Sunday 31 May 2020

ធនាគារ​ពិភពលោក​ព្យាករណ៍​ថា ពលរដ្ឋ​ខ្មែរ​ជិត ២​លាន​នាក់​បន្ថែម​ទៀត​នឹង​ធ្លាក់ខ្លួន​ក្រ​ដោយសារ​វិបត្តិ​កូវីដ


ដោយ មាន ឫទ្ធិ
2020-05-30

របាយការណ៍បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​២០២០ របស់​ធនាគារ​ពិភពលោក។
របាយការណ៍បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​២០២០ របស់​ធនាគារ​ពិភពលោក។
Screenshot




ធនាគារ​ពិភពលោក​ព្យាករណ៍​ថា ពលរដ្ឋ​ខ្មែរ​ជិត ២​លាន​នាក់​បន្ថែម​ទៀត នឹង​ធ្លាក់ខ្លួន​ក្រីក្រ ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ១៩ (Covid-19) ក្នុង​ឆ្នាំ​២០២០​នេ។ ធនាគារ​ពិភពលោក​ព្រមាន​ថា ហេតុការណ៍​នេះ នឹង​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​របស់​កម្ពុ​ជា​ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លង​មក​នេះ ត្រូវ​រង​ការ​គំរាមកំហែង​ខ្លាំង​បំផុត ហើយ​ជំរុញ​ឱ្យ​កម្ពុជា​ងាក​ទៅ​ខ្ចីបុល បរទេស​បន្ថែម​ទៀត។ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ថា រដ្ឋាភិបាល​នឹង​បញ្ចេញ​តួលេខ​កំណើន សេដ្ឋកិច្ច​របស់​ខ្លួន​នា​ពេល​ខាងមុខ តែ​កម្ពុជា​មិន​ទាត់​ចោល​លទ្ធភាព​ខ្ចីបុល​បរទេស បន្ថែម​ទៀត​នោះ​ទេ ប្រសិនបើ​គ្មាន​ធនធាន​ថវិកា​គ្រប់គ្រាន់។

ធនាគារ​ពិភពលោក​ព្យាករណ៍​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ក្នុង​ឆ្នាំ​២០២០​នេះ អាច​នឹង​កើន​ឡើង​ដល់​ទៅ ១១​ភាគរយ បន្ថែម​ទៀត លើ​ចំនួន​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​ស្រាប់​កាលពី​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩។ ការ​កើន​ឡើង​នេះ មាន​ន័យថា ចំនួន​ពលរដ្ឋ​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ ដែល​គ្មាន​លទ្ធភាព​ចំណាយ​លើស​ពី ១,៩០ ដុល្លារ​ក្នុង​មួយថ្ងៃ អាច​នឹង​ត្រូវ​កើន​ឡើងវិញ​រហូតដល់​ជិត ២៥% ឬ​ស្មើនឹង​ប្រមាណ ៤​លាន​នាក់។


របាយការណ៍​បច្ចុប្បន្ន​ភាព សេដ្ឋកិច្ច​កម្ពុជា​ក្នុង​កាលៈទេសៈ​មាន​វិបត្តិ​កូ​វដ​១៩ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ ឧសភា ដោយ​ធនាគារ​ពិភពលោក​គូស​បញ្ជាក់​ថា មនុស្ស​យ៉ាងហោចណាស់​ជាង ១​លាន​៧​សែន​នាក់ (១,៧៦​លាន​នាក់​) ពិសេស​ក្នុងចំណោម​ក្រុម​គ្រួសារ​ដែល​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍ ទិញ​លក់ដុំ និង​រាយ វិស័យ​កាត់ដេរ សំណង់ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ផលិតកម្ម កំពុង​ប្រឈម​នឹង​ការបាត់បង់​ការងារ​ធ្វើ​។ ក្នុង​នោះ គ្រាន់តែ​ក្នុង​វិស័យ​កាត់ដេរ​តែឯង ពលរដ្ឋ​ប្រមាណ ១​សែន​នាក់ បាន​បាត់បង់​ការងារ​ធ្វើ ដោយសារ​រោងចក្រ​ប្រមាណ ១៣០ បាន​បិទ ឬ​ផ្អាក​សកម្មភាព គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​មេសា។

សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា លោក លី សុដែត ថ្លែង​ក្នុង​វីដេអូ​ឃ្លិប​របស់​ធនាគារ​ពិភពលោក​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា ថា ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​នេះ បាន​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ខ្លាំង​ក្លា ជាពិសេស​បាន​ធ្វើ​ឱ្យ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ទាំង​បី​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា រង​ឥទ្ធិពល​ធ្ងន់ធ្ងរ​មក​លើ​វិស័យ​ទេសចរណ៍ វិស័យ​នាំចេញ និង​វិស័យ​សំណង់៖ «វិស័យ​ទាំង​បី​នេះ គឺ​ផ្ដល់​កំណើន​ដល់​ទៅ​៧០% នៃ​កំណើន​សរុប ក្នុង​ឆ្នាំ​២០១៩ ហើយ​ផ្ដល់​ការងារ​រហូតដល់​ទៅ ៤០% នៃ​ការងារ​សរុប​របស់​ប្រទេស កម្ពុជា​យើង​។ ដោយសារតែ​ការ​ប៉ះពាល់​ទៅលើ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​កម្ពុជា​ទាំង​បី​នេះ ហើយ ដែល​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​យើង ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ធ្លាក់​ចុះ ក្នុង​ឆ្នាំ​២០២០​នេះ គឺ​រហូតដល់​អវិជ្ជមាន ១%។ យើង​មានការ​ព្យាករណ៍​មួយទៀត ហៅថា ការ​ព្យាករណ៍​ក្នុង​សេណារីយ៉ូ ដែល​ភាព​អវិជ្ជមាន​រហូតដល់ ២,៩%»។

បើ​តាម​ធនាគារ​ពិភពលោក ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​នេះ គឺ​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ តាំងពី​ឆ្នាំ​១៩៩៤​មក។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អគ្គនាយក​ផែនការ​នៃ​ក្រសួងផែនការ លោក ថេង បញ្ញាធន ជុំវិញ​ការ​កើនឡើង​នៃ​តួលេខ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ​នេះ តែ​លោក​មិន​លើក​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី២៩ ឧសភា​។ រីឯ អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន ពុំ​មាន​ប្រតិកម្ម​ទៅ​នឹង ការ​ទម្លាក់​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ចុងក្រោយ​របស់​ធនាគារ​ពិភពលោក រហូត​ដល់​ទៅ​ជិត -៣%​នេះ​ទេ តែ​លោក​ថា កម្ពុជា​នឹង​ចេញ​ការវាយតម្លៃ​ចំពោះ​កំណើន សេដ្ឋកិច្ច​ខ្លួនឯង នា​ពេល​ខាងមុខ៖ «រឿង​ពាក់ព័ន្ធ​នឹង​កំណើន រាជរដ្ឋាភិបាល​នឹង​មាន​តួលេខ​ខ្លួនឯង​មួយទៀត ដែល​យើង​នឹង​ចេញ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ»។

ក្រៅពី​ការ​កើន​ឡើង​អត្រា​ពលរដ្ឋ​រស់នៅ​ក្នុង​ភាព​ក្រីក្រ ធនាគារ​ពិភពលោក​ព្រមាន​ថា ការ​ធ្លាក់​ចុះ​លំហូរ​វិនិយោគ​ពី​ក្រៅ​ប្រទេស ជាពិសេស​ពី​ប្រទេស​ចិន នឹង​ធ្វើ​ឱ្យ​តម្លៃ​ទីផ្សារ អចលនទ្រព្យ​ស្រុត​ចុះ ដែល​អាច​នឹង​បញ្ចប់​ការលូតលាស់​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​សំណង់ ទៀត​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ធនាគារ​រក​ឃើញ​ថា ពលរដ្ឋ​កាន់តែ​ច្រើន ជំពាក់​បំណុល​ធនាគារ ដែល​មិនមែន​ជា​បំណុល​មីក្រូហិរញ្ញវត្ថុ សម្រាប់​យក​មក​ប្រើ​ប្រាស់ ឱ្យ​វិស័យ​សំណង់ អចលនទ្រព្យ និង​ការទិញ​លក់​លំនៅឋាន​តាមរយៈ​ការ​បង់​រំលស់ ដែល​សរុប​មានតម្លៃ​ជិត ៨​ប៊ី​លាន​ដុល្លារ អាច​នឹង​គ្មាន​លទ្ធភាព​សង​។ នេះ​គេ​នៅ​មិនទាន់​រាប់​ចូល​បំណុល​មីក្រូហិរញ្ញវត្ថុ​តម្លៃ​ជាង ១០ ប៊ី​លាន​ដុល្លារ ជំពាក់​ដោយ​ពលរដ្ឋ​ក្រីក្រ​សរុប​ប្រមាណ​ជាង ២,៦​លាន​គ្រួសារ។

រីឯ បំណុល​រដ្ឋ​ជំពាក់​បរទេស​វិញ ធនាគារ​ពិភពលោក​ថា វិបត្តិ​សេដ្ឋកិច្ច​នេះ នឹង​ជំរុញ​ឱ្យ​កម្ពុជា ទៅ​ខ្ចីបុល​បរទេស​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​បំណុល​សាធារណ​របស់​រដ្ឋ អាច​នឹង​កើន​ឡើង​ដល់ ៣៥​ភាគរយ​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប ត្រឹម​ឆ្នាំ​២០២២ ដោយសារតែ​រដ្ឋ​ជួប​នូវ​ឱនភាព​សារពើពន្ធ​ខ្ពស់​បំផុត​ក្នុង​២២​ឆ្នាំ​។ ត្រឹម​ដំណាច់​ឆ្នាំ​២០១៩ រដ្ឋ​ជំពាក់​បំណុល​បរទេស​សរុប​ជាង ៧,៦​ប៊ី​លាន​ដុល្លារ ហើយ​ចិន​ជា​ម្ចាស់បំណុល​ធំជាង​គេ របស់​កម្ពុជា។

