ដោយ មាន ឫទ្ធិ
2020-05-30
Screenshot
ធនាគារពិភពលោកព្យាករណ៍ថា ពលរដ្ឋខ្មែរជិត ២លាននាក់បន្ថែមទៀត នឹងធ្លាក់ខ្លួនក្រីក្រ ដោយសារវិបត្តិជំងឺរាតត្បាតជាសាកលកូវីដ១៩ (Covid-19) ក្នុងឆ្នាំ២០២០នេ។ ធនាគារពិភពលោកព្រមានថា ហេតុការណ៍នេះ នឹងធ្វើឱ្យការអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ត្រូវរងការគំរាមកំហែងខ្លាំងបំផុត ហើយជំរុញឱ្យកម្ពុជាងាកទៅខ្ចីបុល បរទេសបន្ថែមទៀត។ មន្ត្រីក្រសួងសេដ្ឋកិច្ចថា រដ្ឋាភិបាលនឹងបញ្ចេញតួលេខកំណើន សេដ្ឋកិច្ចរបស់ខ្លួននាពេលខាងមុខ តែកម្ពុជាមិនទាត់ចោលលទ្ធភាពខ្ចីបុលបរទេស បន្ថែមទៀតនោះទេ ប្រសិនបើគ្មានធនធានថវិកាគ្រប់គ្រាន់។
ធនាគារពិភពលោកព្យាករណ៍ថា ចំនួនពលរដ្ឋខ្មែររស់នៅក្រោមបន្ទាត់ភាពក្រីក្រ ក្នុងឆ្នាំ២០២០នេះ អាចនឹងកើនឡើងដល់ទៅ ១១ភាគរយ បន្ថែមទៀត លើចំនួនពលរដ្ឋក្រីក្រដែលមានស្រាប់កាលពីមុនពេលមានវិបត្តិជំងឺកូវីដ-១៩។ ការកើនឡើងនេះ មានន័យថា ចំនួនពលរដ្ឋរស់នៅក្រោមបន្ទាត់ក្រីក្រ ដែលគ្មានលទ្ធភាពចំណាយលើសពី ១,៩០ ដុល្លារក្នុងមួយថ្ងៃ អាចនឹងត្រូវកើនឡើងវិញរហូតដល់ជិត ២៥% ឬស្មើនឹងប្រមាណ ៤លាននាក់។
សេដ្ឋកិច្ចវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំកម្ពុជា លោក លី សុដែត ថ្លែងក្នុងវីដេអូឃ្លិបរបស់ធនាគារពិភពលោកផ្សាយកាលពីថ្ងៃទី២៩ ឧសភា ថា ការរីករាលដាលនៃជំងឺកូវីដ១៩នេះ បានប៉ះពាល់សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំងក្លា ជាពិសេសបានធ្វើឱ្យក្បាលម៉ាស៊ីនសេដ្ឋកិច្ចទាំងបីសំខាន់ៗរបស់ប្រទេសកម្ពុជា រងឥទ្ធិពលធ្ងន់ធ្ងរមកលើវិស័យទេសចរណ៍ វិស័យនាំចេញ និងវិស័យសំណង់៖ «វិស័យទាំងបីនេះ គឺផ្ដល់កំណើនដល់ទៅ៧០% នៃកំណើនសរុប ក្នុងឆ្នាំ២០១៩ ហើយផ្ដល់ការងាររហូតដល់ទៅ ៤០% នៃការងារសរុបរបស់ប្រទេស កម្ពុជាយើង។ ដោយសារតែការប៉ះពាល់ទៅលើក្បាលម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាទាំងបីនេះ ហើយ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់កម្ពុជាយើង ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ ក្នុងឆ្នាំ២០២០នេះ គឺរហូតដល់អវិជ្ជមាន ១%។ យើងមានការព្យាករណ៍មួយទៀត ហៅថា ការព្យាករណ៍ក្នុងសេណារីយ៉ូ ដែលភាពអវិជ្ជមានរហូតដល់ ២,៩%»។
