Tuesday, 18 August 2020

ការ​បាត់ EBA ២០% ស្តែង​​ច្បាស់​​ថា លោក ហ៊ុន សែន គិត​ពី​អំណាច​ ជាង​ប្រយោជន៍​កម្មករ


ដោយ សេក បណ្ឌិត
2020-08-17
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨។
Photo courtesy of SPM's Facebook page

 

ក្រុម​អ្នក​សង្កេត​ការ​ណ៍វាយ​តម្លៃ​​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​នយោបាយ​ប្រជាភិថុតិ​ជាមួយ​កម្មករ តាំងពី​ដំបូង ហើយ​ករណីនេះលេច​ចេញ​កាន់​តែ​ច្បាស់​តាមរយៈលោក ហ៊ុន សែន ផ្ទាល់តែម្តង។ លោក​បាន​បោះបង់​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន២០% ដែល​ជា​ឆ្នាំង​បាយ​របស់​កម្មករ។ តើ​មាន​ភស្តុតាង​អ្វី​ខ្លះ​ ដែល​អាច​បញ្ជាក់​រឿង​នេះ​បាន?

គណបក្ស​សង្គ្រោះជាតិ និង​​អ្នក​សង្កេតការណ៍​វាយ​តម្លៃថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បង្ហាញ​ភាព​ស្និទ្ធស្នាល និង​យក​ចិត្ត​ទុក​ដាក់​ជាមួយ​កម្មករ ចន្លោះ​ពី​ខែសីហា ឆ្នាំ២០១៧ ដល់​ខែឧសភា ឆ្នាំ២០១៩ ព្រោះ​លោក​​ត្រូវ​ការ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ពិសេស​កម្មករកាត់​ដេរ ដែល​មាន​ចំនួន​លើស​ពី​៧ សែន​នាក់។


​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង​ មាន​ប្រសាសន៍​ថា កាយវិការ​យក​ចិត្ត​ទុក​ដាក់​ក្លែង​ក្លាយ​​របស់​លោក ហ៊ុន សែន ចំពោះកម្មករ​កាត់​ដេរ ស្តែង​ចេញ​កាន់​តែ​ច្បាស់​នៅក្នុង​​បរិបទ​រឿង​ EBA។ លោក​ថា បើ​លោក ហ៊ុន សែន ពិត​ជាគិត​ពី​ប្រយោជន៍​កម្មករមែន មេដឹកនាំរូបនេះ​នឹង​កែ​លម្អ​ស្ថាន​ភាពសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ ស្រប​ទៅតាម​សំណើ​របស់​សហភាពអឺរ៉ុប។ ផ្ទុយ​ទៅវិញ លោក ហ៊ុន សែន សុខចិត្ត​ធ្វើ​ឱ្យ​បាត់​ផ្នែក​​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធនេះ ដើម្បី​តែ​រក្សា​អំណាច​ផ្តាច់​ការ​ តវង្សត្រកូល​របស់ខ្លួន៖ «អ្នក​នយោបាយ​នៅ​ប្រទេស​ប្រជាធិបតេយ្យ​សេរី គេ​ខ្វល់​ខ្វាយ​នឹង​ប្រជា​ពលរដ្ឋ​ណាស់។ បើ​កាល​ណា​គេ​ចង់​រក្សា​អំណាច​របស់​គេតទៀត គេ​តែង​យក​ចិត្ត​ទុក​ដាក់​នឹង​បញ្ហា​របស់​ប្រជាពលរដ្ឋ​។ ដោយ​ឡែក​ របបលោក ហ៊ុន​ សែន រាប់​ចាប់​តាំង​ពី​លោក ហ៊ុន សែន រហូត​ដល់​កូន​ចៅ​របស់​គាត់​ គឺ​គាត់​អត់​មាន​ខ្វល់ទេ។ ប្រជាពលរដ្ឋ​ណា​បង្ហាញ​ការ​ខ្វល់​​ខ្វាយ​ បង្ហាញ​អំពី​ការ​លំបាក តវ៉ា​ទាម​ទារ​ គឺ​ពួក​គេ​ច្រើន​​តែ​បង្ក្រាប​ ហើយ​ចាប់​ចងដោយ​ចោទ​ប្រកាន់​ថា បង្ក​ឱ្យ​មាន​ចលា​ចល​សង្គម​ ជាដើម»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តើម​ចុះ​ជួប​កម្មករលើក​ដំបូង​ កាល​ពីថ្ងៃទី២០ សីហា ឆ្នាំ២០១៧ បន្ទាប់​ពីគណបក្ស​របស់​លោក​បាន​ធ្លាក់​សំឡេង​ឆ្នោត​យ៉ាង​គំហុក​ ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់អាណត្តិទី៤។ កាល​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​របូត​តួនាទីមេឃុំ​-ចៅសង្កាត់ ចំនួន​ បួនរយ សាមសិបប្រាំមួយ (៤៣៦) ​រីឯ​គណបក្ស​សង្គ្រោះជាតិ​កើនតួនាទី​មេឃុំ-ចៅសង្កាត់​ចំនួន បួន​រយ សែសិបប្រាំបួន (៤៤៩)។ បើ​គិត​ជា​សំឡេង​គាំទ្រ​ទាំងស្រុង​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នោះវិញ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេងគាំទ្រ ៥០.៧៦% ទល់​នឹង​បក្ស​សង្គ្រោះជាតិ​ ៤៣.៨៣%។

