Sunday 14 June 2020

យុវជន​ថា មានតែ​របប​ផ្ដាច់ការ​ទេ ទើប​តែងតាំង​កូនចៅ​របស់​ខ្លួន​ឱ្យ​កាន់​តំណែង​គ្រាក់ៗ


ដោយ ម៉ៅ សុធានី
2020-06-13
rfa
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត



យុវជន​មួយ​ចំនួន​រិះគន់​គណបក្ស​កាន់អំណាច ដែល​មាន​គោលការណ៍​តែងតាំង​កូនចៅ សាច់ញាតិ និង​បក្ខពួក​របស់​ខ្លួន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ធ្វើ​ឱ្យ​យុវជន​ដែល​មិន​ស្ថិត​នៅ​ក្នុង​បក្ស​នេះ បាត់បង់​ឱកាស​ក្លាយ​ជា​អ្នកដឹកនាំ​នៅ​ក្នុង​ស្ថាប័ន​ជាតិ។ ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រៀបចំ​ឱ្យ​កូនចៅ​របស់​ខ្លួន ឱ្យ​កាន់​តំណែង​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

ក្រុម​យុវជន​ជឿ​ថា សព្វថ្ងៃ​នេះ មាន​បញ្ញវន្ត និង​យុវជន​ជាច្រើន​ដែល​មាន​សមត្ថភាព​កាន់ការ​ប្រទេស​ជាតិ​បាន ប៉ុន្តែ​ពួកគេ​បាត់​ឱកាស​ដោយសារតែ​គណបក្ស​កាន់អំណាច​តែងតាំង​តែ​កូនចៅ និង​សាច់ញាតិ​របស់​ខ្លួន ឱ្យ​ដឹកនាំ​តាម​ស្ថាប័ន​សំខាន់ៗ តាំងពី​ថ្នាក់​ជាតិ​រហូតដល់​ថ្នាក់​មូលដ្ឋាន។

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស លោក ជិន សុខង៉េង ថ្លែង​ថា លោក​ស្វាគមន៍​ការ​លើកទឹកចិត្ត​ឱ្យ​យុវជន​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ និង​ក្លាយ​ជា​អ្នកដឹកនាំ​នយោបាយ ក៏ប៉ុន្តែ​លោក​មិន​គាំទ្រ​ឡើយ​ចំពោះ​ការតែងតាំង​កូនចៅ សាច់ញាតិ និង​បក្ខពួក​របស់​ខ្លួន ដូច​អ្វី​ដែល​គណបក្ស​កាន់អំណាច​កំពុងតែ​ធ្វើ​សព្វថ្ងៃ​នេះ។ លោក​ថា ទង្វើ​បែបនេះ​ធ្វើ​ឱ្យ​ប្រទេសជាតិ​ចុះ​អន់ថយ និង​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ៖ «នេះ​គឺជា​ប្រព័ន្ធ​ដឹកនាំ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ទទួលយក​បានទេ ហើយ​ធ្វើ​ឱ្យ​យុវជន​ខ្មែរ​ហ្នឹង​មិន​មាន​ឱកាស​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ជាតិ​ជាមួយគ្នា ព្រោះ​យុវជន​ខ្មែរ​គាត់​ចង់​ចូលរួម​អភិវឌ្ឍ​ជាតិ​ណាស់​។ គាត់​ចង់​មានការ​ប្រកួតប្រជែង​សមត្ថភាព​ពិតប្រាកដ ហើយ​ប្រសិនបើ​ការរៀបចំ​តាម​សែស្រឡាយ បក្ខពួក​បែបនេះ ហ្នឹងហើយ​ដែល​ធ្វើ​ឱ្យ​យុវជន​ខ្មែរ​មានការ​ឈឺចាប់​។ គាត់​មិន​ឱប​ដៃ​មើល​ចំពោះ​ទង្វើ​បែប​ហ្នឹង​ទេ អ៊ីចឹង​ហើយ​បានជា​ពួកគាត់​ជ្រើស​រើស​យក​អ្នក​ប្រជាធិបតេយ្យ ជាពិសេស​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​មាន​ការ​ផ្លាស់ប្ដូរ»។


