Saturday, 13 February 2021

ប្រពន្ធ​លោក សួង សុភ័ណ្ឌ ថា ការ​បង្គាប់​ឱ្យ​ប្ដី​លោក​ស្រី​សង​ជំងឺ​ចិត្ត ៥សែន​ដុល្លារ ជា​ការ​ធ្វើ​បាប​ពលរដ្ឋ


ដោយ មាន ឫទ្ធិ
2021-02-12
ប្រពន្ធ​លោក សួង សុភ័ណ្ឌ ថា ការ​បង្គាប់​ឱ្យ​ប្ដី​លោក​ស្រី​សង​ជំងឺ​ចិត្ត ៥សែន​ដុល្លារ ជា​ការ​ធ្វើ​បាប​ពលរដ្ឋ 

លោក សួង សុភ័ណ្ឌ ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ
រូប៖ ហ្វេសប៊ុក


ប្រពន្ធ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​លោក សួង សុភ័ណ្ឌ សោក​ស្ដាយ​ដែល​តុលាការ​ផ្ដន្ទាទោស និង​បង្គាប់​ឱ្យ​ប្ដី​លោកស្រី​សង​កន្លះ​លាន​ដុល្លារ​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា។អ្នកឃ្លាំមើល​ព្រំដែន​ចាត់​ទុក​សំណុំរឿង​នេះ ជា​ការ​កាច់​បំបាក់​ទស្សនៈ​ជាតិនិយម​របស់​ពលរដ្ឋ​យ៉ាង​អយុត្តិធម៌។

ប្រពន្ធ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ គឺ​លោកស្រី ហង្ស ផាវី ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១២ កុម្ភៈ​ថា គ្រួសារ​លោកស្រី​ពុំ​មាន​លទ្ធភាព​ផ្តល់​សំណង ៥សែន​ដុល្លារ​អាមេរិក​ជូន​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ដែល​មាន​លោក វ៉ា គឹមហុង ជា​ប្រធាន​នោះ​ទេ។ លោកស្រី​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ គឺជា​រឿង​អយុត្តិធម៌ និង​ធ្វើបាប​គ្រួសារ​លោកស្រី ព្រោះ​ប្ដី​របស់​លោកស្រី​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​នោះ​ទេ៖ «ទោះ​បី​ជា​អ្នក​នយោបាយ​វ័យ​ក្មេង អត់​មាន​បាន​ទៅ​រកស៊ី​អ្វី​ឱ្យ​មាន​ប្រាក់​រាប់​លាន ដើម្បី​ទៅ​សង​ជំងឺ​ចិត្ត​អ៊ីចឹង​ទេ ខ្ញុំ​អត់មាន​ទេ។ ខ្ញុំ​សូម​ឱ្យ​លោក វ៉ា គឹមហុង និង​តុលាការ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ និង​ទម្លាក់​ចោល​ផាក​ពិន័យ​សងជំងឺចិត្ត​នេះ ព្រោះ​គាត់​អត់​បាន​ទៅ​បង្ក​ចលាចល​ឱ្យ​ប្រទេស​មាន​បញ្ហា​អី​ទេ»។


សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១០ ខែ​កុម្ភៈ បាន​កាត់ទោស​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១ឆ្នាំ ៨ខែ (២០ខែ) និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ដែល​ជា​ដើម​បណ្ដឹង​ចំនួន ២ពាន់​លាន​រៀល ឬ​ស្មើ​នឹង ៥សែន​ដុល្លារ ក្រោម​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បកស្រាយ​រឿង​នេះ​ពី​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹម​ហុង ក៏​ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​លើក​នៅ​ថ្ងៃ​ទី១២ កុម្ភៈ។

ប៉ុន្តែ​អនុប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា អ្នកស្រី កុយ ពិសី បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា អ្នកស្រី​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​សេចក្ដី​សម្រេច​របស់​តុលាការ​ក្នុង​សំណុំរឿង​នេះ​ទេ ដោយ​ស្ថាប័ន​ជំនាញ​មួយ​នេះ​ផ្ដោត​តែ​លើ​ការងារ​បម្រើ​ជាតិ។

ទោះ​ជា​យ៉ាង​ណា មុន​ពេល​ចាប់ខ្លួន​លោក រ៉ុង ឈុន និង​លោក សួង សោភ័ណ្ឌ លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ថ្លែង​សារ​ព្រមាន​ជា​សាធារណៈ​ថា នឹង​ចាប់ខ្លួន​នរណា​ដែល​ហ៊ាន​ចេញមុខ​រិះគន់​រដ្ឋាភិបាល​ក្នុង​រឿង​បញ្ហា​ព្រំដែន។ លោក​ថា កុំ​យក​រឿង​ព្រំដែន​ទៅ​និយាយ​ញុះញង់ ព្រោះ​អាច​នឹង​កើត​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង។

មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​តុលាការ​បែប​នេះ គឺ​ធ្វើឡើង​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​កំពុង​រស់នៅ​ប្រទេស​ន័រវេ (Norway) លោក ម៉ែន ណាត ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​យក​បញ្ហា​បូរណភាព​ទឹក​ដី ដើម្បី​គំរាម​កំហែង និង​ចាប់ចង​អ្នក​រិះគន់៖ «សាលក្រម​របស់​តុលាការ​កម្ពុជា​ទីក្រុង​ភ្នំពេញ​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ ដ៏​វង្វេង​ចំពោះ​ស្មារតី​ជាតិ គឺ​ជា​ការ​បង្ក្រាប​ទស្សនៈ​ជាតិ​និយម​របស់​ពលរដ្ឋ។ យើង​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ និង​សើរើ​បញ្ហា​នេះ​ឡើង​វិញ ផ្តល់​យុត្តិធម៌​ឱ្យ​លោក សួង សោភ័ណ្ឌ លោក រ៉ុង ឈុន ព្រម​ទាំង​យុវជន​ទាំង​អស់»។

សំណុំរឿង​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​នេះ អាជ្ញាធរ​បាន​ចាប់​ខ្លួន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០ បន្ទាប់​មក​បាន​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ។

ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២០ មក​ដល់​ថ្ងៃ​ទី១០ កុម្ភៈ អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម​ព្រះសង្ឃ​ខ្មែរ​ថាវរៈ សកម្មជន​បរិស្ថាន និង​ក្រុម​យុវជន ជិត ៧០នាក់ ដាក់​ពន្ធនាគារ។ តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់ និង​ប្រមាថ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ជា​ដើម។

ប្រទេស​ប្រជាធិបតេយ្យ សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បាន​ស្នើ​យ៉ាង​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​អ្នក​ទោស​មនសិការ​ទាំង​នេះ ហើយ​ងាក​មក​គោរព​សិទ្ធិ​ពលរដ្ឋ​វិញ ព្រោះ​មានតែ​ធ្វើ​បែប​នេះ ទើប​កម្ពុជា​អាច​ចៀស​ផុត​ពី​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ៕

1 comment:

Anonymous said...

Why only $500,000.00 ? Ask for $50,000,000.00 would be better because he is Ah Norouk Yuon's slave Hun Sen. The more he tortures Khmer people, the better for his stay in power.