Thursday 18 March 2021

ព្រៃ​សហគមន៍​ភូមិ​ពូរ៉ាដែត​ក្នុង​ខេត្តមណ្ឌលគិរី​ត្រូវ​ក្រុម​អ្នក​មាន​អំណាច​រំលោភ​យក​ទាំងស្រុង


ដោយ ជាតិ ចំណាន
2021-03-18 rfa

 

ព្រៃ​សហគមន៍​ភូមិ​ពូរ៉ាដែត ដែល​ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្តមណ្ឌលគិរី​ជាង ២​រយ​គ្រួសារ​អាស្រ័យ​ផល​បែប​ប្រពៃណី​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​ក្រុម​អ្នក​មាន​អំណាច​រំលោភ​បំពាន​ទាំងស្រុង ដើម្បី​គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន​។ តំណាង​សហគមន៍​ថា ពួកគេ​គ្មាន​សមត្ថភាព​ការពារ​ព្រៃ​សហគមន៍​នេះ​ទេ ព្រោះ​ឈ្មួញ​សុទ្ធតែ​អ្នកមាន​លុយ មាន​អំណាច។

ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង ២​រយ​គ្រួសារ (២០០) រស់នៅ​ភូមិ​ស្រែ​ពូរ៉ាដែត ឃុំ​ស្រែអំពូម ស្រុក​ពេជ្រាដា សោកស្តាយ​ព្រៃ​សហគមន៍​ដែល​កំពុង​ឈាន​ទៅ​បាត់បង់​ទាំងស្រុង ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​ប្រពៃណី​វប្បធម៌​របស់​ពួកគាត់​។ អ្នកភូមិ​ថា ព្រៃ​សហគមន៍​ដែល​នៅ​សល់​ចុង​ក្រោយ ប្រមាណ ១០០​ហិកតារ កំពុង​ទទួលរង​ការ​ឈូស​ឆាយ​ច្បាម​យក​ទាំងមូល​ពី​សំណាក់​បុគ្គល​មាន​អំណាច។


តំណាង​សហគមន៍​ភូមិ​ពូរ៉ាដែត លោក តុប ថេប ឱ្យ​ដឹង​នៅ​ថ្ងៃទី១៧ មីនា ថា បច្ចុប្បន្ន​អ្នកភូមិ​ពុំ​អាច​អាស្រ័យ​ផល​ពី​ព្រៃឈើ និង​ធ្វើ​ចម្ការ​វិល​ជុំ ក្នុង​ព្រៃ​សហគមន៍​នេះ​បាន​ទេ ព្រោះ​គ្រប់​តំបន់ សុទ្ធតែ​គ្រប់គ្រង​ដោយ​បុគ្គល​មាន​ឥទ្ធិពល​។ លោក​ថា ក្រុម​ឈ្មួញ​បាន​ឃុបឃិត ជាមួយ​មន្ត្រី​មូលដ្ឋាន លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ក្នុង​បរិវេណ​ដី​ព្រៃ​សហគមន៍​អស់​មួយ​ផ្នែក​ធំ និង​មាន​តំបន់​ខ្លះទៀត​គេ​ហ៊ុមព័ទ្ធ​យក​ជា​កម្មសិទ្ធិ​បុគ្គល​។ លោក​បញ្ជាក់​ថា បុគ្គល​មានអំណាច​ដែល​រំលោភ​យក​ដី​ព្រៃ​សហគមន៍​នេះ​បាន​យក​ពលរដ្ឋ​ជា​ខែល ហើយ​ព្យាយាម​លាក់បាំង​អត្តសញ្ញាណ៖ «និយាយ​ទៅ​អត់​សល់​ទេ​អស់​អា​លីង​ហ្មង សូម្បីតែ​៥​ហិកតារ​ក៏​អត់​មាន​ដែរ មានតែ​ព្រៃឈើ​ឈរ ព្រៃឈើ​ហ្នឹង​ជា​របស់​អ្នកធំ​ហ្មង​។ សោកស្តាយ​ខ្លាំង​ណាស់ យើង​ធ្លាប់​រស់នៅ មាន​សិទ្ធិ​ស្រឡាញ់​ធម្មជាតិ ព្រៃឈើ អូរ ហើយ​យើង​ធ្វើ​ចម្ការ​តិចតួច​មែន តែ​មិន​ត្រូវ​បំផ្លាញ​កន្លែង​សំខាន់​ដែល​មាន​ប្រភព​ទឹក​អ៊ីចឹង យើង​អត់​ត្រូវ​ប៉ះពាល់»។

