Tuesday 12 May 2020

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​រឿង​ក្ដី​អតីត​យុវជន​មាតា​ធម្មជាត​ពីរ​នាក់​នៅ​សប្ដាហ៍​ក្រោយ


ដោយ ជីវីតា
2020-05-11
rfa

អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature
អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature
Photo courtesy of Mother Nature




តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សំណុំរឿង​យុវជន​មាតា​ធម្មជាតិ ២ នាក់ នៅ​ដើម​សប្ដាហ៍​ក្រោយ បន្ទាប់ពី​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា នេះ​។ អ្នកការពារ​សិទ្ធិមនុស្ស​ស្នើ​ដល់​តុលាការ​កំពូល ទម្លាក់​​ចោល​ការចោទប្រកាន់​លើ​យុវជន​ទាំង​២ នាក់ ព្រោះ​ពួកគេ​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​យុវជន​មាតា​ធម្មជាតិ លោក សំ ចំរើន ឱ្យដឹង​ថា កូន​ក្តី​របស់​លោក​ទាំង​ពីរ​នាក់​មិន​បាន​ចូលរួម​ក្នុង​អង្គ​សវនាការ​នោះ​ទេ ពីព្រោះ​ពួកគេ​មានធុរៈ​ផ្ទាល់ខ្លួន ក៏ប៉ុន្តែ​សវនាការ​នៅតែ​ដំណើរការ​ដូច​ការ​គ្រោង​ទុក​។ លោក​បញ្ជាក់​ថា លោក​បាន​បកស្រាយ​ជូន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា បទចោទប្រកាន់​ក្នុង​សំណុំ​រឿង​នេះ​ធ្វើឡើង​ដោយ​យោង​ទៅលើ​តែ​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​នៅ​ខេត្ត​កោះកុង ខ្វះ​ការ​អង្កេត​ជាក់ស្ដែង​បន្ថែម​ទៀត​។ ម្យ៉ាងទៀត លោក​ថា ភាគី​ដើម​បណ្ដឹង​មិនដែល​បាន​ចូលរួម​តតាំង​ក្តី​នេះ​ទេ តាំងពី​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កោះកុង មក​ម្ល៉េះ៖ «លំហ​សមុទ្រ​ហ្នឹង វា​មិនមែន​ជា​ឧក្រិដ្ឋឋាន វា​មិនមែន​ជា​កន្លែង​កើត​ហេតុ​ដែល​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ឯកជន​ណាមួយ​ទេ ផ្អែក​តាមច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​។ អ៊ីចឹង​ផ្អែកលើ​ចំណុច​សំខាន់ៗ​ទាំងនេះ​ហើយ យើង​យល់​ថា​សកម្មភាព​របស់​កូន​ក្តី​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ មិន​ចូល​ជា​បទល្មើស​ណាមួយ​ដែល​បំពាន​ច្បាប់​រដ្ឋ​នោះ​ទេ​។ អ៊ីចឹង​ចុងក្រោយ យើង​សុំ​ឱ្យ​តុលាការ​កំពូល​សម្រេច​បដិសេធ​សាលដីកា​របស់​សាលាឧទ្ធរណ៍ និង​សម្រេច​ឱ្យ​កូន​ក្តី​ទាំង​ពីរ​បាន​រួច​ផុត​ពី​បទ​ចោទ»។

មេធាវី សំ ចំរើន ថ្លែង​ទៀត​ថា តំណាង​មហាអយ្យការ​មិន​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ដាក់​បន្ទុក​លើ​កូន​ក្តី​របស់​លោក​នោះ​ទេ។ ផ្ទុយ​ទៅវិញ​លោក​ថា តំណាង​មហាអយ្យការ​បាន​ថ្លែងប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា សំណុំ​រឿង​នេះ​គ្មាន​ធាតុ​ផ្សំ​នៃ​បទល្មើស​គ្រប់គ្រាន់​ឡើយ​។ មេធាវី​រូប​នេះ​សង្ឃឹមថា កូន​ក្តី​របស់​លោក​ទាំង​ពីរ​នាក់​នឹង​ទទួល​បាន​យុត្តិធម៌​វិញ៖ «ព្រឹក​មិញ​ហ្នឹង តំណាង​មហាអយ្យការ​ឡើង​សន្និដ្ឋាន គឺ​គាត់​ថា ក្នុង​ដំណើរការ​រឿង​ក្តី​នេះ មិន​មាន​ធាតុ​ផ្សំ នៃ​បទល្មើស​គ្រប់គ្រាន់​សម្រាប់​ផ្ដន្ទាទោស​លើ​អ្នក​ទាំងពីរ​ហ្នឹង​ទេ។ អ៊ីចឹង​យើង​យល់ថា សេចក្ដី​សន្និដ្ឋាន​បែបនេះ គឺ​បាន​គាំទ្រ​ទៅលើ​ជំហរ​របស់​យើង​ជា​មេធាវី និង​ផ្ដល់​ផលប្រយោជន៍​សម្រាប់​ជនជាប់ចោទ​ច្រើន»។

