ដោយ វ៉ែន សុមេធ
2020-05-31
សកម្មភាពសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ហ្វឹកហាត់ សម្រាប់ការបង្ក្រាបបាតុកម្ម។ រូបភាពត្រូវបានចែកចាយលើបណ្ដាញសង្គម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។
photo courtesy
ប៉ូលិសនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតប្រមាណ៦០នាក់និងមន្ត្រីអាវុធហត្ថប្រហែល៤០នាក់ស្លៀកពាក់ឯកសណ្ឋាននាំគ្នាហ្វឹកហាត់នៅក្នុងទីបញ្ជាការដ្ឋានរៀងៗខ្លួន ចាប់តាំងពីថ្ងៃទី៣០ឧសភាមក។សមត្ថកិច្ចទាំងនោះមានបំពាក់ដោយដំបងឆក់ និងខែល ឈរតម្រង់ជួរកម្ដៅសាច់ដុំស្របពេលក្រុមប្រជាពលរដ្ឋគ្រោងធ្វើបាតុកម្មនៅមុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី១ ខែមិថុនា។
រីឯមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតលោក នី ណារ៉ូ សុំមិនឆ្លើយតបជុំវិញពីការហ្វឹកហាត់កងកម្លាំងនេះទេ ដោយលោកប្រាប់ថា លោកមិនបាននៅបន្ទាយជាច្រើនថ្ងៃហើយ៖ «ខ្ញុំជាប់ច្បាប់ខ្ញុំបានផ្ទេរសិទ្ធឱ្យគេហើយបង»។
ចំណែកស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក អាត់ ខែម បានបង្ហោះរូបថតសកម្មភាពរបស់ប៉ូលិសក្រុងប៉ោយប៉ែតនៅក្នុងហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៣០ឧសភាថាប៉ូលិសអនុវត្តន៍តាមបទបញ្ជាលោកស្នងការនគរបាលខេត្ត គឺជាការរំលឹកមេរៀនឡើងវិញកុំឲ្យភ្លេចប៉ុណ្ណោះ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន បន្ថែមទៀតប៉ុន្តែទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ទាក់ទងរឿងនេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា យល់ថា អាជ្ញាធរកម្ដៅសាច់ដុំនៅពេលនេះគឺជារូបភាពបំភិតបំភ័យ ដើម្បីកុំឱ្យពលរដ្ឋនាំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១មិថុនា។។លោកចាត់ទុកទង្វើបែបនេះថាជាការឱ្យប៉ះពាល់ដល់សិទ្ធសេរីភាពសម្ដែងមតិរបស់ពលរដ្ឋទៅវិញទេ៖ «ហើយមួយទៀតបើសិនជាឈានទៅដល់បំបែកហើយវាយដុំប្រជាពលរដ្ឋទៀតវាកាន់តែធ្ងន់ធ្ងរហើយព្រោះថាយើងស៊ីប្រាក់រដ្ឋហើយរដ្ឋបានលុយពីប្រជាពលរដ្ឋមកចិញ្ចឹមសមត្ថកិច្ចហើយបែរទៅជាវាយដំច្រំធាក់ដល់អ្នកមានគុណខ្លួនឯងវាជារឿងមួយអកតញ្ញូខ្លាំងណាស់។ ព្រោះថាហាត់ក៏ដោយអីក៏ដោយគ្រាន់តែហាត់ដើម្បីរំលឹកមេរៀនកុំឱ្យភ្លេច ប៉ុន្តែកុំឱ្យទៅវាយធ្វើបាបពលរដ្ឋ»។
ចំណែកប្រជាពលរដ្ឋនៅសង្កាត់ប៉ោយប៉ែតសុំមិនឱ្យបញ្ចេញឈ្មោះម្នាក់ថ្លែងថា បើទោះបីជាមានកងកម្លាំងច្រើននាក់បែបនេះក្ដី ក៏មិនអាចទប់ស្កាត់ពួកគាត់មិនឱ្យធ្វើបាតុកម្មបានដែរ។ ពលរដ្ឋរូបនេះបញ្ជាក់ថា ក្រុមអ្នករត់ម៉ូតូឌុប កម្មករអូសរទេះអាជីវករដែលមានតូបលក់នៅផ្សាររ៉ុងក្លឿ ប្រទេសថៃ និងកម្មករស៊ីឈ្នួលលីសែងនៅក្នុងទឹកដីថៃបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីនាំគ្នាធ្វើបាតុកម្មតាមការគ្រោងទុកដដែល៖ «ខ្ញុំត្រូវតែធ្វើស្អែកនេះត្រូវតែទៅឱ្យគេរកដំណោះស្រាយដែលឱ្យចង់បានធ្វើយ៉ាងម៉េចឱ្យបានយល់ស្របទាំងអស់គ្នាដើម្បីរកដំណោះស្រាយឱ្យបានចូលទៅផ្សារ។យើងពាក់ម៉ាស់ទាំងអស់គ្នា ទៅយើងការពារដូចតែគ្នាហ្នឹងយើងចរចាគ្នាដោយសន្តិវិធីអត់មានប្រើអំពើហិង្សាទេ។ បើសមត្ថកិច្ចមកវាយពួកខ្ញុំក៏ពិបាកដែរព្រោះធម្មតាមនុស្សដល់កមិនខ្លាចការវាយទេ បើធ្វើបាបគ្នាក៏ខ្មាសគេខ្មាសឯងដូចតែគ្នាដែរ។អាជ្ញាធរធ្វើអីក៏ដោយត្រូវគោរពសិទ្ធយើងជាខ្មែរដូចគ្នា»។
នៅថ្ងៃទី៣១ឧសភា ទាហានឈុតខ្មៅរបស់ថៃជាច្រើននាក់ ក៏បានដាក់ពង្រាយត្រៀមទប់ស្កាត់ក្រុមបាតុករខ្មែរនៅតំបន់ផ្សាររ៉ុងក្លឿប្រទេសថៃជាប់ព្រំដែនអន្តរជាតិប៉ោយប៉ែតដែរ។
កាលពីថ្ងៃទី២៥ ឧសភា តំណាងពលរដ្ឋបានដាក់លិខិតស្នើសុំទៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីធ្វើបាតុកម្មទាមទារឱ្យអាជ្ញាធរខ្មែរអន្តរាគមន៍ទៅខាងភាគីថៃស្នើសុំបើកទ្វារព្រំដែនប្រទេសទាំង២ឡើងវិញដោយសារការបិទព្រំដែនយូរបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។ នៅក្នុងលិខិតនោះបញ្ជាក់ថា ពលរដ្ឋចំនួន ១.៥០០នាក់ គ្រោងចូលរួមធ្វើបាតុកម្មនៅមុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាចចាប់ពីថ្ងៃទី១ដល់ថ្ងៃទៅ៧មិថុនា ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តបដិសេធ។ការតវ៉ានេះក្រុមប្រជាពលរដ្ឋនឹងបិទផ្លូវជាតិលេខ៥នៅច្រកទ្វារព្រំដែនហាមឃាត់មិនឱ្យរថយន្តដឹកទំនិញរបស់ថៃចូលមកកម្ពុជាបានឡើយ
1 comment:
The problems that Hun Sen facing are so huge, which prompted him to act crazily.
The COVID 19's ill effects plus the no EBA and no GSP have caused Hun Sen to take erratic actions that would further accelerating his downfall.
Only time will tell how Ah Prett Hun Sen would handle the chaotic situation reaches its peak.
Post a Comment