Saturday, 29 May 2021

ក្រុម​គ្រួសារ​អ្នក​ទោស​នយោបាយ​ចេញ​តវ៉ា​ស្នើ​ឱ្យ​ដោះ​លែង​សាច់ញាតិ ស្រប​ពេល​ជំងឺ​កូវីដ១៩ ផ្ទុះ​នៅ​ក្នុង​ពន្ធនាគារ


ដោយ ខែ សុណង
2021-05-28 rfa
ក្រុម​គ្រួសារ​អ្នក​ទោស​នយោបាយ​ចេញ​តវ៉ា​ស្នើ​ឱ្យ​ដោះ​លែង​សាច់ញាតិ ស្រប​ពេល​ជំងឺ​កូវីដ១៩ ផ្ទុះ​នៅ​ក្នុង​ពន្ធនាគារ 

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ចំនួន ៧នាក់ លើក​ផ្ទាំង​រូប​ថត​អ្នក​ជាប់​ឃុំ និង​យក​ញត្តិ​ដាក់​ទៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ស្នើសុំ​អន្តរាគមន៍​ជួយ​ទាមទារ​តុលាការ​ឱ្យ​ដោះ​លែង​សមាជិក​គ្រួសារ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដែល​ឆ្លង​ជំងឺ​កូវីដ-១៩។
រូប៖ ពលរដ្ឋ

 

ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​នយោបាយ​នាំ​គ្នា​ចេញ​តវ៉ា​នៅ​ថ្ងៃ​ទី២៨ ឧសភា​នេះ និង​ដាក់​ញត្តិ​ជូន​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ឱ្យ​​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​សង្គម​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ។ សកម្ម​ភាព​របស់​គ្រួសារ​​អ្នក​​ជាប់​ឃុំ​នយោបាយ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ជំងឺ​កូវីដ១៩ បាន​ផ្ទុះ​នៅ​ក្នុង​ពន្ធនាគារ។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ចំនួន ៧នាក់ បាន​នាំ​គ្នា​លើក​ផ្ទាំង​រូប​ថត​អ្នក​ជាប់​ឃុំ និង​យក​ញត្តិ​ដាក់​ជូន​ស្ថាន​​ទូត​​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពី​ស្ថានទូត។ ពួក​គាត់​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សមាជិក​គ្រួសារ​ពួក​គាត់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ បន្ទាប់​​ពី​​ជំងឺ​កូវីដ-១៩ បាន​ឆ្លង​ចូល​ដល់​ក្នុង​ពន្ធនាគារ។


ប្រពន្ធ​របស់​មន្ត្រី​បក្ស​ប្រឆាំង​លោក កាក់ កុម្ភារ គឺ​លោក​ស្រី ព្រំ ចន្ថា ប្រាប់​ថា មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឱ្យ​លោក​ស្រី​ចូល​ជួប ដើម្បី​ប្រគល់​ញត្តិ។ លោក​ស្រី​បន្ត​ថា លោក​ស្រី​បាន​លើក​ឡើង​ប្រាប់​ទៅ​មន្ត្រី​ទូត​អាមេរិក​អំពី​គោល​បំណង​នៃ​ញត្តិ អំពើ​អយុត្តិធម៌ និង​ទុក្ខ​លំបាក​របស់​អ្នក​ទោស​នយោបាយ អ្នក​ទោស​មនសិការ និង​សកម្ម​ជន​សង្គម ដែល​កំពុង​ឆ្លង និង​ប្រឈម​ឆ្លង​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​ពន្ធនាគារ។ លោក​ស្រី​បញ្ជាក់​ថា មន្ត្រី​ទូត​អាមេរិក​បាន​សន្យា​នឹង​យក​ញាតិ និង​សំណើ​របស់​គ្រួសារ​អ្នក​ជាប់​ឃុំ ដាក់​ជូន​ទៅ​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​លោក ផាទ្រីក ម័កហ្វី (W. Patrick Murphy) និង​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman) ដែល​គ្រោង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ៖ «ឥឡូវ​នេះ​កូវីដ​កំពុង​រីក​រាល​ដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពន្ធនាគារ ហើយ​បាន​ឆ្លង​ទៅ​ដល់​អ្នក​នយោបាយ​ហើយ អ៊ីចឹង​ខ្ញុំ​យក​ញត្តិ​ទៅ​ដាក់​នេះ ដើម្បី​ឱ្យ​គាត់​ដឹង​ហើយ ប្រាប់​ពី​ទុក្ខ​លំបាក​របស់​ពួក​ខ្ញុំ​ផង ដោយ​សារ​អី​ពួក​ខ្ញុំ​ខាន​ជួប​មុខ​ប្ដី​រយៈ​ពេល​បី​ខែ​អត់​ដឹង​ដំណឹង​អី​សោះ​តែ​ម្ដង ហើយ​មាន​ហានិភ័យ​ខ្ពស់​តែ​ម្ដង ព្រោះ​គាត់​បិទ​សិទ្ធិ​សេរី​ភាព​មិន​ឱ្យ​ក្រុម​គ្រួសារ​គេ​ដឹង​ទី​មួយ​ ទីពីរ​ទៀត​ទូរស័ព្ទ​ការ​ទាក់​ទង​គាត់​មិន​ឱ្យ​ដាក់​ដែរ ជា​ចេតនា​មួយ​ទៀត​បិទ​សិទ្ធិ​សេរី​ភាព​តែ​ម្ដង»។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​លើក​ឡើង​នៅ​ក្នុង​ញត្តិ​ដាក់​ជូន​ទៅ​ស្ថានទូត​អាមេរិក​​នោះ​ថា ពន្ធនាគារ​ចង្អៀត​ណែន​ខ្លាំង ដែល​ធ្វើ​ឱ្យ​អ្នក​ជាប់​ឃុំ​មិន​អាច​អនុវត្ត​តាម​វិធានការ​សុខាភិបាល​បាន​ឡើយ។ ក្រុម​ស្ត្រី​បញ្ជាក់​ទៀត​ថា តុលា​ការ​បាន​អូស​បន្លាយ​សវនា​ការ និង​ឃុំ​សាច់ញាតិ​ពួក​គាត់​ទុក​ចោល​ឱ្យ​រង​ទុក្ខ​វេទនា ដោយ​មិន​ដឹង​ពេល​ណា​តុលាការ​សម្រេច​ដាក់​ទោស ឬ​សម្រេច​ឱ្យ​រួច​ទោស​នោះ​ឡើយ។ ពួក​គាត់​​បន្ត​ថា អ្នក​ជាប់​ឃុំ​ទាំង​នោះ​កំពុង​រង​ទុក្ខ​វេទនា ព្រោះ​គ្មាន​ពេទ្យ​មើល​ថែ​គ្រប់​គ្រាន់ ស្រប​ពេល​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ធ្វើ​ឱ្យ​ខាង​ពន្ធនាគារ​មិន​អាច​គ្រប់​គ្រង​បាន​ឡើយ។

ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ លោក ស៊ុន ធន់ គឺ​លោក​ស្រី សេង ចាន់ថន ប្រាប់​ថា លោកស្រី​បារម្ភ​អំពី​​​​ប្ដី​ដែល​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ព្រោះ​ពន្ធនាគារ​ចង្អៀត​ណែន ពុំ​មាន​អនាម័យ ដែល​ធ្វើ​ឱ្យ​ប្ដី​លោក​ស្រី​ប្រឈម​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ លោក​ស្រី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​ប្ដី​លោក​ស្រី​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ៖ «ផ្ដាំ​ទៅ​លោក​តុលាការ​ផង​សុំ​ឱ្យ​តុលាការ​ជា​តុលាការ​ឯករាជ្យ ឱ្យ​មាន​ការ​ដោះ​លែង​ពួក​គាត់​ឱ្យ​នៅ​ក្រៅ​ឃុំ​ នៅ​រយៈ​ពេល​កូវីដ​នេះ ខ្ញុំ​ព្រួយ​បារម្ភ​មែន​ទែន ហើយ​មួយ​ទៀត​សូម​ឱ្យ​រាជ​រដ្ឋាភិបាល​ហ្នឹង​ឱ្យ​គាត់​គិត​គូរ​ឱ្យ​មែន​ទែន​ដល់​អ្នក​នៅ​ក្នុង​ពន្ធនាគារ អ្នក​ទោស​នយោបាយ​ដែល​គាត់​គ្មាន​កំហុស»។

ក្រុម​ស្ត្រី​ឱ្យ​ដឹង​ថា ក្រុម​សន្តិ​សុខ​សាលា​រាជ​ធានី​ភ្នំពេញ ប្រមាណ​៥០នាក់ បាន​តាម​ឃ្លាំ​មើល និង​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​លើ​ពួក​គាត់​នៅ​មុខ​ស្ថានទូត​អាមេរិក។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា ដើម្បី​សុំ​ការ​បញ្ជាក់​អំពី​សំណើ​សុំ​ដោះលែង​អ្នក​ទោស​នយោបាយ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៨ ឧសភា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទោះ​​ជា​​យ៉ាង​​ណា​​សាច់​ញាតិ​សកម្ម​ជន​បក្ស​ប្រឆាំង សហជីព សកម្មជន​សង្គម បារម្ភ​ពី​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ ដែល​ប្រឈម​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ពន្ធនាគារ។ ពួក​គាត់​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​នឹង​លើក​យក​ករណី​នេះ ដើម្បី​ជជែក​ជា​មួយ​រដ្ឋាភិបាល​ដោះ​លែង​អ្នក​ទោស​មនសិការ និង​អ្នក​ទោស​នយោបាយ ដើម្បី​ធានា​នូវ​សិទ្ធិ​សេរី​ភាព និង​ប្រជាធិបតេយ្យ​ដល់​ប្រជាពលរដ្ឋ។

