Saturday, 15 August 2020

សមត្ថកិច្ច​ចាប់​ខ្លួន​មេ​បក្ស​ខ្មែរ​ឈ្នះ​ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន និង​បញ្ជូន​យុវជន​២​នាក់​ទៅ​តុលាការ


ដោយ ហេង រស្មី
2020-08-14 rfa
ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ។
ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ។
Photo courtesy



អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ បង្កើន​ការ​ចាប់ខ្លួន​មនុស្ស​បន្ថែម​ទៀត នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​បាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ ចោទប្រកាន់​ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន​។ ក្នុង​ថ្ងៃ​ដដែល​នេះ ប៉ូលិស​ក៏​បាន​បញ្ជូន យុវជន​២​នាក់ នៃ​ក្រុម​ចលនា​ខ្មែរ​ថាវរៈ ទៅ​តុលាការ ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម និង​បទ​រារាំង​សមត្ថកិច្ច​ក្នុង​ការ​ឆែកឆេរ​កន្លែង​ស្នាក់នៅ។

អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​ឈ្នះ លោក យិន ឈឿន ប្រាប់​អាស៊ីសេរី​ថា ប៉ូលិស បាន​ចាប់ខ្លួន លោក សួង សុភ័ណ្ឌ នៅ​ម៉ោង ជាង​១២​ថ្ងៃត្រង់ និង​មិន​បាន​បង្ហាញ​ដីកា​ចាប់ខ្លួន​ទេ ដោយ​បាន​ធ្វើ​សកម្មភាព​ចាប់​ភ្លាមៗ បញ្ជូន​ទៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​។ លោក​បន្ត​ថា ប៉ូលិស មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​គណបក្ស​ខ្មែរ​ឈ្នះ បាន​ចូល​ជួប លោក សួង សុភ័ណ្ឌ ក្នុង​ស្នងការដ្ឋាន​ឡើយ​។ លោក យិន ឈឿន បន្ត​ទៀត​ថា មន្ត្រី​គណបក្ស​កំពុង​ប្រជុំ​គ្នា ដើម្បី​ចេញ​សេចក្ដីថ្លែងការណ៍​ជុំវិញ​ការ​ចាប់ខ្លួន​នេះ នឹង​មានបំណង​ពឹង​ពាក់ បណ្ដា​អង្គការ ស្ថានទូត​នានា ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍។ «»

 

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ប្រាប់​អាស៊ីសេរី ថា លោក សួង សុភ័ណ្ឌ ត្រូវ​ចាប់ខ្លួន តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា នៅ​ក្នុង​លំនៅឋាន ក្នុង​ខណ្ឌ​ទួលគោក ដោយសារ ប្រព្រឹត្តិ​បទល្មើស​ជាក់ស្ដែង ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​បំភ្លៃ​ការពិត លើ​បញ្ហា​ព្រំដែន​។ លោក​អះអាង​ថា ប៉ូលិស បាន​បង្ហាញ​ដីកា ចាប់ខ្លួន លោក សួង សុភ័ណ្ឌ និង​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​។ គិត​ត្រឹម​ម៉ោងជាង ៤​ល្ងាច ថ្ងៃ​សុក្រ ប៉ូលិស​កំពុង​សាកសួរ លោក សួង សុភ័ណ្ឌ ដោយ​មិន​ទាន់​សម្រេច​ថា នឹង​បញ្ជូន ទៅ​តុលាការ ឬ​អត់​ទេ គឺ​រង់ចាំ​បញ្ចប់​នីតិវិធី​សាកសួរ​នៅ​ដំណាក់កាល​នគរបាល​សិន។

មុន​ការ​ចាប់ខ្លួន ប៉ុន្មាន​ម៉ោង លោក សួង សុភ័ណ្ឌ អះអាង​ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ខ្លាច​ការ​ចាប់ខ្លួន​ឡើយ ហើយ គណបក្ស​ខ្មែរ​ឈ្នះ ត្រៀម​ដឹកនាំ​បាតុកម្ម​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន និង​ក្រុម​យុវជន​ទាំងអស់ ដោយ​ឥត​លក្ខខណ្ឌ និង​ត្រៀម​ចេញ​សេចក្ដីថ្លែងការណ៍ អំពី​ការ​រក​ឃើញ​ភាព​មិន​ប្រក្រតី នៃ​ការ​បោះបង្គោល​ព្រំដែន ចន្លោះ​លេខ​១១៤ ដល់​១១៨ ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្លុង ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ទោះ​យ៉ាងណា អ្នក​នយោបាយ​រូប​នេះ ប្រាប់​ថា បាន​ត្រៀមខ្លួន សម្រាប់​ជាប់​ពន្ធនាគារ​គ្រប់​ពេល​រួចហើយ ប៉ុន្តែ លោក​រក្សា​ជំហរ​ដាច់អហង្ការ​ថា លោក​មិន​បាន​ប្រព្រឹត្តិ​កំហុស និង អះអាង​ថា ឆន្ទៈ​ហ៊ាន​ជាប់​ពន្ធនាគារ ព្រោះ​ដើម្បី​ប្រយោជន៍​ពលរដ្ឋ។ «»