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក មាស សុខសេនសាន ថា រដ្ឋ​អាច​នឹង​ពិចារណា​ខ្ចី​បុល​បរទេស​បន្ថែម​ទៀត ប្រសិនបើ​មាន​ការ​ចាំបាច់៖ «រឿង​បំណុល​អត់​ទាន់​មាន​អ្នកណា​អាច​វាយតម្លៃ បាន​ភ្លាមៗ​ទេ ពីព្រោះ​វា​អាស្រ័យ​ទៅ​លើ​វិធានការ​របស់​រដ្ឋាភិបាល ដែល​យើង​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​នេះ រហូត​ដល់​ឆ្នាំ​២០២១ ហើយ​នឹង​អាច​ឈាន​ដល់​ឆ្នាំ​២០២២ បើសិនជា​ស្ថានភាព យើង​ចាក់​លុយ​ទៅ វា​មាន​ប្រសិទ្ធភាព។ យើង​នឹង​រិះរក​នូវ​វិធីសាស្ត្រ​ដើម្បី​ថា តើ​យើង​អាច​នឹង​ចាក់​លុយ​បន្ថែម​ទៀត ហើយ​បើសិន​យើង​អត់​មាន​ប្រភព​គ្រប់គ្រាន់ យើង​នឹង​សម្លឹង​ទៅ​មើល​បំណុល​។ តែ​បើសិនជា​ក្នុង​ករណី​ដែល​ស្ថានភាព​វា​អាច​ប្រសើរ វា​ត្រលប់​មក​រក​ធម្មតា​វិញ ខ្ញុំ​ជឿ​ថា វា​អត់​មានអី​ជា​បញ្ហា​ទេ»។

ប្រឈម​នឹង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ៣០ ឆ្នាំ​មក​នេះ សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់​នៃ​ធនាគារ​ពិភពលោក លោក លី សុដែត ថា ធនាគារ​ដាក់​ចេញ​នូវ​អនុសាសន៍​សំខាន់ៗ​បី សំដៅ​ជួយសង្គ្រោះ​សេដ្ឋកិច្ច និង​ការពារ​សុខភាព​សាធារណៈ៖ «របាយការណ៍​យើង​មាន​អនុសាសន៍​បី​សំខាន់ៗ​។ ទី​មួយ អនុសាសន៍​សំខាន់​បំផុត គឺ​យើង​ត្រូវតែ​ជួយ​គាំពារ​ដល់​អ្នក​ដែល​ទទួល​ផល​ប៉ះពាល់ ធ្ងន់ធ្ងរ​ជាងគេ​។ ទី​ពីរ​គឺ​យើង​ត្រូវ​ប្រឹងប្រែង​ឱ្យ​សេដ្ឋកិច្ច​ងើប​ឡើង​វិញ ជាពិសេស គឺ​ធ្វើ​ផ្នែក​កំណែទម្រង់​រចនាសម្ព័ន្ធ​សំខាន់ៗ ហើយ​ទី​បី គឺ​យើង​គិតគូរ​ដល់​ធ្វើ​ម៉េច ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​យើង​ធានា​ផ្នែក​ម៉ាក្រូ​សារពើពន្ធ និង​ផ្នែក​ម៉ាក្រូ​ហិរញ្ញវត្ថុ»។

បើ​ទោះ​ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អួតអាង​ថា កម្ពុជា​បាន​កាត់បន្ថយ អត្រា​ពលរដ្ឋ​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ​បាន​ជាង​ពាក់​កណ្ដាល​មក​នៅ​ត្រឹម ១៣,៥​ភាគរយ ធនាគារ​ពិភពលោក កន្លង​មក​ធ្លាប់​ព្រមាន​ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ ៤,៥​លាន​នាក់ នៅតែ​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​ដដែល នៅ​ពេល​ដែល​សេដ្ឋកិច្ច​រង​ផល​ប៉ះពាល់ ឬ​ហានិភ័យ​ពី​ក្រៅ​ប្រទេស៕

1 comment:

Anonymous said...

So far the one that destroyed Khmer is Ah Kwack Hun Sen.

Kem Sokha must make his illegal imprisonment useful for his struggle to free Cambodia from Yuon and Hun Sen.

Kem Sokha must avoid transforming himself into an asshole after gotten hit by Ah Kwack. The hero must stand on principal and not bend under pressure.