តំណាង​សហគមន៍​រូប​នេះ​បន្ថែម​ថា កាល​ពី​ជាង ១០​ឆ្នាំមុន ព្រៃ​សហគមន៍​នេះ សំបូរ​ដោយ​ដើមឈើ​ធំៗ និង​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​រស់នៅ ក៏ប៉ុន្តែ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដើមឈើ​ធំៗ ត្រូវគេ​កាប់​លក់​អស់ទាំង​ស្រុង​។ បច្ចុប្បន្ន​ដី​ព្រៃ​សហគមន៍​ទាំងមូល បាន​ក្លាយជា​កម្មសិទ្ធិ​របស់​ក្រុម​អ្នកមាន​លុយ​មានអំណាច​។ រីឯ​អ្នកភូមិ​មិន​ត្រឹមតែ​បាត់បង់​ទីកន្លែង​រក​អនុផល​ព្រៃឈើ​ទេ សូម្បីតែ​វាលស្មៅ​សម្រាប់​គោក្របី ក៏​គ្មាន​ដែរ។

រៃ​សហគមន៍​ភូមិ​ពូរ៉ាដែត មាន​ទំហំ​ជាង ១​ពាន់ ៣​រយ​ហិកតារ (១.៣២៣) ត្រូវ​បាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ក្រសួងកសិកម្ម តាំងពី​ឆ្នាំ​២០០៩ ឋិត​ក្នុងភូមិ​ពូរ៉ាដែត ឃុំ​ស្រែអំពូម ស្រុក​ពេជ្រាដា ។ ព្រៃ​សហគមន៍​នេះ ជា​កន្លែង​សែនព្រេន​បែប​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ព្នង មាន​ព្រៃឈើ ទឹកអូរ​ធម្មជាតិ និង​ជម្រក​សត្វព្រៃ​ជាដើម។

ប៉ុន្តែ​មេឃុំ​ស្រែ​អំពូម លោក សេង ប៊ុននឿន បាន​ទម្លាប់​កំហុស​លើ​ប្រជា​សហគមន៍​មួយចំនួន​ថា បាន​ដណ្តើម​គ្នា​កាន់កាប់​ដី​ព្រៃ​សហគមន៍ ធ្វើ​ចម្ការ​រៀងៗ​ខ្លួន និង​មាន​ពលរដ្ឋ​ខ្លះទៀត​លក់​ដី​ព្រៃ​សហគមន៍​នេះ​ឱ្យ​ឈ្មួញ​។ លោក​ទទួល​ស្គាល់​ថា ដី​ព្រៃ​សហគមន៍​ផ្នែក​ខ្លះ មានការ​លក់ដូរ​បែប​អនាធិបតេយ្យ ហើយ​លោក​បាន​រាយការណ៍​ករណីនេះ ទៅ​ថ្នាក់លើ​រួចហើយ​ដែរ​៖ «ព្រៃ​សហគមន៍​រលាយ​ហ្នឹង ខាង​គាត់​ដឹង​ស្រាប់​ហើយ​ថា ជនជាតិ​ដើម​ភាគតិច​អត់​មាន​ដឹង​អី របៀបរបប តាម​បទបញ្ជាផ្ទៃក្នុង​ទេ ដូច​របៀប​ថា គាត់​អស់​អាណត្តិ​ហើយ​គាត់​ឈប់​ទទួលស្គាល់ ក្នុងនាម​គណៈកម្មការ​ដែល​រៀបចំឡើង​តាមរយៈ នៃ​ការបោះឆ្នោត​គាំទ្រ​ដោយ សមាជិក​សហគមន៍​។ ជាក់ស្តែង​អ្វី​ដែល​យើង​រួមគ្នា ទប់ស្កាត់ និង​ការពារ​អ៊ីចឹង​ទៅ ពាក់ព័ន្ធ​ជាមួយ​សហគមន៍ ក្នុងភូមិ​ហ្នឹង គាត់​អត់​មាន​ចាប់អារម្មណ៍​ជាមួយ​ការងារ​ហ្នឹង»។

