ដោយ ហេង រស្មី
2020-08-14 rfa
ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ។
Photo courtesy
អាជ្ញាធរនៃរបបក្រុងភ្នំពេញ បង្កើនការចាប់ខ្លួនមនុស្សបន្ថែមទៀត នៅថ្ងៃសុក្រនេះ ដោយបានចាប់ខ្លួនប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ចោទប្រកាន់ពីបទញុះញង់បញ្ហាព្រំដែន។ ក្នុងថ្ងៃដដែលនេះ ប៉ូលិសក៏បានបញ្ជូន យុវជន២នាក់ នៃក្រុមចលនាខ្មែរថាវរៈ ទៅតុលាការ ពីបទញុះញង់ឲ្យមានភាពវឹកវរដល់សង្គម និងបទរារាំងសមត្ថកិច្ចក្នុងការឆែកឆេរកន្លែងស្នាក់នៅ។
អ្នកនាំពាក្យគណបក្សខ្មែរឈ្នះ លោក យិន ឈឿន ប្រាប់អាស៊ីសេរីថា ប៉ូលិស បានចាប់ខ្លួន លោក សួង សុភ័ណ្ឌ នៅម៉ោង ជាង១២ថ្ងៃត្រង់ និងមិនបានបង្ហាញដីកាចាប់ខ្លួនទេ ដោយបានធ្វើសកម្មភាពចាប់ភ្លាមៗ បញ្ជូនទៅស្នងការដ្ឋានរាជធានីភ្នំពេញ។ លោកបន្តថា ប៉ូលិស មិនអនុញ្ញាតឲ្យមន្ត្រីគណបក្សខ្មែរឈ្នះ បានចូលជួប លោក សួង សុភ័ណ្ឌ ក្នុងស្នងការដ្ឋានឡើយ។ លោក យិន ឈឿន បន្តទៀតថា មន្ត្រីគណបក្សកំពុងប្រជុំគ្នា ដើម្បីចេញសេចក្ដីថ្លែងការណ៍ជុំវិញការចាប់ខ្លួននេះ នឹងមានបំណងពឹងពាក់ បណ្ដាអង្គការ ស្ថានទូតនានា ដើម្បីឲ្យជួយអន្តរាគមន៍។ «»
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់អាស៊ីសេរី ថា លោក សួង សុភ័ណ្ឌ ត្រូវចាប់ខ្លួន តាមបញ្ជារបស់ព្រះរាជអាជ្ញា នៅក្នុងលំនៅឋាន ក្នុងខណ្ឌទួលគោក ដោយសារ ប្រព្រឹត្តិបទល្មើសជាក់ស្ដែង ពាក់ព័ន្ធនឹងការញុះញង់បំភ្លៃការពិត លើបញ្ហាព្រំដែន។ លោកអះអាងថា ប៉ូលិស បានបង្ហាញដីកា ចាប់ខ្លួន លោក សួង សុភ័ណ្ឌ និងអនុវត្តត្រឹមត្រូវតាមច្បាប់។ គិតត្រឹមម៉ោងជាង ៤ល្ងាច ថ្ងៃសុក្រ ប៉ូលិសកំពុងសាកសួរ លោក សួង សុភ័ណ្ឌ ដោយមិនទាន់សម្រេចថា នឹងបញ្ជូន ទៅតុលាការ ឬអត់ទេ គឺរង់ចាំបញ្ចប់នីតិវិធីសាកសួរនៅដំណាក់កាលនគរបាលសិន។
មុនការចាប់ខ្លួន ប៉ុន្មានម៉ោង លោក សួង សុភ័ណ្ឌ អះអាងប្រាប់អាស៊ីសេរីថា លោកមិនខ្លាចការចាប់ខ្លួនឡើយ ហើយ គណបក្សខ្មែរឈ្នះ ត្រៀមដឹកនាំបាតុកម្មទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន និងក្រុមយុវជនទាំងអស់ ដោយឥតលក្ខខណ្ឌ និងត្រៀមចេញសេចក្ដីថ្លែងការណ៍ អំពីការរកឃើញភាពមិនប្រក្រតី នៃការបោះបង្គោលព្រំដែន ចន្លោះលេខ១១៤ ដល់១១៨ ស្ថិតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ទោះយ៉ាងណា អ្នកនយោបាយរូបនេះ ប្រាប់ថា បានត្រៀមខ្លួន សម្រាប់ជាប់ពន្ធនាគារគ្រប់ពេលរួចហើយ ប៉ុន្តែ លោករក្សាជំហរដាច់អហង្ការថា លោកមិនបានប្រព្រឹត្តិកំហុស និង អះអាងថា ឆន្ទៈហ៊ានជាប់ពន្ធនាគារ ព្រោះដើម្បីប្រយោជន៍ពលរដ្ឋ។ «»