លោក ជិន សុខង៉េង បាន​ជាប់ឆ្នោត​ជា​ចៅសង្កាត់​សាលា​កម្រើក ក្រុង​សៀមរាប ខេត្ត​សៀមរាប ក្នុង​ការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ឆ្នាំ​២០១៧​។ ទោះជា​យ៉ាងណា យុវជន​ដែល​ពោរពេញ​ដោយ​ឆន្ទៈ​បម្រើ​ពលរដ្ឋ​មូលដ្ឋាន​រូប​នេះ បំពេញការងារ​បានតែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ព្រោះ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​ប្រើ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ រួច​យក​អាសនៈ​របស់​លោក និង​របស់​មន្ត្រី​បក្ស​ប្រឆាំង​ជាង ៥ ពាន់​នាក់​ផ្សេងទៀត ទៅ​ចែក​ឱ្យ​មន្ត្រី​របស់​ខ្លួន​ដែល​ពលរដ្ឋ​មិនបាន​បោះឆ្នោត​គាំទ្រ​នោះ​ទៅវិញ។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា មានតែ​នៅក្នុង​ប្រទេស​កាន់​របប​ផ្ដាច់ការ​ទេ ទើប​មានការ​តែងតាំង​កូនចៅ សាច់ញាតិ និង​បក្ខពួក​របស់​ខ្លួន​ឱ្យ​កាន់​តំណែង​ដោយ​មិន​ឆ្លងកាត់​ការប្រកួតប្រជែង​សមត្ថភាព​។ លោក​មើល​ឃើញ​ថា យុវជន​ដែល​មាន​និន្នាការ​ឯករាជ្យ ឬ​ផ្ទុយ​ពី​បក្ស​កាន់អំណាច ទំនងជា​គ្មាន​ឱកាស​បាន​ក្លាយ​ខ្លួន​ជា​អ្នកដឹកនាំ​ស្ថាប័ន​ជាតិ​ឡើយ ប្រសិនបើ​គណបក្ស​នេះ​នៅតែ​ក្ដោបក្ដាប់​អំណាច​បន្ត​ទៅ​ទៀត​នោះ៖ «ប្រសិនបើ​ប្រទេស​មួយ​គ្រប់គ្រង​ដោយ​បក្ខពួក​និយម ដោយ​គ្រួសារនិយម ប្រទេស​នោះ​នឹង​ឈាន​ទៅរក​របប​មួយ​ដែល​គេ​ឱ្យ​ឈ្មោះថា របប​ផ្ដាច់ការ ហើយ​នៅ​ពេល​នោះ​ហើយ​ដែល​ប្រទេស​នឹង​ធ្លាក់​ទៅ​ក្នុង​អន្តរាយ​។ ជាពិសេស យើង​ដឹង​ហើយ​ថា ជាក់ស្ដែង​នេះ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​តែ​មាន​បញ្ហា​ជាច្រើន​រាប់មិនអស់»។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ថ្មីៗ​នេះ​បាន​តែងតាំង​កូនប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ទៅ​ជា​ប្រធាន​យុវជន​របស់​បក្ស។ នេះ​មានន័យថា លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​មេដឹកនាំ​សមាជិក​ជំនាន់​ក្រោយ ដែល​ភាគច្រើន​ជា​កូន ជា​ចៅ ជា​ក្មួយ ឬ​ជា​សាច់ញាតិ​របស់​ក្រុម​មេដឹកនាំ​ជំនាន់​ចាស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្រុម​អ្នកសង្កេតការណ៍​ជឿ​ថា តួនាទី​ថ្មី​នេះ​នឹង​ជួយ​បង្កើន​ឥទ្ធិពល​លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​បក្ស ឬ​ជួរ​មេដឹកនាំ​ស៊ីវិល ស្រប​ពេល​លោក​កំពុង​កាន់​តំណែង​កំពូល​នៅ​ក្នុង​ជួរ​កងទ័ព។

អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន អះអាង​ថា មិនមែន​តែ​ករណី​លោក ហ៊ុន ម៉ាណែត មួយ​ទេ ពោល​គឺ​កូន ចៅ និង​ក្មួយ​របស់​ថ្នាក់ដឹកនាំ​ដទៃ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ទទួល​បាន​ការតែងតាំង​ដូចគ្នា​ទាំង​ក្នុង​ជួរ​បក្ស និង​រដ្ឋាភិបាល​។ លោក​ថា នេះ​ជា​ការ​រៀបចំ​ឱ្យ​ពួកគេ​ស្នង​តំណែង​ពី​អ្នក​ជំនាន់​មុន៖ «ការតែងតាំង​នេះ​មិនមែន​ចំពោះតែ​កូនៗ របស់​សម្ដេច​តេជោ ហ៊ុន សែន ទេ គឺ​កូន​មេដឹកនាំ​គណបក្ស​ប្រជាជន​ទាំងអស់​សុទ្ធតែ​មានការ​តែងតាំង​។ ពេល​ដែល​គណបក្ស​ប្រជាជន​កាន់អំណាច គណបក្ស​ប្រជាជន​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​តែងតាំង​យុវជន​ទំពាំង​ស្នង​ឫស្សី ហើយ​យុវជន​ហ្នឹង​ជា​កូន ជា​ចៅ ជា​ក្មួយ​របស់​ថ្នាក់ដឹកនាំ ឬមួយ​ក៏​ជា​សមាជិក​-​សមាជិកា​របស់​គណបក្ស​ប្រជាជន ដើម្បី​កាន់​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ឬមួយ​ក៏​ក្នុង​ជួរ​គណបក្ស»។

