Monday 4 May 2020
អ្នកសារព័ត៌មានស្នើរដ្ឋាភិបាល បើកទូលាយសេរីភាពសារព័ត៌មានឡើងវិញ
ដោយ សេក បណ្ឌិត
2020-05-03
rfa
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
រូប៖ ក្រសួងព័ត៌មាន
អង្គការផ្នែកសារព័ត៌មានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ស្នើសុំឱ្យរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់និងដោះលែងអ្នកសារព័ត៌មាន ព្រមទាំងធ្វើវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងប្រទេស ក្នុងភាពអាសន្នឡើងវិញ ដើម្បីធានាថា អ្នកសារព័ត៌មាន អាចបន្តបំពេញការងាររបស់ពួកគេបានដោយសេរី។ រីឯមន្ត្រីរដ្ឋាភិបាល ឆ្លើយតបថា មិនអាចអនុវត្តបានតាមការស្នើសុំនេះទេ។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា (CamboJa) និងក្លឹបអ្នកសារព័ត៌មានបរទេស នៅកម្ពុជា(OPCC) នៅតែបង្ហាញការព្រួយបារម្ភខ្លាំងជុំវិញការបន្តរឹតបន្តឹងសេរីភាព បញ្ចេញមតិ និង សេរីភាពសារព័ត៌មាន ជាពិសេសក្នុងរយៈពេល៤ខែចុងក្រោយនេះ។
ការព្រួយបារម្ភរបស់ស្ថាប័នទាំងពីរនេះ ដោយសារពួកគេកត់សម្គាល់ឃើញថា រដ្ឋាភិបាល បន្តចាប់ខ្លួន ប្រជាពលរដ្ឋដែលបញ្ចេញមតិរឿងជំងឺកូវីដ-១៩ ការចាប់ខ្លួនអ្នកកាសែតអនឡាញ លោក សុវណ្ណ រិទ្ធី ការបន្តចោទប្រកាន់លើអតីតអ្នកសារព័ត៌មានអាស៊ីសេរីពីររូប និងអតីតអ្នកសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ពីររូបទៀត។ ជាពិសេសកាន់តែមានព្រួយបារម្ភបន្ថែមទៀត ចំពោះ ការបង្កើតច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នកាលពីពេលថ្មីៗនេះ ដែលមានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មានផងដែរ។
អង្គការផ្នែកសារព័ត៌មានទាំងពីរ លើកឡើងក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣ ខែឧសភាថា ការប្រារព្ធទិវាសេរីភាពសារព័ត៌មានឆ្នាំ២០២០នេះ ធ្វើឡើងក្រោមប្រធានបទ''សេរីភាពសារព័ត៌មាន គ្មានភាពភ័យខ្លាចឬភាពលម្អៀង''។ ប៉ុន្តែជារឿងគួរឱ្យសោកស្ដាយដែលអ្នកសារព័ត៌មាននៅកម្ពុជា នៅតែភ័យខ្លាច។ ពួកគេ បារម្ភថា ការរាយការណ៍ព័ត៌មានរសើប នឹងនាំឱ្យមានទុក្ខដល់ពួកគេដូចជា ការចោទប្រកាន់ពីតុលាការ និងការជាប់ពន្ធនាគារជាដើម។ ភាពភ័យខ្លាចនេះ បានធ្វើឱ្យអ្នកសារព័ត៌មាន ត្រូវរឹតត្បិតខ្លួនឯងក្នុងការសរសេរព័ត៌មានមានស៊ីជម្រៅ ដែលមិនអាចជួយឱ្យប្រជាពលរដ្ឋ ក្នុងសង្គមទទួលបានព័ត៌មានដែលជាប្រយោជន៍ក្នុងការសម្រេចចិត្ត។
ក្នុងទិវាសេរីភាពសារព័ត៌មាននេះ ស្ថាប័នតំណាងឱ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ប្រមាណ១០០នាក់នេះ អំពាវនាវឱ្យរដ្ឋាភិបាល ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងអ្នកសារព័ត៌មាន ដែលត្រូវបានកាត់ទោសដោយសារការបំពេញការងាររបស់ពួកគេ និងអនុញ្ញាតឱ្យអ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មាន ដំណើរការដោយចំហ និងសេរី ដោយគ្មានការគំរាម កំហែងនិងការគាប់សង្កត់។ លើសពីនេះ ពួកគេស្នើសុំឱ្យរដ្ឋាភិបាល