ដោយ ម៉ៅ សុធានី
2020-06-13
rfa
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូបកណ្ដាល) នាទីក្រុងប៉េកាំង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។
រូបពីហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត
យុវជនមួយចំនួនរិះគន់គណបក្សកាន់អំណាច ដែលមានគោលការណ៍តែងតាំងកូនចៅ សាច់ញាតិ និងបក្ខពួករបស់ខ្លួននៅក្នុងជួររដ្ឋាភិបាល ធ្វើឱ្យយុវជនដែលមិនស្ថិតនៅក្នុងបក្សនេះ បាត់បង់ឱកាសក្លាយជាអ្នកដឹកនាំនៅក្នុងស្ថាប័នជាតិ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាកំពុងរៀបចំឱ្យកូនចៅរបស់ខ្លួន ឱ្យកាន់តំណែងគ្រាក់ៗក្នុងជួររដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្រុមយុវជនជឿថា សព្វថ្ងៃនេះ មានបញ្ញវន្ត និងយុវជនជាច្រើនដែលមានសមត្ថភាពកាន់ការប្រទេសជាតិបាន ប៉ុន្តែពួកគេបាត់ឱកាសដោយសារតែគណបក្សកាន់អំណាចតែងតាំងតែកូនចៅ និងសាច់ញាតិរបស់ខ្លួន ឱ្យដឹកនាំតាមស្ថាប័នសំខាន់ៗ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ជិន សុខង៉េង ថ្លែងថា លោកស្វាគមន៍ការលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងកិច្ចការនយោបាយ និងក្លាយជាអ្នកដឹកនាំនយោបាយ ក៏ប៉ុន្តែលោកមិនគាំទ្រឡើយចំពោះការតែងតាំងកូនចៅ សាច់ញាតិ និងបក្ខពួករបស់ខ្លួន ដូចអ្វីដែលគណបក្សកាន់អំណាចកំពុងតែធ្វើសព្វថ្ងៃនេះ។ លោកថា ទង្វើបែបនេះធ្វើឱ្យប្រទេសជាតិចុះអន់ថយ និងចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ៖ «នេះគឺជាប្រព័ន្ធដឹកនាំដែលប្រជាពលរដ្ឋខ្មែរមិនអាចទទួលយកបានទេ ហើយធ្វើឱ្យយុវជនខ្មែរហ្នឹងមិនមានឱកាសក្នុងការចូលរួមអភិវឌ្ឍជាតិជាមួយគ្នា ព្រោះយុវជនខ្មែរគាត់ចង់ចូលរួមអភិវឌ្ឍជាតិណាស់។ គាត់ចង់មានការប្រកួតប្រជែងសមត្ថភាពពិតប្រាកដ ហើយប្រសិនបើការរៀបចំតាមសែស្រឡាយ បក្ខពួកបែបនេះ ហ្នឹងហើយដែលធ្វើឱ្យយុវជនខ្មែរមានការឈឺចាប់។ គាត់មិនឱបដៃមើលចំពោះទង្វើបែបហ្នឹងទេ អ៊ីចឹងហើយបានជាពួកគាត់ជ្រើសរើសយកអ្នកប្រជាធិបតេយ្យ ជាពិសេសគណបក្សសង្គ្រោះជាតិដើម្បីមានការផ្លាស់ប្ដូរ»។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា មានតែនៅក្នុងប្រទេសកាន់របបផ្ដាច់ការទេ ទើបមានការតែងតាំងកូនចៅ សាច់ញាតិ និងបក្ខពួករបស់ខ្លួនឱ្យកាន់តំណែងដោយមិនឆ្លងកាត់ការប្រកួតប្រជែងសមត្ថភាព។ លោកមើលឃើញថា យុវជនដែលមាននិន្នាការឯករាជ្យ ឬផ្ទុយពីបក្សកាន់អំណាច ទំនងជាគ្មានឱកាសបានក្លាយខ្លួនជាអ្នកដឹកនាំស្ថាប័នជាតិឡើយ ប្រសិនបើគណបក្សនេះនៅតែក្ដោបក្ដាប់អំណាចបន្តទៅទៀតនោះ៖ «ប្រសិនបើប្រទេសមួយគ្រប់គ្រងដោយបក្ខពួកនិយម ដោយគ្រួសារនិយម ប្រទេសនោះនឹងឈានទៅរករបបមួយដែលគេឱ្យឈ្មោះថា របបផ្ដាច់ការ ហើយនៅពេលនោះហើយដែលប្រទេសនឹងធ្លាក់ទៅក្នុងអន្តរាយ។ ជាពិសេស យើងដឹងហើយថា ជាក់ស្ដែងនេះ ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងតែមានបញ្ហាជាច្រើនរាប់មិនអស់»។
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ថ្មីៗនេះបានតែងតាំងកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ឱ្យទៅជាប្រធានយុវជនរបស់បក្ស។ នេះមានន័យថា លោក ហ៊ុន ម៉ាណែត ក្លាយជាមេដឹកនាំសមាជិកជំនាន់ក្រោយ ដែលភាគច្រើនជាកូន ជាចៅ ជាក្មួយ ឬជាសាច់ញាតិរបស់ក្រុមមេដឹកនាំជំនាន់ចាស់នៃគណបក្សប្រជាជនកម្ពុជា។ ក្រុមអ្នកសង្កេតការណ៍ជឿថា តួនាទីថ្មីនេះនឹងជួយបង្កើនឥទ្ធិពលលោក ហ៊ុន ម៉ាណែត នៅក្នុងបក្ស ឬជួរមេដឹកនាំស៊ីវិល ស្របពេលលោកកំពុងកាន់តំណែងកំពូលនៅក្នុងជួរកងទ័ព។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន អះអាងថា មិនមែនតែករណីលោក