បើតាមធនាគារពិភពលោក ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនេះ គឺមិនធ្លាប់មានពីមុនមកទេ តាំងពីឆ្នាំ១៩៩៤មក។
អាស៊ីសេរីបានព្យាយាមទាក់ទងអគ្គនាយកផែនការនៃក្រសួងផែនការ លោក ថេង បញ្ញាធន ជុំវិញការកើនឡើងនៃតួលេខធ្លាក់ចូលក្នុងភាពក្រីក្ររបស់ពលរដ្ឋខ្មែរនេះ តែលោកមិនលើកទូរស័ព្ទកាលពីថ្ងៃទី២៩ ឧសភា។ រីឯ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ពុំមានប្រតិកម្មទៅនឹង ការទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពលោក រហូតដល់ទៅជិត -៣%នេះទេ តែលោកថា កម្ពុជានឹងចេញការវាយតម្លៃចំពោះកំណើន សេដ្ឋកិច្ចខ្លួនឯង នាពេលខាងមុខ៖ «រឿងពាក់ព័ន្ធនឹងកំណើន រាជរដ្ឋាភិបាលនឹងមានតួលេខខ្លួនឯងមួយទៀត ដែលយើងនឹងចេញនាពេលឆាប់ៗខាងមុខនេះ»។
ក្រៅពីការកើនឡើងអត្រាពលរដ្ឋរស់នៅក្នុងភាពក្រីក្រ ធនាគារពិភពលោកព្រមានថា ការធ្លាក់ចុះលំហូរវិនិយោគពីក្រៅប្រទេស ជាពិសេសពីប្រទេសចិន នឹងធ្វើឱ្យតម្លៃទីផ្សារ អចលនទ្រព្យស្រុតចុះ ដែលអាចនឹងបញ្ចប់ការលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសំណង់ ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ធនាគាររកឃើញថា ពលរដ្ឋកាន់តែច្រើន ជំពាក់បំណុលធនាគារ ដែលមិនមែនជាបំណុលមីក្រូហិរញ្ញវត្ថុ សម្រាប់យកមកប្រើប្រាស់ ឱ្យវិស័យសំណង់ អចលនទ្រព្យ និងការទិញលក់លំនៅឋានតាមរយៈការបង់រំលស់ ដែលសរុបមានតម្លៃជិត ៨ប៊ីលានដុល្លារ អាចនឹងគ្មានលទ្ធភាពសង។ នេះគេនៅមិនទាន់រាប់ចូលបំណុលមីក្រូហិរញ្ញវត្ថុតម្លៃជាង ១០ ប៊ីលានដុល្លារ ជំពាក់ដោយពលរដ្ឋក្រីក្រសរុបប្រមាណជាង ២,៦លានគ្រួសារ។
រីឯ បំណុលរដ្ឋជំពាក់បរទេសវិញ ធនាគារពិភពលោកថា វិបត្តិសេដ្ឋកិច្ចនេះ នឹងជំរុញឱ្យកម្ពុជា ទៅខ្ចីបុលបរទេសបន្ថែមទៀត ដែលធ្វើឱ្យបំណុលសាធារណរបស់រដ្ឋ អាចនឹងកើនឡើងដល់ ៣៥ភាគរយធៀបនឹងផលិតផលក្នុងស្រុកសរុប ត្រឹមឆ្នាំ២០២២ ដោយសារតែរដ្ឋជួបនូវឱនភាពសារពើពន្ធខ្ពស់បំផុតក្នុង២២ឆ្នាំ។ ត្រឹមដំណាច់ឆ្នាំ២០១៩ រដ្ឋជំពាក់បំណុលបរទេសសរុបជាង ៧,៦ប៊ីលានដុល្លារ ហើយចិនជាម្ចាស់បំណុលធំជាងគេ របស់កម្ពុជា។
