ដោយ ហេង រស្មី
2021-05-28
លោក ហ៊ុន ជា គឺជាក្មួយប្រុសរបស់លោក ហ៊ុន សែន ដែលពលរដ្ឋខេត្តព្រះសីហនុប្រមាណ ១០០នាក់ នាំគ្នាទាមទារឱ្យលោកបកស្រាយករណីក្រុមឈ្មួញយកឈ្មោះលោក ដើររំលោភដីធ្លីពលរដ្ឋប្រមាណ ៣០ហិកតារ។
រូប៖ ហ្វេសប៊ុកលោក Hun Chea ហ៊ុន ជា
ពលរដ្ឋខេត្តព្រះសីហនុប្រមាណ ១០០នាក់នាំគ្នាតវ៉ាទាមទារឱ្យក្មួយប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ជា បកស្រាយករណី ក្រុមឈ្មួញយកឈ្មោះលោក ដើររំលោភដីធ្លីពលរដ្ឋប្រមាណ៣០ហិកតារ។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យភាគីជម្លោះបង្ហាញឯកសាររបស់ខ្លួនទៅអាជ្ញាធរដើម្បីដោះស្រាយបញ្ហានេះ។
ក្រុមពលរដ្ឋនាំគ្នាចេញតវ៉ាពេលនេះ គឺនៅក្រោយពេលពួកគេទទួលដំណឹងថា ក្មួយប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ជា ធ្វើដំណើរទៅទីតាំងដីជម្លោះ ដែលស្ថិតនៅចំណុចសេអ៊ី ៥ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែឧសភា។ ទោះយ៉ាងណាក្ដី លោក ហ៊ុន ជា មិនបានបង្ហាញវត្តមាននោះទេក្រោយមានការប្រមូលផ្ដុំរបស់ពលរដ្ឋបែបនេះ។
តំណាងពលរដ្ឋម្នាក់លោក ឃឹម លីដា ឱ្យអាស៊ីសេរីដឹងក្រោយការតវ៉ាថា ឈ្មួញម្នាក់ដែលរំលោភបំពានដីធ្លីនេះ មានងារជាជំទាវ ឈ្មោះ លី សុខងីម ដែលអះអាងថា ជាក្មួយរបស់លោក ហ៊ុន ជា បានលើកឡើងថា ដីមានជម្លោះនេះជាដីរបស់លោក ហ៊ុន ជា។ លោកបន្តថា ឈ្មួញរូបនេះ តែងដឹកនាំកូនចៅរបស់ខ្លួនទៅឈូសឆាយនិងរំលោភបំពានដីរបស់ពលរដ្ឋ។ លោកថា នៅរយៈពេលចុងក្រោយនេះក្រុមឈ្មួញបានដើរបាញ់ថ្នាំពណ៌លើព្រំដីនិងបានលើកផ្ទះសង់រួចស្រេចដាក់លើដីមានទំនាស់៖ «គាត់អត់ (លោកស្រី លី សុខងីម) ព្រមចូលបំភ្លឺទេគាត់ប្រើតែតំណាងរបស់គាត់ថា តំណាងរបស់ក្រុមហ៊ុនអ៊ីចេះក្រុមហ៊ុនអ៊ីចុះគាត់មកហាមអ្នករស់ហ្នឹងហើយតែប្រើកម្លាំងមករកចាប់រកចងអ៊ីចឹងទៅ»។
ពលរដ្ឋរូបនេះឱ្យដឹងថា ដីជម្លោះនេះមានទំហំប្រមាណ៣០ហិកតារ ដោយដំបូងឡើយមានពលរដ្ឋម្ចាស់ដើមជាង ១០គ្រួសាររស់កាលពីជាង ២០ឆ្នាំមុន ហើយក្រោយមកពលរដ្ឋទាំងនោះបានពុះលក់ខ្លះឱ្យពលរដ្ឋផ្សេងទៀតក្នុងតំបន់នេះ។ ប្រភពដដែលបន្តថា នៅឆ្នាំ២០១៨ ពេលដីតំបន់នេះឡើងថ្លៃខ្លាំង ទើបមានឈ្មួញមានងារជាជំទាវឈ្មោះ លី សុខងីម មកឈូសឆាយលើដីនោះ ដោយអះអាងថាដីនោះជារបស់លោក ហ៊ុន ជា។