លោក សួង សុភ័ណ្ឌ ធ្លាប់ជាអតីតបេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ នៅមណ្ឌលប៉ៃលិន និងក្រោយមកបានចាកចេញពីគណបក្សសង្គ្រោះជាតិ ទៅចូលរួមជាមួយគណបក្សអំណាចខ្មែររបស់លោក សួន សេរីរដ្ឋា មុននឹងបែកចេញមកបង្កើតគណបក្សថ្មីមួយឈ្មោះគណបក្សខ្មែរឈ្នះ ដែលលោកដឹកនាំសព្វថ្ងៃ។ ក្រោយការចាប់ខ្លួនលោក រ៉ុង ឈុន លោក សួង សុភ័ណ្ឌ បានដឹកនាំមន្ត្រីគណបក្សខ្មែរឈ្នះ ចុះជួបពលរដ្ឋ និងដើរមើលតាមព្រំដែននៅភូមិត្រពាំងផ្លុង ពីបង្គោលលេខ១១៤ ដល់១១៨ កាលពីថ្ងៃទី១០ សីហា ដោយអះអាងថា ដើម្បីផ្ទៀងផ្ទាត់ នឹងសេចក្ដីថ្លែងការណ៍របស់ លោក រ៉ុង ឈុន។ ក្នុងការចុះពិនិត្យព្រំដែននោះ លោក សួង សុភ័ណ្ឌ អះអាងថា រកឃើញភាពមិនប្រក្រតីនៃការបោះបង្គោលព្រំដែន។
ប៉ុន្តែ រដ្ឋាភិបាល បដិសេធការរកឃើញនេះ ដោយថា ការចុះពិនិត្យព្រំដែន គ្មានអ្នកជំនាញ គ្មានមូលដ្ឋានច្បាស់លាស់ ហើយសំអាងតាមតែសំដីអ្នកភូមិ មិនអាចយកជាការបានទេ។ មុនការចាប់ខ្លួននេះ អ្នកនាំពាក្យរដ្ឋាភិបាល ធ្លាប់ព្រមាន គណបក្សខ្មែរឈ្នះ ឲ្យប្រយ័ត្នប្រយែង ក្នុងការចេញសេចក្ដីថ្លែងការណ៍ ព្រោះរដ្ឋាភិបាលនឹងប្រើវិធានការច្បាប់ បើសេចក្ដីថ្លែងការណ៍នេះ មានចេតនាញុះញង់បញ្ហាព្រំដែន។
ពាក់ព័ន្ធនឹងយុវជនចំនួន ៦នាក់ ដែលរងការចាប់ខ្លួន កាលពីថ្ងៃទី១៣ សីហា វិញ នៅថ្ងៃទី១៤ សីហានេះ ប៉ូលិសបានបញ្ជូនយុវជន២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញហើយ គឺ អ្នកនាង ឈឿន ដារ៉ាវី និង លោក ហ៊ុន វណ្ណៈ។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរី ថា កញ្ញា ឈឿន ដារ៉ាវី ចោទពីបទញុះញង់ឲ្យមានភាពវឹកវរដល់សង្គម ឯលោក ហ៊ុន វណ្ណៈ បទពីបទ រារាំងសមត្ថកិច្ចឆែកឆេរផ្ទះ។ លោក ឆាយ គឹមខឿន បដិសេធថា ប៉ូលិសប្រើហិង្សា ក្នុងការចាប់ខ្លួន អ្នកនាង ឈឿន ដារ៉ាវី ដោយកម្រោល។ «»
ជុំវិញករណីនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យតំណាងអយ្យការ លោក គុជ គឹមឡុង បានទេ នៅថ្ងៃទី១៤ សីហា។ ចំណែកយុវជន ៤នាក់ទៀត គឺ កញ្ញា ជា គន្ធីន ថា ឡាវី លោក យ៉ង សៀងហៃ និងលោក ស្វាយ សំណាង នៅមិនទាន់មានការដោះលែងទេ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់ថា ប៉ូលិសកំពុងបន្តនីតិវិធីសាកសួរ អ្នកទាំង៤ នៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ប៉ុន្តែលោកមិនទាន់ដឹងថា នឹងត្រូវបញ្ជូនទៅតុលាការ ឬអត់ទេ។
សមាជិកក្រុមយុវជនខ្មែរថាវរៈ កញ្ញា សូ មេត្តា បញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុក (facebook) ថា ក្រុមយុវជន កំពុងរកការមេធាវី និងសុំឲ្យអង្គការជាតិ និងអន្តរជាតិជួយ។ ទោះយ៉ាងណា នៅមុខការចាប់ខ្លួននេះ ក្រុមអ្នកតវ៉ាទាំងអស់ អះអាងថា ពួកគេមិនបានប្រព្រឹត្តិកំហុសទេ ហើយពួកគេមិនខ្លាចញញើតចំពោះការចាប់ខ្លួននេះឡើយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត សង្កេតថា បទចោទញុះញង់ឲ្យមានវឹកវរដល់សង្គម ប្រឆាំងក្រុមយុវជនខ្មែរថាវរៈ មានស្ថានភាពធ្ងន់ធ្ងរខ្លាំងពេក ដូច្នេះ តុលាការ គួរតែទម្លាក់ការចោទប្រកាន់ លើក្រុមយុវជនទាំង៦នាក់ ដើម្បីជៀសវាងការរិះគន់ថា មានចេតនាបំបាក់ស្មារតីយុវជន ដែលចូលរួមសម្ដែងមតិ ទាមទារយុត្តិធម៌សង្គម។