ទោះជា​យ៉ាងណា អ្នក​សិក្សា​ផ្នែក​ច្បាប់ យុវជន វ៉ន ចាន់ឡូត យល់​ថា ករណី​នេះ​ឆ្លុះបញ្ចាំង​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទេ តែ​ជា​ប្រទេស​ផ្ដាច់ការ ព្រោះ​មានតែ​ប្រព័ន្ធ​ផ្ដាច់ការ​ទេ ទើប​មានការ​ដឹកនាំ​ត​វង្ស​ត្រកូល​បែបនេះ​។ លោក​បន្ថែម​ថា ទង្វើ​បែបនេះ​គឺជា​ឧបសគ្គ​ចម្បង​នៃ​ការ​អភិវឌ្ឍ​ជាតិ ព្រោះ​វា​បង្កើត​ឱ្យ​មាន​អំពើពុករលួយ​ទ្រង់ទ្រាយ​ធំ៖ «ប្រទេស​មួយ​ដែល​ប្រើប្រាស់​ការតែងតាំង​ច្រើនជាង​ការ​ប្រឡង​ចូល​បម្រើរាជការ​ដោយ​សមត្ថភាព និង​ធ្វើ​ឱ្យ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ជាតិ​មិន​អាច​ទៅមុខ​បាន​លឿន​ទេ ហើយ​និង​ជា​ការ​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​វិញ ព្រោះ​វា​កំពុងតែ​បង្កើត​ឱ្យ​មាន​នូវ​បក្ខពួក​និយម គ្រួសារនិយម ហើយ​អំពើពុករលួយ​នឹង​កើតមាន»។

ការ​បញ្ជូល​ឈាម​ថ្មី​របស់​បក្ស​កាន់អំណាច​ទៅ​ក្នុង​ជួរ​ដឹកនាំ​រដ្ឋាភិបាល និង​នៅ​ថ្នាក់ក្រោម​ជាតិ បាន​កើន​ឡើង​កាន់តែ​ខ្លាំង ក្រោយពេល​កម្ពុជា​ក្លាយ​ជា​ប្រទេស​ឯក​បក្ស​។ កូនចៅ និង​សាច់ញាតិ​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បានតែងតាំង​ជា​មេទ័ព មេ​ប៉ូលិស រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អភិបាលខេត្ត អភិបាលរង​ខេត្ត ហើយ​ទាប​បំផុត​ក៏​ត្រឹម​អភិបាលស្រុក​ដែរ។ ពួកគេ​ខ្លះ​រស់នៅ និង​រៀន​សូត្រ​នៅ​ក្រៅ​ប្រទេស រួច​ត្រឡប់​មក​កាន់​តំណែង​គ្រាក់ៗ​ដែល​ឪពុក​លើក​បន្តុប​ឱ្យ ដោយ​គ្មាន​អតីតភាព​ការងារ ឬ​ឆ្លងកាត់​ការប្រកួតប្រជែង​ត្រឹមត្រូវ​ឡើយ។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ជិន សុខង៉េង ថ្លែង​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ផ្ដាច់មុខ​របស់​ក្រុម​ណាមួយ​នោះ​ទេ ដូច្នេះ​លោក​អំពាវនាវ​ដល់​យុវជន​ទូទៅ​ឱ្យ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ដើម្បី​ប្រឆាំង​នឹង​ទង្វើ​គ្រួសារ និង​បក្ខពួក​និយម​របស់​គណបក្ស​កាន់អំណាច៕

1 comment:

Anonymous said...

Ah Hun Sen was born to make Cambodia a province of Vietnam.

Ah Hun Sen was put in power by the evil Vietnam to implement the Vietnamization of Cambodia for Vietnam.

If Khmer people continue to be afraid of this devil Hun Sen, they should not feel sorry when the evil Vietnam declares that Welcome Cambodia to the Indochina Federation.

The evil Vietnam and Hun Sen have killed prominent Khmers such as Chea Vichea, Chhut Vuthy, Kem Ley, etc. without facing any consequence.

Had Khmer people been reacted violently to Chea Vichea's killing, Cambodia would have been saved Chhut Vuthy and Kem Ley because the evil Vietnam and Ah Roleuy Hun Sen were afraid of the violent reaction from Khmer people.

Unfortunately, Khmer people opted to stay silent when the evil Vietnam and Hun Sen killed their heroes.

When will Khmer people fulfill their morale obligation to their motherland ?