ដោយ សេក បណ្ឌិត
2020-08-17
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨។
Photo courtesy of SPM's Facebook page
ក្រុមអ្នកសង្កេតការណ៍វាយតម្លៃថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើនយោបាយប្រជាភិថុតិជាមួយកម្មករ តាំងពីដំបូង ហើយករណីនេះលេចចេញកាន់តែច្បាស់តាមរយៈលោក ហ៊ុន សែន ផ្ទាល់តែម្តង។ លោកបានបោះបង់ចោលប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ដែលជាឆ្នាំងបាយរបស់កម្មករ។ តើមានភស្តុតាងអ្វីខ្លះ ដែលអាចបញ្ជាក់រឿងនេះបាន?
គណបក្សសង្គ្រោះជាតិ និងអ្នកសង្កេតការណ៍វាយតម្លៃថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញភាពស្និទ្ធស្នាល និងយកចិត្តទុកដាក់ជាមួយកម្មករ ចន្លោះពីខែសីហា ឆ្នាំ២០១៧ ដល់ខែឧសភា ឆ្នាំ២០១៩ ព្រោះលោកត្រូវការការគាំទ្រពីប្រជាពលរដ្ឋ ពិសេសកម្មករកាត់ដេរ ដែលមានចំនួនលើសពី៧ សែននាក់។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា កាយវិការយកចិត្តទុកដាក់ក្លែងក្លាយរបស់លោក ហ៊ុន សែន ចំពោះកម្មករកាត់ដេរ ស្តែងចេញកាន់តែច្បាស់នៅក្នុងបរិបទរឿង EBA។ លោកថា បើលោក ហ៊ុន សែន ពិតជាគិតពីប្រយោជន៍កម្មករមែន មេដឹកនាំរូបនេះនឹងកែលម្អស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ស្របទៅតាមសំណើរបស់សហភាពអឺរ៉ុប។ ផ្ទុយទៅវិញ លោក ហ៊ុន សែន សុខចិត្តធ្វើឱ្យបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ ដើម្បីតែរក្សាអំណាចផ្តាច់ការ តវង្សត្រកូលរបស់ខ្លួន៖ «អ្នកនយោបាយនៅប្រទេសប្រជាធិបតេយ្យសេរី គេខ្វល់ខ្វាយនឹងប្រជាពលរដ្ឋណាស់។ បើកាលណាគេចង់រក្សាអំណាចរបស់គេតទៀត គេតែងយកចិត្តទុកដាក់នឹងបញ្ហារបស់ប្រជាពលរដ្ឋ។ ដោយឡែក របបលោក ហ៊ុន សែន រាប់ចាប់តាំងពីលោក ហ៊ុន សែន រហូតដល់កូនចៅរបស់គាត់ គឺគាត់អត់មានខ្វល់ទេ។ ប្រជាពលរដ្ឋណាបង្ហាញការខ្វល់ខ្វាយ បង្ហាញអំពីការលំបាក តវ៉ាទាមទារ គឺពួកគេច្រើនតែបង្ក្រាប ហើយចាប់ចងដោយចោទប្រកាន់ថា បង្កឱ្យមានចលាចលសង្គម ជាដើម»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តើមចុះជួបកម្មករលើកដំបូង កាលពីថ្ងៃទី២០ សីហា ឆ្នាំ២០១៧ បន្ទាប់ពីគណបក្សរបស់លោកបានធ្លាក់សំឡេងឆ្នោតយ៉ាងគំហុក ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤។ កាលនោះ គណបក្សប្រជាជនកម្ពុជាបានរបូតតួនាទីមេឃុំ-ចៅសង្កាត់ ចំនួន បួនរយ សាមសិបប្រាំមួយ (៤៣៦) រីឯគណបក្សសង្គ្រោះជាតិកើនតួនាទីមេឃុំ-ចៅសង្កាត់ចំនួន បួនរយ សែសិបប្រាំបួន (៤៤៩)។ បើគិតជាសំឡេងគាំទ្រទាំងស្រុងក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាននោះវិញ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ៥០.៧៦% ទល់នឹងបក្សសង្គ្រោះជាតិ ៤៣.៨៣%។
ការចុះជួបកម្មករពីសំណាក់លោក ហ៊ុន សែន នេះ ធ្វើឡើងនៅក្រោយពេលរបបលោកបានកែប្រែច្បាប់គណបក្សនយោបាយចប់សព្វគ្រប់ ដើម្បីឈានទៅរំលាយគណបក្សសង្គ្រោះជាតិនៅក្នុងខែវិច្ឆិកា ឆ្នាំដដែលនោះ។ លោក ហ៊ុន សែន បានព្យាយាមបកស្រាយប្រាប់កម្មករពីមូលហេតុនៃការរំលាយគណបក្សសង្គ្រោះជាតិ និងជំរុញឱ្យកម្មករនាំគ្នាចេញទៅបោះឆ្នោតគាំទ្រគណបក្សរបស់លោក៖ «កម្ពុជាចៀសមិនផុតពីសង្គ្រាមទេ ប្រសិនបើអាបក្សចង្រៃមួយនោះ វាមិនត្រូវបានផ្តន្ទាទោស ដោយរំលាយបក្សវានោះ។ ព្រោះអ្វី? អាងអ្វីឡើង អាងតែសងសឹក។ នយោបាយចេញមកមានអញអត់ឯង មានឯងអត់អញ អ៊ីចឹងតើអ្នកណាគេសុខចិត្ត? គេមិនសុខចិត្តទេ គេដាក់រយះក្បាលឥលូវហ្នឹង។ កុំទៅឆ្ងល់ពេក វាគ្មានអាណាឱ្យអ្នកឯងធ្វើពាសទឹកពាសដីអ៊ីចឹងទេ។ គេធ្វើនយោបាយ គេស្វះស្វែងរកការបង្រួបបង្រួមជាតិ អ៊ីចឹងទេ ដើម្បីធានាដល់សន្តិភាព និងការអភិវឌ្ឍជាបន្ត ជម្រើសដ៏ល្អ គឺការបោះឆ្នោតជូនគណបក្សប្រជាជនដែលមានលេខរៀងទី២០»។
ក្នុងយុទ្ធនាការរយៈពេលជាង១០ ខែ គឺពីចុងខែសីហា ឆ្នាំ២០១៧ រហូតមកដល់ដើមខែកក្កដា ឆ្នាំ២០១៨ លោក ហ៊ុន សែន បានចុះជួបកម្មករ៤៩ លើក គិតជាចំនួនកម្មករមានជិត ៧ សែននាក់។ ពេលជួបកម្មកររាល់លើក លោក ហ៊ុន សែន តែងផ្តល់ថវិកាចំនួន២ ម៉ឺនរៀល ស្មើនឹង៥ ដុល្លារអាមេរិក សម្រាប់កម្មករម្នាក់ៗ។ លោកបានចំណាយថវិកាជាតិអស់យ៉ាងហោចណាស់ជាង៣ លាន ៤ សែនដុល្លារអាមេរិក ដើម្បីទាក់ទាញការគាំទ្រពីកម្មករ ដែលករណីនេះត្រូវបានក្រុមអ្នកជំនាញកិច្ចការបោះឆ្នោតចាត់ទុកថា ជាការរំលោភច្បាប់ធ្ងន់ធ្ងរ និងបំពានគោលការណ៍បោះឆ្នោតដោយយុត្តិធម៌។
ក្រៅពីការផ្តល់លុយ៥ ដុល្លារជាអំណោយដល់កម្មករនេះ លោក ហ៊ុន សែន បានប្រកាសផ្តល់កាដូមួយចំនួនទៀតដល់កម្មករ ដូចជា ការបញ្ចុះតម្លៃទឹក-ភ្លើង ការអនុញ្ញាតឱ្យកម្មករជិះឡានក្រុងសាធារណៈដោយឥតគិតថ្លៃរយៈពេលពីរឆ្នាំ ការព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យរដ្ឋតាមរយៈមូលនិធិសមធម៌ និងការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករមានផ្ទៃពោះ ជាដើម។ ទន្ទឹមនឹងនេះ លោកបានស្នើឱ្យម្ចាស់ផ្ទះកុំតម្លើងថ្លៃបន្ទប់ជួល ហើយក៏សន្យាតម្លើងប្រាក់ខែជូនកម្មករជាទៀងទាត់ផងដែរ។