អាស៊ីសេរី​មិនអាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង និង អភិបាលស្រុក​ពេជ្រាដា លោក មើល សឿន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៧ មីនា ព្រោះ​ពួក​លោក​មិន​លើក​ទូរស័ព្ទ។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ប្រសិនបើ​មន្ត្រី​ជំនាញ ចេញ​ប្លង់​កម្មសិទ្ធិ​ប៉ះចំ​ដី​ព្រៃ​សហគមន៍ នោះ​គឺ​ជា​ទង្វើ​ខុសច្បាប់ ហើយ​រដ្ឋាភិបាល​ត្រូវតែ​មោឃភាព​ប្លង់​មិន​ប្រក្រតី​ទាំងនេះ ដើម្បី​សង្គ្រោះ​ព្រៃ​សហគមន៍​វិញ​។ លោក​ថា បើ​អាជ្ញាធរ​ឃុបឃិត​ជាមួយ​ឈ្មួញ ធ្វើ​ប្លង់​រឹង​រំលោភ​ដី​ព្រៃ​សហគមន៍ មន្ត្រី​ទាំងនោះ​ក៏​ត្រូវ​មានទោស​ដែរ​៖ «ប្រសិន​ជា​មាន​រហូតដល់​ចេញ​ប្លង់​រឹង​ទៀត វា​ជា​រឿង​មួយ​ក្លែង​ឯកសារ​របស់​រដ្ឋ តាម​នីតិវិធី​ច្បាប់​។ អ៊ីចឹង​អ្នក​ដែល​ក្លែង អ្នក​ដែល​ប្រើ​អំណាច​ធ្វើ​ប្លង់​របៀប​ខុស​នីតិវិធី ដែល​ច្បាប់​ចែង​គឺ​ត្រូវ​ទទួលទោស ឧក្រិដ្ឋ​។ ក្នុង​ហ្នឹង​វា​មាន​អំពើពុករលួយ​ហើយ ស៊ីសំណូកសូកប៉ាន់ ដែល​អាច​ចេញ​ប្លង់​មិន​គ្រប់​លក្ខណៈ»។

កន្លង​ទៅ លោក ប៉ែន ប៊ុណ្ណា​រ៍ និង​តំណាង​សហគមន៍ ៤​រូប បាន​រួម​គ្នា​ប្តឹង​មន្ត្រី​ម្នាក់​បម្រើការ​នៅ​រដ្ឋសភា និង​មេ​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​អំពូម ពី​បទ​កាប់​រាន​ឈូស​ឆាយ​ព្រៃ និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​។ ប៉ុន្តែ​សំណុំ​រឿង​នេះ ត្រូវ​បាន​តំណាង​អយ្យការ​ខេត្តមណ្ឌលគិរី​តម្កល់​ឥត​ចាត់ការ​។​

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ឱ្យ​ដឹង​ថា លោក​នឹង​ត្រៀម​ដាក់ពាក្យ​បណ្តឹង​ករណី​នេះ ទៅ​ក្រសួង​យុត្តិធម៌​វិញ ដើម្បី​ស្នើ​ឱ្យ​ក្រសួង​អន្តរាគមន៍​ទៅ​តុលាការ បើក​ការស៊ើបអង្កេត​ឡើងវិញ ពី​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​ការ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​រំលោភ​ដី​ព្រៃ​សហគមន៍ និង​ការបាត់បង់​ព្រៃ​សហគមន៍​ភូមិ​ពូរ៉ាដែត​នេះ៕

1 comment:

Anonymous said...

No surprise.
Ah Chker Chkuot Hun Sen is tearing Cambodia apart daily to facilitate the Yuonization of Cambodia.
This dog Hun Sen is so faithful to his master Yuon. He will give in to whatever his master Yuon had demanded him for.