ក្រោយ​សវនាការ​ប្រហែល​កន្លះ​ម៉ោង ចៅក្រម​ជំនុំជម្រះ​តុលាការ​កំពូល​សម្រេច​ថា នឹង​ប្រកាស​សាលដីកា​រឿង​នេះ នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ ឧសភា ខាងមុខ។

អតីត​សកម្មជន​មាតា​ធម្មជាតិ យុវជន ហ៊ុន វណ្ណៈ និង ឌឹម គុនឌី ត្រូវ​បាន​តុលាការ​ខេត្តកោះកុង​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ១​ឆ្នាំ និង​ពិន័យ​ម្នាក់​១ លាន​រៀល ពី​បទ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” និង “​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​”​។ ក្ដីក្ដាំ​នេះ កើតឡើង​ដោយសារតែ​យុវជន​ទាំង​ពីរ​បាន​ជិះ​ទូក​ថតរូប​កប៉ាល់​ដឹក​ខ្សាច់​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ​។ ភាគី​ដើម​បណ្តឹង គឺជា​តំណាង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង (SEZ Koh Kong) របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់អំណាច និង​ជា​អ្នកជំនួញ​ស្និទ្ធិ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

តុលាការ​ខេត្ត​កោះកុង​បាន​អនុវត្ត​ទោស​ពន្ធនាគារ​លើ​យុវជន​ទាំង​ពីរ​រូប​រយៈពេល ៥​ខែ គិត​ពី​ថ្ងៃ​ចាប់ខ្លួន ដល់​ថ្ងៃ​ប្រកាស​សាលក្រម ហើយ​ទោស​នៅ​សល់ ត្រូវ​ព្យួរ​។ សាលាឧទ្ធរណ៍​បាន​តម្កល់​សាលក្រម​ផ្ដន្ទាទោស​នេះ​ទុក​ជា​បាន​ការ​ដដែល​នៅ​ចុងខែ​សីហា ឆ្នាំ​២០១៩ ហេតុនេះ​ទើប​យុវជន​ទាំងពីរ​នាក់​សម្រេច​ប្តឹង​សាទុក្ខ​ដល់​តុលាការ​កំពូល។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍ថា តាំងពី​ដំណាក់កាល​ដំបូង​មក តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​យុវជន​ទាំងពីរ​នាក់​នេះ​ឡើយ​។ លោក​ថា ការ​ចាប់ខ្លួន និង​ចោទប្រកាន់​ពួកគេ​នា​ពេល​កន្លង​ទៅ​នោះ គឺជា​ការ​បំបាក់​ស្មារតី​អ្នកការពារ​បរិស្ថាន​។ លោក​ស្នើ​ឱ្យ​តុលាការ​កំពូល​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ទាំងពីរ​វិញ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យ​បន្ត​ការងារ​សង្គម និង​ការពារ​ធនធានធម្មជាតិ៖ «យើង​នៅ​តែ​មាន​សង្ឃឹមថា តុលាការ​កំពូល​នឹង​លើកលែង​ចោទ​ប្រកាន់​សម្រាប់​ពួកគាត់​ឱ្យ​មាន​សេរីភាព​ពេញលេញ ហើយ​ពួកគាត់​អាច​ចូលរួម​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន និង​ផលប្រយោជន៍​សង្គម​នានា»។

យុវជន ហ៊ុន វណ្ណៈ និង ឌឹម គុនឌី គឺជា​សកម្មជន​២ នាក់ ក្នុងចំណោម​៥ នាក់ នៃ​អង្គការ​មាតា​ធម្មជាតិ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ជាច្រើន​ខែ ដោយសារ​ពួកគេ​បាន​ចេញ​មុខ​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​បែប​អនាធិបតេយ្យ​ក្នុង​ខេត្ត​កោះកុង​។ យុវជន​៣ នាក់​ផ្សេងទៀត រួមមាន លោក សាន់ ម៉ាឡា ទ្រី សុវិគា និង​ស៊ីម សំណាង​។ ក្រៅពី​ការ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ក្រុម​យុវជន​ទាំងនេះ​ជា​បន្តបន្ទាប់​ហើយ ក្រសួង​មហាផ្ទៃ​ក៏បាន​សម្រេច​លុបឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​ចេញពី​បញ្ជី​អង្គការ​សង្គម​ស៊ីវិល នៅ​ចុង​ឆ្នាំ​២០១៧។ ចំណែក សហ​ស្ថាបនិក​អង្គការ​នេះ គឺ​លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez Davidson) ជនជាតិ​អេស្ប៉ាញ​វិញ ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញពី​កម្ពុជា​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៥ និង​មិន​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​វិញ​ឡើយ ទោះជា​លោក​បាន​ព្យាយាម​ស្នើសុំ​វិល​មក​កម្ពុជា​វិញ​ជា​ច្រើនដង​យ៉ាងណា​ក្ដី៕

No comments: