Monday, 8 March 2021

ជីវិត​សកម្មជន​បក្ស​ប្រឆាំង​មួយ​គ្រួសារ​ទ្រាំ​ភៀស​ខ្លួន​លំបាក​នៅ​ថៃ​ដើម្បី​ជាតិ​មាន​ប្រជាធិបតេយ្យ


ដោយ សេក បណ្ឌិត
2021-03-08
ជីវិត​សកម្មជន​បក្ស​ប្រឆាំង​មួយ​គ្រួសារ​ទ្រាំ​ភៀស​ខ្លួន​លំបាក​នៅ​ថៃ​ដើម្បី​ជាតិ​មាន​ប្រជាធិបតេយ្យ 

គ្រួសារ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​​លោក ឈុន វាន ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ។ រូប​ថ្ងៃ​ទី៦ ខែ​មីនា ឆ្នាំ២០២១។
Photo: RFA


សកម្មជន​គណបក្ស​សង្គ្រោះជាតិ​មួយ​គ្រួសារ​បាន​ភៀសខ្លួន​យ៉ាង​លំបាក​នៅ​ក្រៅ​ប្រទេស ដើម្បី​ធ្វើ​នយោបាយ​ចូលរួម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។ គ្រួសារ​នេះ​មាន​សមាជិក​៤​នាក់ ក្នុង​នោះ​មាន​កុមារ​អាយុ​ក្រោម ១០​ឆ្នាំ ២​នាក់​ផង បាន​ភៀសខ្លួន​ទៅ​ជា​មួយ​ឪពុកម្ដាយ ដោយ​មិន​បាន​ចូល​សាលារៀន​ដូច​កូន​អ្នក​ស្រុក​ទូទៅ​ឡើយ​។ តើ​ពួកគេ​រស់នៅ​ក្រៅ​ប្រទេស​ជួប​ការ​លំបាក​បែប​ណា​ខ្លះ?

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​គ្រួសារ​នេះ បាន​ចាក​ចេញពី​ស្រុក​កំណើត​ក្នុង​ខេត្ត​សៀមរាប​តាំងពី​ចុង​ឆ្នាំ​២០១៧​ជា​បន្ត​បន្ទាប់​មក ដោយ​ប្ដី​បាន​គេច​ខ្លួន​ទៅ​មុន​តាំងតែ​ប្រពន្ធ​ទើបតែ​កូនខ្ចី​បាន​ជិត ១​ខែ។


សម្បុរ​ស្រអែម​រាង​ស្គម​អង្គុយពែនភ្នែន​ក្នុង​បន្ទប់​ជួល នៅ​ទីក្រុង​បាងកក ជំទប់​ទី​២​ឃុំ​ក្ដី​រុន​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ពួក លោក ឈុន វាន រៀបរាប់​ប្រាប់​អាស៊ីសេរី​ថា មូលហេតុ​ដែល​លោក​ភៀស​ខ្លួន ដោយសារ​ចង់​បន្ត​ជីវភាព​នយោបាយ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង ដើម្បី​ឱ្យ​មាន​ប្រជាធិបតេយ្យ​ពេញលេញ​នៅ​កម្ពុជា​។ បុរស​វ័យ​៣២​ឆ្នាំ​រូប​នេះ បាន​ភៀសខ្លួន​ចេញ​ពី​ផ្ទះ​តាម​គោយន្ត​ដឹក​គ្រឿង​សង្ហារិម​លក់​តាម​ផ្លូវ​ពី​ខេត្ត​សៀមរាប​ឆ្ពោះ​ទៅ​ខេត្ត​បាត់ដំបង។ លោក​បាន​ដេក​លើ​គោយន្ត​តាម​ចិញ្ចើម​ផ្លូវ​អស់​រយៈពេល​៤​ថ្ងៃ ទើប​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។ លោក ឈុន វាន បន្ត​ដោយ​សំដី​ម៉ឺងម៉ាត់​ថា លោក​ចេញ​ពី​ផ្ទះ​ដោយ​គ្មាន​ប្រាក់​មួយ​រៀល​ជាប់​ខ្លួន​ឡើយ ដោយសារ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​តាម​ចាប់​លោក​ដល់​ផ្ទះ។ លោក​ថា អ្នកលក់​គ្រឿង​សង្ហារិម​តាម​គោយន្ត​ឱ្យ​ប្រាក់​លោក ២០​ដុល្លារ ហើយ​លោក​បាន​ទូរស័ព្ទ​ឱ្យ​ប្រពន្ធ​របស់​លោក​ខ្ចី​ប្រាក់​ពី​អ្នកភូមិ ១០​ម៉ឺន​រៀល​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ៖ «ខ្ញុំ​ស្រក់​ទឹក​ភ្នែក គឺថា​ស្រណោះ​ប្រពន្ធ និង​កូន​តូច​នៅ​ក្នុង​ផ្ទះ ព្រោះ​យើង ដឹង​ស្រាប់​ហើយ ការដែល​មាន​កូន​ខ្ចី ហើយ​ប្រពន្ធ​នៅ​ផ្ទះ​នៅ​ម្នាក់ឯង​ជាមួយ​កូន​ហ្នឹង​គឺ​វា​លំបាក។ ខ្ញុំ​អាណិត​មែនទែន គឺ​អត់​ចង់​ចូល​មក​ទឹកដី​ថៃ​ទេ ប៉ុន្តែ​បងប្អូន​និង​សកម្មជន​ដែល​ពួកគាត់​គេច​មក​មុន​គាត់​ចេះតែ​ប្រាប់​ថា ឱ្យ​ចូល​មក​មុន​សិន​មក ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា។ អ៊ីចឹង​ទៅ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​មក ហើយ​លិខិតឆ្លងដែន​រយៈពេល ២​ម៉ឺន​គេ​ធ្វើ​ឱ្យ​រួច»។

អំឡុង​ពេល​ទៅ​ដល់​ប្រទេស​ថៃ ៦​ខែ​ដំបូង​លោក​ស្នាក់​នៅ​តំបន់​ព្រំដែន ហើយ​បន្ត​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ឈុនបូរី (Chunbori) និង​ទៅ​ទីក្រុង​បាងកក ដើម្បី​បន្ត​ជីវភាព​នយោបាយ​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស។

ចាប់​តាំង​ពី​ភៀសខ្លួន​មក​លោក ឈុន វាន ទទួល​បាន​ដីកា​ពី​តុលាការ​ខេត្ត​សៀមរាប ចំនួន​២​ដង​រួច​មក​ហើយ ដោយ​ដីកា​ទី​មួយ តុលាការ​បាន​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ ពាក់ព័ន្ធ​នឹង​គម្រោង​វិល​ចូល​ស្រុក​វិញ​របស់​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាល​ចុង​ឆ្នាំ​២០១៩ និង ដីកា​ចុងក្រោយ គឺ​តុលាការ​បញ្ជា​ឱ្យ​លោក​ចូលខ្លួន​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក (Facebook) រឿង​ជំងឺ​កូ​វីដ​១៩ និង​ការ​ចាក់​វ៉ាក់សាំង​របស់​ចិន​ស៊ីណូហ្វាម (Sinopharm) កាល​ពី​ថ្ងៃ​ទី១ មីនា។

ក្នុង​ពេល​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស លោក​តែង​ចូលរួម​ផ្សព្វផ្សាយ​សកម្មភាព​នយោបាយ និង​ពន្យល់​ពី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ បន្ថែម​ពី​នេះ លោក​តែង​ដើរ​កៀរគរ​ពលករ​ខ្មែរ​ឱ្យ​ចាប់អារម្មណ៍​រឿង​ជាតិ និង​រួម​កម្លាំង​គ្នា​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

បច្ចុប្បន្ន​លោក ឈុន វាន និង​ក្រុម​គ្រួសារ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​នៅ​ទីក្រុង​បាងកក ។ នៅ​ក្នុង​បន្ទប់​នេះ​មាន​ចាន​ឆ្នាំង​អង្ករ និង​សំលៀកបំពាក់​បាន​រៀបចំ​យ៉ាង​មាន​រៀប។ គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ហូបចុក​ខ្វះ​មុខខ្វះក្រោយ ដោយសារ​ពួកគេ​មិន​បាន​ធ្វើ​ការ​រក​ប្រាក់​ចំណូល​អ្វី​ឡើយ៖ «ព្រោះ​អី​ខ្ញុំ​គិត​ថា បើសិន​ថា​អ្នក​នៅ​ក្រៅ​ហើយ​មិន​មាន​ការតស៊ូ​ប្រឆាំង​ជាមួយ​លោក ហ៊ុន សែន ទេ បញ្ហា​នៅ​ក្នុង​ប្រទេស​យើង​កាន់តែ​ធ្ងន់ធ្ងរ​ទៀត ព្រោះ​យើង​ឃើញ​ថា នៅ​ក្នុង​ប្រទេស​ហ្នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្នឹង​ត្រូវ​បាន​បិទ​អស់ហើយ មិន​ថា​តែ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទេ សូម្បីតែ​អ៊ីនធឺណិត​ក៏​បិទ​ច្រក​ចេញ​ចូល​តែមួយ​ទៀត​។ អីចឹង​អានេះ​ជា​ការ​រឹតត្បិត​ខ្លាំង​មែនទែន​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ព័ត៌មាន​នៅ​កម្ពុជា​ហ្នឹង ។ លោក ហ៊ុន សែន បិទ​បណ្ដាញ​ព័ត៌មាន​ទាំងអស់ ប៉ុន្តែ​បើក​ប្រព័ន្ធ​របស់​គាត់​តែមួយ​មុខ​ទេ»។

គ្រួសារ​មួយ​នេះ​មាន​កូន​ពីរ​នាក់។ កូនស្រី​បង​អាយុ​៧​ឆ្នាំ និង​កូនប្រុស​ពៅ​អាយុ​ជាង ៣​ឆ្នាំ។ ពួកគេ​អង្គុយ និង​រត់​ដេញ​ប្រឡែង​គ្នា​នៅ​ក្នុង​បន្ទប់​ហាក់​ពុំ​ដឹង​ថា ឪពុកម្ដាយ​របស់​ពួកគេ​ជា​ជនភៀសខ្លួន​ឡើយ។ ម្យ៉ាងទៀត កុមារ​ទាំងពីរ​នេះ ក៏​មិនបាន​ចូលរៀន​សាលា​ត្រឹមត្រូវ​ដូច​កូន​របស់​ពលរដ្ឋ​ស្រុក​ទូទៅ​ឡើយ ដោយ​ពួកគេ​រៀន​ភាសា​ថៃ និង​អង់គ្លេស​នៅ​សាលា​របស់​អង្គការ​ជួយ​ជនភៀសខ្លួន​បាន​បន្ត​បន្តួច​ប៉ុណ្ណោះ។

ប្រពន្ធ​លោក ឈុន វាន គឺ​លោកស្រី ប៉ាន់ ឡិប ប្រាប់​ថា លោកស្រី​បាន​នាំ​កូន​ទាំងពីរ​ភៀសខ្លួន​តាម​ប្ដី ដោយសារ​ស្រលាញ់​ប្រជាធិបតេយ្យ និង​ចង់​ឱ្យ​កម្ពុជា​អភិវឌ្ឍន៍​រីក​ចំរើន​ដូច​ប្រទេស​សេរី​លោក​ខាង​លិច។ ស្ត្រី​វ័យ ៣១​ឆ្នាំ​រូប​នេះ យល់​ថា សកម្មភាព​របស់​ប្ដី​គឺជា​រឿង​ត្រឹមត្រូវ ហើយ​លោកស្រី​បន្ត​គាំទ្រ​ការងារ​របស់​ប្ដី​ទៅ​មុខ​ទៀត​ដោយ​មិន​មាន​ការ​ស្ដាយ​ក្រោយ​ឡើយ៖ «ខ្ញុំ​មាន​អារម្មណ៍​ថា នៅ​ម្នាក់ឯង​ស៊ូ​ទាំង​ការ​លំបាក​ជួន​កាល​ខ្ញុំ​មាន​ប្រាក់​មិន​គ្រាន់ ជូន​កាល​កូន​ឈឺ ។ ម្យ៉ាងទៀត ខ្ញុំ​ក៏​រស់នៅ​ម្នាក់​ឯង​អត់​មាន​ប្ដី ហើយ​ឪពុកម្ដាយ​ក៏​ចាស់ គេ​ក៏​តាម​ស៊ើបរក​ប្ដី ដល់​ហើយ​ខ្ញុំ​ក៏​សម្រេច​ថា មិន​ដឹង​ធ្វើ​យ៉ាងណា​ដេក​គិត សូម្បីតែ​លុយ​មួយ​រៀល​ក៏​ខ្ញុំ​អត់​មាន ហើយ​ឈឺ​ពេល​យប់​ក្ដៅខ្លួន អត់​ដឹង​ទៅ​ណា​ខល​មក​ប្ដី គាត់​ប្រាប់​ថា អត់​មាន​លុយ ហើយ​សម្រេច​ទៅ​ខ្ចី​លុយ​គេ​យក​កូន​ទៅ​ពេទ្យ»។