ការ​ចុះ​ជួប​កម្មករ​ពី​សំណាក់លោក ហ៊ុន សែន នេះ ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​របប​លោកបាន​កែ​ប្រែ​ច្បាប់​គណបក្ស​នយោបាយ​ចប់​សព្វគ្រប់ ដើម្បី​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំដដែល​នោះ។ លោក ហ៊ុន សែន បាន​ព្យាយាម​បកស្រាយ​ប្រាប់​កម្មករ​ពី​មូលហេតុ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ជំរុញ​ឱ្យ​កម្មករ​នាំគ្នា​ចេញទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​របស់​លោក៖ «កម្ពុជា​ចៀស​មិន​ផុត​ពី​សង្គ្រាមទេ ប្រសិន​បើ​អាបក្ស​ចង្រៃមួយ​​នោះ វា​មិន​ត្រូវ​បាន​ផ្តន្ទាទោស​ ដោយ​រំលាយ​បក្ស​វា​នោះ។ ព្រោះអ្វី​? អាងអ្វី​ឡើង អាង​តែ​សង​សឹក។ នយោបាយ​ចេញ​មកមាន​អញ​អត់ឯង មាន​ឯង​អត់​អញ​ អ៊ីចឹង​តើ​​អ្នក​ណា​គេ​សុខចិត្ត? គេ​មិន​សុខ​ចិត្តទេ គេ​ដាក់​រយះក្បាល​ឥលូវ​ហ្នឹង។ កុំ​ទៅ​ឆ្ងល់​ពេក វាគ្មានអា​ណា​ឱ្យ​អ្នក​ឯង​ធ្វើ​ពាសទឹក​ពាសដីអ៊ីចឹងទេ។ គេ​ធ្វើ​នយោបាយ គេ​ស្វះស្វែង​រក​ការ​បង្រួបបង្រួម​ជាតិ អ៊ីចឹង​ទេ ដើម្បី​ធានា​ដល់​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ជា​បន្ត ជម្រើស​ដ៏​ល្អ គឺ​ការ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ដែល​មាន​លេខ​រៀងទី២០»។

ក្នុងយុទ្ធនាការ​រយៈពេល​ជាង១០ ខែ គឺពីចុង​ខែសីហា ឆ្នាំ២០១៧ រហូត​មក​ដល់​ដើម​ខែកក្កដា ឆ្នាំ២០១៨ លោក ហ៊ុន សែន បាន​ចុះជួប​កម្មករ​​៤៩ លើក គិត​ជា​ចំនួន​កម្មករ​មាន​​ជិត ៧ សែន​នាក់។ ពេល​ជួប​កម្មកររាល់​លើក លោក ហ៊ុន សែន តែង​ផ្តល់​ថវិកាចំនួន​២ ម៉ឺន​រៀល ស្មើនឹង៥ ដុល្លា​រអាមេរិក សម្រាប់​កម្មករម្នាក់ៗ។ លោ​កបាន​​ចំណាយ​​ថវិកាជាតិ​អស់​យ៉ាង​ហោចណាស់​ជាង៣ លាន ៤ សែន​​ដុល្លារអាមេរិក ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​កម្មករ ដែល​ករណី​នេះ​ត្រូវ​បានក្រុម​​អ្នក​ជំនាញកិច្ច​ការ​បោះឆ្នោត​​ចាត់​ទុក​ថា ជា​ការ​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ និង​បំពាន​គោលការណ៍បោះឆ្នោត​ដោយ​យុត្តិធម៌។