ហ៊ុន ម៉ាណែត មួយទេ ពោលគឺកូន ចៅ និងក្មួយរបស់ថ្នាក់ដឹកនាំដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា ក៏ទទួលបានការតែងតាំងដូចគ្នាទាំងក្នុងជួរបក្ស និងរដ្ឋាភិបាល។ លោកថា នេះជាការរៀបចំឱ្យពួកគេស្នងតំណែងពីអ្នកជំនាន់មុន៖ «ការតែងតាំងនេះមិនមែនចំពោះតែកូនៗ របស់សម្ដេចតេជោ ហ៊ុន សែន ទេ គឺកូនមេដឹកនាំគណបក្សប្រជាជនទាំងអស់សុទ្ធតែមានការតែងតាំង។ ពេលដែលគណបក្សប្រជាជនកាន់អំណាច គណបក្សប្រជាជនមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងយុវជនទំពាំងស្នងឫស្សី ហើយយុវជនហ្នឹងជាកូន ជាចៅ ជាក្មួយរបស់ថ្នាក់ដឹកនាំ ឬមួយក៏ជាសមាជិក-សមាជិការបស់គណបក្សប្រជាជន ដើម្បីកាន់ការងារក្នុងជួររាជរដ្ឋាភិបាល ឬមួយក៏ក្នុងជួរគណបក្ស»។
ទោះជាយ៉ាងណា អ្នកសិក្សាផ្នែកច្បាប់ យុវជន វ៉ន ចាន់ឡូត យល់ថា ករណីនេះឆ្លុះបញ្ចាំងថា កម្ពុជាមិនមែនជាប្រទេសប្រជាធិបតេយ្យទេ តែជាប្រទេសផ្ដាច់ការ ព្រោះមានតែប្រព័ន្ធផ្ដាច់ការទេ ទើបមានការដឹកនាំតវង្សត្រកូលបែបនេះ។ លោកបន្ថែមថា ទង្វើបែបនេះគឺជាឧបសគ្គចម្បងនៃការអភិវឌ្ឍជាតិ ព្រោះវាបង្កើតឱ្យមានអំពើពុករលួយទ្រង់ទ្រាយធំ៖ «ប្រទេសមួយដែលប្រើប្រាស់ការតែងតាំងច្រើនជាងការប្រឡងចូលបម្រើរាជការដោយសមត្ថភាព និងធ្វើឱ្យល្បឿននៃការអភិវឌ្ឍជាតិមិនអាចទៅមុខបានលឿនទេ ហើយនិងជាការរាំងស្ទះដល់ដំណើរការនៃប្រព័ន្ធប្រជាធិបតេយ្យ និងសិទ្ធិមនុស្សវិញ ព្រោះវាកំពុងតែបង្កើតឱ្យមាននូវបក្ខពួកនិយម គ្រួសារនិយម ហើយអំពើពុករលួយនឹងកើតមាន»។
ការបញ្ជូលឈាមថ្មីរបស់បក្សកាន់អំណាចទៅក្នុងជួរដឹកនាំរដ្ឋាភិបាល និងនៅថ្នាក់ក្រោមជាតិ បានកើនឡើងកាន់តែខ្លាំង ក្រោយពេលកម្ពុជាក្លាយជាប្រទេសឯកបក្ស។ កូនចៅ និងសាច់ញាតិរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាមេទ័ព មេប៉ូលិស រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អភិបាលខេត្ត អភិបាលរងខេត្ត ហើយទាបបំផុតក៏ត្រឹមអភិបាលស្រុកដែរ។ ពួកគេខ្លះរស់នៅ និងរៀនសូត្រនៅក្រៅប្រទេស រួចត្រឡប់មកកាន់តំណែងគ្រាក់ៗដែលឪពុកលើកបន្តុបឱ្យ ដោយគ្មានអតីតភាពការងារ ឬឆ្លងកាត់ការប្រកួតប្រជែងត្រឹមត្រូវឡើយ។
យុវជនគណបក្សសង្គ្រោះជាតិ លោក ជិន សុខង៉េង ថ្លែងថា កម្ពុជាមិនមែនជាប្រទេសផ្ដាច់មុខរបស់ក្រុមណាមួយនោះទេ ដូច្នេះលោកអំពាវនាវដល់យុវជនទូទៅឱ្យប្រើប្រាស់សិទ្ធិរបស់ខ្លួនដើម្បីប្រឆាំងនឹងទង្វើគ្រួសារ និងបក្ខពួកនិយមរបស់គណបក្សកាន់អំណាច៕
1 comment:
Ah Hun Sen was born to make Cambodia a province of Vietnam.
Ah Hun Sen was put in power by the evil Vietnam to implement the Vietnamization of Cambodia for Vietnam.
If Khmer people continue to be afraid of this devil Hun Sen, they should not feel sorry when the evil Vietnam declares that Welcome Cambodia to the Indochina Federation.
The evil Vietnam and Hun Sen have killed prominent Khmers such as Chea Vichea, Chhut Vuthy, Kem Ley, etc. without facing any consequence.
Had Khmer people been reacted violently to Chea Vichea's killing, Cambodia would have been saved Chhut Vuthy and Kem Ley because the evil Vietnam and Ah Roleuy Hun Sen were afraid of the violent reaction from Khmer people.
Unfortunately, Khmer people opted to stay silent when the evil Vietnam and Hun Sen killed their heroes.
When will Khmer people fulfill their morale obligation to their motherland ?
Post a Comment