Saturday, 29 May 2021

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ចោទ​ប្រកាន់​ថា​ ឈ្មួញ​យក​ឈ្មោះ​ក្មួយ​ប្រុស​លោក​ ហ៊ុន​ សែន​​​ ​ដើរ​រំលោភ​យក​ដីធ្លី​ពួក​គេ


ដោយ ហេង រស្មី
2021-05-28
ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ចោទ​ប្រកាន់​ថា​ ឈ្មួញ​យក​ឈ្មោះ​ក្មួយ​ប្រុស​លោក​ ហ៊ុន​ សែន​​​ ​ដើរ​រំលោភ​យក​ដីធ្លី​ពួក​គេ 

លោក​ ហ៊ុន ជា គឺ​ជា​ក្មួយ​ប្រុស​របស់​លោក​ ហ៊ុន​ សែន​ ដែល​ពលរដ្ឋ​ខេត្ត​ព្រះ​សីហនុ​​ប្រមាណ​ ១០០​នាក់​ នាំ​គ្នា​​​​ទាម​ទារ​ឱ្យ​លោក​បកស្រាយ​​ករណី​ក្រុម​ឈ្មួញ​យក​ឈ្មោះ​លោក​ ដើរ​រំលោភ​ដីធ្លី​ពលរដ្ឋ​ប្រមាណ​ ៣០​ហិកតារ។
រូប៖ ហ្វេសប៊ុកលោក Hun Chea ហ៊ុន ជា


ពលរដ្ឋ​ខេត្ត​ព្រះ​សីហនុ​​ប្រមាណ​ ១០០​នាក់​នាំ​គ្នា​តវ៉ា​​​​ទាម​ទារ​ឱ្យ​ក្មួយ​ប្រុស​លោក​ ហ៊ុន​ សែន​ គឺ​លោក​ ហ៊ុន ជា បកស្រាយ​​ករណី​ ក្រុម​ឈ្មួញ​យក​ឈ្មោះ​លោក​ ដើរ​រំលោភ​ដីធ្លី​ពលរដ្ឋ​ប្រមាណ​៣០​ហិកតារ។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ភាគី​ជម្លោះ​បង្ហាញ​ឯកសារ​របស់​ខ្លួន​ទៅ​អាជ្ញាធរ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ក្រុម​ពលរដ្ឋ​នាំ​គ្នា​ចេញ​តវ៉ា​ពេល​នេះ​ គឺ​នៅ​ក្រោយ​ពេល​ពួក​គេ​ទទួល​ដំណឹង​ថា​ ក្មួយ​ប្រុស​លោក​ ហ៊ុន​ សែន គឺ​លោក ហ៊ុន ជា ធ្វើ​ដំណើរ​ទៅ​ទី​តាំង​ដី​ជម្លោះ ដែល​ស្ថិត​នៅ​ចំណុច​សេអ៊ី ៥ ភូមិ​ពូធឿង​ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ ខេត្ត​​​ព្រះសីហនុ​ នៅ​ថ្ងៃ​ទី២៨ ខែឧសភា។ ទោះ​យ៉ាង​ណា​ក្ដី លោក ហ៊ុន ជា មិន​បាន​បង្ហាញ​វត្តមាន​នោះ​ទេ​​ក្រោយ​មាន​ការ​ប្រមូលផ្ដុំ​របស់​ពលរដ្ឋ​បែប​នេះ។


តំណាង​ពលរដ្ឋ​ម្នាក់​លោក​ ឃឹម លីដា ឱ្យ​អាស៊ី​សេរី​ដឹង​ក្រោយ​ការ​តវ៉ា​ថា ឈ្មួញ​ម្នាក់​ដែល​រំលោភ​បំពាន​ដី​ធ្លី​នេះ មាន​ងារ​ជា​ជំទាវ ឈ្មោះ លី សុខងីម ដែល​អះអាង​ថា​ ជា​ក្មួយ​របស់​លោក ហ៊ុន ជា បាន​លើក​ឡើង​ថា ដី​មាន​ជម្លោះ​នេះ​ជា​ដី​របស់​លោក ហ៊ុន ជា។ លោក​បន្ត​ថា​ ឈ្មួញ​រូប​នេះ​ តែង​ដឹក​នាំ​កូន​ចៅ​របស់​ខ្លួន​ទៅ​ឈូស​​ឆាយ​និង​រំលោភបំពាន​ដី​របស់​ពលរដ្ឋ។ លោក​ថា​ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ក្រុម​ឈ្មួញ​បាន​ដើរ​បាញ់​ថ្នាំ​ពណ៌​លើ​ព្រំ​ដី​និង​បាន​លើក​ផ្ទះ​សង់​រួច​ស្រេច​ដាក់​លើ​ដី​មាន​ទំនាស់៖ «គាត់​អត់ (លោក​ស្រី លី សុខងីម) ព្រម​ចូល​បំភ្លឺ​ទេ​គាត់​ប្រើ​តែ​តំណាង​របស់​គាត់​​ថា​ តំណាង​របស់​ក្រុមហ៊ុន​អ៊ីចេះ​ក្រុមហ៊ុន​អ៊ីចុះ​​​គាត់​មក​ហាម​អ្នក​រស់​ហ្នឹង​​ហើយ​តែ​​ប្រើ​កម្លាំង​​មក​រក​ចាប់​រក​ចង​អ៊ីចឹង​ទៅ»។