ក្រៅពីការ​ផ្តល់​លុយ​៥ ដុល្លារជាអំណោយដល់​កម្មករនេះ លោក ហ៊ុន សែន ​បានប្រកាស​ផ្តល់​កាដូ​មួយ​ចំនួន​ទៀត​ដល់​កម្មករ ដូចជា ការ​​​បញ្ចុះ​តម្លៃ​ទឹក-ភ្លើង ​ការអនុញ្ញាត​ឱ្យ​កម្មករ​ជិះឡាន​ក្រុ​ង​សាធារណៈ​ដោយ​ឥត​គិត​ថ្លៃ​រយៈពេលពីរ​ឆ្នាំ ការ​​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​នៅ​មន្ទីរពេទ្យរដ្ឋ​តាម​រយៈ​មូលនិធិសមធម៌ និងការ​​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​មាន​ផ្ទៃពោះ​ ជាដើម។ ទន្ទឹមនឹង​នេះ លោក​បាន​ស្នើឱ្យ​ម្ចាស់​ផ្ទះ​កុំ​តម្លើង​ថ្លៃ​បន្ទប់ជួល​ ហើយក៏​សន្យា​តម្លើង​ប្រាក់​ខែជូន​កម្មករជាទៀង​ទាត់​ផង​ដែរ។

ទោះជាយ៉ាងណា អ្វីៗបាន​​ប្រែប្រួ​ល​ខ្លាំង​នៅ​ក្រោយ​ពេល​​លោកក្រសោបយក​អំណាច​ទាំងស្រុង​មក​កាន់​កាប់​តែម្នាក់ឯង ចេញ​ពីការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច​ កាល​ពី​ខែកក្កដា ឆ្នាំ២០១៨។ លោក​ចុះ​ជួប​កម្មករកាន់​តែរង្វើល រហូត​ដល់​ខែឧសភា ឆ្នាំ២០១៩ លោក​លែង​ចុះ​ជួប​កម្មករសោះតែម្តង មក​ដល់​ខែសីហា ឆ្នាំ២០២០ នេះ។ កុំ​ថាឡើយចុះ​ទៅ​ជួប​កម្មករ ពេល​នេះ​សូម្បី​តែ​ក្រុម​កម្មករ​ដែល​អត់​ការងារ​ធ្វើ​ចង់​ដង្ហែរ​ញត្តិ​​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​របស់​លោក ដើម្បីស្នើសុំ​ដំណោះស្រាយ​ ក៏​អាជ្ញាធរ​របស់​លោក​មិន​អនុញ្ញាត​ឱ្យពួ​កគាត់​​ធ្វើសកម្មភាព​នេះបានដែរ។

លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន អស់​ពាក្យ​និយាយ​ប្រាប់​កម្មករទៀតហើយ ព្រោះ​ទង្វើ​របស់​គាត់​ជាច្រើន ​បាន​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​កម្មករ៖ «រោងចក្រ​បិទ​ទ្វារ​ជា​បន្តបន្ទាប់ ហើយ​កម្មករ​កាន់​តែ​បាត់​បង់​ការងារ​ធ្វើ​ច្រើនឡើងៗ ដូច្នេះ​គាត់​អត់​មាន​អ្វី​ហ៊ាន​ទៅ​ប្រឈម​ជាមួយ​កម្មករ​ទេ។ យើង​ឃើញ​ជាក់ស្តែង កាល​ណា​គាត់​បាន​អ្វី​ គាត់​ច្រើន​ចូល​ចិត្ត​អួត​ក្អេង​ក្អាង ក្រទីក្រទាណាស់ ប៉ុន្តែ​ឥលូវ​គាត់​អត់​មាន​អ្វីអួត​ទៀត។ មាន​តែ​ទណ្ឌកម្ម​ដាក់សម្រាប់​គាត់ ដូច្នេះ​គាត់អត់​មាន​ហេតុ​ផល​អ្វី​ អត់​មាន​រឿង​អ្វី​ហ៊ាន​ទៅ​ជួប​កម្មករ​ទៀតទេ»។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ លោក សុខ ឥសាន អះអាងថា ប្រមុខ​រដ្ឋាភិបាល​មិន​ចុះ​ជួប​កម្មករ​ ដោយសារ​រោងចក្រ​ខ្លះ​បាន​បិទទ្វារ​ទៅហើយ ដូច្នេះ​លោក​បង្វែរ​ទិសដៅ​ចុះ​ជួប​កសិករ​វិញ។ លោកបដិសេធការ​ចោទ​ប្រកាន់​ដែល​ថា ការ​ចុះ​ជួប​កម្មករ​រាប់សិប​ដង និង​ចាយ​លុយ​ជាតិ​រាប់​លាន​ដុល្លាររបស់​នាយក​រដ្ឋ​មន្ត្រីកាល​ពីពេល​កន្លងទៅ ជា​ការ​ធ្វើនយោបាយ​ប្រជាភិថុត៖ «វា​អាស្រ័យ​លើ​សំណូម​ពរ​ចាំបាច់​នៃ​ការងារ​ដែល​សម្តេច​ត្រូវ​ចុះ ឬមិន​ត្រូវ​ចុះ អាហ្នឹង​​អ៊ីចឹង។ ​បើ​រោងចក្រ​​បិទទៅហើយ តើ​មាន​ប្រយោជន៍​អ្វី​ដើម្បី​ទៅចុះ​? អ៊ីចឹង​ទេ គាត់​ចុះ​ទៅ​ស្រែចម្ការ​ហ្នឹង ដើម្បី​ទៅ​​រក​ការងារ​ជូន​កម្មករ​ដែល​អត់​ការងារ​ធ្វើនោះធ្វើ ពីព្រោះកម្មករ​របស់​កម្ពុជា​មិន​ទាន់​កាត់​ផ្តាច់ចេញ​​ពី​កសិកម្ម​ទេ»។

ក្នុង​អំឡុង​វិបត្តិ​ជំងឺកូវីដ-១៩ នេះ របបលោក ហ៊ុន សែន បានប្រកាស​​ផ្តល់ប្រាក់​ឧបត្ថម្ភចំនួន​៤០ ដុល្លារ​ក្នុង​មួយ​ខែដល់​កម្មករ​ដែល​ត្រូវរោងចក្រ​ព្យួរ​ការងារ ប៉ុន្តែ​សហជីពឯករាជ្យ​អះអាង​ថា កម្មករ​ជាច្រើន​​មិន​ទាន់​ទទួល​បាន​ថវិកា​ទៅ​តាម​ចំនួន​ដែលពួក​គេ​ត្រូវ​ទទួល​បាន​នោះទេ។

ក្រៅពីនេះ អំឡុង​វិបត្តិ​កូវីដ-១៩ របបក្រុង​ភ្នំពេញ​បាន​ដាក់​ចេញ​វិធាន​ការ​ជាច្រើន ​ដែល​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​កម្មករ។ ក្នុង​នោះ​ មាន​ជាអាទិ៍ ការលុប​ចោល​ថ្ងៃឈប់​សម្រាក​៦ ថ្ងៃចេញពី​ប្រតិទិន​ឈប់​សម្រាក​ប្រចាំឆ្នាំ កា​រអនុញ្ញាត​ឱ្យ​ម្ចាស់​រោងចក្រ​ពន្យារពេល​បើក​ប្រាក់​បំណាច់​អតីតភាពការងារសម្រាប់​ឆ្នាំ២០១៩ និង២០២០ ទៅបើក​នៅឆ្នាំ២០២១ វិញ និង​ការ​អនុញ្ញាត​ឱ្យ​ថៅកែ​មិន​បាច់​ទូទាត់​ប្រាក់​សំណង​ជំងឺចិត្ត និង​ប្រាក់​ជូន​ដំណឹង​ជាមុននៅពេល​បិទរោងចក្រ ជាដើម។ លើសពីនេះ ក្រសួង​ការងារ​កំពុងស្នើ​​កែ​ប្រែ​ច្បាប់​ការងារ ដើម្បីបន្ថយ​ប្រាក់​ឈ្នួល​ធ្វើ​ការ​វេន​យប់​ឱ្យ​ស្មើនឹង​វេនថ្ងៃ និង​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ចំ​អាទិត្យ​ផង​ដែរ។