លោក សួង សុភ័ណ្ឌ ធ្លាប់​ជា​អតីត​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ នៅ​មណ្ឌល​ប៉ៃលិន និង​ក្រោយ​មក​បាន​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចូលរួម​ជាមួយ​គណបក្ស​អំណាច​ខ្មែរ​របស់​លោក សួន សេរី​រដ្ឋា មុននឹង​បែក​ចេញ​មក​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ​គណបក្ស​ខ្មែរ​ឈ្នះ ដែល​លោក​ដឹកនាំ​សព្វថ្ងៃ​។ ក្រោយ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន លោក សួង សុភ័ណ្ឌ បាន​ដឹកនាំ​មន្ត្រី​គណបក្ស​ខ្មែរ​ឈ្នះ ចុះ​ជួប​ពលរដ្ឋ និង​ដើរ​មើល​តាម​ព្រំដែន​នៅ​ភូមិ​ត្រពាំង​ផ្លុង ពី​បង្គោល​លេខ​១១៤ ដល់​១១៨ កាលពី​ថ្ងៃទី១០ សីហា ដោយ​អះអាង​ថា ដើម្បី​ផ្ទៀងផ្ទាត់ នឹង​សេចក្ដីថ្លែងការណ៍​របស់ លោក រ៉ុង ឈុន។ ក្នុង​ការ​ចុះ​ពិនិត្យ​ព្រំដែន​នោះ លោក សួង សុភ័ណ្ឌ អះអាង​ថា រក​ឃើញ​ភាព​​មិន​ប្រក្រតី​នៃ​ការ​បោះ​បង្គោល​ព្រំដែន។

ប៉ុន្តែ រដ្ឋាភិបាល បដិសេធ​ការ​រក​ឃើញ​នេះ ដោយ​ថា ការ​ចុះ​ពិនិត្យ​ព្រំដែន គ្មាន​អ្នក​ជំនាញ គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​សំអាង​តាមតែ​សំដី​អ្នកភូមិ មិន​អាច​យក​ជា​ការ​បាន​ទេ​។ មុន​ការ​ចាប់ខ្លួន​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល ធ្លាប់​ព្រមាន គណបក្ស​ខ្មែរ​ឈ្នះ ឲ្យ​ប្រយ័ត្នប្រយែង ក្នុង​ការ​ចេញ​សេចក្ដីថ្លែងការណ៍ ព្រោះ​រដ្ឋាភិបាល​នឹង​ប្រើ​វិធានការ​ច្បាប់ បើ​សេចក្ដីថ្លែងការណ៍​នេះ មាន​ចេតនា​ញុះញង់​បញ្ហា​ព្រំដែន​។​

ពាក់ព័ន្ធ​នឹង​យុវជន​ចំនួន ៦​នាក់ ដែល​រង​ការ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៣ សីហា វិញ នៅ​ថ្ងៃ​ទី​១៤ សីហា​នេះ ប៉ូលិស​បាន​បញ្ជូន​យុវជន​២​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ គឺ អ្នកនាង ឈឿន ដារ៉ាវី និង លោក ហ៊ុន វណ្ណៈ។ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី ថា កញ្ញា ឈឿន ដារ៉ាវី ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម ឯ​លោក ហ៊ុន វណ្ណៈ បទ​ពី​បទ រារាំង​សមត្ថកិច្ច​ឆែកឆេរ​ផ្ទះ។ លោក ឆាយ គឹមខឿន បដិសេធ​ថា ប៉ូលិស​ប្រើ​ហិង្សា ក្នុង​ការ​ចាប់ខ្លួន អ្នកនាង ឈឿន ដារ៉ាវី ដោយ​កម្រោល។ «»

ជុំវិញ​ករណី​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​តំណាង​អយ្យការ លោក គុជ គឹមឡុង បានទេ នៅ​ថ្ងៃ​ទី​១៤ សីហា​។ ចំណែក​យុវជន ៤​នាក់​ទៀត គឺ កញ្ញា ជា គន្ធីន ថា ឡាវី លោក យ៉ង សៀងហៃ និង​លោក ស្វាយ សំណាង នៅ​មិន​ទាន់​មាន​ការ​ដោះលែង​ទេ។ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ប្រាប់​ថា ប៉ូលិស​កំពុង​បន្ត​នីតិវិធី​សាកសួរ អ្នក​ទាំង​៤ នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ឬ​អត់​ទេ។