ឆ្លើយតបនឹងបញ្ហានេះ លោក មាស សុខសេនសាន ថា រដ្ឋអាចនឹងពិចារណាខ្ចីបុលបរទេសបន្ថែមទៀត ប្រសិនបើមានការចាំបាច់៖ «រឿងបំណុលអត់ទាន់មានអ្នកណាអាចវាយតម្លៃ បានភ្លាមៗទេ ពីព្រោះវាអាស្រ័យទៅលើវិធានការរបស់រដ្ឋាភិបាល ដែលយើងអនុវត្តនៅក្នុងឆ្នាំនេះ រហូតដល់ឆ្នាំ២០២១ ហើយនឹងអាចឈានដល់ឆ្នាំ២០២២ បើសិនជាស្ថានភាព យើងចាក់លុយទៅ វាមានប្រសិទ្ធភាព។ យើងនឹងរិះរកនូវវិធីសាស្ត្រដើម្បីថា តើយើងអាចនឹងចាក់លុយបន្ថែមទៀត ហើយបើសិនយើងអត់មានប្រភពគ្រប់គ្រាន់ យើងនឹងសម្លឹងទៅមើលបំណុល។ តែបើសិនជាក្នុងករណីដែលស្ថានភាពវាអាចប្រសើរ វាត្រលប់មករកធម្មតាវិញ ខ្ញុំជឿថា វាអត់មានអីជាបញ្ហាទេ»។
ប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចមិនធ្លាប់មានក្នុងរយៈពេល ៣០ ឆ្នាំមកនេះ សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៃធនាគារពិភពលោក លោក លី សុដែត ថា ធនាគារដាក់ចេញនូវអនុសាសន៍សំខាន់ៗបី សំដៅជួយសង្គ្រោះសេដ្ឋកិច្ច និងការពារសុខភាពសាធារណៈ៖ «របាយការណ៍យើងមានអនុសាសន៍បីសំខាន់ៗ។ ទីមួយ អនុសាសន៍សំខាន់បំផុត គឺយើងត្រូវតែជួយគាំពារដល់អ្នកដែលទទួលផលប៉ះពាល់ ធ្ងន់ធ្ងរជាងគេ។ ទីពីរគឺយើងត្រូវប្រឹងប្រែងឱ្យសេដ្ឋកិច្ចងើបឡើងវិញ ជាពិសេស គឺធ្វើផ្នែកកំណែទម្រង់រចនាសម្ព័ន្ធសំខាន់ៗ ហើយទីបី គឺយើងគិតគូរដល់ធ្វើម៉េច ឱ្យសេដ្ឋកិច្ចកម្ពុជាយើងធានាផ្នែកម៉ាក្រូសារពើពន្ធ និងផ្នែកម៉ាក្រូហិរញ្ញវត្ថុ»។
បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អួតអាងថា កម្ពុជាបានកាត់បន្ថយ អត្រាពលរដ្ឋរស់នៅក្រោមបន្ទាត់ក្រីក្របានជាងពាក់កណ្ដាលមកនៅត្រឹម ១៣,៥ភាគរយ ធនាគារពិភពលោក កន្លងមកធ្លាប់ព្រមានថា ពលរដ្ឋខ្មែរប្រមាណ ៤,៥លាននាក់ នៅតែងាយនឹងធ្លាក់ចូលក្នុងភាពក្រីក្រដដែល នៅពេលដែលសេដ្ឋកិច្ចរងផលប៉ះពាល់ ឬហានិភ័យពីក្រៅប្រទេស៕
1 comment:
So far the one that destroyed Khmer is Ah Kwack Hun Sen.
Kem Sokha must make his illegal imprisonment useful for his struggle to free Cambodia from Yuon and Hun Sen.
Kem Sokha must avoid transforming himself into an asshole after gotten hit by Ah Kwack. The hero must stand on principal and not bend under pressure.
Post a Comment