ដោយ មាន ឫទ្ធិ
2021-01-21
![]() |
សមាជិកយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ (ឆ្វេង) និងកញ្ញា ឈឿន ដារ៉ាវី។ Photo courtesy |
តុលាការកំពូលសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់សមាជិកក្រុមយុវជនខ្មែរថាវរៈពីរនាក់ គឺលោក ហ៊ុន វណ្ណៈ និងលោកស្រី ឈឿន ដារ៉ាវី។ សាច់ញាតិ និងអ្នកការពារសិទ្ធិមនុស្សថា ការសម្រេចនេះជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ទាំងពីរនាក់។
មេធាវីការពារក្តីឱ្យសកម្មជនខ្មែរថាវរៈទាំងពីរនាក់ គឺលោក សំ ចំរើន ថ្លែងថា សេចក្ដីសម្រេចរបស់តុលាការកំពូលនេះ ជារឿងមិនអាចទទួលយកបានទេសម្រាប់កូនក្តីរបស់លោក។ ម្យ៉ាងវិញទៀត លោកថា តុលាការដំណើរការក្តីលើបណ្តឹងសុំនៅក្រៅឃុំនេះ ហាក់មានការយឺតយ៉ាវ ដែលធ្វើឲ្យបណ្ដឹងសាទុក្ខរបស់កូនក្តីលោក ពុំមានផលប្រយោជន៍ផ្លូវច្បាប់ឲ្យបានពេញលេញឡើយ៖ «តុលាការកំពូលទទួលចាត់ការរាងយឺត ហើយតុលាការក្រុងគេបានចេញដីកាដំណោះស្រាយចេញអីទៀត លើបណ្ដឹងសាទុក្ខរបស់យើងហ្នឹងមិនមានផលប្រយោជន៍ផ្លូវច្បាប់បានពេញលេញ។ យើងរង់ចាំសវនាការអង្គសេចក្ដីថ្ងៃទី១៦ ទាំងអស់គ្នាហ្នឹង»។
តុលាការកំពូលបានប្រកាសសាលដីកានៅព្រឹកថ្ងៃទី២១ មករា ដោយសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់លោកស្រី ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ។ សេចក្តីសម្រេចនេះ ធ្វើឡើងតាមសំណើរបស់តំណាងមហាអយ្យការអមតុលាការកំពូល ដែលស្នើសុំឱ្យតុលាការជាន់ខ្ពស់មួយនេះ បន្តឃុំខ្លួនសកម្មជនទាំងពីររូប ក្រោមហេតុផលថា ដើម្បីការពារជនជាប់ចោទមិនឱ្យប្រព្រឹត្តបទល្មើសជាថ្មី និងការពារសណ្ដាប់ធ្នាប់សាធារណៈ។
ទោះជាយ៉ាងណា ម្ដាយរបស់លោក ហ៊ុន វណ្ណៈ លោកស្រី ទី ម៉ារី ថ្លែងថា ការសម្រេចនេះ គឺជារឿងអយុត្តិធម៌សម្រាប់កូនប្រុសលោកស្រី ព្រោះរូបគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ លោកស្រីបន្តថា ការសម្រេចបែបនេះ គឺពុំបានផ្ដល់យុត្តិធម៌ដល់ពលរដ្ឋខ្មែរដទៃទៀតនោះទេ៖ «ក្នុងនាមខ្ញុំជាម្ដាយខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាល និងតុលាការសូមបើកសវនាការកាត់ក្តីហ្នឹង សូមឲ្យមានភាពយុត្តិធម៌នៅក្នុងសង្គមជាតិខ្មែរយើងហ្នឹង ព្រោះអីយុវជនខ្មែរគ្រប់រូបមានសិទ្ធិបញ្ចេញមតិគ្រប់ៗ គ្នា ដល់ពេលហើយចាប់គ្នាទាំងអយុត្តិធម៌អ៊ីចឹង ប្រជាជនខ្មែររងទុក្ខវេទនាដោយអត់មានភាពយុត្តិធម៌អ៊ីចឹង»។
ចំណែកនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត វិញ លោកសោកស្ដាយចំពោះតុលាការកំពូលដែលបដិសេធសំណើសុំនៅក្រៅឃុំរបស់ក្រុមយុវជនទាំងនេះ។ លោកជំរុញឲ្យតុលាការក្រុងភ្នំពេញពន្លឿននីតិវិធីលើអង្គសេចក្តី និងពិចារណាទម្លាក់ចោលបទចោទប្រកាន់លើពួកគេ៖ «ការចាប់ខ្លួនយុវជនទាំងអស់នេះកន្លងមកឃើញមានការរិះគន់ជាច្រើនពីសហគមន៍អន្តរជាតិ។ ជាពិសេស គឺអ្នកជំនាញសិទ្ធិមនុស្សរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលចាត់ទុកថា វាជាការបំពារបំពានទៅលើសេរីភាពជាមូលដ្ឋានរបស់ពួកគាត់ ជាពិសេស សេរីភាពក្នុងការជួបជុំ ការប្រមូលផ្តុំដោយសន្តិវិធី។ អ៊ីចឹង បញ្ហានៃការមិនអនុញ្ញាតនេះ វានាំឲ្យមានការរិះគន់បន្ថែមទៅទៀត អាហ្នឹងទី១។ ទី២ គឺសោកស្ដាយដែលការមិនអនុញ្ញាតឲ្យអ្នកទាំងអស់ហ្នឹងបាននៅក្រៅឃុំ»។
សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងក្រុមយុវជនខ្មែរថាវរៈ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ សរុបចំនួន ៧នាក់ នៅថ្ងៃទី១៦ កុម្ភៈខាងមុខ។ តុលាការបានចោទប្រកាន់ពួកគេពីបទផ្ដើមគំនិត និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនយុវជនខ្មែរថាវរៈ និងសកម្មជនសង្គមជាច្រើននាក់ដាក់ពន្ធនាគារ ដោយសារពួកគេចេញមុខតវ៉ាទាមទារឱ្យតុលាការដោះលែង មេដឹកនាំសហជីពលោក រ៉ុង ឈុន ឱ្យមានសេរីភាពវិញ។
សង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាពិសេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងអ្នកទាំងនោះវិញ ព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ ក្រៅពីនេះ សហគមន៍ជាតិ និងអន្តរជាតិទទូចឱ្យរបបក្រុងភ្នំពេញ បើកលំហសេរីភាព និងគោរពសិទ្ធិពលរដ្ឋ ដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ៕
1 comment:
Thank You Hun Vannak and Chhoeun Daravy for your sacrifice and your courage to protect Khmer natural resource.
Cambodia needs more people like you.
Post a Comment