ដោយ អាស៊ីសេរី
2020-06-14
ចំណុចបង្គោលបណ្ដោះអាសន្នលេខ ៩៤ ក្នុងតំបន់មិនទាន់បានឯកភាពគ្នាវាស់ចែកខណ្ឌសីមា នៅខេត្តកណ្ដាល ដែលទាហានវៀតណាមបោះតង់ស្នាក់នៅចំនួន ៩កន្លែង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។
រូប៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល
ប្រធានក្រុមប្រឹក្សាភិបាលចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ុំ សំអាន ឱ្យដឹងថា គោលបំណងនៃការដាក់ទៅស្ថានទូតវៀតណាមនៅក្រៅប្រទេស និងដាក់ទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺដើម្បីទប់ស្កាត់ចេតនាអាក្រក់របស់ប្រទេសវៀតណាម ដែលចង់លេបយកដីខ្មែរ នៅកន្លែងដែលពួកគេបោះតង់នោះ។ លោក អ៊ុំ សំអាន ដែលជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិផងនោះបន្តថា ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យក៏ជំរុញទៅរដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវហ៊ានប្ដឹងវៀតណាមទៅតុលាការយុត្តិធម៌អន្តរជាតិ និងប្ដឹងទៅប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បើវៀតណាមនៅតែមិនព្រមដកតង់ចេញពីទឹកដីកម្ពុជា៖ «ដាក់ញត្តិហ្នឹងដើម្បីឱ្យវៀតណាមបញ្ឈប់ការឈ្លានពានបោះតង់នៅតាមព្រំដែនហើយរើតង់ទាំងអស់ហ្នឹងទៅស្រុកយួនវិញ រឿងនេះត្រូវដោះស្រាយជាយន្តការអន្តរជាតិគឺត្រូវទៅតុលាការអន្តរជាតិ និងទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកន្លងមកដោះស្រាយទ្វេភាគីចាញ់ប្រៀបយួនច្រើនណាស់»។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយកាលពីថ្ងៃទី១០មិថុនា ឱ្យដឹងថា ចាប់តាំងពីមានករណីជំងឺកូវីដ-១៩ (Covid-19) មកអាជ្ញាធរវៀតណាមបានបោះតង់ដោយឯកតោភាគីចំនួន២៥៦កន្លែង នៅតាមប្រទល់វៀតណាម។ ប៉ុន្តែក្រោយមានការតវ៉ាពីអាជ្ញាធរមូលដ្ឋានកម្ពុជាអាជ្ញាធរវៀតណាមបានរើតង់ចេញនិងដកថយច្រើនកន្លែង។
រីឯក្រសួងការបរទេសកម្ពុជាក៏បានផ្ញើកំណត់ទូតតវ៉ាអំពីការបោះតង់នៅតំបន់មិនទាន់ឯកភាពព្រំដែនដែលរួមមាន៖ នៅស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ទៅវៀតណាមទាមទារឱ្យភាគីវៀតណាមរុះរើតង់យោធាទាំងអស់ចេញនិងបញ្ឈប់សកម្មភាពនានាដើម្បីរក្សាស្ថានភាពដើមនៅក្នុងតំបន់នោះ។
អាស៊ីសេរីបានសុំការបំភ្លឺបន្ថែមករណីនេះពី អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល។
កងទ័ពវៀតណាម ធ្លាប់បានលើកហេតុផលថា ការបោះតង់តាមព្រំដែនជាបន្តបន្ទាប់លើតំបន់មិនទាន់ឯកភាពគ្នានោះ គឺជាវិធានចាំបាច់ដើម្បីទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ព្រំដែនអំឡុងនៃការរីករាលដាលជំងឺនេះ។
ក្រសួងការបរទេសវៀតណាមថែមទាំងបានបានឆ្លើយតាមរយៈកំណត់ទួតរបស់ខ្លួនកាលពីចុងខែឧសភាថា ការបោះតង់ទាំងនោះមិនមានផលប៉ះពាល់ដល់ខណ្ឌសីមា និងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរនោះទេ។
ទោះជាយ៉ាងណា លោក អ៊ុំ សំអាន ចោទប្រកាន់ថា វៀតណាមយកការបង្ការជំងឺកូវីដ១៩ដើម្បីជាលេស លេបទឹកដីខ្មែរ។ លោកបន្តថា ជាបទពិសោធន៍កន្លងមកពេលវៀតណាមចង់យកទឹកដីខ្មែរមុនដំបូងគេដាក់កងទ័ពនៅតំបន់ដែលមិនទាន់មានឯកភាពគ្នាជាមុនសិនរួចហើយទើបមានការចរចាតាមក្រោយ ហើយជាទម្លាប់បើកងទ័ពវៀតណាមឈរជើងត្រឹមណាគឺវៀតណាមទាមទារកំណត់ថា ទីនោះជាដែនដីរបស់ខ្លួន៖ «ទៅ គេ(វៀតណាម) ដណ្ដើមកាន់កាប់ទឹកដីខ្មែរហើយបានគេចរចាជាក្រោយ គេចរចាជាក្រោមហ្នឹងដីដែលយកបានប៉ុន្មានគេកំណត់ព្រំដែនត្រឹមហ្នឹងឯង យើងឃើញជាក់ស្ដែងកន្លងមកតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ហ្នឹង គេបោះបង្គោលតាមការកាន់ជាក់ស្ដែងអ៊ីចឹងយួននៅត្រឹមណា គេយកត្រឹមហ្នឹងឯង»។
លោក អ៊ុំ សំអាន ក៏ជំរុញទៅរដ្ឋាភិបាលឱ្យមានចិត្តក្លាហានតតាំងជាមួយវៀតណាមឱ្យបានខ្លាំងក្លាដូចដែលធ្លាប់បានឆ្លើយតបទៅនឹងការរំលោភបំពានរបស់កងទ័ពប្រទេសថៃនិងប្រទេសឡាវនាពេលកន្លង ដែលកាលនោះ រដ្ឋាភិបាលលោក ហ៊ុន សែន បានបញ្ចេញកងទ័ពនិងអាវុធធ្វើការឆ្លើយតបភ្លាមៗ។ យុវជននិងអ្នកឃ្លាំមើលបញ្ហាព្រំដែនជំរុញឱ្យរដ្ឋាភិបាលប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយជាមួយយោធាវៀតណាមនិងបើកទូលាយឱ្យពួកគេអាចទៅសង្កេតដល់កន្លែងបោះតង់នោះដោយគ្មានការរារាំងពីអាជ្ញាធរ៕
1 comment:
That is the character of an asshole strong man Hun Sen.
Ah crazy animal Hun Sen is so cheap beyond normal people imagination.
Post a Comment