Friday, 11 June 2021

អង្គការ​សម្ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ ហៅ​កាត់​ថា ហ៊្វីដ (FIDH) ថ្កោលទោស​តុលាការ ដែល​បន្ត​ឃុំ​ខ្លួនលោក រ៉ុង ឈុន និង​កញ្ញា ស កណិកា

ដោយ ទីន ហ្សាការីយ៉ា
2021-06-10 rfa

កញ្ញា ស កណិកា ប្រធាន​សមាគម​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CILA) និង​លោក រ៉ុង ឈុន ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា
 រូប៖ ពលរដ្ឋ


អង្គការ​សម្ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (International Federation for Human Rights) ហៅ​កាត់​ថា ហ៊្វីដ FIDH ថ្កោលទោស​តុលាការ​ដាច់​អហង្ការ​ចំពោះ​ការ​បន្ត​ឃុំខ្លួន​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​កញ្ញា ស កណិកា។

សេចក្ដីថ្លែងការណ៍ FIDH  ចេញកាល​ពី​ថ្ងៃ​ទី៩ ខែមិថុនា អំពាវនាវ​ដល់​តុលាការ​នៃ​របប​លោក ហ៊ុន សែន ឱ្យដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​សង្គម​ដទៃ​ទៀត​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខ័ណ្ឌ។ ក្រុម​អ្នក​សង្កេត​ការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ព្រួយ​បារម្ភ​ជា​ខ្លាំង អំពី​សុខភាព​របស់​លោក រ៉ុង ឈុន និង​មនុស្ស​មួយ​ចំនួនទៀត ដូច​ជា កញ្ញា ស កណិកា លោក ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ាវី លោក មួង សុភ័ក្ត្រ ព្រះតេជព្រះគុណ កើត សារ៉ាយ និង​សកម្មជន​បរិស្ថាន​មួយ​ចំនួន​ទៀត។

ប្រធានសហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន និង​​ប្រធាន​សមាគម​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CILA) កញ្ញា ស កណិកា បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ជិត​មួយ​ឆ្នាំ​ហើយ ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន។


ការ​ចោទ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក រ៉ុង ឈុន បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​​ករណី​ទាហាន​វៀតណាម​ប្រដាប់​ដោយ​អាវុធ​បាន​ចូល​មក​បណ្ដេញ​អ្នក​ភូមិ​ឈប់​ឲ្យ​ធ្វើ​ស្រែ​ក្បែរ​ព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​កាល​ពី​ឆ្នាំ២០២០។ តែ​រដ្ឋាភិបាល​បដិសេធ និង​ចោទ​សកម្មជន​ព្រំដែន​ថា ញុះញង់។ រីឯ​កញ្ញា ស កណិកា ​នឹង​ក្រុម​យុវជន និង​សកម្មជន​ជា​ច្រើន​នាក់​ផ្សេង​ទៀត អាជ្ញាធរ​បាន​ចាប់​ឃុំ​ខ្លួន ដោយសារ​ចូលរួម​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង លោក រ៉ុង ឈុន។

អង្គការ​សម្ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​ព្រំដែន សកម្មជន​បរិស្ថាន ទាំង​នេះ គឺ​ជា​ការ​យាយី និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ផ្លូវ​ច្បាប់ ក្នុង​គោលដៅ ដើម្បី​បំបិទ​មាត់​អ្នក​ទាំង​នេះ។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ បាន​ហៅ​ការ​ឃុំ​ខ្លួន​លោក រ៉ុង ឈុន និង​មនុស្ស​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ថា ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត និង​ទាំង​បំពាន ដែល​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ដដែល អំពាវនាវ​ឲ្យ​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាត់​វិធានការ​ជា​បន្ទាន់ និង​ចាំបាច់​លើ​សេវា​ថែទាំ​សុខភាព ក្នុង​ពេល​ពន្ធនាការ​ចង្អៀត​ណែន ហើយ​ជំងឺ​កូវីដ១៩ បាន​រាតត្បាត​ចូល​ដល់​ពន្ធនាគារ​ហើយ​នោះ។ ការ​ធ្វើ​ដូច្នេះ ដើម្បី​ធានា​បាន​ថា អ្នក​ជាប់​ឃុំ​ទាំង​នេះ មាន​សុវត្ថិភាព និង​គេច​ផុត​ពី​ជំងឺ​កូវីដ១៩៕


1 comment:

Anonymous said...

Mr. Rong Chhun is a Khmer hero.

Khmer workers and teachers must do something to free Rong Chhun from the evil Yuon's grips. Ah Kwack Hun Sen is just a machine to implement Yuon's orders.