ដោយ ជាតិ ចំណាន
2021-03-18 rfa
ព្រៃសហគមន៍ភូមិពូរ៉ាដែត ដែលជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីជាង ២រយគ្រួសារអាស្រ័យផលបែបប្រពៃណីជាច្រើនឆ្នាំមកហើយនោះ ត្រូវក្រុមអ្នកមានអំណាចរំលោភបំពានទាំងស្រុង ដើម្បីគ្រប់គ្រងជាសម្បត្តិឯកជន។ តំណាងសហគមន៍ថា ពួកគេគ្មានសមត្ថភាពការពារព្រៃសហគមន៍នេះទេ ព្រោះឈ្មួញសុទ្ធតែអ្នកមានលុយ មានអំណាច។
ជនជាតិដើមភាគតិចព្នងជាង ២រយគ្រួសារ (២០០) រស់នៅភូមិស្រែពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា សោកស្តាយព្រៃសហគមន៍ដែលកំពុងឈានទៅបាត់បង់ទាំងស្រុង ដែលបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅ និងប្រពៃណីវប្បធម៌របស់ពួកគាត់។ អ្នកភូមិថា ព្រៃសហគមន៍ដែលនៅសល់ចុងក្រោយ ប្រមាណ ១០០ហិកតារ កំពុងទទួលរងការឈូសឆាយច្បាមយកទាំងមូលពីសំណាក់បុគ្គលមានអំណាច។
តំណាងសហគមន៍ភូមិពូរ៉ាដែត លោក តុប ថេប ឱ្យដឹងនៅថ្ងៃទី១៧ មីនា ថា បច្ចុប្បន្នអ្នកភូមិពុំអាចអាស្រ័យផលពីព្រៃឈើ និងធ្វើចម្ការវិលជុំ ក្នុងព្រៃសហគមន៍នេះបានទេ ព្រោះគ្រប់តំបន់ សុទ្ធតែគ្រប់គ្រងដោយបុគ្គលមានឥទ្ធិពល។ លោកថា ក្រុមឈ្មួញបានឃុបឃិត ជាមួយមន្ត្រីមូលដ្ឋាន លួចធ្វើប្លង់កម្មសិទ្ធិក្នុងបរិវេណដីព្រៃសហគមន៍អស់មួយផ្នែកធំ និងមានតំបន់ខ្លះទៀតគេហ៊ុមព័ទ្ធយកជាកម្មសិទ្ធិបុគ្គល។ លោកបញ្ជាក់ថា បុគ្គលមានអំណាចដែលរំលោភយកដីព្រៃសហគមន៍នេះបានយកពលរដ្ឋជាខែល ហើយព្យាយាមលាក់បាំងអត្តសញ្ញាណ៖ «និយាយទៅអត់សល់ទេអស់អាលីងហ្មង សូម្បីតែ៥ហិកតារក៏អត់មានដែរ មានតែព្រៃឈើឈរ ព្រៃឈើហ្នឹងជារបស់អ្នកធំហ្មង។ សោកស្តាយខ្លាំងណាស់ យើងធ្លាប់រស់នៅ មានសិទ្ធិស្រឡាញ់ធម្មជាតិ ព្រៃឈើ អូរ ហើយយើងធ្វើចម្ការតិចតួចមែន តែមិនត្រូវបំផ្លាញកន្លែងសំខាន់ដែលមានប្រភពទឹកអ៊ីចឹង យើងអត់ត្រូវប៉ះពាល់»។
តំណាងសហគមន៍រូបនេះបន្ថែមថា កាលពីជាង ១០ឆ្នាំមុន ព្រៃសហគមន៍នេះ សំបូរដោយដើមឈើធំៗ និងសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ ក៏ប៉ុន្តែនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើមឈើធំៗ ត្រូវគេកាប់លក់អស់ទាំងស្រុង។ បច្ចុប្បន្នដីព្រៃសហគមន៍ទាំងមូល បានក្លាយជាកម្មសិទ្ធិរបស់ក្រុមអ្នកមានលុយមានអំណាច។ រីឯអ្នកភូមិមិនត្រឹមតែបាត់បង់ទីកន្លែងរកអនុផលព្រៃឈើទេ សូម្បីតែវាលស្មៅសម្រាប់គោក្របី ក៏គ្មានដែរ។
រៃសហគមន៍ភូមិពូរ៉ាដែត មានទំហំជាង ១ពាន់ ៣រយហិកតារ (១.៣២៣) ត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងកសិកម្ម តាំងពីឆ្នាំ២០០៩ ឋិតក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ។ ព្រៃសហគមន៍នេះ ជាកន្លែងសែនព្រេនបែបប្រពៃណីជនជាតិដើមភាគតិចព្នង មានព្រៃឈើ ទឹកអូរធម្មជាតិ និងជម្រកសត្វព្រៃជាដើម។