ទោះជាយ៉ាងណា អ្វីៗបានប្រែប្រួលខ្លាំងនៅក្រោយពេលលោកក្រសោបយកអំណាចទាំងស្រុងមកកាន់កាប់តែម្នាក់ឯង ចេញពីការបោះឆ្នោតបែបបង្គ្រប់កិច្ច កាលពីខែកក្កដា ឆ្នាំ២០១៨។ លោកចុះជួបកម្មករកាន់តែរង្វើល រហូតដល់ខែឧសភា ឆ្នាំ២០១៩ លោកលែងចុះជួបកម្មករសោះតែម្តង មកដល់ខែសីហា ឆ្នាំ២០២០ នេះ។ កុំថាឡើយចុះទៅជួបកម្មករ ពេលនេះសូម្បីតែក្រុមកម្មករដែលអត់ការងារធ្វើចង់ដង្ហែរញត្តិទៅដាក់នៅខុទ្ទកាល័យរបស់លោក ដើម្បីស្នើសុំដំណោះស្រាយ ក៏អាជ្ញាធររបស់លោកមិនអនុញ្ញាតឱ្យពួកគាត់ធ្វើសកម្មភាពនេះបានដែរ។
លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា លោក ហ៊ុន សែន អស់ពាក្យនិយាយប្រាប់កម្មករទៀតហើយ ព្រោះទង្វើរបស់គាត់ជាច្រើន បានធ្វើឱ្យបាត់ប្រយោជន៍កម្មករ៖ «រោងចក្របិទទ្វារជាបន្តបន្ទាប់ ហើយកម្មករកាន់តែបាត់បង់ការងារធ្វើច្រើនឡើងៗ ដូច្នេះគាត់អត់មានអ្វីហ៊ានទៅប្រឈមជាមួយកម្មករទេ។ យើងឃើញជាក់ស្តែង កាលណាគាត់បានអ្វី គាត់ច្រើនចូលចិត្តអួតក្អេងក្អាង ក្រទីក្រទាណាស់ ប៉ុន្តែឥលូវគាត់អត់មានអ្វីអួតទៀត។ មានតែទណ្ឌកម្មដាក់សម្រាប់គាត់ ដូច្នេះគាត់អត់មានហេតុផលអ្វី អត់មានរឿងអ្វីហ៊ានទៅជួបកម្មករទៀតទេ»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន អះអាងថា ប្រមុខរដ្ឋាភិបាលមិនចុះជួបកម្មករ ដោយសាររោងចក្រខ្លះបានបិទទ្វារទៅហើយ ដូច្នេះលោកបង្វែរទិសដៅចុះជួបកសិករវិញ។ លោកបដិសេធការចោទប្រកាន់ដែលថា ការចុះជួបកម្មកររាប់សិបដង និងចាយលុយជាតិរាប់លានដុល្លាររបស់នាយករដ្ឋមន្ត្រីកាលពីពេលកន្លងទៅ ជាការធ្វើនយោបាយប្រជាភិថុត៖ «វាអាស្រ័យលើសំណូមពរចាំបាច់នៃការងារដែលសម្តេចត្រូវចុះ ឬមិនត្រូវចុះ អាហ្នឹងអ៊ីចឹង។ បើរោងចក្របិទទៅហើយ តើមានប្រយោជន៍អ្វីដើម្បីទៅចុះ? អ៊ីចឹងទេ គាត់ចុះទៅស្រែចម្ការហ្នឹង ដើម្បីទៅរកការងារជូនកម្មករដែលអត់ការងារធ្វើនោះធ្វើ ពីព្រោះកម្មកររបស់កម្ពុជាមិនទាន់កាត់ផ្តាច់ចេញពីកសិកម្មទេ»។
ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ នេះ របបលោក ហ៊ុន សែន បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន៤០ ដុល្លារក្នុងមួយខែដល់កម្មករដែលត្រូវរោងចក្រព្យួរការងារ ប៉ុន្តែសហជីពឯករាជ្យអះអាងថា កម្មករជាច្រើនមិនទាន់ទទួលបានថវិកាទៅតាមចំនួនដែលពួកគេត្រូវទទួលបាននោះទេ។
ក្រៅពីនេះ អំឡុងវិបត្តិកូវីដ-១៩ របបក្រុងភ្នំពេញបានដាក់ចេញវិធានការជាច្រើន ដែលធ្វើឱ្យបាត់ប្រយោជន៍កម្មករ។ ក្នុងនោះ មានជាអាទិ៍ ការលុបចោលថ្ងៃឈប់សម្រាក៦ ថ្ងៃចេញពីប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ ការអនុញ្ញាតឱ្យម្ចាស់រោងចក្រពន្យារពេលបើកប្រាក់បំណាច់អតីតភាពការងារសម្រាប់ឆ្នាំ២០១៩ និង២០២០ ទៅបើកនៅឆ្នាំ២០២១ វិញ និងការអនុញ្ញាតឱ្យថៅកែមិនបាច់ទូទាត់ប្រាក់សំណងជំងឺចិត្ត និងប្រាក់ជូនដំណឹងជាមុននៅពេលបិទរោងចក្រ ជាដើម។ លើសពីនេះ ក្រសួងការងារកំពុងស្នើកែប្រែច្បាប់ការងារ ដើម្បីបន្ថយប្រាក់ឈ្នួលធ្វើការវេនយប់ឱ្យស្មើនឹងវេនថ្ងៃ និងលុបចោលថ្ងៃឈប់សម្រាកចំអាទិត្យផងដែរ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ធ័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែងថា វិធានការទាំងនេះ បូករួមទាំងការមិនប្រឹងប្រែងរក្សា EBA ផងនោះ បង្ហាញថា ការគិតគូរពីប្រយោជន៍កម្មករពីសំណាក់រដ្ឋាភិបាលនៅមានកម្រិតទាបនៅឡើយ៖ «ពេលដែលរដ្ឋព្យាយាមបង្ហាញ ឬក៏បញ្ចេញនូវគោលនយោបាយមួយចំនួនដែលកាត់បន្ថយប្រយោជន៍កម្មករ កាត់បន្ថយប្រយោជន៍មហាជនហ្នឹង ហើយថ្លឹងទៅខាងអ្នកវិនិយោគទុនធ្ងន់ជាង នោះជាភស្តុតាងមួយទៀតដែរ ដែលបង្ហាញថា ការយកចិត្តទុកដាក់របស់រដ្ឋហ្នឹងវាមានកម្រិតប៉ុន្មានទៅដល់ប្រជាពលរដ្ឋ ឬក៏ទៅដល់ម្ចាស់ឆ្នោតហ្នឹងឯង»។
សហភាពអឺរ៉ុបបានប្រកាសពីការចូលជាធរមាននៃការដកប្រព័ន្ធ EBA ចំនួន២០% ពីកម្ពុជា នៅថ្ងៃទី១២ សីហា។ នេះមានន័យថា សហភាពអឺរ៉ុបនឹងចាប់ផ្តើមគិតពន្ធលើមុខទំនិញមួយចំនួនដែលកម្ពុជានាំចេញទៅទីផ្សារអឺរ៉ុប។ ក្រុមអ្នកសង្កេតការណ៍យល់ឃើញស្របគ្នាថា លើសពីការជាប់កាតព្វកិច្ចពន្ធ សេចក្តីសម្រេចនេះអាចនឹងបំផ្លាញទំនុកចិត្តរបស់ក្រុមអ្នកវិនិយោគ ព្រោះកម្ពុជាបានជាប់ឈ្មោះជាប្រទេសមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ។