ក្រុមពលរដ្ឋថា លោក ហ៊ុន ជា មិនដែលបង្ហាញមុខលើដីមានជម្លោះ ឬចេញមុខមកដោះស្រាយជាមួយពលរដ្ឋនោះទេ។ ពួកគេទាមទារឱ្យលោក ហ៊ុន ជា ចេញមុខមកបកស្រាយនិងបង្ហាញឯកសារទាក់ទងសិទ្ធិកាន់កាប់លើដីនេះ។
ជុំវិញការតវ៉ារបស់ក្រុមពលរដ្ឋពេលនេះអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីលោកស្រី លី សុខងីម បាននៅឡើយទេនៅថ្ងៃទី២៨ ខែឧសភា។
ចំណែក លោក ហ៊ុន ជា ដែលរងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការរំលោភយកដីធ្លីនេះ ពេលអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីសុំសម្ភាស លោកក៏ចុចផ្ដាច់ទូរស័ព្ទ និងឈប់ទទួលការហៅចូល។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី ក៏សង្កេតឃើញដែរថា ក្រុមឈ្មួញបានប្រើប្រាស់ឈ្មោះលោក ហ៊ុន ជា ថា ជាប់ពាក់ព័ន្ធនឹងដីមានជម្លោះនេះ ប៉ុន្តែមិនដែលឃើញលោក ហ៊ុន ជា បញ្ចេញប្រតិកម្មឬបង្ហាញមុខលើដីជម្លោះនេះទេ។ អ្នកស្រីបន្តថា ដីតំបន់ជម្លោះនោះ ជាតំបន់ដែលអាជ្ញាធរមិនទាន់ចេញប័ណ្ណកម្មសិទ្ធិនៅឡើយទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើទៅភាគីជម្លោះយកឯកសារដែលខ្លួនមាន ទៅបង្ហាញអាជ្ញាធរថ្នាក់ស្រុក ឬខេត្តដើម្បីដោះស្រាយ៖ «ដីនេះជាប្រភេទដីអត់ទាន់មានប័ណ្ណដីអត់ទាន់ចុះបញ្ជីជាសមត្ថកិច្ចរបស់គណៈកម្មការសុរិយោដីអញ្ចឹងគួរភាគីទាំងសងដាក់ភស្តុតាងអំណះអំណាងទៅអាជ្ញាធរទៅ»។
ជុំវិញរឿងនេះ អាស៊ីសេរីមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានទេ នៅថ្ងៃទី២៨ ខែឧសភា។
ក្រុមពលរដ្ឋឱ្យដឹងថា ក្រុមឈ្មួញមិនសហការបង្ហាញឯកសារ ឬទៅដោះស្រាយករណីនេះនៅអាជ្ញារឃុំ ឬស្រុកនោះទេ ប៉ុន្តែពួកគេតែប្រើប្រាស់គ្រឿងចក្រឈូសឆាយជាញឹកញាប់ និងដើរបាញ់ថ្នាំពណ៌កំណត់ព្រំដីដោយគ្មានការឯកភាពពីពលរដ្ឋ ឬពីអាជ្ញាធរឡើយ។ ក្រុមពលរដ្ឋទាមទារឱ្យលោក ហ៊ុន ជា ដែលក្មួយប្រុសលោក ហ៊ុន សែន ចេញមុខមកដោះស្រាយបញ្ហានេះ៕
1 comment:
Phkay Nous Phkay Kanduoy Meh Vear.
When there is war, these asshole (star) general don't even know how to read maps, let alone the strategy to fight in the battlefield.
The one eyed 5 star Hun Shit did not even finish 8 graded school. No wonder Cambodia has been encountering so much problems under his control. He just followed Yuon's orders.
Post a Comment