ប៉ុន្តែមេឃុំស្រែអំពូម លោក សេង ប៊ុននឿន បានទម្លាប់កំហុសលើប្រជាសហគមន៍មួយចំនួនថា បានដណ្តើមគ្នាកាន់កាប់ដីព្រៃសហគមន៍ ធ្វើចម្ការរៀងៗខ្លួន និងមានពលរដ្ឋខ្លះទៀតលក់ដីព្រៃសហគមន៍នេះឱ្យឈ្មួញ។ លោកទទួលស្គាល់ថា ដីព្រៃសហគមន៍ផ្នែកខ្លះ មានការលក់ដូរបែបអនាធិបតេយ្យ ហើយលោកបានរាយការណ៍ករណីនេះ ទៅថ្នាក់លើរួចហើយដែរ៖ «ព្រៃសហគមន៍រលាយហ្នឹង ខាងគាត់ដឹងស្រាប់ហើយថា ជនជាតិដើមភាគតិចអត់មានដឹងអី របៀបរបប តាមបទបញ្ជាផ្ទៃក្នុងទេ ដូចរបៀបថា គាត់អស់អាណត្តិហើយគាត់ឈប់ទទួលស្គាល់ ក្នុងនាមគណៈកម្មការដែលរៀបចំឡើងតាមរយៈ នៃការបោះឆ្នោតគាំទ្រដោយ សមាជិកសហគមន៍។ ជាក់ស្តែងអ្វីដែលយើងរួមគ្នា ទប់ស្កាត់ និងការពារអ៊ីចឹងទៅ ពាក់ព័ន្ធជាមួយសហគមន៍ ក្នុងភូមិហ្នឹង គាត់អត់មានចាប់អារម្មណ៍ជាមួយការងារហ្នឹង»។
អាស៊ីសេរីមិនអាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង និង អភិបាលស្រុកពេជ្រាដា លោក មើល សឿន បាននៅឡើយទេ នៅថ្ងៃទី១៧ មីនា ព្រោះពួកលោកមិនលើកទូរស័ព្ទ។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា ប្រសិនបើមន្ត្រីជំនាញ ចេញប្លង់កម្មសិទ្ធិប៉ះចំដីព្រៃសហគមន៍ នោះគឺជាទង្វើខុសច្បាប់ ហើយរដ្ឋាភិបាលត្រូវតែមោឃភាពប្លង់មិនប្រក្រតីទាំងនេះ ដើម្បីសង្គ្រោះព្រៃសហគមន៍វិញ។ លោកថា បើអាជ្ញាធរឃុបឃិតជាមួយឈ្មួញ ធ្វើប្លង់រឹងរំលោភដីព្រៃសហគមន៍ មន្ត្រីទាំងនោះក៏ត្រូវមានទោសដែរ៖ «ប្រសិនជាមានរហូតដល់ចេញប្លង់រឹងទៀត វាជារឿងមួយក្លែងឯកសាររបស់រដ្ឋ តាមនីតិវិធីច្បាប់។ អ៊ីចឹងអ្នកដែលក្លែង អ្នកដែលប្រើអំណាចធ្វើប្លង់របៀបខុសនីតិវិធី ដែលច្បាប់ចែងគឺត្រូវទទួលទោស ឧក្រិដ្ឋ។ ក្នុងហ្នឹងវាមានអំពើពុករលួយហើយ ស៊ីសំណូកសូកប៉ាន់ ដែលអាចចេញប្លង់មិនគ្រប់លក្ខណៈ»។
កន្លងទៅ លោក ប៉ែន ប៊ុណ្ណារ៍ និងតំណាងសហគមន៍ ៤រូប បានរួមគ្នាប្តឹងមន្ត្រីម្នាក់បម្រើការនៅរដ្ឋសភា និងមេប៉ុស្តិ៍រដ្ឋបាលស្រែអំពូម ពីបទកាប់រានឈូសឆាយព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃខុសច្បាប់។ ប៉ុន្តែសំណុំរឿងនេះ ត្រូវបានតំណាងអយ្យការខេត្តមណ្ឌលគិរីតម្កល់ឥតចាត់ការ។
មន្ត្រីសង្គមស៊ីវិលរូបនេះ ឱ្យដឹងថា លោកនឹងត្រៀមដាក់ពាក្យបណ្តឹងករណីនេះ ទៅក្រសួងយុត្តិធម៌វិញ ដើម្បីស្នើឱ្យក្រសួងអន្តរាគមន៍ទៅតុលាការ បើកការស៊ើបអង្កេតឡើងវិញ ពីភាពមិនប្រក្រតីពាក់ព័ន្ធការធ្វើប័ណ្ណកម្មសិទ្ធិរំលោភដីព្រៃសហគមន៍ និងការបាត់បង់ព្រៃសហគមន៍ភូមិពូរ៉ាដែតនេះ៕
1 comment:
No surprise.
Ah Chker Chkuot Hun Sen is tearing Cambodia apart daily to facilitate the Yuonization of Cambodia.
This dog Hun Sen is so faithful to his master Yuon. He will give in to whatever his master Yuon had demanded him for.
Post a Comment