តាមពិតសហភាពអឺរ៉ុបបានទុកពេលជាងមួយឆ្នាំឱ្យរបបលោក ហ៊ុន សែន កែប្រែខ្លួន ប៉ុន្តែរបបនេះមិនបានធ្វើឱ្យស្ថានការណ៍សិទ្ធិមនុស្សល្អប្រសើរឡើងវិញឡើយ ផ្ទុយទៅវិញ ស្ថានការណ៍ហាក់កាន់តែដុនដាប។ អាជ្ញាធរបានបង្កើនការចាប់ខ្លួនអ្នកបញ្ចេញមតិរិះគន់ និងអ្នកគាំទ្របក្សប្រឆាំងដាក់ពន្ធនាគារជាបន្តបន្ទាប់ ក្នុងនោះក៏រួមទាំងអ្នកសារព័ត៌មានផងដែរ។ ជាពិសេស ក្រោយពេលបញ្ចប់ការចរចារឿងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន របបលោក ហ៊ុន សែន ហាក់ផ្គើននឹងសហភាពអឺរ៉ុបកាន់តែខ្លាំង ដោយបានចាប់ខ្លួនមេសហជីពដ៏លេចធ្លោ គឺលោក រ៉ុង ឈុន ដាក់ពន្ធនាគារ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន គឺជាអ្នកដែលតែងទាមទារឱ្យរបបលោក ហ៊ុន សែន ស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង សម្រាប់ផលប្រយោជន៍កម្មករ។ លោកគ្រោងដឹកនាំកម្មករ គ្រូបង្រៀន និងពលរដ្ឋ ធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលអនុវត្តតាមសំណើរបស់សហភាពអឺរ៉ុប កាលពីខែសីហា ឆ្នាំ២០១៩ តែអាជ្ញាធរក្រុងភ្នំពេញបានចេញមុខព្រមានចាត់វិធានការតាមផ្លូវច្បាប់ បើលោកហ៊ានធ្វើបាតុកម្មនេះ។
មន្ត្រីសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍បែបប្រៀបធៀបថា អ្នកនយោបាយខ្មែរច្រើនទៅសំពះពលរដ្ឋពេលជិតបោះឆ្នោត តែទៅសំពងពលរដ្ឋវិញ នៅពេលពួកគេឈ្នះឆ្នោត កាន់អំណាចពេញដៃ៖ «ជាទូទៅ គឺអ្នកនយោបាយព្យាយាមយកខ្លួនឱ្យនៅជិតប្រជាពលរដ្ឋហ្នឹង តែមុនពេលបោះឆ្នោតទេ។ ក្រោយពេលបោះឆ្នោតហ្នឹង គឺមិនសូវជាខ្វាយខ្វល់ប៉ុន្មាននោះទេ អាហ្នឹងគឺតាមការមើលឃើញទូទៅ ហើយខ្ញុំក៏មើលឃើញអ៊ីចឹងដែរ។ អ៊ីចឹងហើយបានជាប្រជាពលរដ្ឋនិយាយលេងថា មុនបោះឆ្នោតទៅសំពះ ដល់ពេលក្រោយបោះឆ្នោតទៅសំពង»។
របបក្រុងភ្នំពេញធ្លាប់បានបង្ក្រាបដោយហិង្សា លើក្រុមកម្មករម្តងរួចទៅហើយ កាលពីដើមឆ្នាំ២០១៤ គឺការបង្រ្កាបលើកំណាត់ផ្លូវវេងស្រេង និងក្បែររោងចក្រយ៉ាក់ជីន។ កងទាហានដែលស្ថិតក្រោមបញ្ជាផ្ទាល់របស់មនុស្សជំនិតលោក ហ៊ុន សែន បានប្រើគ្រាប់កាំភ្លើងពិតបាញ់កម្មករឱ្យស្លាប់៥ នាក់ និងរបួសជិត៤០ នាក់ ដោយមិនមានការរកយុត្តិធម៌សម្រាប់ជនរងគ្រោះទេ មកដល់ពេលបច្ចុប្បន្ននេះ៕
3 comments:
EBA + COVID19 + MASSIVE CHINESE DEBTS = Hell for Hun Sen
the ill effect on no EBA would take at least one year before Ah Norouk Hun Sen will feel the real pressure.
This devil Hun Sen has a mission, dictated by the evil Yuon, to accomplish: finish the Vietnamization of Cambodia before he goes to hell.
We must increase pressure on Hun Sen until he quits.
Post a Comment