ជុំវិញ​រឿង​នេះ​អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា សង្គម​ស៊ី​វិល​ព្រួយ​បារម្ភ​ចំពោះ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ចូល​ក្នុង​ពន្ធនាគារ ព្រោះ​ពន្ធនាគារ​ចង្អៀត​ណែន ពុំ​មាន​អនាម័យ និង​ងាយ​ចម្លង​មេ​រោគ ដែល​ពិបាក​នឹង​អនុវត្ត​តាម​វិធាន​ការ​សុខាភិបាល។ លោក​យល់​ថា សំណើ និង​ការ​បារម្ភ​របស់​គ្រួសារ​អ្នក​ជាប់​ឃុំ​គឺ​សម​ហេតុផល ដែល​អាជ្ញាធរ​ពាក់​ព័ន្ធ ជា​ពិសេស តុលាការ គួរ​ពិចារណា​ដោះ​លែង​ឱ្យ​ពួក​គាត់​មាន​សេរី​ភាព ដោយ​សារ​ពួក​គាត់​មាន​ឆន្ទៈ​គោរព​តាម​នីតិ​វិធី​របស់​តុលាការ ដើម្បី​រួម​ចំណែក​បន្ធូរ​បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​ផង​ដែរ៖ «អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ធ្លាប់​បាន​ឆ្លើយ​តប​មក​ហើយ​នឹង​ធ្វើ​ការ​សម្រប​សម្រួល គ្រាន់​តែ​ការ​លើក​ឡើង​ហ្នឹង​វា​ជា​ការ​លើក​ឡើង​មួយ ដែល​មិន​ទាន់​ឃើញ​ការ​អនុវត្តន៍​ជាក់​ស្ដែង​នៅ​ឡើយ ព្រោះ​យើង​ដឹង​ហើយ​វា មិន​ដូច​ជំនាន់​ដើម​ទេ វា​ទាំង​អស់​នេះ​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​អី​ទៅ​ល្មើស​នឹង​ច្បាប់​ទេ អ៊ីចឹង​គួរ​មាន​ការ​សម្រប​សម្រួល​ទៅ​លើ​បញ្ហា​នឹង​ទៅ​ពួក​គាត់​អាច​ប្រា​ស្រ័យ​ទំនាក់​ទំនង​គ្នា ដើម្បី​ឱ្យ​ភាព​កក់​ក្ដៅ​ឡើង​វិញ»។

កាល​ពី​ពេល​ថ្មីៗ​នេះ ជំងឺ​កូវីដ-១៩ បាន​ឆ្លង​ចូល​ពន្ធនាគារ​ព្រៃ​ស​ផ្នែក​បុរស ដោយ​អ្នក​ជាប់​ឃុំ​នយោបាយ​មួយ​ចំនួន​បាន​ឆ្លង​ជំងឺ​នេះ​ហើយ។ ក្រៅ​ពី​ពន្ធនាគារ​ព្រៃស​ផ្នែក​បុរស ពន្ធនាគារ​ខេត្ត​ព្រះសីហនុ និង​ពន្ធនាគារ​ខេត្ត​កណ្ដាល ក៏​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ លើ​អ្នក​ជាប់​ឃុំ​ដែរ។ របាយការណ៍​បឋម​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​ជាប់​ឃុំ​ជាង ១០០នាក់ បាន​ឆ្លង​ជំងឺ​រលាក​សួត​ដ៏​កាច​សាហាវ​នេះ។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ក៏​ស្នើ​ឱ្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ចាត់​គណៈប្រតិភូ​ពិនិត្យមើល​ស្ថាន​ភាព​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស និង​ពន្ធនាគារ​ដទៃ​ទៀត​ដែរ ដើម្បី​បាន​ដឹង​ពី​ស្ថាន​ភាព​ពិត និង​សួរ​សុខ​ទុក្ខ​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ។

សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ​ជា​ច្រើន​ស្ថាប័ន រួម​ទាំង​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ផង​ដែរ បាន​ថ្កោល​ទោស​ចំពោះ​ការ​ឃុំ​ខ្លួន សកម្ម​ជន​នយោបាយ និង​សង្គម ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ ដើម្បី​បើក​លំហ​ប្រជាធិបតេយ្យ គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ និង​ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ៕

2 comments:

Anonymous said...

COVID 19 provided Ah Kwack and the evil Yuon another way to kill Khmer people, especially Khmer nationalists.

Anonymous said...

Can they protest against the evil Yuon? See the difference? They would be arrested immediately and punish. Khmer nationalism is the number 1 fear of Hun Sen and the evil Yuon. Remember, there was a time when you could protest the evil Yuon and burn their flag. It was at the height of CNRP power before they were banned.