Tuesday, 18 January 2022

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​វៀតណាម​ឲ្យ​ដោះ​លែង​កសិករ​ខ្មែរ​ក្រោម​បី​នាក់


ដោយ យន់ សាមៀន
2022-01-18
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​វៀតណាម​ឲ្យ​ដោះ​លែង​កសិករ​ខ្មែរ​ក្រោម​បី​នាក់ 

(ឆ្វេង) ​លោក ហ្វិន វ៉ាំងឌែប (កណ្ដាល) លោក តៀន ដាម និង (ស្ដាំ) លោក តៀន ណាម ជា​កសិករ​ខ្មែរ​ក្រោម​ ដែល​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ក្រមួនស ចាប់​ពី​បទចោទ​ថា បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ។
រូប៖ សហពន្ធខ្មែរកម្ពុជាក្រោមផ្ដល់ឱ្យ


សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ថ្កោលទោស​អាជ្ញាធរ​វៀតណាម ដែល​បាន​ចាប់​ខ្លួន​កសិករ​ខ្មែរ​ក្រោម​ពីរ​នាក់ ដាក់​ពន្ធនាគារ និង​ហាមឃាត់​មិន​ឲ្យ​កសិករ​ផ្សេង​ទៀត​ធ្វើស្រែ​លើ​ដី​កេរ​ដូនតា​របស់​ពួក​គេ។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​​ក្រោម​សង្កេត​ឃើញ​ថា វៀតណាម ចាប់​ផ្ដើម​រំលោភ​សិទ្ធិ ខ្មែរ​ក្រោម​កាន់​តែ​កាន់​ខ្លាំង​ឡើង ស្រប​ពេល​ដែល​ពិភព​លោក​ កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ (Covid-19)។

យ៉ាង​ហោច​ណាស់​ក៏​មាន​កសិករ​ខ្មែរ​ក្រោម​បី​នាក់​ហើយ​ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ដាក់​ពន្ធនាគារ​ ដោយ​ចោទប្រកាន់​ពាក់ព័ន្ធ​រឿង​បង្ក​អំពើ​ហិង្សា​លើ​អាជ្ញាធរ ​វៀតណាម ពេល​ពួក​គេ ​តវ៉ា​ទាមទារ​ធ្វើ​ស្រែ​លើ​ដី​កេរ្តិ៍​ដូនតា​ របស់​ពួកគេ។ កសិករ​ខ្មែរ​ក្រោម​ពីរ​នាក់​ចុងក្រោយ ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ក្រមួនស តាម​សាលក្រម​តុលាការ កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ រួមមាន លោក តៀន ណាម និង តៀន ដាម។ ពួក​គេ​នឹង​ត្រូវ​​ជាប់ពន្ធនាគារ​ពី ៩ខែ ទៅ ២ឆ្នាំ ពី​បទ «ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ»។ កាល​ពី​ខែ​តុលា​កន្លង​ទៅ​ វៀតណាម ក៏​បាន​ចាប់​ខ្លួន​លោក ហ្វិន វ៉ាំងឌែប ដាក់​ពន្ធនាគារ​ពីរ​ឆ្នាំ ពី​បទ​តែ​មួយ​ ហើយ​ឲ្យ​កសិករ​ខ្មែរ​ក្រោម​ម្នាក់​ទៀត នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។


អាជ្ញាធរ​វៀតណាម​មិន​ត្រឹម​តែ​ចាប់​កសិករ​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ​ទេ អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ក្រមួន​ស កាល​ពី​ថ្ងៃ​ទី៩ មករា​កន្លង​ទៅ ក៏​បាន​ឃាត់​កសិករ​ខ្មែរ​ក្រោម ប្រមាណ​ជាង ៥០នាក់ មក​ពី​ភូមិ​ចំនួន​បី ក្នុងស្រុក​ព្រៃ​មេ​ង ខេត្ត​ក្រមួន មិន​ឲ្យ​ធ្វើស្រែ​ប្រាំង​លើ​ដី ដែល​អ្នក​ភូមិ​ធ្លាប់​ធ្វើ​ជិត​ពាក់​កណ្ដាល​សតវត្ស​មក​ហើយ។ អាជ្ញាធរ​វៀតណាម បាន​ប្រើ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់​បិទ​ផ្លូវ រារាំង​មិន​ឲ្យ​ពួក​គេ​ចូល​ទៅ​ធ្វើស្រែ និង​គំរាមកំហែង​ចាប់​កសិករ​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ​ទៀត​ផង។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​អាជ្ញាធរ​វៀតណាម​ឃាត់​ខ្មែរ​ក្រោម​មិន​ឲ្យ​ធ្វើ​ស្រែ​​លើ​ដី​របស់​ពួក​គេ។ កាល​ពី​ឧសភា ឆ្នាំ២០២០ អាជ្ញាធរ​វៀតណាម​ខេត្ត​ក្រមួន​ស ប្រដាប់​ដោយ​អាវុធ​ប្រមាណ​ជាង ១០០នាក់ បាន​ចុះទៅ​រឹបអូស​យក​ដី​ជា​ច្រើន​រយ​ហិកតារ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ធ្វើជា​កម្មសិទ្ធិ​របស់​រដ្ឋ​ដោយ​មិន​ផ្តល់​សំណង ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​មិន​ព្រម​រហូត​ផ្ទុះ​ការ​តវ៉ា​បណ្ដាលឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ១០នាក់​រង​បួស។ ការ​ផ្ទុះ​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ ហើយ​ទើប​បណ្ដាល​ឲ្យ​តុលាការ​វៀតណាម​ចាប់​ខ្មែរ​ក្រោម​បី​នាក់​ដាក់​ពន្ធនាគារ។ ក្រុម​គ្រួសារ និង​សហព័ន្ធ​ខ្មែរ​ក្រោម​បដិសេធ​ការ​ចោទ​ប្រកាន់ របស់​វៀតណាម​មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម អំពី​អំពើ​ហិង្សា​នេះ ហើយ​បាន​ថ្កោល​ទោស ការ​ចាប់​ខ្លួន​នេះ​ថា ជា​អំពើ​អយុត្តិធម៌។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹង​រតនា មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី១៦ មករា​ថា វៀតណាម​រំលោភ​សិទ្ធិ​​​ជនជាតិ​ដើម និង​ដីធ្លី​របស់​ពួក​គេ ទាំង​អយុត្តិធម៌ ហើយ​ថែម​ទាំង​ចាប់​ជន​រង​គ្រោះ​ដាក់​ពន្ធនាគារ​ទៀត​ផង៖ «អាជ្ញាធរ​វៀតណាម​ធ្វើ​បែប​នេះ ជា​ការ​គំរាម​កំហែង​ពលរដ្ឋ​ខ្មែរ​ក្រោម ពីព្រោះ​ពួក​គាត់​តវ៉ា​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​របស់​ពួក​គាត់ គឺ​អត់​មាន​ទោស​កំហុស​អ្វី​ទេ ព្រោះ​ថា​ដី​ស្រែ​ចំការ​នោះ ពួក​គេ​ធ្លាប់​ អាស្រ័យ​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ក្រោយ​មក​ទៀត ​វៀតណាម​យក​ដី​ទាំង​នោះ ​មក​ធ្វើ​ជា​កន្លែង​ឧស្សាហកម្ម​មួយ។ គ្មាន​សង​សំណង​ពលរដ្ឋ​ខ្មែរ​ក្រោម​តាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​នេះ​ទេ»។