ធ្វើវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្នឡើងវិញ ដើម្បីធានាថា អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មាន អាចរាយការណ៍ព័ត៌មានដោយសេរី ដើម្បីផ្តល់ព័ត៌មានពិតដល់សាធារណជន ទោះបីក្នុងពេលប្រទេសជាតិដាក់ក្នុងភាពអាសន្នក្តី។ អ្នកសារព័ត៌មាន ក៏ស្នើសុំឱ្យបញ្ឈប់ ការប្រើប្រាស់ក្រមព្រហ្មទណ្ឌក្នុងការកាត់ទោសអ្នកសារព័ត៌មាន ដោយសារតែការបំពេញការងាររបស់ពួកគេ ហើយត្រូវប្រើប្រាស់ច្បាប់ស្ដីពី របបសារព័ត៌មានជំនួសវិញ។ ក្នុងករណី មានព័ត៌មានណាមួយ ដែលចាត់ទុកថា ផ្សាយខុសពីការពិត គួរតែស្នើសុំឱ្យស្ថាប័នព័ត៌មាននោះ ផ្សាយកែតម្រូវ ឬបកស្រាយ ស្របតាមមាត្រា១០នៃច្បាប់ស្ដីពីរបបសារព័ត៌មាន។
ចំណែកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែរ នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មាននេះ ដោយបង្ហាញថា សេរីភាពសារព័ត៌មានរងការបង្ក្រាបទ្រង់ទ្រាយធំ តាំងពីឆ្នាំ២០១៧មក ហើយយុទ្ធនាការបង្ក្រាបនេះមិនបានបញ្ចប់នៅឡើយ។ មណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកយកករណីអតីតអ្នកសារព័ត៌មានអាស៊ីសេរី គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ថា ពួកគេ បានក្លាយជាគោលដៅនៃការវាយប្រហារ ដោយសារតែការប្រើប្រាស់សេរីភាពរបស់ពួកគេ ដែលនាំឱ្យមានការប្រឆាំងកាន់តែខ្លាំងឡើងចំពោះ អ្នកសារព័ត៌មាន និងការសម្ដែងមតិដោយសេរី។
នាយិកាប្រតិបត្តិនៃមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ថា វិជ្ជាជីវៈសារព័ត៌មានមិនមែនជាបទល្មើសទេ ហើយក៏មិនគួរចាត់ទុកថា មានទោសដែរ។ សេរីភាពសារព័ត៌មាន ត្រូវបានធានាដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ ហើយគួរត្រូវបានលើកទឹក ចិត្តដោយគ្មានការរារាំង។ ការគោរពសិទ្ធិសេរីភាពបញ្ចេញមតិ និងការធានានូវលំហមួយដែលអ្នកសារព័ត៌មាន អាចធ្វើការងាររបស់ពួកគេបានដោយសេរី និងសុវត្ថិភាព ដោយគ្មានការភ័យខ្លាច គឺជា ជំហ៊ានសំខាន់ឆ្ពោះទៅរកការកសាងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋដ៏រឹងមាំ។ អ្នកស្រី ស្នើសុំឱ្យរដ្ឋាភិបាល ត្រូវចាត់វិធានការរឹងមាំ ដើម្បីលើកស្ទួយសេរីភាពសារព័ត៌មាន និងលើកទឹកចិត្តប្រព័ន្ធ ផ្សព្វផ្សាយឯករាជ្យ ដោយបញ្ឈប់ការយាយីតាមប្រព័ន្ធតុលាការ និងទម្រង់គំរាមកំហែងដទៃទៀត លើអ្នកសារព័ត៌មាន។ មណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏ស្នើសុំឱ្យធ្វើវិសោធនកម្ម ឬលុបចោលច្បាប់ ឬគោលនយោបាយទាំងឡាយណាដែលមានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មានផងដែរ។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយតបថា ការទាមទារនៅក្នុងសេចក្ដីថ្លែងការណ៍ នេះ មិនអាចអនុវត្តបានទេ ដោយលោកអះអាងថា វិធានការកន្លងមក គឺជាការអនុវត្តច្បាប់ចំពោះ អ្នកសារព័ត៌មានណាដែលប្រព្រឹត្តខុសច្បាប់៖ «ពីព្រោះថា អ្នកសារព័ត៌មានត្រូវតែគោរពច្បាប់ បើបំពានច្បាប់ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់ដូចសាធារណជនដទៃទៀតដែរ ។ ចំពោះការអំពាវនាវឱ្យមាន ការកែសម្រួលបញ្ញត្តិច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ជាពិសេសពាក់ព័ន្ធដល់សម្ដែងមតិ និងសិទ្ធិសេរីភាពអ្នកសារព័ត៌មាននោះ គឺយើងនឹងពិចារណា ប្រសិនបើការអំពាវនាវទាំងអស់នោះ វាស្របទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ក៏ដូចជាការអនុវត្តជាអន្តរជាតិ ក៏ប៉ុន្តែការលើកឡើងកន្លងមកយើងឃើញថា វាខុសទាំងស្រុងទាំងខ្លឹមសារ និងចេតនាពិតប្រាកដនៃច្បាប់នេះ»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ និងលោក ផុស សុវណ្ណ បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ប៉ុន្តែក្រសួងព័ត៌មាន តែងតែអះអាងជារឿយៗ ថា សេរីភាពសារព័ត៌មាននៅកម្ពុជា មិនមានការធ្លាក់ចុះទេ។
ផ្ទុយពីការលើកឡើងនេះ អ្នកសារព័ត៌មាន ព្រមទាំងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ មិនបានយល់ឃើញដូចបែបនោះទេ។ ពួកគេចាត់ទុកវិធានការលើអ្នកសារព័ត៌មានកន្លងមក ថា ជាការជាន់ឈ្លីប្រព័ន្ធយុត្តិធម៌ និងយុទ្ធនាការបង្ក្រាបលើសំឡេងផ្សព្វផ្សាយឯករាជ្យ ដែលហ៊ានរាយការណ៍នូវព័ត៌មានពិតនៅកម្ពុជា។
សមាជិកក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ស៊ុន ណារិន ថ្លែងថា នៅពេលដែលមានស្ថាប័នព័ត៌មានចំណុះឱ្យរដ្ឋាភិបាលច្រើន ប៉ុន្តែស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានឯករាជ្យកាន់តែនៅសល់តិចតូច កំពុងបន្តការងារ ក្នុងលំហសេរីភាពដ៏តូចចង្អៀតបែបនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញនូវសេរីភាពព័ត៌មាននៅកម្ពុជាមិនមានភាពល្អប្រសើរនោះទេ។ លោកអះអាងថា ការប្រើប្រាស់ប្រព័ន្ធតុលាការលើអ្នកសារព័ត៌មានកន្លងមក គឺអាជ្ញាធរគ្មានមូលដ្ឋានក្នុងការចោទប្រកាន់ ឬចាប់ខ្លួននោះទេ ព្រោះពួកគេ គ្រាន់តែបំពេញការងារដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិប៉ុណ្ណោះ៖ «កាលណានៅមានអ្នកសារព័ត៌មានឯករាជ្យតិចតួច ហើយគាត់រងការរឹតត្បិត គឺវាបង្ហាញនូវសេរីភាពសារព័ត៌មាននៅក្នុងនោះដែរ ព្រោះយើងគិតថា ក្នុងសង្គម ប្រជាធិបតេយ្យ វាមានស្ថាប័នកាសែតចម្រុះហើយ ធ្វើម៉េចកុំទៅធ្វើទុក្ខបុកម្នេញអ្នកធ្វើការដែលបំពេញតាមវិជ្ជាជីវៈនិងឯករាជ្យរបស់គាត់»។
ការបង្ក្រាបលើអ្នកសារព័ត៌មាននេះ មិនត្រឹមតែបណ្ដាលឱ្យមានការរិះគន់ពីក្រុមអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែករណីនេះ ក៏ជាមូលហេតុមួយក្នុងចំណោមមូល ហេតុចម្បង ដទៃទៀតដែលសហភាពអឺរ៉ុប សម្រេចក្នុងការដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ «Everything But Arms (EBA)»ពីកម្ពុជា ដែរ៕
Subscribe to:
Post Comments (Atom)
1 comment:
This sex maniac Khiev Kanharith has led Khmer society to hell.
Wishing Sok Ann will accept him as new roommate and new lover soon.
Post a Comment