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ កញ្ញា សូ មេត្តា បញ្ជាក់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ថា ក្រុម​យុវជន កំពុង​រក​ការ​មេធាវី និង​សុំ​ឲ្យ​អង្គការ​ជាតិ និង​អន្តរជាតិ​ជួយ​។ ទោះ​យ៉ាងណា នៅមុខ​ការ​ចាប់ខ្លួន​នេះ ក្រុម​អ្នក​តវ៉ា​ទាំងអស់ អះអាង​ថា ពួកគេ​មិនបាន​ប្រព្រឹត្តិ​កំហុស​ទេ ហើយ​ពួកគេ​មិន​ខ្លាច​ញញើត​ចំពោះ​ការ​ចាប់ខ្លួន​នេះ​ឡើយ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត សង្កេត​ថា បទ​ចោទ​ញុះញង់​ឲ្យ​មាន​វឹកវរ​ដល់​សង្គម ប្រឆាំង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​ពេក ដូច្នេះ តុលាការ គួរតែ​ទម្លាក់​ការចោទប្រកាន់ លើ​ក្រុម​យុវជន​ទាំង​៦​នាក់ ដើម្បី​ជៀសវាង​ការ​រិះគន់​ថា មាន​ចេតនា​បំបាក់​ស្មារតី​យុវជន ដែល​ចូលរួម​សម្ដែង​មតិ ទាមទារ​យុត្តិធម៌​សង្គម។

ជុំវិញ​ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​លោក សួង សុភ័ណ្ឌ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ បន្ត​ថា ធ្វើឡើង ក៏​មិន​ខុស​ពី ករណី ចាប់ខ្លួន លោក រ៉ុង ឈុន ដែរ​។ លោក អំ សំអាត ជឿ​ថា ការ​បន្ត​ចាប់ខ្លួន អ្នកឃ្លាំមើល​ព្រំដែន នឹង​ធ្វើ​ឲ្យ​មាន​រិះគន់​បន្ថែម​ទៀត ពី​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ លើ​បញ្ហា​ព្រំដែន។ «»

របប​ក្រុងភ្នំពេញ បាន​បង្ក្រាប​ក្រុម​អ្នកតវ៉ា​ទាមទារ​ដោះលែង លោក រ៉ុង ឈុន ជា​បន្តបន្ទាប់ មាន​ទាំង​កម្មករ គ្រូបង្រៀន ព្រះសង្ឃ និង​យុវជន ដែល​ហ៊ាន​ធ្វើ​សកម្មភាព​តវ៉ា ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​នេះ​។ ក្រុម​អ្នកតវ៉ា ខ្លះ​រង​អំពើ​ហិង្សា ខ្លះ​រង​ការព្រមាន​ដោយ​ប្រយោល ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង និង ខ្លះ​ទៀត ត្រូវ​បាន​ប៉ូលិស ចាប់​ដាក់​ពន្ធនាគារ។

អ្នក​រង​ការ​បង្ក្រាប​ទាំងអស់ មាន​ដូចជា សកម្មជន​បក្ស​ប្រឆាំង​៣​នាក់ គឺ លោក ជុំ ពុទ្ធី លោក ឈួ ផេង និង កញ្ញា ស កន្និកា ជា​អ្នក​ទាមទារ ឲ្យ​ដោះលែង លោក រ៉ុង ឈុន នៅមុខ​តុលាការ​ក្រុងភ្នំពេញ ត្រូវ​បាន​ចោទ​ពី​បទ​បង្ក​ភាព វឹកវរ​ដល់​សង្គម បន្ទាប់មក គឺ​អ្នកភូមិ​ត្រពាំង​ផ្លុង រង​ការ​គំរាមកំហែង​ពី​ប៉ូលិស​មូលដ្ឋាន តំណាង​កម្មករ​រោងចក្រ វ៉ាយអូលែ​ (Violet apparel Cambodia Co.ltd) លោកស្រី អ៊ុង ចាន់​ធឿន កំពុង​គេច​ខ្លួន ក្រោយ​មានការ​គំរាម ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ ដោយសារ​ជន​មិន​ស្គាល់​មុខ ធ្វើ​ឲ្យ​ដួល​ម៉ូតូ​ពេល​បើកបរ ក្រុម​គ្រូបង្រៀន​នៅ​ខេត្ត​តាកែវ រង​ការព្រមាន​លុបឈ្មោះ​ពី​ក្របខ័ណ្ឌ បើ​ហ៊ាន​ចូលរួម​ការ​តវ៉ា ក្រុម​ព្រះសង្ឃ ចំនួន​៨​អង្គ នៅ​ខេត្ត​បាត់ដំបង រង​ការ​បណ្ដេញ​ចេញពី​វត្ត គណបក្ស​ខ្មែរ​ឈ្នះ រង​ការព្រមាន​បង្ក្រាប និង​លុបឈ្មោះ បើ​ហ៊ាន​ធ្វើបាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ ការ​ប្រើ​ហិង្សា​លើ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ការ​ចាប់ខ្លួន​យុវជន​ក្រុម​នេះ ចំនួន​៦​នាក់ និង​ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ជាដើម៕

1 comment:

Anonymous said...

If Khmer people want to survive, they must stop and abolish the law of Kdor Ah Hun Sen.
You cannot let this crazy animal Hun Sen create law at will and then suppress people using this newly created law.

STOP THE LAW OF KDOR AH HUN SEN !! This is the 1st step.

2nd step: we must work to bring the CNRP back in the electoral process.

3rd step: whenever Ah Runteas Banh Hun Sen tries to create a new law, make a nationwide peaceful protest against him.