ចាប់​តាំង​ពី​ពិភពលោក កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ១៩ មក វៀតណាម​បាន​ឆ្លៀត​ពេល​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរ​ក្រោម​កាន់​តែ​ខ្លាំង​ឡើង។ ក្រៅ​ពី​ចាប់​កសិករ​ខ្មែរ​ក្រោម ដើម្បី​ដណ្ដើម​យក​ដី​ខ្មែរ​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ អាជ្ញាធរ​វៀតណាម ក៏​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ដាក់ ពន្ធនាគារ​ដោយសារ​តែ​លោក ហ៊ាន​បញ្ចេញ​មតិ​រឿង​ប្រវត្តិ​បាត់បង់​ទឹក​ដី​ខ្មែរ និង​សិទ្ធិ​ជន​ជាតិ​ដើម។ ចំណែក​យុវជន​ខ្មែរ​ក្រោម​ផ្សេង​ទៀត​ក៏​ត្រូវ​វៀតណាម ផាក​ពិន័យ​ជា​ច្រើន​រយ​ដុល្លារ​រឿង​សំដែង​មតិ​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម។

ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​បន្ត​ទៀត​ថា សហព័ន្ធ​នឹង​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​​វៀតណាម​ដោះលែង​កសិករ​ខ្មែរ​ក្រោម​​តាម​រយៈ​ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ធ្វើ​ចលនា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​ជាមួយ​នឹង​សហគមន៍​អឺរ៉ុប និង​ក្រសួង​ការ​បរទេស និង​អង្គការ (Human Rights Watch)​ដើម្បី​ឲ្យ​ប្រទេស​ទាំង​នោះ ដែល​មាន​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​ហ្នឹង ដើម្បី​ដាក់​គំនាម និង​ធ្វើ​អន្តរាគមន៍​ករណី​វៀតណាម​រារាំង​មិន​ឲ្យ​កសិករ​ខ្មែរ​ក្រោម​ធ្វើ​ស្រែ​ចំការ​និង​ករណី​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ​ផង​ដែរ»។

កាល​ពី​ខែ​ធ្នូ​កន្លងទៅ អង្គការ​សិទ្ធិមនុស្ស (Human Rights Watch) រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ជាង​មួយ​រយ​នាក់​ កំពុង​ជាប់​ពន្ធនាគារ​ ដោយសារ​តែ​ការ​ប្រើប្រាស់ ​សិទ្ធិ​មូលដ្ឋាន និង​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ វៀតណាម ក្រៅ​ពី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្លួន​ឯង ​រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​នេះ ក៏​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជនជាតិ​ដើម​ខ្មែរ​ក្រោម​ផង​ដែរ។ មន្ត្រី​អង្គការ (Human Rights Watch) ថា វៀតណាម​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​ក្រោម ដោយ​គាប​សង្កត់​ខ្មែរ​ក្រោម​មិន​ឲ្យ​សំដែង​មតិ​រឿង​វប្បធម៌​ជនជាតិ​ដើម សិទ្ធិ​សាសនា និង​គាប​ឲ្យ​ខ្មែរ​ក្រោម ​ទទួល​យក​និង​សម្របសម្រួល ​ការ​រស់​នៅ​តាម​បែប​ជនជាតិ​វៀតណាម​ទៀត​ផង៕

2 comments:

Anonymous said...

How about staging a peaceful march against the evil Yuon for autonomous state in Kampuchea Krom.
Defensive gesture has not given Khmer Krom anything.

Anonymous said...

Khmers have to unite and rise up otherwise they will share the same fate. Khmers will lose everything to the evil Yuon.