នាយ​ក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ធ័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែងថា វិធានការ​ទាំងនេះ បូក​រួ​ម​ទាំង​ការ​មិ​ន​ប្រឹង​ប្រែង​រក្សា EBA ផងនោះ បង្ហា​ញ​ថា ការគិត​គូរ​ពី​ប្រយោជន៍​កម្មករ​ពីសំណាក់​រដ្ឋាភិបាល​នៅមាន​កម្រិត​ទាប​នៅឡើយ៖ «ពេល​ដែល​រដ្ឋ​ព្យាយាម​បង្ហាញ ឬ​ក៏​បញ្ចេ​ញ​នូវ​គោលនយោបាយ​មួយ​ចំនួន​ដែល​កាត់​បន្ថយ​ប្រយោជន៍​កម្មករ កាត់​បន្ថយ​ប្រយោជន៍​មហាជន​ហ្នឹង ហើយ​ថ្លឹង​ទៅ​ខាង​អ្នក​វិនិយោគ​ទុន​ធ្ងន់ជាង​ នោះ​ជា​ភស្តុតាង​មួយ​ទៀត​ដែរ ដែល​បង្ហាញ​ថា ការ​យក​ចិត្ត​ទុក​ដាក់របស់​រដ្ឋ​​ហ្នឹង​វា​មាន​កម្រិត​ប៉ុន្មាន​ទៅដល់ប្រជាពលរដ្ឋ ឬ​ក៏​ទៅដល់​ម្ចាស់​ឆ្នោត​ហ្នឹងឯង»។

សហភាពអឺរ៉ុប​បាន​ប្រកាស​ពីការ​ចូល​ជាធរមាន​នៃ​ការ​ដក​ប្រព័ន្ធ EBA ចំនួន​២០% ពីកម្ពុជា នៅថ្ងៃទី១២ សីហា។ ​នេះ​មានន័យ​ថា​ សហភាពអឺរ៉ុប​នឹង​ចាប់​ផ្តើម​គិត​ពន្ធ​លើ​មុខ​ទំនិញ​មួយ​ចំនួន​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប។ ក្រុម​អ្នកសង្កេតការណ៍​យល់​ឃើញស្របគ្នាថា លើសពីការ​​ជាប់​កាតព្វកិច្ចពន្ធ​ សេចក្តីសម្រេច​នេះអាច​នឹង​​បំផ្លាញ​ទំនុក​ចិត្ត​របស់​ក្រុម​អ្នក​វិនិយោគ ព្រោះកម្ពុជា​បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​ការរំលោភ​​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​។

តាម​ពិត​សហភាពអឺរ៉ុប​បាន​ទុក​ពេល​ជាងមួយ​ឆ្នាំឱ្យ​របបលោក ហ៊ុន សែន កែ​ប្រែខ្លួន​ ប៉ុន្តែ​របបនេះ​មិន​បាន​ធ្វើ​ឱ្យស្ថាន​ការ​ណ៍​សិទ្ធិមនុស្ស​ល្អ​ប្រសើរ​ឡើងវិញឡើយ ផ្ទុយ​ទៅវិញ ស្ថាន​ការណ៍​​ហាក់​កាន់​តែ​ដុន​ដាប​។ អាជ្ញាធរ​បាន​បង្កើន​ការ​ចាប់​ខ្លួនអ្នក​បញ្ចេញ​មតិ​រិះគន់ និង​​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ ​ក្នុង​នោះ​ក៏​រួម​ទាំង​អ្នក​សារព័ត៌មាន​ផងដែរ។ ជាពិសេស ក្រោយ​ពេល​បញ្ចប់​ការ​ចរចារឿងពាណិជ្ជកម្ម​សេរីទ្វេភាគី​ជាមួ​យ​ប្រទេស​ចិន​ របបលោក ហ៊ុន សែន ហាក់​ផ្គើន​នឹង​សហភាពអឺរ៉ុប​កាន់​តែ​ខ្លាំង ដោយបាន​ចាប់​ខ្លួន​មេសហជីព​ដ៏លេច​ធ្លោ គឺ​លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ។

