ដោយ ទីន ហ្សាការីយ៉ា
2021-06-10 rfa
កញ្ញា ស កណិកា ប្រធានសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CILA) និងលោក រ៉ុង ឈុន ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
រូប៖ ពលរដ្ឋ
អង្គការសម្ព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (International Federation for Human Rights) ហៅកាត់ថា ហ៊្វីដ FIDH ថ្កោលទោសតុលាការដាច់អហង្ការចំពោះការបន្តឃុំខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងកញ្ញា ស កណិកា។
សេចក្ដីថ្លែងការណ៍ FIDH ចេញកាលពីថ្ងៃទី៩ ខែមិថុនា អំពាវនាវដល់តុលាការនៃរបបលោក ហ៊ុន សែន ឱ្យដោះលែងលោក រ៉ុង ឈុន និងសកម្មជនសង្គមដទៃទៀតជាបន្ទាន់ និងដោយឥតលក្ខខ័ណ្ឌ។ ក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សអន្តរជាតិព្រួយបារម្ភជាខ្លាំង អំពីសុខភាពរបស់លោក រ៉ុង ឈុន និងមនុស្សមួយចំនួនទៀត ដូចជា កញ្ញា ស កណិកា លោក ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ាវី លោក មួង សុភ័ក្ត្រ ព្រះតេជព្រះគុណ កើត សារ៉ាយ និងសកម្មជនបរិស្ថានមួយចំនួនទៀត។
ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន និងប្រធានសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CILA) កញ្ញា ស កណិកា បានជាប់ឃុំក្នុងពន្ធនាគារជិតមួយឆ្នាំហើយ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ព័ន្ធនឹងបញ្ហាព្រំដែន។
ការចោទនេះធ្វើឡើងក្រោយពេលលោក រ៉ុង ឈុន បានទាមទារឲ្យរដ្ឋាភិបាលអន្តរាគមន៍ករណីទាហានវៀតណាមប្រដាប់ដោយអាវុធបានចូលមកបណ្ដេញអ្នកភូមិឈប់ឲ្យធ្វើស្រែក្បែរព្រំដែនក្នុងខេត្តត្បូងឃ្មុំកាលពីឆ្នាំ២០២០។ តែរដ្ឋាភិបាលបដិសេធ និងចោទសកម្មជនព្រំដែនថា ញុះញង់។ រីឯកញ្ញា ស កណិកា នឹងក្រុមយុវជន និងសកម្មជនជាច្រើននាក់ផ្សេងទៀត អាជ្ញាធរបានចាប់ឃុំខ្លួន ដោយសារចូលរួមតវ៉ាទាមទារឲ្យដោះលែង លោក រ៉ុង ឈុន។
អង្គការសម្ព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកការចាប់ខ្លួនសកម្មជនព្រំដែន សកម្មជនបរិស្ថាន ទាំងនេះ គឺជាការយាយី និងធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ ក្នុងគោលដៅ ដើម្បីបំបិទមាត់អ្នកទាំងនេះ។ អង្គការសិទ្ធិមនុស្សអន្តរជាតិនេះ បានហៅការឃុំខ្លួនលោក រ៉ុង ឈុន និងមនុស្សពាក់ព័ន្ធមួយចំនួនទៀតថា ជាការឃុំខ្លួនតាមអំពើចិត្ត និងទាំងបំពាន ដែលរំលោភច្បាប់ជាតិ និងអន្តរជាតិ។
អង្គការសិទ្ធិមនុស្សអន្តរជាតិដដែល អំពាវនាវឲ្យអាជ្ញាធររបបលោក ហ៊ុន សែន ចាត់វិធានការជាបន្ទាន់ និងចាំបាច់លើសេវាថែទាំសុខភាព ក្នុងពេលពន្ធនាការចង្អៀតណែន ហើយជំងឺកូវីដ១៩ បានរាតត្បាតចូលដល់ពន្ធនាគារហើយនោះ។ ការធ្វើដូច្នេះ ដើម្បីធានាបានថា អ្នកជាប់ឃុំទាំងនេះ មានសុវត្ថិភាព និងគេចផុតពីជំងឺកូវីដ១៩៕
1 comment:
Mr. Rong Chhun is a Khmer hero.
Khmer workers and teachers must do something to free Rong Chhun from the evil Yuon's grips. Ah Kwack Hun Sen is just a machine to implement Yuon's orders.
Post a Comment