ដោយ វ៉ែន សុមេធ
2020-06-09
រូប៖ ពីយុវជន តោ ហ្វាង ចឿង
អាជ្ញាធរវៀតណាមនៅស្រុកផ្នោដាច់ខេត្តព្រះត្រពាំង បានចំណាយពេលសាកសួរយុវជន តោ ហ្វាង ចឿង ជិត ៥ម៉ោង។ ក្រោយអាជ្ញាធរវៀតណាមសាកសួរចប់នៅល្ងាចថ្ងៃទី៨ ខែមិថុនា យុវជន តោ ហ្វាង ចឿង ឱ្យអាស៊ីសេរីដឹងថា អាជ្ញាធរវៀតណាម ចោទប្រកាន់លោកថា បានបង្ហោះព័ត៌មានក្លែងក្លាយ និងបង្គាប់ឱ្យលោកត្រូវទៅបង់ប្រាក់ពិន័យទៅឱ្យអាជ្ញាធរខេត្តព្រះត្រពាំង។ លោក តោ ហ្វាង ចឿង បន្តថា លោកអាចប្រឈមនឹងពិន័យជាប្រាក់ពី ១០លាន ទៅ ២០លានដុង ឬគិតជាប្រាក់ដុល្លារពី ៥០០ដុល្លារទៅ ១.០០០ដុល្លារ។ ប៉ុន្តែ លោកមិនយល់ព្រមទទួលកំហុសនេះទេ ហើយយល់ថា ការចោទប្រកាន់របស់អាជ្ញាធរវៀតណាមនេះ ជាការគំរាមកំហែង និងបំបិទសិទ្ធិសេរីលោក៖ «គេសរសេរហ្នឹងគ្រាន់តែប្រាប់ថា ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរពិតៗ ទេតើ។ គេថា យើងបំផុសព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ខ្ញុំមិនទទួលយកទេគេចោទខ្ញុំអយុត្តិធម៌ពេកណា»។
យុវជន តោ ហ្វាង ចឿង ឱ្យដឹងថា អាជ្ញាធរវៀតណាម ប្រាប់លោកថា បើមិនយល់ព្រមទទួលកំហុសអាចរកមេធាវីប្ដឹងទាស់នឹងការសម្រេចនេះ។ យុវជនរូបនេះ នឹងជជែកជាមួយសាច់ញាតិ ឬសមាគមខ្មែរក្រោមក្រោម ដើម្បីគួរធ្វើយ៉ាងណាបន្តទៀត។
រីឯយុវជនខ្មែរក្រោមម្នាក់ទៀត គឺយុវជន ថាច់ ថុង រស់នៅខេត្តព្រះត្រពាំងដែរនោះ កាលពីថ្ងៃទី៤ ខែមិថុនា ត្រូវអាជ្ញាធរមូលដ្ឋានបញ្ជាឱ្យលុបរូបសញ្ញាកាន់ទុក្ខមានទង់ជាតិកម្ពុជាក្រោម នៅលើប្រូហ្វាល (Profile) ហ្វេសប៊ុករបស់ខ្លួនចេញ បើមិនដូច្នេះទេនឹងត្រូវចាប់ខ្លួន។ អាជ្ញាធរវៀតណាម ចោទថា ការដាក់សញ្ញាកាន់ទុក្ខនេះ ជាសកម្មភាពប្រឆាំងរដ្ឋាភិបាលវៀតណាម ។
អគ្គលេខាធិការសមាគមខ្មែរក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឱ្យដឹងថា នៅរយៈពេលចុងក្រោយនេះអាជ្ញាធរវៀតណាម បានតាមដាន និងមានវិធានការជាបន្តបន្ទាប់ លើការបង្ហោះព័ត៌មានរបស់ពលរដ្ឋកម្ពុជាក្រោម។ លោកថា ការរឹតបន្តឹងបែបនេះ នឹងធ្វើឱ្យពលរដ្ឋខ្មែរក្រោមផ្សេងទៀត លែងហ៊ានបញ្ចេញមតិ ឬបង្ហោះព័ត៌មានតាមបណ្ដាញសង្គម៖ «ប្រហែលជាមានទាមទារការតវ៉ាខ្លាំងឡើងកាលណាវៀតណាមនៅតែមានការរឹតបន្តឹងទៅលើសេរីភាពនៃការបញ្ចេញមតិបែបនេះអ៊ីចឹងមានន័យ អង្គការសមាគមខ្មែរក្រោមទាំងសហព័ន្ធខ្មែរក្រោមនៅក្រៅប្រទេសក្ដីគេមិនអាចនៅស្ងៀមបានទេ»។
លោក សឺន ជុំជួន ថា ការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរក្រោម គឺស្របតាមគោលការណ៍សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ នៅរយៈពេលចុងក្រោមនេះ យុវជនខ្មែរក្រោមនៅខេត្តព្រះត្រពាំង ចំនួនបីនាក់ រងការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញ ពីអាជ្ញាធរវៀតណាម ទាក់ទងករណីបង្ហោះព័ត៌មាន និងប្រើប្រាស់ហ្វេសប៊ុក។ កាលពីថ្ងៃទី២ ខែមិថុនា អាជ្ញាធរខេត្ត ព្រះត្រពាំង ពិន័យលុយយុវជន ថាច់ កឿង ជាទឹកប្រាក់ជាង ៧លានដុង ឬប្រមាណ ៣រយដុល្លារ ករណីបង្ហោះវីដេអូ រឿងអាជ្ញាធរវៀតណាមចែកអង្ករក្លែងក្លាយឱ្យពលរដ្ឋខ្មែរក្រោម។
លោក សឺន ជុំជួន ថា សមាគមលោកនឹងធ្វើរបាយការណ៍នៃការធ្វើទុក្ខបុកម្នេញ ទៅអង្គការសិទ្ធិមនុស្សអន្តរជាតិ និង អង្គការសហប្រជាជាតិទទួលផ្នែក សិទ្ធិមនុស្សឱ្យដឹងពីរឿងនេះ ដើម្បីធ្វើអន្តរាគមន៍ជួយការពារសិទ្ធិពលរដ្ឋខ្មែរក្រោម៕
1 comment:
Khmer Krom people should launch some peaceful demonstration demanding the evil Vietnam to give autonomous state to at least one of former Khmer provinces.
Stop allowing those evil Yuon to attack you at will. Make some sacrifice to revive some of Khmer land.
No sacrifice of life, no glory, no Country.
Post a Comment