ជុំវិញការចាប់ខ្លួនប្រធានគណបក្សខ្មែរឈ្នះលោក សួង សុភ័ណ្ឌ អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ បន្តថា ធ្វើឡើង ក៏មិនខុសពី ករណី ចាប់ខ្លួន លោក រ៉ុង ឈុន ដែរ។ លោក អំ សំអាត ជឿថា ការបន្តចាប់ខ្លួន អ្នកឃ្លាំមើលព្រំដែន នឹងធ្វើឲ្យមានរិះគន់បន្ថែមទៀត ពីការរឹតត្បិតសេរីភាពបញ្ចេញមតិ លើបញ្ហាព្រំដែន។ «»
របបក្រុងភ្នំពេញ បានបង្ក្រាបក្រុមអ្នកតវ៉ាទាមទារដោះលែង លោក រ៉ុង ឈុន ជាបន្តបន្ទាប់ មានទាំងកម្មករ គ្រូបង្រៀន ព្រះសង្ឃ និងយុវជន ដែលហ៊ានធ្វើសកម្មភាពតវ៉ា ប្រឆាំងនឹងការចាប់ខ្លួននេះ។ ក្រុមអ្នកតវ៉ា ខ្លះរងអំពើហិង្សា ខ្លះរងការព្រមានដោយប្រយោល ខ្លះត្រូវបានអាជ្ញាធរគំរាមកំហែង និង ខ្លះទៀត ត្រូវបានប៉ូលិស ចាប់ដាក់ពន្ធនាគារ។
អ្នករងការបង្ក្រាបទាំងអស់ មានដូចជា សកម្មជនបក្សប្រឆាំង៣នាក់ គឺ លោក ជុំ ពុទ្ធី លោក ឈួ ផេង និង កញ្ញា ស កន្និកា ជាអ្នកទាមទារ ឲ្យដោះលែង លោក រ៉ុង ឈុន នៅមុខតុលាការក្រុងភ្នំពេញ ត្រូវបានចោទពីបទបង្កភាព វឹកវរដល់សង្គម បន្ទាប់មក គឺអ្នកភូមិត្រពាំងផ្លុង រងការគំរាមកំហែងពីប៉ូលិសមូលដ្ឋាន តំណាងកម្មកររោងចក្រ វ៉ាយអូលែ (Violet apparel Cambodia Co.ltd) លោកស្រី អ៊ុង ចាន់ធឿន កំពុងគេចខ្លួន ក្រោយមានការគំរាម ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដោយសារជនមិនស្គាល់មុខ ធ្វើឲ្យដួលម៉ូតូពេលបើកបរ ក្រុមគ្រូបង្រៀននៅខេត្តតាកែវ រងការព្រមានលុបឈ្មោះពីក្របខ័ណ្ឌ បើហ៊ានចូលរួមការតវ៉ា ក្រុមព្រះសង្ឃ ចំនួន៨អង្គ នៅខេត្តបាត់ដំបង រងការបណ្ដេញចេញពីវត្ត គណបក្សខ្មែរឈ្នះ រងការព្រមានបង្ក្រាប និងលុបឈ្មោះ បើហ៊ានធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ការប្រើហិង្សាលើក្រុមយុវជនខ្មែរថាវរៈ ការចាប់ខ្លួនយុវជនក្រុមនេះ ចំនួន៦នាក់ និងការចាប់ខ្លួនប្រធានគណបក្សខ្មែរឈ្នះ ជាដើម៕
1 comment:
If Khmer people want to survive, they must stop and abolish the law of Kdor Ah Hun Sen.
You cannot let this crazy animal Hun Sen create law at will and then suppress people using this newly created law.
STOP THE LAW OF KDOR AH HUN SEN !! This is the 1st step.
2nd step: we must work to bring the CNRP back in the electoral process.
3rd step: whenever Ah Runteas Banh Hun Sen tries to create a new law, make a nationwide peaceful protest against him.
Post a Comment