ប្រធាន​សហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន គឺ​ជាអ្នក​ដែល​តែង​ទាម​ទារ​ឱ្យ​របបលោក ហ៊ុន សែន ស្តារសិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​រក្សា​ប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំង​ស្រុង សម្រាប់​ផល​ប្រយោជន៍​កម្មករ។ លោក​គ្រោង​ដឹកនាំ​កម្មករ គ្រូបង្រៀន និង​ពលរដ្ឋ ​ធ្វើ​បាតុកម្ម​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​សំណើ​របស់​សហភាពអឺរ៉ុប កាល​ពី​ខែសីហា ឆ្នាំ២០១៩ តែ​អាជ្ញាធរ​ក្រុង​ភ្នំពេ​ញ​បាន​ចេ​ញ​មុខ​ព្រមានចាត់​វិធានការ​តា​ម​ផ្លូវ​ច្បាប់ បើ​លោកហ៊ាន​ធ្វើ​បាតុកម្ម​នេះ។ ​

មន្ត្រី​សិទ្ធិមនុស្ស​ លោក មឿន តុលា មាន​ប្រសាសន៍​បែប​ប្រៀបធៀប​ថា អ្នក​នយោបាយ​ខ្មែរ​ច្រើន​ទៅសំពះ​ពលរដ្ឋ​ពេល​ជិតបោះឆ្នោត តែទៅសំពង​ពលរដ្ឋ​វិញ នៅពេល​ពួក​គេ​ឈ្នះឆ្នោត កាន់​អំណាច​ពេញដៃ៖​ «ជាទូទៅ គឺអ្នក​នយោបាយ​ព្យាយាម​យក​ខ្លួន​ឱ្យ​នៅ​ជិត​ប្រជាពលរដ្ឋ​ហ្នឹង តែមុន​ពេល​​បោះឆ្នោត​ទេ។ ក្រោយ​ពេល​បោះឆ្នោត​ហ្នឹង គឺ​មិន​សូវ​ជា​ខ្វាយ​ខ្វល់​ប៉ុន្មាន​នោះទេ អាហ្នឹង​គឺ​តាម​ការមើល​ឃើញ​ទូទៅ ហើយ​ខ្ញុំ​ក៏​មើល​ឃើ​ញ​អ៊ីចឹង​ដែរ។ ​អ៊ីចឹង​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​និយាយ​លេង​ថា មុន​បោះឆ្នោត​ទៅ​សំពះ​ ដល់​ពេល​ក្រោយ​បោះឆ្នោត​ទៅ​សំពង»។

របបក្រុង​ភ្នំពេញធ្លាប់​​បាន​បង្ក្រាប​ដោយ​ហិង្សា លើ​ក្រុម​កម្មករ​ម្តង​រួច​ទៅហើយ កាល​ពី​ដើម​ឆ្នាំ២០១៤ គឺការ​បង្រ្កាប​លើ​កំណាត់​ផ្លូវ​វេងស្រេង និង​ក្បែររោងចក្រ​យ៉ាក់ជីន។ កង​ទាហាន​ដែល​ស្ថិត​ក្រោម​បញ្ជាផ្ទាល់​របស់​មនុស្សជំនិត​លោក ហ៊ុន សែន បាន​​ប្រើ​គ្រាប់​កាំភ្លើង​ពិត​បាញ់​កម្មករ​ឱ្យ​ស្លាប់៥ នាក់ និង​របួស​ជិត​៤០ នាក់ ដោយមិន​មាន​ការ​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះទេ មក​ដល់ពេល​បច្ចុប្បន្ន​នេះ៕

3 comments:

Anonymous said...

EBA + COVID19 + MASSIVE CHINESE DEBTS = Hell for Hun Sen

Anonymous said...

the ill effect on no EBA would take at least one year before Ah Norouk Hun Sen will feel the real pressure.

This devil Hun Sen has a mission, dictated by the evil Yuon, to accomplish: finish the Vietnamization of Cambodia before he goes to hell.

Anonymous said...

We must increase pressure on Hun Sen until he quits.