​ហេតុ​ដូច្នេះ​ការ​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​តុលាការ គឺ​ជា​កាតព្វកិច្ច​មួយ ដែល​គ្មាន​អ្នក​ណា​អាច​បញ្ចៀស​បាន​ទេ សូម្បី​តែ​នាយក​រដ្ឋមន្ត្រី។ ចំណុច​ទី៣ យើង​នឹង​ដឹង​ពេល​ចប់​កាតព្វកិច្ច តុលាការ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​នាយករដ្ឋមន្ត្រី ក្នុង​ការ​ស្នើសុំ​ព្រះមហាក្សត្រ​លើក​លែង​ទោស»។

តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ តែងតែ​បណ្ដាក់​គ្នា​ទៅ​ជួប​សួរ​សុខទុក្ខ លោក កឹម សុខា ដល់​ផ្ទះ របស់​លោក​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៩  អនុញ្ញាត​ឱ្យ​លោក​អាច​ធ្វើដំណើរ​ក្នុង​ប្រទេស ប៉ុន្តែ​មិន​ឱ្យ​ចាក​ចេញ​ពី​កម្ពុជា ហើយក៏​មិន​លោក​ធ្វើសកម្មភាព​នយោបាយ​ដែរ។ ក្រៅពី​នេះ តុលា​ការបាន​តម្រូវ​ឱ្យ​លោក​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច។

ឯកអគ្គរដ្ឋទូត​ប្រទេស​សេរី​ទាំង​នេះ បាន​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស ឡើងវិញ តាម​រយៈ​ការ​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​លើ​លោក កឹម សុខា និង​ដោះ​លែង​ជន​ទាំង​ឡាយ​ណា ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត ក្នុង​នោះ​​រួម​មាន​អ្នក​សារ​ព័ត៌មាន​សកម្មជន​សង្គម​ស៊ីវិល ព្រម​ទាំង​អ្នក​គាំទ្រ និង​សមាជិក​គណបក្ស​ប្រឆាំង​ផង​ដែរ៕

No comments: