Monday 1 June 2020

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ហ្វឹកហាត់​កម្លាំង​ត្រៀម​បង្ក្រាប​អ្នក​តវ៉ា​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត


ដោយ វ៉ែន សុមេធ
2020-05-31

សកម្មភាព​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ​ហ្វឹកហាត់ សម្រាប់ការ​បង្ក្រាប​បាតុកម្ម។ រូប​ភាព​​ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញសង្គម នៅ​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០២០។
សកម្មភាព​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ​ហ្វឹកហាត់ សម្រាប់ការ​បង្ក្រាប​បាតុកម្ម។ រូប​ភាព​​ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញសង្គម នៅ​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០២០។
photo courtesy



អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ បាន​ហ្វឹកហាត់​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន​នាក់​ប្រដាប់​ដោយ​ដំបង​ឆក់ និង​ខែល​ដើម្បី​ត្រៀម​ទប់ស្កាត់​ក្រុម​ប្រជាពលរដ្ឋ​ដែល​គ្រោង​តវ៉ា​នៅ​ច្រកទ្វារ​ព្រំដែន​កម្ពុជា​និង​ថៃ​នៅ​ថ្ងៃ​ទី​១ មិថុនា។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​សកម្មភាព​របស់​សមត្ថកិច្ច​នេះ ថា ជា​ការ​បំភិតបំភ័យ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ឱ្យ​ភ័យខ្លាច​ដើម្បី​កុំ​ឱ្យ​ពួកគាត់​ទៅ​ចូលរួម​ធ្វើបាតុកម្ម​តាម​ការ​គ្រោងទុក។

​ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ប្រមាណ​៦០​នាក់​និង​មន្ត្រី​អាវុធហត្ថ​ប្រហែល​៤០​នាក់​ស្លៀកពាក់​ឯកសណ្ឋាន​នាំគ្នា​ហ្វឹកហាត់​នៅ​ក្នុង​ទី​បញ្ជាការ​ដ្ឋាន​រៀងៗ​ខ្លួន ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០​ឧសភា​មក​។​សមត្ថកិច្ច​ទាំងនោះ​មាន​បំពាក់​ដោយ​ដំបង​ឆក់ និង​ខែល ឈរ​តម្រង់​ជួរ​កម្ដៅ​សាច់ដុំ​ស្រប​ពេល​ក្រុម​ប្រជាពលរដ្ឋ​គ្រោង​ធ្វើបាតុកម្ម​នៅមុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មិថុនា។


អាស៊ីសេរី​មិន​អាច​ទាក់ទង​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក ធិន ស៊ិនដេត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​​ទី​៣១​ឧសភា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល​។​

រីឯ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​លោក នី ណារ៉ូ សុំ​មិន​ឆ្លើយតប​ជុំវិញ​ពី​ការ​ហ្វឹកហាត់​កងកម្លាំង​នេះ​ទេ ដោយ​លោក​ប្រា​ប់ថា លោក​មិន​បាន​នៅ​បន្ទាយ​ជាច្រើន​ថ្ងៃ​ហើយ៖ «ខ្ញុំ​ជាប់​ច្បាប់​ខ្ញុំ​បាន​ផ្ទេរ​សិទ្ធ​ឱ្យ​គេ​ហើយ​បង»។

ចំណែក​ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ​លោក អាត់ ខែម បាន​បង្ហោះ​រូបថត​សកម្មភាព​របស់​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៣០​ឧសភា​ថា​ប៉ូលិស​អនុវត្តន៍​តាម​បទបញ្ជា​លោកស្នងការ​នគរបាល​ខេត្ត គឺជា​ការ​រំលឹក​មេរៀន​ឡើងវិញ​កុំឲ្យ​ភ្លេច​ប៉ុណ្ណោះ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន បន្ថែម​ទៀត​ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល​។​

ទាក់ទង​រឿង​នេះ​មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ខេត្តបន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទ​គា យល់ថា អាជ្ញាធរ​កម្ដៅ​សាច់ដុំ​នៅពេលនេះ​គឺជា​រូបភាព​បំភិតបំភ័យ ដើម្បី​កុំឱ្យ​ពលរដ្ឋ​នាំគ្នា​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​១​មិថុនា​។​។​លោក​ចាត់​ទុក​ទង្វើ​បែបនេះ​ថា​ជា​ការ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ​ទៅវិញ​ទេ​៖ «ហើយ​មួយទៀត​បើសិនជា​ឈាន​ទៅ​ដល់​បំបែក​ហើយ​វាយ​ដុំ​ប្រជាពលរដ្ឋ​ទៀត​វា​កាន់តែ​ធ្ងន់ធ្ងរ​ហើយ​ព្រោះថា​យើង​ស៊ី​ប្រាក់​រដ្ឋ​ហើយ​រដ្ឋ​បាន​លុយ​ពី​ប្រជាពលរដ្ឋ​មក​ចិញ្ចឹម​សមត្ថកិច្ច​ហើយ​បែរ​ទៅជា​វាយដំច្រំធាក់​ដល់​អ្នកមាន​គុណ​ខ្លួនឯង​វា​ជា​រឿង​មួយ​អកតញ្ញូ​ខ្លាំង​ណាស់​។ ព្រោះថា​ហាត់​ក៏ដោយ​អី​ក៏ដោយ​គ្រាន់តែ​ហាត់​ដើម្បី​រំលឹក​មេរៀន​កុំ​ឱ្យ​ភ្លេច ប៉ុន្តែ​កុំ​ឱ្យ​ទៅ​​វាយ​ធ្វើបាប​ពលរដ្ឋ»។

ចំណែក​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​ថ្លែង​ថា បើទោះបី​ជា​មាន​កងកម្លាំង​ច្រើន​នាក់​បែបនេះ​ក្ដី ក៏​មិន​អាច​ទប់ស្កាត់​ពួកគាត់​មិន​ឱ្យ​ធ្វើបាតុកម្ម​បាន​ដែរ។ ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ក្រុម​អ្នក​រត់ម៉ូតូឌុ​ប កម្មករ​អូស​រទេះ​អាជីវករ​ដែល​មាន​តូប​លក់​នៅ​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ និង​កម្មករ​ស៊ីឈ្នួល​លីសែង​នៅ​ក្នុង​ទឹកដី​ថៃ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​នាំគ្នា​ធ្វើបាតុកម្ម​តាម​ការ​គ្រោង​ទុក​ដដែល៖ «ខ្ញុំ​ត្រូវតែ​ធ្វើ​ស្អែក​នេះ​ត្រូវតែ​ទៅ​ឱ្យ​គេ​រក​ដំណោះស្រាយ​ដែល​ឱ្យ​ចង់​បាន​ធ្វើ​យ៉ាងម៉េច​ឱ្យ​បាន​យល់ស្រប​ទាំងអស់​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​បាន​ចូល​ទៅ​ផ្សារ​។​យើង​ពាក់​ម៉ាស់​ទាំងអស់​គ្នា ទៅ​យើង​ការពារ​ដូច​តែ​គ្នា​ហ្នឹង​យើង​ចរចា​គ្នា​ដោយ​សន្តិវិធី​អត់​មាន​ប្រើ​អំពើ​ហិង្សា​ទេ​។ បើ​សមត្ថកិច្ច​មក​វាយ​ពួក​ខ្ញុំ​ក៏​ពិបាក​ដែរ​ព្រោះ​ធម្មតា​មនុស្ស​ដល់ក​មិន​ខ្លាច​ការ​វាយ​ទេ បើ​ធ្វើ​បាប​គ្នា​ក៏​ខ្មាស​គេ​ខ្មាស​ឯង​ដូច​តែ​គ្នា​ដែរ​។​អាជ្ញាធរ​ធ្វើ​អី​ក៏ដោយ​ត្រូវ​គោរព​សិទ្ធ​យើង​ជា​ខ្មែរ​ដូចគ្នា»។

នៅ​ថ្ងៃ​ទី​៣១​ឧសភា ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​ជាច្រើន​នាក់ ក៏បាន​ដាក់​ពង្រាយ​ត្រៀម​ទប់ស្កាត់​ក្រុម​បាតុករ​ខ្មែរ​នៅ​តំបន់​ផ្សារ​រ៉ុងក្លឿ​ប្រទេស​ថៃ​ជាប់​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ដែរ។

កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា តំណាង​ពលរដ្ឋ​បាន​ដាក់​លិខិតស្នើ​សុំ​ទៅ​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​អាជ្ញាធរ​ខ្មែរ​អន្តរាគមន៍​ទៅ​ខាង​ភាគី​ថៃ​ស្នើសុំ​បើកទ្វារ​ព្រំដែន​ប្រទេស​ទាំង​២​ឡើងវិញ​ដោយសារ​ការ​បិទ​ព្រំដែន​យូរ​បែបនេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគេ។ នៅ​ក្នុង​លិខិត​នោះ​បញ្ជាក់​ថា ពលរដ្ឋ​ចំនួន ១.៥០០នាក់ គ្រោង​ចូលរួម​ធ្វើបាតុកម្ម​នៅមុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទៅ​៧​មិថុនា ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បដិសេធ​។​ការ​តវ៉ា​នេះ​ក្រុម​ប្រជាពលរដ្ឋ​នឹង​បិទ​ផ្លូវជាតិ​លេខ​៥​នៅ​ច្រក​ទ្វារ​ព្រំដែន​ហាមឃាត់​មិន​ឱ្យ​រថយន្ត​ដឹកទំនិញ​របស់​ថៃ​ចូល​មក​កម្ពុជា​បាន​ឡើយ

1 comment:

Anonymous said...

The problems that Hun Sen facing are so huge, which prompted him to act crazily.
The COVID 19's ill effects plus the no EBA and no GSP have caused Hun Sen to take erratic actions that would further accelerating his downfall.

Only time will tell how Ah Prett Hun Sen would handle the chaotic situation reaches its peak.