ក្រុម​គ្រួសារ​នេះ​ប្រកាន់​ជំហរ​បន្ត​ខាំ​ស្មៅ​នៅ​ក្រៅ​ប្រទេស ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ទៅ​មុខ​ទៀត​ដោយ​មិន​រាថយ​ឡើយ និង​បន្ត​ធ្វើ​សកម្មភាព​រហូត​របប​លោក​ហ៊ុន សែន បើកផ្លូវ​ឱ្យ​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួតប្រជែង​ឡើងវិញ។

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា ក្រុម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ភៀសខ្លួន​នេះ​មិន​បាន​ប្រយោជន៍​អ្វី​ដល់​សង្គម​ជាតិ​ឡើយ​។ លោក ផ្ដល់​យោបល់​ឱ្យ​សកម្មជន​នយោបាយ​ទាំងនោះ​ឈប់​ធ្វើ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​នាំ​ប្រពន្ធ​កូន​ត្រឡប់​មក​កម្ពុជា​វិញ៖ «បើ​ថា​គាត់​មក​ខ្ញុំ​ចេញ​មុខ​ធានា​គាត់​ថា ខ្ញុំ​ខុស​ហើយ​ឥឡូវ​ខ្ញុំ​មក​ចូល​មក​រួមរស់​ជាមួយ​ប្រជាជន​នៅ​តាម​ភូមិ​ឃុំ​ហើយ ខ្ញុំ​អត់​ធ្វើ​អី​ទេ​។ អាហ្នឹង​បាន​មាន​អី​ខ្ញុំ​ទូរស័ព្ទ​ទៅ​មេឃុំ និង​ចៅហ្វាយស្រុក​ឱ្យ​គេ​ជួយ​មើល​គាត់​បាន តែ​កុំ​ឱ្យ​លួច​មាន​ល្បិច​ដើម្បី​តាម​ការ​ញុះញង់​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់។ វា​ទៅជា​ភ្លើ​អី គេ​ដេក​ម៉ាស៊ីន​ត្រជាក់​នៅ​ស្រុក​បារាំង​ស៊ី​ឆ្ងាញ់ ឯង​មក​រត់​ចោលស្រុក​អត់​បាយ អត់​អង្ករ​វា​ពូកែ​អី​អា​ហ្នឹង»។

ទោះជា​យ៉ាងណា​ប្រធាន​ប្រធាន​ផ្នែក​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា យល់​ថា សកម្មជន​គណបក្ស​ប្រឆាំង​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ជា​រឿង​ត្រឹមត្រូវ ដោយសារ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​តាម​យាម​យី​ពួកគេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ថា ការចូលរួម​ក្នុង​ជីវភាព​នយោបាយ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ស្របតាម​រដ្ឋធម្មនុញ្ញ​។ លោក នី សុខា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ឈប់​ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណបក្ស​កាន់អំណាច​។ បន្ថែម​ពី​នេះ​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​គណបក្សប្រឆាំង​គួរតែ​ងាក​មក​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឡើងវិញ ដើម្បី​សេចក្ដី​សុខ​របស់​ពលរដ្ឋ។

កន្លង​មក​ប្រទេស​មហា​អំណាច​ធំៗ រួមមាន សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​អូស្ត្រាលី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ ដោយ​បង្ហាញ​ពី​ការ​ខកចិត្ត និង​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន​បក្ស​ប្រឆាំង៕

1 comment:

Anonymous said...

Thank You for your spirit of nationalism.