ពលរដ្ឋ​រូប​នេះ​ឱ្យ​ដឹង​ថា​ ដី​ជម្លោះ​នេះ​មាន​ទំហំ​ប្រមាណ​៣០​ហិកតារ​ ដោយ​ដំបូង​ឡើយ​មាន​ពលរដ្ឋ​ម្ចាស់​ដើម​ជាង ១០គ្រួសារ​រស់​កាល​ពី​ជាង ២០ឆ្នាំ​មុន ហើយ​ក្រោយ​មក​ពលរដ្ឋ​ទាំង​នោះ​បាន​ពុះ​លក់​ខ្លះ​ឱ្យ​ពលរដ្ឋ​ផ្សេង​ទៀត​ក្នុង​តំបន់​នេះ។ ប្រភព​ដដែល​បន្ត​ថា នៅ​ឆ្នាំ២០១៨ ពេល​ដី​តំបន់​នេះ​ឡើង​ថ្លៃ​ខ្លាំង ទើប​មាន​ឈ្មួញ​មាន​ងារ​ជា​ជំទាវ​ឈ្មោះ លី សុខងីម មក​ឈូស​ឆាយ​លើ​ដី​នោះ ដោយ​អះអាង​ថា​ដី​នោះ​ជា​របស់​លោក ហ៊ុន ជា។

ក្រុម​ពលរដ្ឋ​ថា​ លោក ​ហ៊ុន​ ជា​ មិន​ដែល​បង្ហាញ​មុខ​លើ​ដី​មាន​ជម្លោះ​ ឬ​ចេញ​មុខ​មក​ដោះ​ស្រាយ​ជា​មួយ​ពលរដ្ឋ​នោះ​ទេ។ ពួក​គេ​ទាមទារ​ឱ្យ​លោក​ ហ៊ុន​ ជា​ ចេញ​មុខ​មក​បកស្រាយ​និង​បង្ហាញ​ឯកសារ​ទាក់ទង​សិទ្ធិ​កាន់​កាប់​លើ​ដី​នេះ។

ជុំវិញ​ការ​តវ៉ា​របស់​ក្រុម​ពលរដ្ឋ​ពេល​នេះ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ស្រី​ លី​ សុខងីម បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា។

ចំណែក​ លោក​ ហ៊ុន​ ជា​ ដែល​រង​ការ​ចោទប្រកាន់​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​យក​ដីធ្លី​នេះ ​ពេល​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​សុំ​សម្ភាស​ លោក​ក៏​ចុច​ផ្ដាច់​ទូរស័ព្ទ​ និង​ឈប់​ទទួល​ការ​ហៅ​ចូល។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ​ អ្នក​ស្រី ជាប សុធារី ក៏​សង្កេត​ឃើញ​ដែរ​ថា ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​ឈ្មោះ​លោក ហ៊ុន ជា ថា ជាប់​ពាក់ព័ន្ធ​នឹង​ដី​មាន​ជម្លោះ​នេះ​ ប៉ុន្តែ​មិន​ដែល​ឃើញ​លោក ហ៊ុន ជា បញ្ចេញ​ប្រតិកម្ម​ឬ​បង្ហាញ​មុខ​លើ​ដី​ជម្លោះ​នេះ​ទេ។ អ្នក​ស្រី​បន្ត​ថា​ ដី​តំបន់​ជម្លោះ​នោះ ជា​តំបន់​ដែល​អាជ្ញាធរ​មិន​ទាន់​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​នៅ​ឡើយ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ​ស្នើ​ទៅ​ភាគី​ជម្លោះ​យក​ឯកសារ​ដែល​ខ្លួន​មាន ទៅ​បង្ហាញ​អាជ្ញាធរ​ថ្នាក់​ស្រុក ឬ​ខេត្ត​ដើម្បី​ដោះ​ស្រាយ៖ «ដី​នេះ​ជា​ប្រភេទ​ដី​អត់​ទាន់​មាន​ប័ណ្ណ​ដី​អត់​ទាន់​ចុះ​បញ្ជី​ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​សុរិយោ​ដី​​អញ្ចឹង​គួរ​ភាគី​ទាំង​សង​ដាក់​ភស្តុតាង​អំណះអំណាង​​ទៅ​អាជ្ញាធរ​ទៅ»។

ជុំវិញ​រឿង​នេះ អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ​ លោក ឃាង ភារម្យ បាន​ទេ នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា។

ក្រុម​ពលរដ្ឋ​ឱ្យ​ដឹង​ថា ក្រុម​ឈ្មួញ​មិន​សហការ​បង្ហាញ​ឯកសារ​ ឬ​ទៅ​ដោះស្រាយ​ករណី​នេះ​នៅ​អាជ្ញា​រ​ឃុំ​ ឬ​ស្រុក​នោះ​ទេ​ ប៉ុន្តែ​ពួក​គេ​តែ​ប្រើប្រាស់​គ្រឿង​ចក្រ​ឈូស​ឆាយ​ជា​ញឹកញាប់ ​និង​ដើរ​បាញ់​ថ្នាំ​ពណ៌​កំណត់​ព្រំ​ដី​​ដោយ​គ្មាន​ការ​ឯក​ភាព​ពី​ពលរដ្ឋ ឬ​ពី​អាជ្ញាធរ​ឡើយ។ ក្រុម​ពលរដ្ឋ​ទាមទារ​ឱ្យ​លោក​ ហ៊ុន​ ជា ដែល​ក្មួយ​ប្រុស​លោក​ ហ៊ុន​​ សែន​ ចេញ​មុខ​មក​ដោះ​ស្រាយ​បញ្ហា​នេះ៕

1 comment:

Anonymous said...

Phkay Nous Phkay Kanduoy Meh Vear.

When there is war, these asshole (star) general don't even know how to read maps, let alone the strategy to fight in the battlefield.
The one eyed 5 star Hun Shit did not even finish 8 graded school. No wonder Cambodia has been encountering so much problems under his control. He just followed Yuon's orders.